ពលរដ្ឋឥណ្ឌាបានចាប់ផ្តើមបោះឆ្នោតនៅថ្ងៃសុក្រនេះ នៅក្នុងការបោះឆ្នោតធំបំផុតក្នុងពិភពលោក ខណៈលោកនាយករដ្ឋមន្ត្រី Narendra Modi ប្រឹងប្រែងឱ្យបានកាន់តំណែងតទៅទៀតក្នុងអាណត្តិទីបីមិនធ្លាប់មានជាប្រវត្តិសាស្ត្រ ដោយផ្អែកលើការលូតលាស់សេដ្ឋកិច្ច សុខុមាលភាព ជាតិនិយមហិណ្ឌូ និងប្រជាប្រិយភាពផ្ទាល់ខ្លួន។
ការបោះឆ្នោតនេះជាការប្រកួតប្រជែងរវាងគណបក្ស Bharatiya Janata Party (BJP) របស់លោក Modi និងសម្ពន្ធភាពមួយនៃគណបក្សប្រឆាំងរាប់សិបដែលសន្យាអំពីសកម្មភាពគាំពារសង្គម និងការផ្តល់ជំនួយច្រើនជាងមុន ដោយសង្កត់ធ្ងន់លើអ្វីដែលពួកគេហៅថាសេចក្តីត្រូវការជួយសង្គ្រោះស្ថាប័នប្រជាធិបតេយ្យឥណ្ឌា។
ដំណាក់កាលបោះឆ្នោតនៅថ្ងៃសុក្រនេះជាដំណាក់កាលទីមួយនិងធំជាងគេក្នុងបណ្តាដំណាក់កាល៧ សម្រាប់អ្នកបោះឆ្នោត១៦៦លាននាក់ក្នុងមណ្ឌល១០២នៅទូទាំងរដ្ឋនិងដែនដី២១ ចាប់តាំងពីរដ្ឋ Tamil Nadu នាប៉ែកខាងត្បូងប្រទេសរហូតដល់រដ្ឋ Arunachal Pradesh នៅក្នុងតំបន់ភ្នំហេមពាន្ត (Himalaya) ជាប់ព្រំដែនចិន។
មនុស្សជិត១ពាន់លាននាក់ក្នុងប្រទេសជាតិនេះដែលមានប្រជារាស្ត្រច្រើនបំផុតក្នុងពិភពលោកមានសិទ្ធិបោះឆ្នោតនៅក្នុងការបោះឆ្នោតរហូតដល់ថ្ងៃទី១មិថុនា ដោយនឹងដឹងលទ្ធផលនៅថ្ងៃទី៤មិថុនា។
ការស្ទង់មតិបង្ហាញថាគណបក្ស BJP នឹងឈ្នះឆ្នោតដោយងាយ ទោះជាក្រុមអ្នកបោះឆ្នោតបារម្ភអំពីការគ្មានការងារធ្វើ អតិផរណានិងទុក្ខព្រួយក្នុងតំបន់ជនបទនៅក្នុងឥណ្ឌាដែលមានសេដ្ឋកិច្ចលូតលាស់ជាងគេក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗក៏ដោយ៕
វេទិកាបញ្ចេញមតិ