ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេដឹកនាំ​សាសនា​មាន​​មន្ទិល​សង្ស័យ​លើកិច្ច​ព្រម​ព្រៀង​ស៊ីរី​ដែល​រៀបចំ​ដោយ​មហា​អំណាច​បរទេស

  • Lisa Schlein

រួបថតឯកសារ៖ បព្វជិត Antoine Audo នៅ​ទីក្រុង​ Aleppo ក្នុង​ពេល​ធ្វើ​បទសម្ភាសន៍​កាល​ពី​ឆ្នាំ​២០១៤។

បព្វជិត​ថ្នាក់​ខ្ពស់​ម្នាក់​ក្នុង​និកាយ​កាតូលិក​នៅ​ប្រទេស​ស៊ីរី​ ​និយាយ​ថា កិច្ច​ព្រមព្រៀង​នយោបាយ​​រៀប​ចំ​ឡើង​ដោយ​អំណាច​ពី​ខាង​ក្រៅ​នឹង​មិន​បញ្ចប់​សង្រ្គាម​ផ្ទៃ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​នៅ​ស៊ីរី​ទេ។​​

បព្វជិត​ Audo ​រស់​នៅ​ក្នុង​ផ្នែក​មួយ​នៃ​ទីក្រុង​ Aleppo ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​។ លោក​បន្ទោសការ​ធ្វើ​សង្គ្រាម​លើ​ក្រុមជ្រុលនិយម​នៅ​ក្នុង​ប្រទេស​ស៊ីរី ​និងបន្ទោស​ប្រទេស​ផ្សេង​ទៀត​នៃ​តំបន់​មជ្ឈិម​បូព៌ា​ដែល​មិន​ទទួល​យក​គុណ​តម្លៃ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​សាសនា​ ដែល​គុណ​តម្លៃ​នោះ​ត្រូវ​បាន​លើក​តម្កើង​ដោយ​ពិភពលោក​សម័យ​ទំនើប។

លោក​បានកត់​សម្គាល់​ឃើញថា ​អ្នក​កាន់​គ្រឹស្តសាសនា​និង​សាសនា​ឥស្លាម​បាន​រស់​នៅ​ជាមួយគ្នា​យ៉ាង​សុខដុមរមនា​ជា​ច្រើន​សតវត្សរ៍​មក​ហើយ​ក្នុង​ប្រទេស​ស៊ីរី​ ក៏​ប៉ុន្តែ​លោក​និយាយ​ថា ជន​ជ្រុល​និយម​បាន​បំផ្លាញ​អត្ថិភាព​រួម​គ្នា​ប្រកប​ដោយ​សន្តិភាព​នោះ​ ដោយ​មាន​ចេតនា​ប្រែក្លាយ​ជម្លោះនៅ​ស៊ីរី​ឲ្យ​ទៅ​ជា​សង្រ្គាម​សាសនា​និង​ជាតិសាសន៍។

លោក​ថ្លែង​ថា​ មុន​នឹង​សង្រ្គាម​បាន​ចាប់​ផ្តើម​កាល​ពីឆ្នាំ​២០១១ មាន​អ្នក​កាន់គ្រឹស្តសាសនា​ចំនួន ១.៥​លាន​នាក់​ក្នុង​ប្រទេស​ស៊ីរី។ បច្ចុប្បន្ន​នេះ នៅ​សល់​តែ​ ៥០០.០០០នាក់​ប៉ុណ្ណោះ។ នៅ​ក្នុង​ទីក្រុង ​Aleppo របស់​លោកវិញ​ លោក​ថា​សហគមន៍​អ្នក​កាន់គ្រឹស្តសាសនា​ត្រូវ​បាន​កាត់​បន្ថយ​ពី​ ១៦០.០០០ ​មក​នៅ​ត្រឹម ៤០.០០០​ ប៉ុណ្ណោះ។

បព្វជិត​រូប​នេះនិយាយ​ថា​ លោក​សប្បាយ​រីករាយ​ដែល​បាន​ឃើញ​ការ​បន្ត​ឡើង​វិញ​នៃ​កិច្ច​ចរចា​សន្តិភាព​សម្រប​សម្រួល​ដោយ ​អ.ស.ប.​ រវាង​រដ្ឋាភិបាល​ និង​ក្រុម​ប្រឆាំង​ក្នុង​ប្រទេស​ស៊ីរី។ លោក ​Audo​ ​និយាយ​ថា លោក​កត់​សម្គាល់​ឃើញ​ថា​ សហរដ្ឋ​អាមេរិក រុស្ស៊ី និង​ប្រទេស​មហា​អំណាច​ផ្សេង​ទៀត ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​កិច្ច​ស្វែង​រក​សន្តិភាព​ដំណើរការ​ទៅ​មុខ។ ប៉ុន្តែ​លោក​បាន​ប្រាប់​ VOA ​ថា ​ដំណោះ​ស្រាយ​ត្រូវ​តែ​កើត​ចេញ​ពី​ក្នុង​ប្រទេស​ស៊ីរី។

«សហរដ្ឋអាមេរិក​ត្រូវ​តែ​ជឿ​លើ​សន្តិភាព​ និង​ត្រូវ​គោរព​ជនជាតិ​ស៊ីរី ហើយ​មិន​ត្រូវ​បង្កើត​ដំណោះ​ស្រាយ​ណា​ចេញ​ពី​ខាង​ក្រៅ​ ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច​និង​យុទ្ធសាស្រ្ត​របស់​ខ្លួន​ឡើយ»។

លោក​បាន​បន្ថែម​ថា ​លោក​ប្រធានាធិបតី ​Bashar al-Assad ​មាន​ការ​គាំទ្រ​យ៉ាង​ពេញ​លេញ​ពី​សហគមន៍​អ្នក​កាន់​គ្រឹស្ត​សាសនា​នៅ​ប្រទេស​ស៊ីរី។

«ដោយ​មាន​ការយល់ដឹង​តិចតួច​ពី​ស្ថានភាព​នេះ ប្រសិន​បើ​មាន​ការ​បោះឆ្នោត ​៨០ភាគរយ​នៃ​អ្នក​កាន់គ្រឹស្តសាសនា​នៅ​កម្រិត​ព្រះសង្ឈរាជ​ បព្វជិត​ថ្នាក់​ខ្ពស់​ អាចារ្យ​ ពួក​គេ​នឹង​ជ្រើស​យក​លោក Bashar al-Assad​ ពីព្រោះ​យើង​បាន​ដឹង​អំពី​អ្វី​ដែល​បាន​កើតឡើង​ក្នុងប្រទេស​អ៊ីរ៉ាក់​រូច​ហើយ​ ហើយ​យើងមើល​មិន​ឃើញ​ពី​អនាគត​សម្រាប់​ប្រទេស​ស៊ីរី​ជាមួយ​នឹង​ក្រុម​ជ្រុលនិយម​ទាំង​នោះ​ទេ»។

បព្វជិត​រូប​នេះ​បន្ថែម​ថា លោក​ជឿ​ថា​ ប្រជា​ជន​ជាង​៥០​ភាគរយ​ ដែល​មាន​រួមទាំង​និកាយសុន្នី ​ផង​នោះ​ នឹង​ជ្រើស​រើស​យក​លោក​ Assad ​ជា​ប្រធានាធិបតី​ ប្រសិន​បើ​ការ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ស៊ីរី៕

ប្រែសម្រួលដោយ ស៊ូ រ៉ូហ្សានិច

XS
SM
MD
LG