ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងទីភ្នាក់ងារជនភៀសខ្លួនអ.ស.ប. កំពុងថ្កោលទោសលើគោលនយោបាយរបស់ប្រទេសអូស្ត្រាលីចំពោះជនភៀសខ្លួន៦០០នាក់ និងជនស្វែងរកសិទ្ធិជ្រកកោននៅអតីតជំរំជនអន្តោប្រវេសន៍របស់អូស្ត្រាលីនៅប្រទេសប៉ាពូញូហ្គីនៀ។ ទីភ្នាក់ងារអ.ស.ប. ឲ្យដឹងថា គោលនយោបាយនោះ គឺព្រៃផ្សៃនិងរំលោភបំពានច្បាប់សិទ្ធិមនុស្ស និងច្បាប់ជនភៀសខ្លួនអន្តរជាតិ។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងទីភ្នាក់ងារជនភៀសខ្លួនអ.ស.ប. បានព្រមានថា គ្រោះអាសន្នផ្នែកមនុស្សធម៌មួយកំពុងលាតត្រដាងឲ្យឃើញនៅជំរំនៅលើកោះ Manus បន្ទាប់ពីការសម្រេចរបស់អូស្ត្រាលីក្នុងការបិទមជ្ឈមណ្ឌលដែលផ្តល់ការជ្រកកោនដល់ជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោន ហើយបានដកបុគ្គលិករបស់ខ្លួនចេញ។
អ្នកនាំពាក្យនៃការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Rupert Colville និយាយថា ទីភ្នាក់ងាររបស់លោកពិតជាមានការបារម្ភជាខ្លាំងចំពោះសុខុមាលភាព និងសុវត្ថិភាពរបស់មនុស្សជាង៦០០នាក់ ដែលកំពុងរស់នៅក្នុងមជ្ឈមណ្ឌលនេះ។ លោកបាននិយាយថា ពួកគេភ័យខ្លាចរហូតមិនហ៊ានចាកចេញ។
«យើងបានអំពាវនាវដល់រដ្ឋាភិបាលអូស្ត្រាលី ដែលក្នុងនាមជាភាគីដំបូងគេបង្អស់ដែលបានបង្ខាំងពួកគេទុក ផ្តល់ភ្លាមៗនូវការការពារ អាហារ ទឹក និងសេវាជាមូលដ្ឋានផ្សេងៗ ដែលត្រូវបានកាត់ផ្តាច់តាំងពីអាជ្ញាធរបានបិទមជ្ឈមណ្ឌលនេះតាំងពីថ្ងៃទី៣១ ខែតុលា។ ជាងនេះទៅទៀត ជនភៀសខ្លួនទាំងនោះបាននិយាយថាពួកគេមានការភ័យខ្លាចថា ពួកគេនឹងត្រូវរងអំពើហិង្សាពីប្រជាជនក្នុងស្រុកបើសិនជាពួកគេចាកចេញពីបរិវេណមជ្ឈមណ្ឌល»។
លោក Colville និយាយថាកាលពីមុន ជនភៀសខ្លួនទាំងនោះ ធ្លាប់ជាជនរងគ្រោះដោយសារអំពើហិង្សា ដូច្នេះការភ័យខ្លាចទាំងនេះគួរតែត្រូវបានទទួលស្គាល់ និងដោះស្រាយ។ ទីភ្នាក់ងារជនភៀសខ្លួនអ.ស.ប. បានបញ្ជូនបុគ្គលិកទៅកាន់ទីតាំង និងកំពុងត្រួតពិនិត្យស្ថានការណ៍។
អ្នកនាំពាក្យរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោក Babar Baloch បានប្រាប់ VOA ថា ទីតាំងជំនួសដែលកំពុងត្រូវបានសាងសង់ដើម្បីផ្តល់ទីជម្រកឲ្យជនភៀសខ្លួននិងជនស្វែងរកសិទ្ធិជ្រកកោន មិនទាន់សាងសង់ហើយនោះទេ។ លោកនិយាយថា ភាពតានតឹងកំពុងកើនឡើងខណៈដែលមានបាតុកម្មកាន់តែខ្លាំងក្លា ដែលធ្វើឡើងដោយប្រជាពលរដ្ឋដែលប្រឆាំងនឹងយុទ្ធសាស្ត្រនេះ។
«យើងមានការបារម្ភណាស់។ គោលនយោបាយរារាំងរបស់ប្រទេសអូស្ត្រាលីតាមរយៈការសង្គ្រោះមនុស្សនៅតាមសមុទ្រ ហើយក្រោយមកធ្វើបាបពួកគេនិងបោះបង់ពួកគេចោលបានក្លាយជា សញ្ញាណមួយនៃភាពព្រៃផ្សៃ។ ដូច្នេះយើងកំពុងព្យាយាមអំពាវនាវដល់ប្រទេសអូស្ត្រាលីម្តងហើយម្តងទៀត ឲ្យបំពេញកាតព្វកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួន»។
លោក Baloch និយាយថា គ្រោះអាសន្នមនុស្សធម៌នេះ គួរត្រូវបានដោះស្រាយតាមវិធីមនុស្សធម៌ ដោយផ្អែកលើមេត្តាធម៌និងច្បាប់អន្តរជាតិ។ ប្រទេសអូស្ត្រាលីបានកំណត់កាលបរិច្ឆេទបិទមជ្ឈមណ្ឌលនៅជំរំនៅលើកោះ Manus បន្ទាប់ពីតុលាការកំពូលរបស់ប្រទេសប៉ាពូញូហ្គីនៀ បានកាត់ក្តីសម្រេចកាលពីឆ្នាំមុនថាមជ្ឈមណ្ឌលឃុំឃាំងនេះ មិនស្របតាមរដ្ឋធម្មនុញ្ញដោយសារវាបានរំលោភបំពានលើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់ជនជាប់ឃុំ។
គោលនយោបាយជនភៀសខ្លួនដ៏តឹងតែងរបស់ប្រទេសអូស្ត្រាលីបានក្លាយជាឧបសគ្គមួយសម្រាប់ជនស្វែងរកសិទ្ធជ្រកកោនដែលមកពីមជ្ឈិមបូព៌ា ទ្វីបអាហ្វ្រិក និងទ្វីបអាស៊ី ក្នុងការចូលមកក្នុងប្រទេសនេះតាមទូក។ ដូច្នេះពួកគេធ្វើដំណើរទៅកោះ Manus ជំនួសវិញ ឬ ក៏ទៅរកមជ្ឈមណ្ឌលផ្សេងនៅប្រទេសប៉ាពូញូហ្គីនៀ។ សកម្មជនសិទ្ធមនុស្សបានរិះគន់ស្ថានភាពនៅឯជំរំទាំងនោះ៕
ប្រែសម្រួលដោយ ទុំ ម្លិះ