នៅថ្ងៃសៅរ៍នេះ ប្រទេសមីយ៉ានម៉ាបានបដិសេធថា មិនមានរណ្តៅកប់ខ្មោចចំនួន៥របស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមនៅក្នុងភូមិមួយនៅក្នុងរដ្ឋ Rakhine ដែលមានវិបត្តិនោះទេ។ មីយ៉ានម៉ានិយាយថា ភេរវជនចំនួន១៩នាក់បានត្រូវសម្លាប់ហើយបានកប់នៅក្នុងតំបន់នោះ។
ទីភ្នាក់ងារព័ត៌មាន Associated Press បានប្រើការផ្តល់កសិណសាក្សីមកពីជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់សិបនាក់ហើយនឹងរូបភាពវីដេអូតាមទូរសព្ទចល័តដើម្បីពណ៌នាពីការកាប់សម្លាប់រង្គាលដោយពួកទាហានហើយយ៉ាងហោចណាស់ក៏មានរណ្តៅកប់ខ្មោច៥ដែរដែលគេមិនបានរាយការណ៍នៅក្នុងភូមិ Gu Dar Pyin នៅក្នុងរដ្ឋ Rakhine។
គណៈកម្មាធិការព័ត៌មានរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាមួយដែលបានចុះផ្សាយនៅលើកេហទំព័រ Facebookរបស់ខ្លួនថា ក្រុមអធិការកិច្ចរបស់រដ្ឋាភិបាលបានធ្វើដំណើរទៅកាន់ភូមិនោះដើម្បីស៊ើបអង្កេតពីរបាយការណ៍របស់ទីភ្នាក់ព័ត៌មាន Associated Press ហើយបានរកឃើញថា របាយការណ៍នោះជាការក្លែងក្លាយ។
សេចក្តីថ្លែងការណ៍នោះប្រាប់ឲ្យដឹងថា «ក្រុមអធិការកិច្ចបានស៊ើបអង្កេតរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Associated Press ស្តីពីករណីរបស់ភូមិ Gu Dar Pyinរួមមានការសម្ភាសន៍ពួកអ្នកភូមិ ហើយបានរកឃើញថា របាយការណ៍នោះមិនពិតទេ»។
រូមភាពតាមផ្កាយរណបដែលទីភ្នាក់ងារព័ត៌មាន Associated Press ទទួលបាន បង្ហាញភូមិមួយដែលត្រូវបានកំទេចទាំងស្រុង ដោយការសម្ភាសន៍ជាមួយពួកអ្នកភូមិនៅក្នុងជំរំជនភៀសខ្លួនក្នុងប្រទេសបង់ក្លាដែសដែលបានអះអាងថា មនុស្សរហូតដល់៤រយនាក់ប្រហែលត្រូវបានគេសម្លាប់៕