ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភរិយា​អ្នក​បកប្រែ​ភាពយន្ត​ឯកសារ​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​​សុំ​អន្តរាគមន៍​ពី​ស្ថានទូត​រុស្ស៊ី​​ជា​ថ្មី​ បើ​ទោះ​គ្មាន​ការ​ឆ្លើយ​តប


ក្រុម​គ្រួសារ​ និង​អ្នក​គាំទ្រ​លោក​ រ៉ាត់ រត្នមុនី​ ​អ្នក​បកប្រែ​ភាពយន្ត​ឯកសារ «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​ កំពុង​អង្គុយ​ខាងមុខ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​​ដើម្បី​សុំ​អន្តរាគមន៍​​ពី​ស្ថានទូត ជា​លើកទី​៤ នៅ​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្រុម​គ្រួសារ​ និង​អ្នក​គាំទ្រ​លោក​ រ៉ាត់ រត្នមុនី​ ​អ្នក​បកប្រែ​ភាពយន្ត​ឯកសារ «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​ កំពុង​អង្គុយ​ខាងមុខ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​​ដើម្បី​សុំ​អន្តរាគមន៍​​ពី​ស្ថានទូត ជា​លើកទី​៤ នៅ​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩។

​ក្រុមគ្រួសារ​និង​អ្នកគាំទ្រ​លោក​​រ៉ាត់ រត្នមុនី​ ​អ្នក​បកប្រែ​ភាពយន្ត​ឯកសារ​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​បានតវ៉ា​នៅ​​មុខ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​ សុំឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​​​អន្តរាគមន៍​ឲ្យ​​ដោះ​លែង​លោក​​រ៉ាត់ រត្នមុនី។​ ការ​ស្នើ​ជា​ច្រើន​ដង​​​មិន​ត្រូវ​បាន​ការឆ្លើយតបពីមន្រ្តី​ស្ថានទូត​​ទេ។

ភរិយានិង​អ្នក​គាំទ្រ​លោក​ ​រ៉ាត់ រត្នមុនី​ ​អ្នក​បកប្រែ​ភាពយន្ត​ឯកសារ​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»នៅ​ថ្ងៃ​ពុធ​នេះ​ ​ប្រកាស​ថា​ នឹងសុំ​អន្តរាគមន៍ពី​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​ជា​បន្ត​បន្ទាប់​រហូត​មាន​ការ​ដោះ​លែង​ស្វាមី​ បើ​ទោះ​បី​ស្ថានទូត​នេះ​មិន​មាន​ការ​ឆ្លើយ​តបក្តី។​

អ្នកស្រីឡុង គឹមហ៊ាង​ ​ភរិយា​លោករ៉ាត់ រត្នមុនី​ និង​កូន​ប្រុសព្រម​ទាំង​អ្នក​គាំទ្រ​ប្រមាណ​ជា​១០​នាក់​បាន​ប្រមូល​ផ្តុំគ្នា​ជា​ថ្មី​ទៀត​នៅ​មុខ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជាដែល​មាន​ទីតាំង​ស្ថិត​លើ​បណ្តោយ​ផ្លូវ​សុធារស​ ​រាជធានី​ភ្នំពេញ ដើម្បីសុំ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​ចេញ​មុខ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​លោក​រ៉ាត់ រត្នមុនី​ ​ដែល​កំពុង​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ពី​បទ​«ញុះញង់​ឲ្យ​មាន​ការ​រើស​អើង»។​

ខណៈ​អង្គុយ​លើ​ខឿន​ផ្លូវ​ម្ខាង​នៅ​មុខ​ស្ថានទូត​រុស្ស៊ី​ ​អ្នកស្រី​ ​ឡុង គឹមហ៊ាង​ ភរិយា​របស់​លោក​រ៉ាត់ រត្នមុនី​ ប្រាប់ ​VOA​ ថា​ ​អ្នកស្រី​ និង​អ្នក​តវ៉ា​ផ្សេង​ទៀត​បាន​មក​ប្រមូល​នៅ​ខាង​មុខ​ស្ថានទូត​រុស្ស៊ី​គឺ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ប្រទេស​នេះ​បាន​ដឹង​អំពី​ការ​ទាមទារ​របស់​អ្នកស្រី​ ​បើទោះបី​ជា​មិន​មាន​មន្រ្តី​ស្ថានទូត​ណា​ម្នាក់​ចេញ​មក​ជួប​អ្នកស្រី​ក៏​ដោយ។​ ​មន្រ្តី​អង្គការ​ការពារ​សិទ្ធិ​លំនៅស្ថាន​រូប​នេះ​បន្ថែម​ថា​ ​អ្នក​ស្រី​នឹង​មក​ប្រមូល​ផ្តុំ​នៅ​ខាង​មុខ​ស្ថានទូត​នេះ​បន្ត​ទៀត​ ​រហូត​ស្វាមី​របស់​អ្នកស្រី​ត្រូវ​បាន​ដោះ​លែង។

អ្នកស្រី ឡុង គឹមហ៊ាង ភរិយា​លោក រ៉ាត់ រត្ន​មុនី ​អ្នក​បកប្រែ​ភាពយន្ត​ឯកសារ «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»និង​កូន​ប្រុស​ កំពុងអង្គុយ​សុំ​អន្តរាគមន៍​នៅ​ខាងមុខ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា ជា​លើកទី​៤ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩។
អ្នកស្រី ឡុង គឹមហ៊ាង ភរិយា​លោក រ៉ាត់ រត្ន​មុនី ​អ្នក​បកប្រែ​ភាពយន្ត​ឯកសារ «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»និង​កូន​ប្រុស​ កំពុងអង្គុយ​សុំ​អន្តរាគមន៍​នៅ​ខាងមុខ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា ជា​លើកទី​៤ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩។

អ្នក​ស្រី​បញ្ជាក់​ថា៖​

«ក្រៅ​តែ​ពី​ប្រើ​នីតិវិធី​តាម​ផ្លូវ​តុលាការ ​ដែល​ដាក់​ពាក្យ​ស្នើសុំ​ឲ្យ​ប្តី​ខ្ញុំ​បាន​នៅ​ក្រៅ​ឃុំ​លើក​ទី១ ​លើក​ទី២​ហើយ​នឹង​លើក​ទី៣​ ដាក់​ទៅ​កំពូល​ យើង​អត់​មាន​ជម្រើស​អី​ លុះត្រា​តែ​ប្តី​របស់​ខ្ញុំ​ត្រូវ​បាន​ដោះ​លែង។​ ​អ៊ីចឹង​ខ្ញុំ​អត់​ឈប់​ទេ។​ ​ខ្ញុំនឹង​មក​ស្ថានទូត​រុស្ស៊ី​នេះ​ជា​រៀង​រាល់​សប្តាហ៍»។

ក្រោយ​ការ​ចាប់​ឃុំ​ខ្លួន​លោក​រ៉ាត់ រត្នមុនី​ ​គេឃើញ​ភរិយា​របស់​លោក​បាន​ទៅ​ស្ថានទូត​រុស្ស៊ី​ ​សុំ​ឲ្យ​មាន​ការ​អន្តរាគមន៍ជា​ច្រើន​ដង។​ ​ភរិយា​ និង​មេធាវី​របស់​លោក​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ឧទ្ធរណ៍​សុំ​ឲ្យ​លោក​បាន​នៅ​ក្រៅ​ឃុំ​តែ​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ​បាន​ច្រាន​ចោល​ ​កាល​ពី​សប្តាហ៍​មុន។​

ខណៈ​ដៃទាំង​ពីរ​កំពុង​ឱប​កូន​ប្រុស​អាយុ​ជាង​១​ខួប អ្នកស្រីឡុង គឹមហ៊ាង​ បាន​ថ្លែង​អំពី​ផល​លំបាក​ ​ខណៈ​ស្វាមី​របស់​អ្នកស្រី​ត្រូវ​ជាប់​ឃុំ។

អ្នកស្រី​រៀបរាប់​ថា៖ «ខ្ញុំ​ត្រូវ​ចំណាយ​ ​ខ្ញុំត្រូវ​ពិបាក ​មាន​កូន​ ​ហើយ​មួយ​ទៀត​ ខ្ញុំ​អត់​មាន​ពេល​ក្នុង​ការ​រកស៊ី ​ធ្វើការ​ខ្លួន​ឯង​ទេ។ ​ខ្ញុំ​ក៏​ជា​មន្រ្តី​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​រូប​ដែរ។ ​ប៉ុន្តែ​នៅ​ពេល​ដែល​ប្តី​ខ្ញុំ​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក​បែប​នេះ​ ​ខ្ញុំ​បាត់បង់​ការងារ​របស់​ខ្ញុំហើយ​ខ្ញុំ​អត់​អាច​ធ្វើ​ការងារ​ខ្លួន​ឯង​ទេ ​ព្រោះ​ខ្ញុំ​ត្រូវការ​ចំណាយ​ពេល​ដើម្បី​តស៊ូមតិ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​ប្តី​ខ្ញុំ​សិន»។

VOA​ ព្យាយាម​ទាក់ទង​ទៅ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​និង​បាន​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ​Vitaly​ Malikov​ ​មន្រ្តី​អនុព័ន្ធ​ស្ថានទូត​មួយ​នេះ​ តែ​មិន​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ រហូត​មកដល់​ល្ងាច​ថ្ងៃ​ពុធនេះ។​

វីដេអូ​ឯកសារ​ដែល​មាន​ចំណង​ថា​ «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​ ត្រូវ​បាន​ផលិត​ដោយ​បណ្តាញ​ព័ត៌មាន​រដ្ឋ​របស់​ប្រទេស​រុស្ស៊ី​ ​ឈ្មោះ​ ​Russia​ ​Today ​(RT)​ ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា។​ ​ក្រោយ​វីដេអូ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​ ​ហើយ​ចោទ​ថា​ ភាព​យន្ត​ឯកសារ​នោះ​គឺ​ការ​ប្រតិដ្ឋ​ឡើងធ្វើ​ឲ្យ​ខូចកិត្តិយស​របស់​កម្ពុជា។​

លោក​រ៉ាត់ រត្នមុនី​ សកម្មជន​សិទ្ធិ​ពលករ ​និង​ជា​អ្នក​បកប្រែ​ក្នុង​ការ​ផលិត​វីដេអូ​ឯកសារ​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​បាន​រត់​ភៀស​ខ្លួន​ទៅ​ទីក្រុង​បាងកក​ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​កម្ពុជា​ និង​រង់ចាំ​ទិដ្ឋាការ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ហូរឡង់។​ ប៉ុន្តែ​លោក​ត្រូវ​បាន​ប៉ូលិស​ថៃ​ចាប់​ខ្លួន​នៅ​ក្នុង​ទីក្រុង​បាងកក​ និង​បញ្ជូន​មក​កម្ពុជា​វិញ​ កាល​ពី​ដើម​ខែធ្នូ​ ឆ្នាំ​២០១៨។​

អ្នកស្រីឡុង គឹមហ៊ាង ​បន្ថែម​ថា ​ការ​ចាប់​ខ្លួន​ស្វាមី​របស់​អ្នកស្រី​យក​ទៅ​ឃុំឃាំង​នេះ​បង្ហាញ​ពីការ​គំរាម​កំហែង​ដល់​អ្នក​សារ​ព័ត៌មាន​ផ្សេង​ទៀត​ កុំឲ្យ​សរសេរ​អំពី​ការណ៍​ពិត​ក្នុង​សង្គម។​

រហូត​មក​ដល់​ពេល​នេះ ​លោក​រ៉ាត់ រត្ន​មុនីកំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស​ ​បន្ទាប់​ពី​តុលាការ​ចោទ​លោកពី​បទ«ញុះញង់​ឲ្យ​មាន​ការ​រើសអើង»តាម​មាត្រា​៤៩៦​នៃ​ក្រម​ព្រហ្មទណ្ឌ។​ យោង​តាម​មាត្រា​នេះ​ ​លោក​រ៉ាត់ រត្នមុនី​ អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ​ទៅ​បី​ឆ្នាំ​ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា ​លោក​មាន​ទោស។​

លោកអំ សំអាត​ មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លើក​ឡើង​ថា​ បើ​តាម​ការ​ឃ្លាំមើល​របស់​លោក​ ​ភាគច្រើន​នៃ​ស្ថានទូត​ប្រចាំ​កម្ពុជា​តែង​មាន​មន្រ្តី​ទូត​ចេញ​មក​ទទួល​ញត្តិ ឬ​ជួប​ជាមួយ​អ្នក​ដែល​ដាក់​ញត្តិឬ​តវ៉ា។​ ​ទោះយ៉ាងណា​លោក​ថា ​លោក​មិន​ដឹង​ថា ​តើ​នីតិវីធី ​ឬ​គោល​ការណ៍​របស់​ស្ថានទូត​រុស្ស៊ី​បែប​ណា​នោះ​ទេ។​

ក្រុម​គ្រួសារ​ និង​អ្នក​គាំទ្រ​លោក​ រ៉ាត់ រត្នមុនី​ ​អ្នក​បកប្រែ​ភាពយន្ត​ឯកសារ «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​ បន្ត​សុំ​អន្តរាគមន៍ពី​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា ជា​លើកទី​៤ ខណៈអាជ្ញាធរ និង​ក្រុម​សន្តិសុខ​ខណ្ឌ​កំពុង​ឈរ​ការពារ​ស្ថានទូត នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្រុម​គ្រួសារ​ និង​អ្នក​គាំទ្រ​លោក​ រ៉ាត់ រត្នមុនី​ ​អ្នក​បកប្រែ​ភាពយន្ត​ឯកសារ «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​ បន្ត​សុំ​អន្តរាគមន៍ពី​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា ជា​លើកទី​៤ ខណៈអាជ្ញាធរ និង​ក្រុម​សន្តិសុខ​ខណ្ឌ​កំពុង​ឈរ​ការពារ​ស្ថានទូត នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩។

មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ​បន្ថែម​ថា គ្រួសារ​របស់​លោករ៉ាត់ រត្នមុនី​ អះអាង​ថា ​រាល់​ឯកសារ​ដែល​លោក​រ៉ាត់ រត្នមុនី​ ធ្វើ​ជា​អ្នក​បកប្រែ​ក្នុង​ភាពយន្ត​នោះ​គឺ​មាន​ការ​ត្រួត​ពិនិត្យ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ជាមុន​ ដូច្នេះ​លោក​ថា​ ​លោក​មិនគួរ​ត្រូវ​បាន​ចោទ​ប្រកាន់​បែប​នេះ​ទេ។​

លោក​បញ្ជាក់​ថា៖​

«លោក​រ៉ាត់ រត្នមុនី​ ហ្នឹង​គ្រាន់តែ​ជា​អ្នក​ជួយ​បកប្រែ​សម្រាប់​អ្នក​ផលិត​ខ្សែ​ភាពយន្ត​ហ្នឹង​ទេ។ ​អ៊ីចឹងបើ​យើង​ពិនិត្យ​ទៅ​ថា​ ​លោក​មិន​គួរ​ត្រូវ​បាន​ចោទ​ប្រកាន់​ដូច្នេះ​ទេ។ ​អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ការ​បើក​ការ​ស៊ើប​អង្កេត​ទៅ​អង្គហេតុ​ហ្នឹង​ថា​ តើ​ជារឿង​ពិត​ទេ?​ ហើយ​បើសិន​រឿង​ហ្នឹង​មាន​កើត​អ៊ីចឹង យើង​គួរ​តែ​ចាត់​វិធានការ​បែប​ណា​ដើម្បី​កុំ​ឲ្យ​មាន​អា​បញ្ហា​ទាំងអស់​ហ្នឹង​កើត​ឡើង​ជា​បន្ត​ទៅ​ទៀត»។​

ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន​លោក​រ៉ាត់ រត្នមុនី​ បញ្ជូន​ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ ​និង​ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ ​គេ​ឃើញ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ទាំង​ជាតិ​ ​និង​អន្តរជាតិ​ចេញ​ប្រតិកម្ម​ថា​ ​វិធានការ​នេះ​ធ្វើ​ឡើង​ដោយ​មិន​ត្រឹមត្រូវ​ ​និង​អំពាវនាវ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​លើ​លោករ៉ាត់ រត្នមុនី៕

XS
SM
MD
LG