ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខេត្ត​រតនគិរី​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នកកាសែត The Cambodia Daily


រូបឯកសារ៖ លោក អូន ភាព អតីត​អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​ The Cambodia Daily​ បាន​ភៀស​ខ្លួន​ទៅ​សហរដ្ឋអាមេរិក ក្រោយ​រង​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់។ (រូបថតដោយ Cambodia Daily)

តុលាការ​ខេត្ត​រតន​គិរី​បាន​សម្រេច​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​អតីត​អ្នក​យក​ព័ត៌មាន​របស់​កាសែតឌឹខេមបូឌា ដេលី​ (The Cambodia Daily)​ ពីរ​នាក់ ដែល​ត្រូវ​ចោទ​ថា​បាន​ប្រព្រឹត្ត​អំពើ​ញុះញង់ក្នុង​ពេល​ពួក​គេ​សម្ភាស​ពលរដ្ឋ ដើម្បី​ដឹង​ពី​ទស្សនៈ​នៃ​ការ​គាំទ្រ​របស់​ពួក​គេ​ចំពោះ​គណបក្ស​នយោបាយ​ដែល​ឈរ​ឈ្មោះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ​កាល​ពី​ឆ្នាំ​២០១៧។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៩ តុលាការ​បាន​សម្រេច​លើក​ពេល​សវនាការ​ជំនុំជម្រះ​ក្ដី​លើ​ពួកគេ​ទាំង​ពីរ​រហូត​ដល់​ជិត​មួយ​ឆ្នាំ​មក​ដល់​ពេល​នេះ។

លោក ​សេក សោភ័ណ មេធាវី​ការពារក្តី​ឲ្យ​អ្នក​ទាំង​ពីរ ​មាន​ប្រសាសន៍​ថា​ ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​ខេត្ត​រតនគិរី​ កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ បាន​សម្រេច​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​មក​លើ​កូន​ក្តី​របស់​លោក បន្ទាប់ពី​បាន​ស្តាប់​ការ​លើក​ឡើង​អំពី​អង្គហេតុ​ពាក់​ព័ន្ធ​ និង​ពិនិត្យ​ចម្លើយ​របស់​កូន​ក្តី​លោក​ និង​ការ​មិន​សម្រេច​បន្ត​ប្តឹង​របស់​ភាគី​ដើម​បណ្តឹង គឺ​លោក ​រម៉ាំ យ៉ូត ដែល​ជាអតីត​មេឃុំ​ប៉ាតេ​ មក​ពី​គណបក្ស​ សម រង្ស៊ី។

បើ​តាម​លោក​មេធាវី​ សេក សោភ័ណ ដើម​បណ្តឹង​បាន​សម្រេច​ឈប់​ប្តឹង​ ដោយសារ​លោកចាំ​មិន​អស់​ពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង​កន្លង​មក។

លោក​មេធាវីបន្ថែម​ថា​តាម​ច្បាប់​ស្តីពី​របប​សារ​ព័ត៌​មាន​ កូន​ក្តី​របស់​លោក​ទាំង​ពីរ​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ណា​មួយដែល​នាំ​ឲ្យ​រង​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោកអះអាង​ថា​ការ​ឈ្នះ​ក្តី​នេះ​ គឺ​បាន​មក​ពី​ការ​តតាំង​តាម​ផ្លូវ​ច្បាប់​សុទ្ធសាធ ដោយ​មិន​បាន​គិត​ដល់​ទាល់​តែ​សោះ​រាល់​សម្ពាធ​ពី​ខាងក្រៅ។

«ខ្ញុំ​អត់​ដឹង​ទេ ខ្ញុំ​អត់​ដឹង​មែន​ ព្រោះ​ខ្ញុំ​ធ្វើ​តែ​កិច្ច​ការ​ខ្ញុំ​ជា​មេធាវី​ការពារ​សិទ្ធិ។ ខ្ញុំ​អត់​ដែល​យក​រឿង​ទាំង​អស់​ហ្នឹង​មក​ដាក់​នៅ​ក្នុង​អារម្មណ៍​ខ្ញុំ​ទេ​ គឺ​ដោយ​សារ​ខ្ញុំ​ជា​អ្នក​វិជ្ជាជីវៈ។ អ៊ីចឹង​ខ្ញុំ​ ខ្ញុំ​ធ្វើ​អី​ ដើម្បី​ការ​ពារ​សិទ្ធិ​ និង​ផល​ប្រយោជន៍​កូន​ក្តី​ខ្ញុំ​ទៅ​តាម​បច្ចេកទេស​សុទ្ធ​ហ្មង»។

លោក កែវ ពិសុទ្ធ​ អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្ត​រតនគិរី​ មាន​ប្រសាសន៍​ថា​តុលាការ​ខេត្ត​បាន​សម្រេច​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ ដោយ​សារ​ដើម​បណ្តឹង​បាន​ដក​ពាក្យ​ប្តឹង​ ហើយ​ថា​ការ​សម្រេច​នេះ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើដំណើរ​ការ​ស៊ើប​អង្កេត ពោល​គឺ​មិន​បាន​យោង​តាម​មតិ​រិះគន់​នានា​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «នេះទាក់​ទង​នឹង​ការ​ស៊ើប​អង្កេត​ ការ​ពន្លឿន​នីតិវិធី​របស់​គាត់​[សំណុំ]​រឿង​កក​ស្ទះ ក៏​ដាក់​កម្ម​វិធី​ជម្រះ... ​រឿង​ហ្នឹង។ មិន​មែន​ទាក់​ទង​នឹង​ការ...​មាន​ការ​បក​ស្រាយ​ ឬ​មួយ​ក៏​ការ​រិះគន់​អី​ទេ»។ ​

លោក ​អូន ភាព ក្នុង​វ័យ​៥៧ឆ្នាំ​ ប្រាប់​VOA ពី​សហរដ្ឋ​អាមេរិក កន្លែង​ដែល​លោក​កំពុង​គេច​ខ្លួន​ពី​ពាក្យ​បណ្តឹង​របស់​តុលាការ​ថា​នេះ​គ្រាន់​តែ​ជា«ល្បិច​»របស់​តុលាការ នៅ​ពេល​រង​សម្ពាធ​ប៉ុណ្ណោះ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គិត​ថា​ អា​នេះ​ គ្រាន់​តែ​ជា​ល្បិច​ ជា​ល្បិច​របស់​តុលាការ​រដ្ឋាភិបាល​ខ្មែរ​យើង​ហ្នឹង​ ដោយ​សារ​តែ​ឥឡូវ​យើង​មើល​ឃើញ​ថា​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​គេ​បោះ​ឆ្នោត​ហើយ​ ហើយ​មាន​ការ​ផ្លាស់​ប្តូរ​ប្រធានាធិបតី​ថ្មី​ ហើយ​ប្រធានាធិបតី​ថ្មី​នេះ​ គឺ​ខាង​Democrat [ប្រជាធិបតេយ្យ​]ទៀត។ អ៊ីចឹង​ខាង​ប្រជាធិបតេយ្យ​គេ​ អត់​ដូច​ខាង​ Republican [សាធារណរដ្ឋ]ទេ​ គេ​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​ខ្មែរ​យើង​ហ្នឹង​ ដើម្បី​ឲ្យ​វិល​ត្រឡប់​ទៅ​រក​ប្រជាធិបតេយ្យ​វិញ​ ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​អ៊ីចឹង​ជាដើម»។

រូបឯកសារ៖ លោក Zsombor Peter (ឆ្វេង) និងលោក អូន ភាព គឺជាអតីតអ្នកយកព័ត៌មានឲ្យកាសែត the Cambodia Daily ដែលត្រូវបាន​តុលាការខេត្តរតនគីរី​ទម្លាក់​ចោលការចោទប្រកាន់ពីបទញុះញង់។ (រូបថតដោយ៖ Ben Woods)
រូបឯកសារ៖ លោក Zsombor Peter (ឆ្វេង) និងលោក អូន ភាព គឺជាអតីតអ្នកយកព័ត៌មានឲ្យកាសែត the Cambodia Daily ដែលត្រូវបាន​តុលាការខេត្តរតនគីរី​ទម្លាក់​ចោលការចោទប្រកាន់ពីបទញុះញង់។ (រូបថតដោយ៖ Ben Woods)

អស់​រយៈ​ពេល​ជាង​៣​ឆ្នាំ​មក​ហើយ ដែល​លោក​ អូន ភាព​ និង​ដៃ​គូ​យក​ព័ត៌មាន​របស់​លោក​គឺ​លោក​ Zsombor Peter ជា​ជន​ជាតិ​កាណាដា ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» ក្រោយ​ពី​អ្នក​កាសែត​ទាំង​ពីរ​បាន​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ក្នុង​ឃុំ​ប៉ាតេ​ក្នុង​ខេត្ត​រតនគីរី កាល​ពី​ខែ​ឧសភា ​ឆ្នាំ​២០១៧ ដើម្បី​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន​អំពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ក្នុង​ខែ​មិថុនា ​ឆ្នាំ​ដដែល។ លោក​ អូន ភាព​ ដែល​មាន​កូន​បួន​នាក់​ក្នុង​បន្ទុក​ និង​ដែល​បាន​ចាកចេញ​ទៅ​រស់នៅ​ឯ​សហរដ្ឋ​អាមេរិក មាន​ប្រសាសន៍​ថាវិធានការ​តុលាការ​មក​លើ​លោក​ បាន​បំផ្លាញ​សុភមង្គល​គ្រួសារ​របស់​លោក។

លោក​មាន​ប្រសាសន៍​ថា៖ «បាទ​ ការណ៍​ដែល​ធ្វើ​ការ​ចោទប្រកាន់​យើង​ហ្នឹង វា​ធ្វើ​ឲ្យ​យើង​trouble​[មាន​បញ្ហា​] ខ្លាំង។ យើង​ព្រាត់ប្រាស​ប្រពន្ធ​កូន​ យើង​រត់​ចោល​ស្រុក​ ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន។ យើង​បាត់​បង់​ការងារ​ បាត់​បង់​ពេល​វេលា​ធ្វើ​ការ​រក​លុយ​ រក​កាក់​ ដោយ​សារ​វ័យ​យើង​ក៏​វា​ចាស់​ដែរ​ហើយ»។

លោកZsombor ដែល​កំពុង​បំពេញ​វិជ្ជាជីវៈ​ជា​អ្នក​សារព័ត៌មាន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​បាន​បញ្ជាក់​ថា​ ​វា​ជា​រឿង​ដែល​គ្មាន​ន័យ​ទាល់​តែ​សោះ​ ដែល​តុលាការ​សម្រេច​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​មក​លើ​រូប​លោក​ និង​លោក ​អូន ភាព​ ក្រោម​ហេតុផល​ដែល​ថា​ អ្នក​ប្តឹង​បាន​ដក​ពាក្យ​បណ្តឹង​នោះ។ លោក​លើក​ឡើង​បន្ថែម​ថា​ វា​គ្មាន​យុត្តិធម៌​ទេ ដែល​ត្រូវ​ឲ្យ​លោក​មក​រង​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​អ្វី​បន្តិច​នោះ។

លោក​បាន​អធិប្បាយ​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ធូរ​ស្រាល​ដែល​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ប្រឆាំង​ខ្ញុំ​ និង​លោក​ អូន​ ​ភាព។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ មិន​ត្រឹមត្រូវ​ទេ។ យើង​មិនគួរ​ចាំបាច់​ប្រឈម​នឹង​បទ​ចោទ​ញុះញង់​ក្លែង​ក្លាយ​នេះ​អស់​រយៈពេល​បី​ឆ្នាំ​មក​នេះ ហើយ​តុលាការ​គួរតែទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នេះតាំង​ពី​ដើម​ទី​មក ដោយ​សារ​វា​គ្មាន​មូល​ដ្ឋាន​អី​ច្បាស់​លាស់​ទេ ពោល គឺ​មិនមែន​ទម្លាក់​ចោល​ក្រោយ​ពេល​បី​ឆ្នាំ​ដែល​ដើម​បណ្តឹង​បាន​ដក​ពាក្យ​ប្តឹង​ដែល​គ្មាន​បាន​ការ​នោះ។ ហើយ​ខ្ញុំគិត​ថា​ វា​ក៏​គ្មាន​អត្ថន័យ​អ្វី​ជា​ដុំកំភួន​ដែរ​ សម្រាប់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។ តុលាការ​កំពុង​យាយី​អ្នក​កាសែត​ដែល​មាន​ចិត្ត​ស្មោះត្រង់​ ក្នុង​ការ​បំពេញ​ការងារ​របស់​ពួកគេ»។

លោក​ អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ ស្វាគមន៍​ការ​កាត់​សេចក្តី​របស់​តុលាការ​ខេត្ត​រតនគិរី​ ទៅ​លើ​អតីត​អ្នក​យកព័ត៌មាន​របស់​ឌឹខេម​បូឌា ដេលី​ ដែល​លោក​យល់​ថា​ គ្រាន់​តែ​បាន​បំពេញ​វិជ្ជាជីវៈ​សារព័ត៌មាន។

«វា​មិន​គួរ​មាន​បទ​ចោទ​ប្រកាន់​លើ​អ្នក​ទាំង​ពីរ​តាំង​ពី​ដើម​មក​ម៉្លេះ។ ប៉ុន្តែ​ទោះ​បី​ជា​ឥឡូវ​នេះ​ មាន​ទម្លាក់ តុលាការ​សម្រេច​ទម្លាក់​បទ​ចោទ​ប្រកាន់​ក៏ដោយ​ ក៏​យើង​នៅ​តែ​មាន​ការ​សោក​ស្តាយ​ ពីព្រោះ​អ្នក​ទាំង​ពីរ​នេះ​ ត្រូវ​បាន​ជាប់​បណ្តឹង​ហ្នឹង​ជាច្រើន​ឆ្នាំ​មក​ហើយ»។

លោក ណុប វី​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌​មាន​កម្ពុជា​ ហៅកាត់​ថា​(ខេមបូចា)​ មាន​ប្រសាសន៍ថា​ សេចក្តី​សម្រេច​របស់​តុលាការ​ខេត្ត​រតនគិរី​ អាច​ជា​គំរូ​សម្រាប់​តុលាការ​រាជ​ធានី និង​បណ្តា​ខេត្ត​ផ្សេង​ទៀតពិចារណា​លើ​ក្តី​ក្តាំ​របស់​អ្នកកាសែត​ឯទៀត​ថា​តើ​បទ​ល្មើស​របស់​ពួកគេ​ជា​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​មែន ឬ​គ្រាន់​តែ​ជា​ការ​បំពេញ​វិជ្ជាជីវៈ​ជា​អ្នក​សារព័ត៌មាន​នោះ។

«ខ្ញុំ​យល់​ឃើញ​ថា​ តុលាការ​នៅ​តាម​រាជធានី​ខេត្ត​ក្រុង​ផ្សេង​ទៀត​ គួរ​តែ​ពិនិត្យ​អំពី​គំរូ​មួយ​នៃ​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​នេះ​ ហើយ​ពិនិត្យ​នៅ​ក្នុង​ការ​ទម្លាក់​ចោល​គ្រប់​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​ប្រឆាំង​អ្នកសារព័ត៌មាន»។

បើ​តាម​ការ​ឃ្លំាមើល​របស់​អ្នក​ការពារ​សិទ្ធិ​អ្នក​កាសែត​នៅ​កម្ពុជា​ និង​ក្រុម​អ្នកការពារ​សិទ្ធិ​មនុស្ស​ ក្នុង​នោះ​មាន​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) មាន​អ្នកកាសែតយ៉ាង​ហោច​ណាស់​១៣​នាក់​ បាន​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ផ្លូវ​ច្បាប់​ ក្នុង​នោះ​ មាន​មួយ​ចំនួន​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​ឲ្យ​ប្រ​ព្រឹត្ត​បទ​ឧក្រិដ្ឋ និង​អំពើ​ចារកម្ម​ចំពោះ​សកម្មភាព​របស់​ពួក​គេ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ដែល​មាន​លក្ខណៈ​រិះគន់​តាម​បណ្តាញ​អ៊ិនធឺណិត កាសែត​ ​និង​ការ​បញ្ចេញ​មតិ​លើ​បណ្តាញ​សង្គម។

លោក​ អូន ភាព​ មាន​ប្រសាសន៍​ថា​ លោក​មិន​អាច​វិល​មក​ប្រទេស​កម្ពុជា​ភ្លាមៗ​ទេ​ ដោយ​សារ​តែ​លោកនៅ​តែ​យល់​ថា​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​នឹង​លោក​ គ្រាន់​តែ​ជា​ល្បិច ហើយ​ថា​លោក​នឹង​រង​ការ​ចាប់​ចង​ បើ​សិន​លោក​ប្រឡូក​ក្នុង​អាជីព​សារព័ត៌មាន​ម្តង​ទៀត​នោះ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG