ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ Amnesty International ​អំពាវនាវ​ឲ្យ​កម្ពុជា​ទម្លាក់​បទ​ចោទ​លើ​អ្នក​ជួយ​បកប្រែ​ឲ្យ​បណ្តាញ​ព័ត៌មាន​រុស្ស៊ី​ RT


លោករ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ពលករ និង​អ្នក​បក​ប្រែ​សម្រាប់​ការ​ផលិត​ភាពយន្ត​ឯកសារ «ម្តាយ​ខ្ញុំលក់ខ្ញុំ‍» បាន​មក​ដល់​តុលាការរាជធានីភ្នំពេញ ដើម្បី​ការ​ជំនុំ​ជម្រះ​ក្តី​ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។ (REUTERS/Samrang Pring)

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​កាត់​ទោស​ អ្នក​បក​ប្រែ​ឲ្យ​បណ្តាញ​​​ព័ត៌មាន​រុស្ស៊ី​ RT ដែល​បាន​​​ផលិត​ភាព​យន្ត​ឯកសារ​មាន​ចំណង​ជើង​ថា​ «ម្តាយខ្ញុំលក់​ខ្ញុំ‍»។ ស្របពេល​ជាមួយ​គ្នា​នេះ​ អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​ Amnesty International បាន​ស្នើ​តុលាការ​កម្ពុជា​ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ អ្នក​បកប្រែ​រូបនោះ​គឺ​លោក​ រ៉ាត់ រត្នមុនី​ និង​ដោះលែង​លោក​​ជាបន្ទាន់​ ដោយ​គ្មាន​លក្ខខណ្ឌ។

អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​ Amnesty International ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​អំពាវនាវ​ដល់​តុលាការ​កម្ពុជា​ឲ្យ​ទម្លាក់​បទចោទ​ប្រឆាំង​នឹង​អ្នកជួយ​បកប្រែ​ឲ្យ​បណ្តាញ​ព័ត៌មាន​រដ្ឋ​របស់​ប្រទេស​រុស្ស៊ី​ RT​ ដែល​បាន​ផលិត​ភាពយន្ត​ឯកសារ​ស្តី​ពី​ការ​រំលោភ​បំពាន​ផ្លូវ​ភេទកុមារ​ក្នុង​ប្រទេស​កម្ពុជា។

សេចក្តី​អំពាវនាវ​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ​ ធ្វើឡើង​ ស្រប​ពេល​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បើក​សវនាការ​កាត់​ទោសលោក​ រ៉ាត់ រត្នមុនី​ សកម្មជន​សិទ្ធិ​ពលករ​និង​ជា​អ្នក​បកប្រែ​ក្នុង​ការ​ផលិត​ភាពយន្ត​ឯកសារ​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​ ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនា​គារ​ព្រៃស ​បន្ទាប់​ពី​តុលាការ​ចោទ​លោក​ពី​បទ«ញុះញង់​ឲ្យ​មាន​ការ​រើស​អើង»តាម​មាត្រា​៤៩៦​នៃ​ក្រម​ព្រហ្មទណ្ឌ។

នៅ​មុន​ពេល​បើកសវនា​ការកាត់​ទោសលោក​ រ៉ាត់​ រត្នមុនី​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ សេចក្តី​ប្រកាស​របស់​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​ Amnesty International បាន​ស្រង់​សម្តីលោក ​Nicholas Bequelin​ នាយក​អង្គការ​ Amnesty Internationalនៅ​តំបន់​អាស៊ី​អាគ្នេយ៍​ និង​អាស៊ីខាងកើត​ក្នុង​ន័យ​ដើម​ថា៖

«មុនី​កំពុង​ត្រូវបានដាក់ទោស​ដោយ​គ្រាន់តែ​តួនាទី​របស់​លោក​ជា​អ្នកបង្ហាញ​នូវ​រឿងរ៉ាវ​គួរ​ឲ្យ​តក់​ស្លុត​នៃ​ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​នៅ​ប្រទេស​កម្ពុជា។ ការ​ចោទ​ប្រកាន់​ក្លែងក្លាយ​ប្រឆាំង​នឹង​រូប​លោកត្រូវបានរៀបចំ​ឡើង​ ដើម្បី​គំរាម​កំហែង​នរណា​ក៏​ដោយ​ ដែល​ការងារ​របស់​ពួកគេ​បាន​រួម​ចំណែក​ដល់​ការ​បង្ហាញ​នូវ​អ្វីៗ​ដែល​បង្ក​ទុក្ខ​សោក​ និង​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​ដ៏​គួរ​ឲ្យ​សោកស្តាយ»។

លោកបាន​បន្ថែម​ថា៖ «អាជ្ញាធរ​គួរតែ​ទម្លាក់​បទចោទ​ប្រឆាំង​នឹង​លោក​រ៉ាត់​ រត្នមុនី​ និង​ដោះលែង​លោកជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ»។

ក្រុម​ពលរដ្ឋ​ជាច្រើន​នាក់​ដែល​ជា​អ្នកធ្លាប់​រង​គ្រោះ​ដោយសារការ​រំលោភ​សិទ្ធិ​ដីធ្លី​នៅ​ទីក្រុង​ភ្នំពេញ​ បាន​លើក​បដា​តូចៗ​ ស្នើសុំ​ឲ្យ​មាន​ការដោះលែង​លោក រ៉ាត់​ រត្នមុនី ដែល​ជា​អ្នក​បកប្រែ​ក្នុង​ការ​ផលិត​ភាពយន្ត​ឯកសារ​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​ របស់ RT នៅមុខ​តុលាការរាជធានីភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)
ក្រុម​ពលរដ្ឋ​ជាច្រើន​នាក់​ដែល​ជា​អ្នកធ្លាប់​រង​គ្រោះ​ដោយសារការ​រំលោភ​សិទ្ធិ​ដីធ្លី​នៅ​ទីក្រុង​ភ្នំពេញ​ បាន​លើក​បដា​តូចៗ​ ស្នើសុំ​ឲ្យ​មាន​ការដោះលែង​លោក រ៉ាត់​ រត្នមុនី ដែល​ជា​អ្នក​បកប្រែ​ក្នុង​ការ​ផលិត​ភាពយន្ត​ឯកសារ​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​ របស់ RT នៅមុខ​តុលាការរាជធានីភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

កាលពី​ឆ្នាំ​២០១៧​ លោក រ៉ាត់ រត្នមុនី​ ត្រូវ​បាន​បណ្តាញព័ត៌មាន​ RT ជួល​ឲ្យ​ជួយ​ធ្វើការ​ផលិត​ភាពយន្ត​ឯកសារ«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»។​ គាត់​បាន​ធ្វើ​ការ​ជាមួយ​បណ្តាញ​សារព័ត៌មាន​នេះ​ ដើម្បីផលិត​ភាពយន្ត​ឯកសារ​ផ្សេងៗជាច្រើនទៀត។

ក្រោយ​ពីវីដេអូ​ឯកសារ​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ខែកញ្ញា​ ឆ្នាំ​២០១៨​ ​រដ្ឋា​ភិបាល​កម្ពុជា​បាន​បង្ហាញ​ការ​រិះគន់​ ហើយ​ចោទ​ថា​ ភាព​យន្ត​ឯកសារ​នោះ​គឺ​ជា​ការ​ប្រឌិត​ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ខូច​កិត្តិយស​របស់​កម្ពុជា។ ដោយ​មាន​ការ​ភ័យ​ខ្លាចពីការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​នោះ​ លោក ​រ៉ាត់ រត្នមុនី​ និង​គ្រួសារ​លោក​បាន​គេច​ទៅ​ប្រទេស​ថៃ​ ដើម្បី​ស្វែង​រក​សុំ​សិទ្ធិ​ជ្រកកោន។

ដោយ​មាន​ការ​ស្នើសុំ​ពី​រដ្ឋាភិបាល​កម្ពុជា​ រដ្ឋាភិបាល​ថៃ​ក៏​បាន​ចាប់​ខ្លួន​និង​បញ្ជូន​លោក​មក​កម្ពុជា​វិញ​ កាល​ពីខែ​ធ្នូ​ ឆ្នាំ​២០១៨។ លោក មុនី​ត្រូវបាន​ចោទ​ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង ហើយ​ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោសនោះ លោកអាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ​ទៅ​បី​ឆ្នាំ។

យ៉ាង​ណា​ក៏​ដោយ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ មិនទាន់​អាច​សម្រេច​បាន​ថា​ លោក រ៉ាត់ រត្នមុនី​ ពិត​ជា​មាន​ទោស​ឬ​យ៉ាងណា​នោះ​ទេ​ ដោយ​តុលាការ​ត្រូវការ​ពេល​វេលា​បន្ថែម​ដើម្បី​សម្រេច​សេចក្តី។

ដោយឡែក​ នៅ​ក្រៅ​របង​តុលាការ​ក្រុង​ភ្នំពេញ មាន​ក្រុម​ពលរដ្ឋ​ជាង​១០នាក់​ ដែល​ភាគច្រើន​ជា​អ្នកធ្លាប់​រងគ្រោះដោយ​ការ​រំលោភ​សិទ្ធិ​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ បាន​មក​ប្រមូលផ្តុំ​គ្នា​ដោយ​ស្ងៀម​ស្ងាត់​ ហើយ​បាន​លើក​បដា​តូចៗ​ ទាមទារ​ឲ្យ​តុលាការ​ដោះលែង​លោក ​រ៉ាត់ រត្នមុនី ឲ្យ​មាន​សេរីភាព​ជួប​ជុំ​គ្រួសារ​វិញ​ផង​ដែរ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG