ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការCPJថា អ្នកកាសែតក្នុងចំនួនដ៏ច្រើនមិនដែលមានពីមុនត្រូវគេចាប់ដាក់ពន្ធនាគារនៅទូទាំងពិភពលោក


ក្រុមអ្នកគាំទ្រទាមទារឲ្យដោះលែងអ្នកកាសែតជនជាតិសូម៉ាលីលោក Abdiaziz Ahmed Gurbiye នៅក្នុងរូបថតមួយបង្ហោះលើបណ្តាញ Twitter ដោយក្រុមអ្នកកាសែតសូម៉ាលី Somali Journalists Syndicate ដែលមានគណនី @sjs_Somalia។
ក្រុមអ្នកគាំទ្រទាមទារឲ្យដោះលែងអ្នកកាសែតជនជាតិសូម៉ាលីលោក Abdiaziz Ahmed Gurbiye នៅក្នុងរូបថតមួយបង្ហោះលើបណ្តាញ Twitter ដោយក្រុមអ្នកកាសែតសូម៉ាលី Somali Journalists Syndicate ដែលមានគណនី @sjs_Somalia។

សេរីភាព​សារព័ត៌មាន​កំពុង​ស្ថិត​ក្រោម​ការ​វាយ​ប្រហារ​នៅ​ទូទាំង​ពិភពលោក ដោយសារតែ​អាជ្ញាធរ​ព្យាយាម​បំបិទ​ការ​រាយការណ៍​ព័ត៌មាន​សំខាន់ៗ​នានា តាមរយ:​ការ​ចាប់​អ្នក​កាសែត​ដាក់​ពន្ធនាគារ។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​គណៈកម្មាធិការ​ការពារ​អ្នក​សារព័ត៌មាន (CPJ)។

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ CPJ នេះ បាន​បង្ហាញ​ថា អ្នក​កាសែត​ចំនួន ២៧៤ នាក់​កំពុង​ជាប់​ពន្ធនាគារ​នៅ​ទូទាំង​ពិភពលោក ដោយ​ប្រទេស​ចិន ទួរគី អេហ្ស៊ីប និង​អារ៉ាប៊ីសាអូឌីត នាំ​មុខ​គេ​ក្នុង​នាម​ជា​អ្នក​បំពាន​ខ្លាំងក្លា​បំផុត។ នេះជា​ឆ្នាំ​ទី ៥ ជាប់ៗ​គ្នា​ហើយ ដែល​មាន​អ្នក​សារព័ត៌មាន​លើស​ពី​ ២៥០ នាក់​ក្នុង​មួយ​ឆ្នាំ ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ។

អ្នកស្រី Courtney Radsch ប្រធាន​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ CPJ បាន​ប្រាប់ VOA ថា ឆ្នាំ ២០២០ នេះ គឺ​ជា​ឆ្នាំ​ដែល​មាន «កំណត់​ត្រា​អាក្រក់​បំផុត» ដោយសារ​មូលហេតុ​ពីរ។

អ្នកស្រី Radsch បញ្ជាក់​ដូច្នេះ​ថា៖ «មូលហេតុ​ទីមួយ​គឺ​ការ​ឆ្លើយតប​ចំពោះ​ជំងឺ​កូវីដ១៩ នៅ​លើ​ពិភពលោក ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​កើនឡើង​នៃ​ការ​ប្រើ​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អ្នក​កាសែត​ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ការ​សងសឹង​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​ឯករាជ្យ។ ហើយ [មូលហេតុ​មួយ​ទៀត] គឺ​តាមរយ:​ការ​បង្ក្រាប​ទាក់ទិន​នឹង​ការ​តវ៉ា​នានា។ យើង​បាន​សង្កេត​ឃើញ​ថា អ្នក​កាសែត ជាទូទៅ​ជា​មនុស្ស​ដំបូង​ដែល​ត្រូវ​បាន​គេ​ចាប់​ខ្លួន ដាក់​ឃុំ និង​ជា​គោលដៅ​មុន​គេ នៅ​ក្នុង​ការ​តវ៉ា​ទាំង​នោះ»៕

XS
SM
MD
LG