បណ្តាញផ្សាយព័ត៌មានរបស់រដ្ឋនៃប្រទេសរុស្ស៊ីបានរាយការណ៍កាលពីល្ងាចថ្ងៃច័ន្ទថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបញ្ជាឱ្យដកកងកម្លាំងរុស្ស៊ីចេញពីប្រទេសស៊ីរី។
បណ្តាញផ្សាយព័ត៌មានរបស់រដ្ឋនៃប្រទេសរុស្ស៊ីបានដកស្រង់ពាក្យសម្តីលោកPutin ដែលបាននិយាយប្រាប់លោករដ្ឋមន្ត្រីការពារប្រទេសរុស្ស៊ី Sergei Shoigu និងលោករដ្ឋមន្ត្រីការបរទេស Sergei Lavrov ថាកាតព្វកិច្ចដែលត្រូវបានចាត់ឱ្យក្រសួងការពារប្រទេសធ្វើនៅក្នុងប្រទេសស៊ីរីត្រូវបានបំពេញហើយ។
លោក Putin បាននិយាយប្រាប់រដ្ឋមន្ត្រីទាំងពីរនាក់នេះថា «ដូច្នេះ ខ្ញុំបញ្ជាដល់អស់លោក ដោយចាប់ផ្តើមពីថ្ងៃស្អែកឱ្យដកផ្នែកធំនៃក្រុមយោធាយើងចេញពីសាធារណរដ្ឋអារ៉ាប់ស៊ីរី»។
គេហទំព័ររបស់វិមានក្រឹមឡាំងបានដកស្រង់ពាក្យសម្តីលោក Putin ដែលបាននិយាយប្រាប់ប្រធានាធិបតីស៊ីរី Bashar al-Assad នៅក្នុងការសន្ទនាគ្នាមួយតាមទូរស័ព្ទថា លោកបានយល់ព្រមដក «ផ្នែកធំ» នៃកងទ័ពអាកាសរុស្ស៊ីដែលកំពុងធ្វើកិច្ចប្រតិបត្តិការនៅក្នុងប្រទេសស៊ីរី។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏គេហទំព័រនេះបានដកស្រង់ពាក្យសម្តីលោកលោក Putin ដែលបាននិយាយថា ប្រទេសរុស្ស៊ីនៅតែរក្សាប៉ុស្តិ៍មួយដើម្បីគាំទ្រដល់ការហោះហើរនៃកងយន្តហោះដែលមានទាក់ទិនជាមួយការឃ្លាំមើលការគោរពកិច្ចព្រមព្រៀងបញ្ឈប់អរិភាពនៅក្នុងប្រទេសស៊ីរី។
សេតវិមានបាននិយាយថា ខ្លួនមិនបានឃើញរបាយការណ៍ពិសេសណាមួយអំពីការដកកងកម្លាំងរុស្ស៊ីពីប្រទេសស៊ីរីទេ ហើយថាជាការពិបាកនឹងនិយាយថាតើការណ៍នេះនឹងផ្លាស់ប្តូរស្ថានភាពបែបណានៅទីនោះទេ៕