ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពី​មន្រ្តី​​ការពារ​សិទ្ធិ​ជិត​១០​ឆ្នាំ​​ ក្លាយ​ជា​អ្នក​តវ៉ា​រក​យុត្តិធម៌​សម្រាប់​ខ្លួន​ឯង​​​


អ្នកស្រី ឡុង គឹមហ៊ាង ភរិយាលោក រ៉ាត់ រត្នមុនី អ្នកបកប្រែភាពយន្តឯកសារ «ម្តាយខ្ញុំលក់ខ្ញុំ»និងកូនប្រុស កំពុងស្រែកសុំអន្តរាគមន៍នៅខាងមុខស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ជាលើកទី១២ ទាំងកំពុងត្រូវបានចោមរោមដោយអាជ្ញាធរ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩។

អស់​ រយៈពេល​ជាង​៣​ខែ​ ដែល​អ្នកស្រី​ ឡុង គឹមហ៊ាង​ អតីត​មន្រ្តី​ការពារ​សិទ្ធិ​លំនៅឋាន តវ៉ា​នៅ​ខាង​មុខ​ស្ថានទូត​រុស្ស៊ី ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​នេះ​ចេញ​មុខ​អន្តរាគមន៍​ឲ្យ​​អាជ្ញាធរ​កម្ពុជា​​ដោះ​លែង​ស្វាមី​អ្នកស្រី ​ជា​អ្នក​បកប្រែ​ភាពយន្ត​ឯកសារ «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»។

កំពុង​ស្រែក​តាម​រយៈ​ឧបករណ៍​បំពង​សំឡេង​ នៅ​ខាង​មុខស្ថានទូត​រុស្ស៊ី អ្នកស្រី​ ឡុង គឹមហ៊ាង​ ទទូច​ឲ្យរដ្ឋាភិបាល​រុស្ស៊ី​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​ស្វាមី​របស់​អ្នកស្រី​ គឺ​លោក​ រ៉ាត់ រត្នមុនី​ អ្នក​បកប្រែ​ភាពយន្ត​ឯកសារ​ ​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​ ដែលត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​ ក្រោយ​បកប្រែ​ភាពយន្ត​ឯកសារ​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​ Russia Today (RT)​ ដែល​ជា​ស្ថាប័ន​កាសែតរបស់​រដ្ឋាភិបាល​ក្រុង​មូស្គូ។

​អ្នកស្រី ​ឡុង គឹមហ៊ាង​ ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​អតីត​សកម្មជន​មួយ​រូប​ផ្នែក​ការពារ​សិទ្ធិ​ដីធ្លី​ នៃ​អង្គការ​សិទ្ធិ​លំនៅឋាន​ និង​ជា​ស្រ្តី​មួយ​រូប​ដែល​សកម្ម​ក្នុង​ការ​ផ្តល់​ចំណេះ​ដឹង​ផ្នែក​ច្បាប់​ដល់​អ្នក​រងគ្រោះ​ដី​ធ្លី​ អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​កន្លង​មក។

​ជា​រៀង​រាល់​ថ្ងៃ​ពុធ​ ស្រ្តី​សម្បុរ​ស្រអែម​ មាឌ​មាំ​រូប​នេះ ​តែង​បី​កូន​តូច​អាយុ​ជាង​មួយ​ឆ្នាំ​របស់​ខ្លួន​ ទៅ​ស្រែក​ទាមទារ​នៅ​ខាង​មុខ​ស្ថានទូត​រុស្ស៊ី​ ដោយ​ពេល​ខ្លះ​មាន​ការ​ចូលរួម​ពី​ក្រុម​អ្នកគាំទ្រ​ដែល​ជា​អ្នក​មាន​ជម្លោះ​ដី​ធ្លី​មួយ​ចំនួន​ ​ទាមទារ​ឲ្យ​ស្ថានទូត​រុស្ស៊ី ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​ស្វាមី​របស់​អ្នកស្រី​ដែល​កំពុង​ជាប់​ឃុំ។

កំពុង​កាន់រូបថត​របស់​ស្វាមី​ និង​បដា​សរសេរ​លើ​ក្រដាស​កាតុង​តវ៉ា​នៅ​ខាង​មុខស្ថានទូត​រុស្ស៊ី​ អ្នកស្រី​និយាយ​ថា៖​

«មិន​គួរ​ណា​មាន​បញ្ហា​ ដោយសារ​រុស្ស៊ី​ ទូរទស្សន៍​រុស្ស៊ី​ បែរ​ទៅ​ជា​មាន​ការ​ចាប់​ប្តី​របស់​ខ្ញុំ​ ហើយ​យើង​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​អន្តរាគមន៍​ បែរ​ជា​គ្មាន​ការ​អន្តរាគមន៍​ ហើយ​ព្រងើយ​កន្តើយ​បែប​នេះ​រហូត​ដល់​ជាង​បី​ខែ​ហើយ ​ដែល​ប្តី​ខ្ញុំ​ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌។​ ហើយ​វា​អយុត្តិធម៌​ខ្លាំង​ណាស់​ ដែល​ប្តី​របស់​ខ្ញុំ​មិន​មាន​កំហុស​ទេ ហើយ​បែរ​ជា​រដ្ឋាភិបាល​ [កម្ពុជា]​ ចាប់​ប្តី​ខ្ញុំ​ដាក់​គុក»។

អ្នក​ស្រី ឡុង គឹមហ៊ាង​ កាល​ពី​នៅ​កុមារភាព​ជាមួយ​គ្រួសារ​។​
អ្នក​ស្រី ឡុង គឹមហ៊ាង​ កាល​ពី​នៅ​កុមារភាព​ជាមួយ​គ្រួសារ​។​

អ្នកស្រី​ ឡុង គឹមហ៊ាង ​កើត​នៅ​ជំរំ​សាយធូ​ ប្រទេស​ថៃ​ កាល​ពី​ឆ្នាំ​ ១៩៨៥​ និង​ចាកចេញ​ពី​ជំរំ​នោះ​នា​ឆ្នាំ​ ១៩៩២​ មក​កាន់​កម្ពុជា​វិញ​ ដោយ​ធំ​ដឹង​ក្តី​នៅ​ខេត្ត​បន្ទាយមានជ័យ។​ ស្រ្តី​វ័យ ​៣៥​ ឆ្នាំ​ ដែលមាន​ឪពុក​ជា​អតីត​មន្រ្តី​ធ្វើ​ការ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​រូប​នេះ​ បាន​ចាក​ចេញ​ពី​ខេត្ត​មាន​ចម្ងាយ ៣៦០ គីឡូម៉ែត្ រ​ពី​រាជ​ធានី​ភ្នំពេញ​ក្រោយ​ចប់​វិទ្យាល័យ ​ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​នៅទីក្រុង​ភ្នំពេញ​ ក្នុង​ឆ្នាំ​ ២០០៧។​

អ្នកស្រី​ ឡុង គឹមហ៊ាង បាន​ចាប់​ផ្តើម​ការងារ​របស់​ខ្លួន​ជា​មន្រ្តី​ការពារ​សិទ្ធិ​លំនៅឋាន​ ក្នុង​ឆ្នាំ ​២០០៩​ ដោយ​ចាប់​ផ្តើម​ពី​ការ​ធ្វើ​ការងារ​ជាមួយ​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ​ ក្រោយ​ពេល​អ្នក​ស្រី​បាន​ស្វែងយល់​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

អ្នកស្រី ឡុង គឹមហ៊ាង​ បាន​រៀបការ​ជាមួយ​លោក ​រ៉ាត់ រត្នមុនី​ អតីត​មន្រ្តី​អង្គការ​ការពារ​សិទ្ធិ​ពលករ​ កាល​ពី​ឆ្នាំ ​២០១៦​ និង​មាន​កូន​ប្រុស​ម្នាក់ អាយុ​ជាង ​១ ​ឆ្នាំ​ជា​ចំណង​ដៃ។

កាលពី​ឆ្នាំ​ ២០១៨​ ស្វាមី​របស់​អ្នកស្រី​បាន​ធ្វើ​ជា​អ្នក​បកប្រែវីដេអូ​ឯកសារ​ដែល​មាន​ចំណង​ជើង​ថា​ «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​ ត្រូវ​បាន​ផលិត​ដោយ​បណ្តាញ​ព័ត៌មាន​រដ្ឋ​របស់​ប្រទេស​រុស្ស៊ី​ ​ឈ្មោះ​ ​Russia​ ​Today ​(RT)​ ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា។​ ​ក្រោយ​វីដេអូ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​ ​ហើយ​ចោទ​ថា​ ភាពយន្ត​ឯកសារ​នោះ​គឺ​ការ​ប្រឌិត​ឡើង​ធ្វើ​ឲ្យ​ខូច​កិត្តិយស​របស់​កម្ពុជា។

​អ្នកស្រី​បាន​បាត់បង់​ការងារ​ជា​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ទំនាក់ទំនង​ នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន ក្នុង​ពេល​ស្របាល​គ្នា​នៃ​វីដេអូឯកសារ​ «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ និង​ក្លាយ​ជា​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​ស្វាមី​របស់​អ្នកស្រី។

ស្វាមី​របស់​អ្នកស្រី​ ឡុង គឹមហ៊ាង ​ត្រូវ​បាន​សមត្ថកិច្ចចាប់​ខ្លួន​នៅ​ខែ​ធ្នូ ឆ្នាំ​ ២០១៨​ ដោយតុលាការ​ចោទ​លោក​ពី​បទ «ញុះញង់​ឲ្យ​មាន​ការ​រើស​អើង»​ តាម​មាត្រា ​៤៩៦​នៃ​ក្រម​ព្រហ្មទណ្ឌ។​ លោក រ៉ាត់ រត្នមុនី​ អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ​ទៅ​បី​ឆ្នាំ​ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា ​លោក​មាន​ទោស។​

អ្នកស្រី ឡុង គឹមហ៊ាង ភរិយា​លោក រ៉ាត់ រត្ន​មុនី ​អ្នក​បកប្រែ​ភាពយន្ត​ឯកសារ «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»និង​កូន​ប្រុស​ កំពុងអង្គុយ​សុំ​អន្តរាគមន៍​នៅ​ខាងមុខ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា ជា​លើកទី​៤ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩។
អ្នកស្រី ឡុង គឹមហ៊ាង ភរិយា​លោក រ៉ាត់ រត្ន​មុនី ​អ្នក​បកប្រែ​ភាពយន្ត​ឯកសារ «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»និង​កូន​ប្រុស​ កំពុងអង្គុយ​សុំ​អន្តរាគមន៍​នៅ​ខាងមុខ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា ជា​លើកទី​៤ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩។

ចាប់​តាំង​ពី​ពេល​ដែល​ស្វាមី​របស់​អ្នកស្រី ត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស ​អ្នកស្រី ​ឡុង​ គឹមហ៊ាង​ តែង​បី​កូន​ប្រុស​អាយុ​ ១​ ឆ្នាំ​ ៣ ​ខែ ទៅ​ស្រែក​តវ៉ា​នៅ​ខាង​មុខ​ស្ថានទូត​រុស្ស៊ី​ ជា​រៀងរាល់​ព្រឹក​ថ្ងៃពុធ ​ដើម្បី​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​មួយ​នេះ​ អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះ​លែង​ស្វាមី​អ្នកស្រី​ គឺ​លោក​ រ៉ាត់ រត្នមុនី។ ​

ការ​តវ៉ា​នៅ​ខាង​មុខ​ស្ថានទូត​រុស្ស៊ី​ ទាំង​មិន​មាន​ការងារ​ធ្វើជា​ច្រើន​សប្តាហ៍​មក​នេះ​ អ្នកស្រី​ ឡុង គឹមហ៊ាង​ ប្រាប់​ថា​ អ្នកស្រី​ត្រូវ​ប្រឈម​នឹង​ការ​ខ្វះខាត​ជីវភាព​ រហូត​កំពុង​ក្លាយ​ជា​កូន​បំណុល​របស់​គេ ក្រោយ​ការ​តវ៉ា​នៅ​តែ​បន្ត​ ហើយ​អ្នកស្រី​មិន​អាច​រក​ការងារ​បាន​ធ្វើ។​

កំពុងឈរ​ឱប​កូន​ប្រុស​តូច​ក្រោមកម្ដៅ​ថ្ងៃ​នៅ​ខាង​មុខ​ស្ថានទូត​រុស្ស៊ី​ អ្នកស្រី​ ឡុង គឹមហ៊ាង​ ប្រាប់​អ្នក​សារ​ព័ត៌មាន​ទាំង​មាន​ទឹក​ភ្នែក​រលីង​រលោង​ថា៖​

​«យើង​ត្រូវ​ចំណាយ​សព្វ​គ្រប់ ថ្លៃ​ធ្វើ​ដំណើរ ថ្លៃ​បាយ ថ្លៃ​ញ៉ាំ​អី ​ដល់​ពេល​យើង​ចេញ​មក​អ៊ីចឹង​យើង​ត្រូវ​ចំណាយ ហើយ​ដែល​ខ្ញុំ​អត់​មាន​ចំណូល​ទាល់​តែ​សោះ​បច្ចុប្បន្ន​នេះ ព្រោះ​ខ្ញុំ​អត់​មាន​ការងារ​ធ្វើ​ទេ ដោយ​សារ​ខ្ញុំត្រូវ​ចំណាយ​ពេល​មើល​កូន ខ្ញុំ​ត្រូវ​ទៅ​មើល​ប្តី ហើយ​ត្រូវ​ចំណាយ​ពេល​មក​តស៊ូ​មតិ។​ ហើយ​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​ក្លាយ​ជា​កូន​បំណុល​គេ​ហើយ ខ្ញុំ​ត្រូវ​ខ្ចី​លុយ​គេ​ដើម្បី​ចាយ»។​

ការ​តវ៉ា​នៅ​ខាងមុខ​ស្ថានទូត​រុស្ស៊ី អស់​រយៈពេល​ជាង​ ១០ ​សប្តាហ៍ ​គេ​មិន​ដែល​ឃើញ​មន្រ្តី​ ឬ​តំណាង​ណា​ម្នាក់​ពី​ខាង​ស្ថានទូត​ចេញ​មក​ជួប ឬ​យក​ញត្តិ​របស់​អ្នកស្រី ឡុង​ គឹមហ៊ាង​ នោះ​ទេ។ ​

ជំនួស​មក​វិញ រាល់​ដែល​អ្នកស្រី​ ឡុង គឹមហ៊ាង ​ទៅ​តវ៉ា​នៅ​ខាង​មុខ​ស្ថានទូត​រុស្ស៊ី មិន​ថា​ពេល​ដែល​អ្នក​ស្រី​ទៅ​ជាមួយ​អ្នក​គាំទ្រ​ ៤-៥​ នាក់​ផ្សេងទៀត ឬ​ពេល​ដែល​អ្នកស្រី​ទៅ​តែ​ជាមួយ​កូន​ប្រុស​ជាង​ ១ ​ឆ្នាំ​នោះ​ទេ​ គេ​តែង​ឃើញ​សមត្ថកិច្ច សន្តិសុខខណ្ឌ និង​សន្តិសុខ​របស់​ស្ថានទូត ចាប់ពី​ ១០ ​នាក់ ទៅ​ ៤០ ​នាក់ ចាំយាម ​ឬ​បណ្តេញ​អ្នកស្រី​ចេញ​ពី​មុខ​ស្ថានទូត​មិន​ឲ្យ​មក​ឲ្យ​ស្រែក​នៅ​ខាង​មុខ​នោះជា​រឿយៗ។​

នៅ​ថ្ងៃ​ខ្លះ​គេ​ឃើញ​មាន​ស្រ្តី​វ័យ​កណ្តាល​មួយ​ក្រុមប្រមាណ​ជាជិត​ ១០​ នាក់ ពាក់​ម៉ាស់ និង​មិន​បង្ហាញ​អត្ត​សញ្ញាណ បាន​ចាប់​អ្នកស្រី ឡុង គឹមហ៊ាង​ ចេញ​ពី​មុខ​ស្ថានទូត​ក៏​មាន។​

បើ​ទោះ​បី​ជា​ត្រូវ​បន្ត​តវ៉ា​ទាំង​លែង​មាន​ការងារ​ធ្វើ និង​ត្រូវ​អង្គុយ​ហាល​ថ្ងៃ​លើ​ខឿន​ផ្លូវ​ម្ខាង​នៅ​ខាង​មុខ​ស្ថានទូត​រុស្ស៊ី ​ប្រឈម​នឹង​គ្រោះថ្នាក់​ក្តី ក៏​អ្នកស្រី ​ឡុង គឹមហ៊ាង​ មិន​ដែល​បោះបង់​បំណង​ទាមទារ​ឲ្យ​មាន​ការ​អន្តរាគមន៍​ដោះលែង​ស្វាមី​របស់​អ្នកស្រី​នោះ​ទេ។​

អ្នកស្រី​និយាយ​ថា៖​

«ក្រៅ​តែ​ពី​ប្រើ​នីតិវិធី​តាម​ផ្លូវតុលាការ​ ដែល​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​ប្តី​ខ្ញុំ​បាន​នៅ​ក្រៅ​ឃុំ​លើក​ទី ​១ លើក​ទី ២ ហើយ​និង​លើក​ទី​ ៣ ​បាន​ដាក់​នៅ​កំពូល [តុលាការ] យើង​អត់​មាន​ជម្រើស​អី​ក្រៅ​តែ​ពី​មក​ស្ថានទូត​រុស្ស៊ី​ ដើម្បី​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះ​លែង​ប្តី​ខ្ញុំ​ទេ។ ហើយ​ខ្ញុំ​នឹង​មក​រហូត​ទាល់​តែ​ប្តី​ខ្ញុំ​ត្រូវ​បាន​ដោះលែង។​ អ៊ីចឹង​ខ្ញុំ​អត់​បញ្ឈប់​ទេ ខ្ញុំ​នឹង​មក​ស្ថានទូត​រុស្ស៊ី​នេះ​ជា​រៀងរាល់​សប្តាហ៍»។​

ចាប់​តាំងអ្នកស្រី​ ឡុង គឹមហ៊ាង​ ទាមទារ​នៅ​ខាង​មុខ​ស្ថានទូត​រុស្ស៊ី​អស់​រយៈពេល​ជាងបី​ខែ​មក​នេះ​ VOA​ ក៏​បាន​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​ខាង​ស្ថានទូត​រុស្ស៊ី​ តាមរយៈ​អ៊ីមែល និង​បណ្តាញ​សង្គម ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​ដែល​ទទួល​បាន​ការ​ឆ្លើយតប​ណាមួយ​នោះ​ទេ។​

អ្នកស្រី ឡុង គឹមហ៊ាង និងកូនប្រុស ព្រមទាំង​អ្នកគាំទ្រ​មួយរូប​កំពុង​តវ៉ា​នៅ​ខាងមុខ​ស្ថានទូតរុស្ស៊ី​ប្រចាំកម្ពុជា នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។ (កាន់ ​វិច្ឆិកា/VOA)
អ្នកស្រី ឡុង គឹមហ៊ាង និងកូនប្រុស ព្រមទាំង​អ្នកគាំទ្រ​មួយរូប​កំពុង​តវ៉ា​នៅ​ខាងមុខ​ស្ថានទូតរុស្ស៊ី​ប្រចាំកម្ពុជា នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។ (កាន់ ​វិច្ឆិកា/VOA)

អ្នកស្រី​ ឡុង គឹមហ៊ាង​ ត្រូវ​បាន​សង្គម​ស៊ីវិល​ជាតិ​ អន្តរជាតិ​មួយ​ចំនួន ​និង​អ្នក​សារព័ត៌មាន​ស្គាល់​យ៉ាង​ច្បាស់​ថា​ ជា​មន្រ្តី​ដែល​តែង​សកម្ម​ក្នុង​ការ​ធ្វើ​ការ​ផ្ទាល់​ ​នៅ​គ្រប់​ទី​កន្លែង​ដែល​មាន​ការ​តវ៉ា​ពាក់ព័ន្ធ​បញ្ហា​ដីធ្លី​នៅ​ភ្នំពេញ។​ តាម​រយៈ​ភាព​សកម្ម​នេះ​ អ្នកស្រីត្រូវ​បាន​សហគមន៍​អ្នក​មាន​ជម្លោះ​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ​ ប្រគល់​ពាន​រង្វាន់​«កែវ​ភ្នែក​មាស» ​ដើម្បី​សម្ដែង​ការ​ដឹង​គុណ​របស់​ពួកគេ ​កាល​ពី​ដើម​ឆ្នាំ​ ២០១៥។​

លោកស្រី ​អ៊ីម ស្រីទូច​ អតីត​អ្នក​មាន​ជម្លោះ​ដី​ធ្លី​នៅ​តំបន់​បឹង​កក់​មួយ​រូប ដែល​តែង​ចូលរួមជួយ​តវ៉ា​អ្នក​ស្រី ​ឡុង គឹមហ៊ាង​ នៅ​ខាង​មុខ​ស្ថានទូត​រុស្ស៊ី ​និយាយ​ថា​ អ្នកស្រី​ ឡុង គឹមហ៊ាង​ ជា​មន្រ្តី​ការពារ​សិទ្ធិ​ដែល​តែង​បង្រៀន​ចំណេះ​ដឹង​ផ្លូវ​ច្បាប់​ដល់​អ្នករងគ្រោះ​ដី​ធ្លី​ជាច្រើន​ទៀត​ រួម​ទាំង​លោកស្រី​ផង។ លោកស្រី​បន្ថែម​ថា​ ការ​មក​ចូលរួម​ជួយ​តវ៉ា​នៅ​ខាង​មុខ​ស្ថានទូត​រុស្ស៊ី​នេះ គឺ​ដោយសារ​លោក​ស្រី​យល់​ថា ​ករណី​លោក​ រ៉ាត់ រត្នមុនី គឺជា​រឿង​អយុត្តិធម៌។​

ស្រ្តី​វ័យ​ជាង ​៣០ ​ឆ្នាំ រូប​នេះ​បញ្ជាក់​ប្រាប់ VOA ​ថា៖​

«កាល​ពី​ខ្ញុំ​រង​គ្រោះ​នៅ​បឹងកក់​ដំបូង​ គឺ​ខ្ញុំ​បាន​ឃើញ​គាត់​ចុះ​យក​ព័ត៌មាន​ គាត់​ជា​មន្រ្តី​ព័ត៌មាន​របស់​អង្គការ HRT (អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន)។​ គាត់​បាន​ទៅ​ជួយ​ថតយក​ព័ត៌មាន​ ហើយ​គាត់​បាន​ជួយ​បង្រៀន​ច្បាប់ បង្រៀន​សិទ្ធិ​អី​ដល់​ពួក​យើង ឲ្យ​ពួក​យើង​តស៊ូ​ដោយ​អហិង្សា។ ​គឺ​គាត់​ជួយ​សង្គម​យើង​ច្រើន ទាំង​ប្តី​ប្រពន្ធ​គាត់ អ៊ីចឹង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​មក​ចូលរួម​គាំទ្រ ទាមទារ​យុត្តិធម៌សម្រាប់​គាត់​ ព្រោះគាត់​អត់​មាន​ខុស​អី​ទេ»។​

ចំណែក​លោក ​អំ សំអាត មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លើក​ឡើង​ថា អ្នកស្រី​ ឡុង​ គឹមហ៊ាង​ គឺ​ជា​មន្រ្តី​ការពារ​សិទ្ធិ​ដ៏​សកម្ម​មួយ​រូប ដែល​ធ្វើ​ការងារ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ រាល់​ពេល​ដែល​មាន​បញ្ហា​រំលោភ​សិទ្ធិ និង​ដីធ្លី​កើត​ឡើង។ លោក​បន្ត​ថា ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ភាព​គួរ​ឲ្យ​ព្រួយ​បារម្ភ ជាពិសេស​ចាប់​តាំង​ពី​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​ជាច្រើន​រូប ​ត្រូវ​រង​នូវ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញតាម​រយៈ​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ និង​ការ​ប្រើ​ហិង្សា​ផ្សេងៗ។

ធ្លាប់​តែ​អ្នក​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស រហូតត្រូវ​បាន​សហគមន៍​អ្នក​មាន​ជម្លោះ​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ ប្រគល់​ពានរង្វាន់ ​«កែវ​ភ្នែក​មាស»​ អ្នកស្រី​ ឡុង គឹមហ៊ាង​ នៅ​ពេល​នេះ បាន​ក្លាយ​ជា​ជន​រងគ្រោះ​ដោយ​ខ្លួន​ឯង​ផ្ទាល់ បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​ស្វាមី​របស់​អ្នកស្រីដាក់​ពន្ធនាគារ។​

អ្នកស្រី​បញ្ជាក់​ថា៖​

«ពី​អ្នក​ការពារ​ប្រជាពលរដ្ឋ ជួយ​ប្រជាពលរដ្ឋ​ អប់រំ​បណ្តុះបណ្តាល​ប្រជា​ពលរដ្ឋ​ ឲ្យ​ចេះ​ច្បាប់​ យល់​ដឹង​អំពី​សិទ្ធិ​អំពី​អី​ហ្នឹង ឥឡូវ​បែរ​ជា​ក្លាយ​ខ្លួន​ជាអ្នក​តស៊ូ​មតិ​ខ្លួន​ឯង​ដើម្បី​ជួយ​រក​យុត្តិធម៌​ឲ្យ​ប្តី​ខ្លួន​ឯង​ហ្នឹង​ វា​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ថា សេរីភាព​សិទ្ធិ​មនុស្ស និង​ការ​បញ្ចេញ​មតិ​ហ្នឹង គឺ​វា​ធ្លាក់​ដុនដាប​មែន​ទែន ដល់​កម្រិត​សូន្យ​ហើយ ដែល​ត្រូវ​តែ​ជជែក​គ្នា​ដែល​ត្រូវតែ​គ្រប់ភាគី​ពាក់ព័ន្ធ​ធ្វើ​ការ​ជជែក​គ្នា​ ដោះស្រាយ​រឿង​នេះ​ជា​បន្ទាន់​ ឲ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​ហ្នឹង​ល្អប្រសើរ​ឡើង​វិញ»។​

​បើ​ទោះបី​ជា​ត្រូវ​ផ្អាក​ការងារ​ជា​អ្នក​ការពារ​សិទ្ធិ​មួយ​រយៈ​ និង​ក្លាយ​ជា​អ្នក​តវ៉ា​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ខ្លួន​ឯង​ផ្ទាល់​ក្តី​ អ្នកស្រី​ ឡុង គឹមហ៊ាង​ នៅ​តែ​មាន​គោល​បំណង​ធ្វើ​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដើម្បីបញ្ចប់​ការ​រំលោភ​បំពាន​ និង​អំពើ​ហិង្សានៅ​កម្ពុជា​នា​ពេល​អនាគត។​

​អ្នកស្រី​និយាយ​ថា៖​

​«បើ​នៅ​តែ​អាច​មាន​ឱកាស​ផ្តល់​ឲ្យ​ខ្ញុំ​ក្នុង​ការ​ធ្វើ​ការងារ​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ហ្នឹង​ ខ្ញុំ​នៅ​តែ​បន្តធ្វើ​ការងារ​របស់​ខ្ញុំ​ដដែល​ ខ្ញុំ​អត់​បោះ​បង់​ទេ។​ ​ព្រោះ​ខ្ញុំ​ចង់​ឲ្យ​ប្រទេស​របស់​យើង​ ប្រជា​ពលរដ្ឋ​របស់​យើង​ ទទួល​បាន​ការ​គោរព​សិទ្ធិ​មនុស្ស​ មាន​ការ​កក់ក្តៅ​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​របស់​ពួក​គេ»៕​

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG