កាលពីថ្ងៃអាទិត្យ លោករដ្ឋមន្ត្រីការបរទេសស.រ.អា John Kerry បានចោទប្រកាន់ប្រទេសស៊ីរីថាបាន «ខិតខំព្យាយាមបង្អាក់យ៉ាងច្បាស់» លើកិច្ចចរចាសន្តិភាពផ្តួចផ្តើមដោយអ.ស.ប ដែលមានគោលដៅបញ្ចប់សង្គ្រាមស៊ីវិលប្រកបដោយការបង្ហូរឈាមរយៈពេលប្រាំឆ្នាំមកហើយនៅក្នុងប្រទេសនោះ ដោយទាមទារថា គ្មានការពិភាក្សាគ្នាអំពីការដកប្រធានាធិបតី Bashar al-Assad ពីអំណាចនោះទេ។
អ្នកការទូតកំពូលស.រ.អារូបនេះបាននិយាយថា អំពើហិង្សានៅក្នុងប្រទេសដែលហែកហួរដោយសារសង្គ្រាមមួយនេះបានត្រូវកាត់បន្ថយយ៉ាងច្រើន—ពី៨០ទៅ៩០ភាគរយ--ចាប់តាំងពី«ការបញ្ឈប់អរិភាព» បានត្រូវប្រកាសកាលពីពីរសប្តាហ៍មុននេះ។ ក៏ប៉ុន្តែលោកបានថ្លែងថា «អ្នករំលោភខ្លាំងបំផុតតែមួយគត់» លើកិច្ចឈប់បាញ់គ្នានេះគឺរបបគ្រប់់គ្រងរបស់លោក Assad។
លោក Kerry បានមានប្រសាសន៍ថា «ការទម្លាក់គ្រាប់បែកតាមអាកាសត្រូវតែបញ្ឈប់។ ត្រូវតែពិនិត្យឲ្យបានច្បាស់លាស់ថានរណាជាអ្នកធ្វើការរំលោភទាំងនេះ»។
លោករដ្ឋមន្ត្រីការបរទេសអាមេរិកាំងបានថ្លែងថា «ការរំលោភយ៉ាងច្រើនគំរាមកំហែងធ្វើឲ្យអន្តរាយ» ដល់កិច្ចខិតខំប្រឹងប្រែងបញ្ឈប់ការប្រយុទ្ធគ្នាជាអចិន្ត្រៃយ៍ និងដល់ការខិតខំប្រឹងប្រែងណាមួយក្នុងការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសស៊ីរី។
លោក Kerry បានមានប្រសាសន៍ដូច្នេះ បន្ទាប់ពីជំនួបរបស់លោកជាមួយសមភាគីមកពីប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលីកាលពីថ្ងៃអាទិត្យនៅក្នុងក្រុងប៉ារីសអំពីវិបត្តិស៊ីរី មួយថ្ងៃមុនកិច្ចចរចាអ.ស.បមានកំណត់ចាប់ផ្តើមធ្វើនៅក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស៕