ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាច់ញាតិ​និង​​​សកម្មជន​សិទ្ធិ​មនុស្ស​ទទូច​ឲ្យ​តុលាការ​​បញ្ចប់​សំណុំ​រឿង​អ្នក​បក​ប្រែ​ឱ្យ​​បណ្តាញ​ព័ត៌មាន​RT


រូបឯកសារ៖ ក្រុម​គ្រួសារ​ និង​អ្នក​គាំទ្រ​លោក​ រ៉ាត់ រត្នមុនី​ ​អ្នក​បកប្រែ​ភាពយន្ត​ឯកសារ «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​ កំពុង​អង្គុយ​ខាងមុខ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​​ដើម្បី​សុំ​អន្តរាគមន៍​​ពី​ស្ថានទូត ជា​លើកទី​៤ នៅ​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩។
រូបឯកសារ៖ ក្រុម​គ្រួសារ​ និង​អ្នក​គាំទ្រ​លោក​ រ៉ាត់ រត្នមុនី​ ​អ្នក​បកប្រែ​ភាពយន្ត​ឯកសារ «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​ កំពុង​អង្គុយ​ខាងមុខ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​​ដើម្បី​សុំ​អន្តរាគមន៍​​ពី​ស្ថានទូត ជា​លើកទី​៤ នៅ​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩។

នៅ​មុន​សវនាការ​នេះ​ សាច់​ញាតិ​ និង​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ ស្នើ​ឲ្យតុលាការ​កាត់​ក្តី​ ដោយ​មាន​ភាគី​ពាក់​ព័ន្ធ​ ចូលរួម​ដើម្បី​ធានា​ដល់​ការ​កាត់​ក្តី​ស្រប​តាម​នីតិវិធី​ត្រឹមត្រូវ​​ ខាង​ផ្លូវ​ច្បាប់​។

សាច់ញាតិ​លោក ​រ៉ាត់ រត្នមុនី​ ​អ្នក​បកប្រែ​ឲ្យបណ្តាញ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី​ Russia Today​ (ឬ​ RT) និង​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ បាន​បន្ត​ទាមទារ​ឲ្យ​សាលា​ដំបូង​រាជធា​នីភ្នំពេញ​ ​លើក​លែង​ការ​ចោទ​ប្រ​កាន់ប្រឆាំង​នឹង​អ្នក​បកប្រែ​រូបនេះ​ ​ដោយសារ​តែ​អវត្តមាន​នៃភាគី​ពាក់ព័ន្ធ ​និង​កង្វះខាត​នៃ​ភស្តុតាង។

លោក​ រ៉ាត់ រត្នមុនី​ វ័យ​ ៤៧ឆ្នាំ​ ​សកម្មជន​សិទ្ធិ​ពលករ​និង​ជា​អ្នក​បកប្រែ​ក្នុង​ការ​ផលិត​ភាពយន្ត​ឯក​សារ​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​ ​កំពុង​ត្រូវ​បានគេឃុំ​ខ្លួន​ក្នុង​ពន្ធនា​គារ​ព្រៃស ​បន្ទាប់​ពី​តុលាការ​ចោទ​លោក​ពី​បទ​«ញុះញង់​ឲ្យ​មាន​ការ​រើស​អើង»​តាម​មាត្រា​៤៩៦​នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​កាលពី​ថ្ងៃទី​៣០​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​បើក​សវនាការ​កាត់​ទោស​លោក​ រ៉ាត់ រត្នមុនី​ តែ​សវនាការ​ត្រូវបាន​ផ្អាក​ ដោយសារ​តែ​មេធាវី​លោក​ មុនី​ ទាមទារ​ឲ្យមាន​វត្តមាន​ដើម​បណ្តឹង​ប្រាំនាក់​ ដែលបាន​ប្តឹង​លោក​មុនី​ ដែល​នាំឲ្យអ្នក​ជួយ​បក​ប្រែ​របស់​ RTរូបនេះ​ ​រងការ​ចោទ​ប្រ​កាន់​និង​ត្រូវគេ​ឃុំខ្លួន។​ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​នឹង​បន្ត​សវនាការ​រ​បស់​លោក​មុនី ​នៅរសៀល​ថ្ងៃ​ទី​១២​ ខែ​មិថុនា​ ខាង​មុខ។

ក្រោយ​សវនាការ​របស់បង​ប្រុស​អ្នកស្រី​កាលពី​ថ្ងៃ​ទី៣០​ ​ខែឧសភា​កន្លង​ទៅ​ ​អ្នកស្រី​ រ៉ាត់ ចាន់ថុល​ ប្រាប់​ ​VOA​ ថា​អ្នកស្រី​ចង់​ឃើញ​តុលាការ​ផ្តល់​ភាពត្រឹមត្រូវ​ដល់​បងប្រុស​អ្នកស្រី​ ​នៅ​ក្នុង​ពេល​កាត់​ក្តី​បន្ទាប់​ទៀត។​ ស្ត្រី​វ័យ​២៧​ឆ្នាំ​រូបនេះ​ ក៏អះ​អាង​ថា​ការ​កាត់​ក្តី​កន្លង​មក​នោះ​ ​គឺ​មិន​បាន​ឈរ​លើ​នីតិវិធី​ត្រឹម​ត្រូវ​នោះទេ​ដោយ​ហេតុ​ថា​ ដើម​បណ្តឹង​ទាំងអស់​មិន​បាន​បង្ហាញ​ខ្លួន​។​

«​ខ្ញុំមើលក្នុងរឿងក្តី​បងខ្ញុំ ​វា​ត្រូវ​មាន​បីនាក់​ពាក់​ព័ន្ធ​ ដូច​ជា​ខាង​កាសែត​រុស្ស៊ី​ RT​ហ្នឹង​មួយ​ អ្នកបណ្តឹង​ ដើម​បណ្តឹង​ហ្នឹង​មួយ​ បងខ្ញុំ​មួយ​។​ ប៉ុន្តែ​ពេល​ឡើង​តុលាការ​ ដូច​គាត់​និយាយ​តែ​ពីបង​ខ្ញុំ​ ដូច​លក្ខណៈ​ថា​ គាត់​សង្កត់​ធ្ងន់​តែ​បង​ខ្ញុំ​ គឺ​ជា​អ្នក​តែង​ បង​ខ្ញុំ​គឺ​ជា​អ្នក​ ​បង្កើត​រឿង​ហ្នឹង​អ៊ី​ចឹង​ ហើយ​បំភ្លឺ​ពី​ខាង​ដើម​បណ្តឹង​វិញ​ គឺមាន​ត្រឹម​តែ​លិខិត​ទេ»។

​អ្នក​ស្រី​បាន​បន្ថែម​ថា​ដើម​បណ្តឹង​ទាំងប្រាំរូប​គួរ​ចេញមក​តតាំង​ក្តី​នៅ​តុលាការ​ ប្រសិន​បើពួក​គេ​ពិត​ជា​ត្រូវ​បាន​ធ្វើ​ខូច​កិត្តិយស​ដោយ​សារ​ការ​ផលិត​ភាពយន្ត​ឯកសារ​របស់​បណ្តាញ​ព័ត៌មាន​រុស្ស៊ី​ RT។​ អ្នក​ស្រី​កត់​សម្គាល់​ថា​ ក្នុង​សវនាការ​កន្លងមក​ ដើម​បណ្តឹង​ទាំងប្រាំ​ ​ដែល​ប្តឹង​ទារ​សំណង​ជំងឺចិត្ត​ពី​ប្រាំពាន់​ទៅ​មួយម៉ឺន​ដុល្លារ​ពីបង​ប្រុស​អ្នកស្រី​នោះ​ មិន​បាន​បង្ហាញ​ខ្លួន​ ក្នុង​បន្ទប់​សវនាការ​នោះ​ទេ។

​«វា​មើល​ទៅ​ដូច​ជា​មិន​យុត្តិធម៌​ ​ចំពោះ​បងខ្ញុំ​ហ្មង ព្រោះ​អីដើម​បណ្តឹង​ទាំង​អស់​ គឺ​សុទ្ធ​តែ​មាន​ដោយ​តែ​ក្រដាស​ វាអត់​មាន​រូបរាង​ពិត​ ចង់​និយាយថា​ អត់​ឃើញ​មក​ឲ្យ​ច្បាស់​លាស់​ ​មក​តស៊ូ​ក្តី​ អ្វី​ដែល​គាត់​រង​គ្រោះ​ អ្វី​ដែល​គាត់​ចោទ​បងខ្ញុំ​ចឹង​ គាត់​គួរ​តែ​មក​តស៊ូ​ក្តី​ឲ្យ​ឃើញ»។

អ្នកស្រី​អះអាង​ថា​ ​តុលាការ​នឹង​មិន​ផ្តល់​យុត្តិធម៌​ក្នុង​សំណុំ​រឿង​ក្តី​បងប្រុស​របស់​អ្នកស្រី​ប្រសិនបើ​ភាគី​ជាប់​ពាក់​ព័ន្ធ​នៅតែ​មិន​បង្ហាញ​ខ្លួន​ ហើយ​តុលាការ​បែរ​ជាកាត់​ទោស​ឲ្យ​បងប្រុស​អ្នកស្រីមាន​ទោស​នោះ​។

លោក ​លី សុផាណា​ អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ មិន​ឆ្លើយ​តប​សំណួរ​របស់​ VOA​ដែល​បានផ្ញើ​តាម​សារ​ទូរស័ព្ទ​។

​ក្នុង​សំណុំ​រឿង​លោក​ រ៉ាត់ រត្នមុនី​ អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​ Amnesty International ​ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​ ​ចក្រភព​អង់គ្លេស បាន​អំពាវនាវ​ដល់​តុលាការ​កម្ពុជា​ឲ្យ​ទម្លាក់​បទចោទ​ប្រឆាំង​នឹង​លោក​មុនី​ ​អ្នកជួយ​បកប្រែ​ឲ្យ​បណ្តាញ​ព័ត៌មាន​រដ្ឋ​របស់​ប្រទេស​រុស្ស៊ី​ RT​ ដែល​បាន​ផលិត​ភាពយន្ត​ឯកសារ​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»។

លោក​ Nicholas Bequelin​ នាយក​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​ Amnesty International​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ និង​អាស៊ី​ខាង​កើត​ ត្រូវ​បាន​គេស្រង់​សម្តី​ក្នុងន័យ​ដើមថា​៖

«មុនី​កំពុង​ត្រូវបាន​ដាក់ទោស​ដោយ​គ្រាន់តែ​តួនាទី​របស់​លោក​ជា​អ្នកបង្ហាញ​នូវ​រឿងរ៉ាវ​គួរ​ឲ្យ​តក់​ស្លុត​នៃ​ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​នៅ​ប្រទេស​កម្ពុជា។​ ​ការ​ចោទ​ប្រកាន់​ក្លែងក្លាយ​ប្រឆាំង​នឹង​រូប​លោក​ត្រូវបាន​រៀបចំ​ឡើង​ ដើម្បី​គំរាម​កំហែង​នរណា​ក៏​ដោយ​ ដែល​ការងារ​របស់​ពួកគេ​បាន​រួម​ចំណែក​ដល់​ការ​បង្ហាញ​នូវ​អ្វីៗ​ដែល​បង្ក​ទុក្ខ​សោក​ និង​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​ដ៏​គួរ​ឲ្យ​សោក​ស្តាយ​»។

លោក​បាន​បន្ថែម​ថា​៖

«អាជ្ញាធរ​គួរតែ​ទម្លាក់​បទចោទ​ប្រឆាំង​នឹង​លោក​ ​រ៉ាត់ រត្នមុនី​ និង​ដោះលែង​លោក​ជា​បន្ទាន់​និង​ដោយ​គ្មាន​លក្ខខណ្ឌ​»។

​លោក​ អំ សំអាត​ ​នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​(Licadho)​ មាន​ប្រសាសន៍​ថា​ គ្មាន​ភស្តុតាង​ជាក់​លាក់​ជាមូលដ្ឋាន​ណាមួយដែល​អាច​បើក​ផ្លូវ​ឲ្យ​តុលាការ​ចោទ​ប្រកាន់​លោក​មុនីនោះឡើយ​។ ម្យ៉ាង​ទៀត​ ​លោក​មុនីគ្រាន់​តែ​ជា​អ្នកបកប្រែ​ប៉ុណ្ណោះ​ ពោល​គឺ​លោក​មិនមែន​ជា​អ្នក​ផលិត​ភាព​យន្ត​ឯកសារ​នោះទេ​។

«​លោក​រ៉ា់ត់​ រត្នមុនី​ គ្រាន់​តែ​ជា​អ្នក​ជួយ​ទៅ​លើ​អ្នក​សារព័ត៌មាន​ RT ​របស់​រុស្ស៊ី​នៅ​ក្នុង​ការថត​ជា​សាច់​រឿង​ ដែល​រឿង​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​ ហ្នឹង​គឺ​ ចង់​បង្ហាញ​អំពី​ការណ៍ រឿង​ការណ៍​ពិត​ ឬ​ក៏​រឿង​ដែល​កើត​ឡើង​ ហើយ​រក​វិធី​នៅ​ក្នុងការ​ដោះស្រាយ​តែ​ប៉ុណ្ណោះ»។

ចំណែក​លោក​ សឹង សែន​ករុណា​ អ្នក​នាំពាក្យ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​ (Adhoc)​ យល់​ថា​ ​តុលាការ​គួរធ្វើ​យ៉ាង​ណា​ នាំ​យក​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​មក​ចូលរួមការ​ជំនុំជម្រះ​ រឿង​ក្តី​លោក​មុនី។​ ​កង្វះ​នៃ​ភាគី​ពាក់​ព័ន្ធ​ មិនអាច​ធានា​បាន​នូវភាពត្រឹមត្រូវ​ចំ​ពោះ​ការ​សម្រេច​សេចក្តី​របស់​តុលាការ​នោះ​ទេ​។

«មានភាព​ត្រឹមត្រូវ​ គឺ​មាន​ន័យ​ថា​ត្រូវ​តែ​ធ្វើការ ​ដំណើរ​ការ​នីតិវិធី​ហ្នឹង​ ​ដោយមាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ហ្នឹង​ ​ទើប​ជា​ ​ទើប​សវនាការ​មួយ​ហ្នឹង​អាច​មាន​តម្លៃ​ល្អ​ប្រសើរ​ ឬក៏​មាន​ការ​ដឹង​ឮ​ ពីខាង​អ្នក​ដែល​គាត់​តាម​ដាន​ហ្នឹង​ គាត់​អាច​ទទួល​យក​បាន»។

កាលពី​ឆ្នាំ​២០១៧​ លោក​ រ៉ាត់ រត្នមុនី​ ត្រូវ​បាន​បណ្តាញ​ព័ត៌មាន​ RT ​ជួល​ឲ្យ​ជួយ​ធ្វើការ​ផលិត​ភាព​យន្ត​ឯកសារ​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​»។​ គាត់​បាន​ធ្វើ​ការ​ជាមួយ​បណ្តាញ​សារព័ត៌មាន​នេះ​ ​ដើម្បី​ផលិត​ភាព​យន្ត​ឯកសារ​ផ្សេងៗ​ជាច្រើន​ទៀត។

ក្រោយ​ពី​វីដេអូ​ឯកសារ​ «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​ នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ខែកញ្ញា​ ឆ្នាំ​២០១៨​ ​រដ្ឋា​ភិបាល​កម្ពុជា​បាន​បង្ហាញ​ការ​រិះគន់​ ហើយ​ចោទ​ថា​ ភាព​យន្ត​ឯកសារ​នោះ​គឺ​ជា​ការ​ប្រតិដ្ឋ​ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ខូច​កិត្តិយស​របស់​កម្ពុជា។​ ដោយ​មាន​ការ​ភ័យ​ខ្លាចពីការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​នោះ​ លោក ​រ៉ាត់ រត្នមុនី​ និង​គ្រួសារ​លោក​បាន​គេច​ទៅ​ប្រទេស​ថៃ​ ដើម្បី​ស្វែង​រក​សុំ​សិទ្ធិ​ជ្រកកោន​។​

ដោយ​មាន​ការ​ស្នើសុំ​ពី​រដ្ឋាភិបាល​កម្ពុជា​ ​រដ្ឋាភិបាល​ថៃ​ក៏​បាន​ចាប់​ខ្លួន​និង​បញ្ជូន​លោក​មក​កម្ពុជា​វិញ​ កាល​ពីខែ​ធ្នូ​ ឆ្នាំ​២០១៨។ ​ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោសនោះ​ ​លោក​អាច​នឹង​ត្រូវ​ជាប់​ពន្ធនា​គារ​ពី​មួយ​ឆ្នាំ​ទៅ​បី​ឆ្នាំ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG