ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខេត្ត​កំពង់​ឆ្នាំង ​​លើក​ពេល​ប្រកាស​សាលក្រម​ប្រឆាំង​អ្នកកាសែត​​ជាប់​ចោទ​ពី​បទ​​«ញុះញង់»


លោក សុខ ឧត្តម អ្នក​សារព័ត៌មានដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​​បទ​ញុះញង់​ ក្នុង​សំណុំ​រឿង​ជម្លោះ​ដី​ធ្លី ដែល​ប្តឹង​ដោយ​មន្រ្តី​យោធា​ជាន់​ខ្ពស់​ម្នាក់។ (រូបថតពីហ្វេសប៊ុក សុខ ឧត្តម)

តុលាការ​ខេត្ត​កំពង់​ឆ្នាំង នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ប្រឆាំង​អ្នក​សារព័​ត៌មាន​ម្នាក់ ឈ្មោះ សុខ ឧត្តម ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ញុះញង់​ ក្នុង​សំណុំ​រឿង​ជម្លោះ​ដី​ធ្លី ដែល​ប្តឹង​ដោយ​មន្រ្តី​យោធា​ជាន់​ខ្ពស់​ម្នាក់។

លោក សុខ ឧត្តម ដែល​ជា​អតីត​ម្ចាស់​ស្ថានីយ​វិទ្យុ​រិទ្ធិ​សែន ជា​អ្នក​សារព័ត៌មានទី​៣ហើយ ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។ ប្រសិន​បើ​រក​ឃើញ​កំហុស លោក​អាច​ត្រូវ​ផ្តន្ទា​ទោស​ជាប់​ពន្ធនាគារ​ រហូត​ដល់​២​ឆ្នាំ តាម​មាត្រា​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ។

មេធាវីការ​ពារ​ឲ្យ​លោក សុខ ឧត្តម គឺ​លោក អ៊ុន ច័ន្ទ​ថុល ប្រាប់​VOAនៅ​ថ្ងៃ​អង្គារ​នេះ​ថា​តុលាការ​បាន​លើក​ពេល​ប្រកាស​សាលក្រម​នេះ ដោយ​មិន​កំណត់​ថ្ងៃ ហើយ​លោក​ក៏​មិន​ដឹង​អំពី​មូលហេតុនៃ​ការ​លើក​ពេល​នេះ​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «តុលាការ​លើក​ពេល​ដោយ​សារ​តែ​តុលាការ​ជាប់​រវល់​អី​អញ្ចឹង(ទេ​ដឹង​)។ បង​អត់​ដឹង។ ការ​លើក​ពេល​ហ្នឹង នឹង​ប្រកាស​នៅ​ពេល​ក្រោយ គេ​មិន​ដែល​កាត់​(ទោស)​ហើយ​ អត់​ប្រកាស​ទេ»។

លោក​មេធាវី​នៅតែ​ស្នើឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​កូនក្តី​របស់​លោក។

កាល​ពី​សប្តាហ៍​មុន តុលាការ​បានបើក​សវនាការ​ជំនុំ​ជម្រះ​លើ​អ្នក​សារព័ត៌មាន​ លោក សុខ ឧត្តម ហើយ​លោក ឧត្តម បាន​លើក​ឡើង​ថា​លោក​មិន​បាន​ញុះ​ញង់​អ្វី​នោះ​ទេ ដោយ​គ្រាន់​តែ​រាយការណ៍​ព័ត៌មាន​ប៉ុណ្ណោះ។

លោក សុខ ឧត្តម អាយុ​៣១​ឆ្នាំ ដែល​បាន​ធ្វើ​ការ​ជា​អ្នក​សារព័ត៌មាន​ក្នុង​ខេត្ត​កំពង់​ឆ្នាំង តាំងពី​ឆ្នាំ​២០១៤ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២០ មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​បាន​ផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​ទំនាស់​ដីធ្លី​ក្នុង​ខេត្ត​កំពង់​ឆ្នាំង។ លោក សុខ ឧត្តម ដែល​មាន​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ«ស្ថានីយ​ព័ត៌មាន​វិទ្យុ​រិទ្ធិសែន» ត្រូវ​បាន​ចោទ​ប្រកាន់​ថា​រាយការណ៍​បែប​ញុះ​ញង់»ឲ្យ​ប្រជាពលរដ្ឋ​កាន់​កាប់​ដី​រដ្ឋ​ក្នុង​ឃុំ​ជៀប ស្រុក​ទឹក​ផុស ខេត្ត​កំពង់​ឆ្នាំង។

កាល​ពី​សប្តាហ៍​មុន មេធាវី​របស់​លោក សុខ ឧត្តម បាន​ការពារ​ថា​តុលាការ​មិន​គួរ​ប្រើ​ក្រម​ព្រហ្មទណ្ឌ​ចោទ​ប្រកាន់​កូន​ក្តី​របស់​លោក​ទេ។ លោក​ពន្យល់​ថា​បើ​សិន​ជា​អ្នក​សារព័ត៌មាន​រាយ​ការណ៍​ខុស គួរ​តែ​មាន​ការ​ប្រើ​ប្រាស់​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ដែល​ក្នុង​នោះ​មាន​ការ​កែ​តម្រូវ​ព័ត៌មាន។

មាត្រា​១០​នៃ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ ចែង​ថា​បើ​តុលាការ​រក​ឃើញ​ថា​ការ​ផ្សាយ​ណា​មាន​លក្ខណៈ​ខុស​ពី​ការ​ពិត​តាម​បណ្តឹង​របស់​ដើម​បណ្តឹង​រដ្ឋប្បវេណី តុលាការ​អាច​បង្គាប់​ឲ្យ​សារព័ត៌មាន​នោះ​ចុះ​ផ្សាយ​នូវ​ការ​កែ​តម្រូវ​ ឬ​សង​ជំងឺ​ចិត្ត ឬ​ចុះ​ផ្សាយ​នូវ​ការ​កែ​តម្រូវ​ផង និង​បង់​ប្រាក់​សង​ជំងឺ​ចិត្ត​ផង។

បើ​តាម​មេធាវី កូនក្តី​របស់​លោក គឺ​លោក សុខ ឧត្តម ត្រូវ​បាន​ប្តឹង​ដោយ​ឈ្មោះ នូ សំរិទ្ធិ ដែល​គេ​ស្គាល់​ថា​ជា​មន្រ្តី​យោធា​ជាន់​ខ្ពស់​ម្នាក់​ក្នុង​ខេត្ត​កំពង់​ឆ្នាំង។ លោក​មេធាវី​មាន​ប្រសាសន៍​ថា​លោក នូ សំរិទ្ធ បាន​ចោទ​កូនក្តី​របស់​លោក​ថាបាន​ធ្វើសកម្មភាព​ញុះ​ញង់ បំផុសបំផុល​ឲ្យ​ប្រជាពលរដ្ឋតវ៉ា​យក​ដី ​ដែល​ជា​កន្លែង​បាញ់​គ្រាប់​ពិត​របស់​រដ្ឋ។

​VOA​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក នូ សំរិទ្ធិ ដែល​ជា​មេ​បញ្ជាការ​រង​នៃ​បញ្ជាការ​ដ្ឋាន​សឹក​រង​ខេត្ត​កំពង់​ឆ្នាំង​ទេ។ VOA​ក៏​មិនទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ឡុង ស៊ីថា អ្នក​នាំពាក្យ​របស់​តុលាការ​ខេត្ត​កំពង់​ឆ្នាំង​បាន​ដែរ​នៅ​ថ្ងៃ​អង្គារ​នេះ។

ភរិយា​របស់​លោក សុខ ឧត្តម អ្នកស្រី នុត សុវន្ធូរ អាយុ​៣៦​ឆ្នាំ ដែល​មាន​កូន​តូច​៣​នាក់ មាន​ប្រសា​សន៍​ថាអ្នកស្រី​មិន​សូវ​យល់​អំពី​នីតិវិធី​របស់​តុលា​ការ​នោះ​ទេ ប៉ុន្តែ​អ្នកស្រី​ចង់​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ ​និង​ដោះ​លែង​ស្វាមី​របស់​អ្នក​ស្រី​ឲ្យ​បាន​ឆាប់ ដោយ​សារ​អ្នកស្រី​យល់​ថា​ការ​ការ​ចោទ​ប្រកាន់ស្វាមី​របស់​អ្នក​ស្រី​ជា​រឿង​អយុត្តិធម៌ ព្រោះប្រជាពលរដ្ឋ​បាន​ហៅ​ស្វាមី​ឲ្យ​ទៅ​ជួយ​ផ្សព្វផ្សាយ​ជម្លោះ​ដី​ធ្លី​តែ​ប៉ុណ្ណោះ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ចង់​សំណូម​ពរ​ឲ្យ​គេ​ដោះ​លែង​គាត់​ ឲ្យមាន​សេរីភាព​វិញ​ជុំ​គ្រួសារ​ផង។ ចង់​អនុវត្ត​(ទោស)​ជាមួយគាត់ គួរ​ណាស់​តែ​យក​ច្បាប់​ស្តីពី​របប​សារព័ត៌មាន មក​អនុវត្ត​ជាមួយ​គាត់​ទៅ។ វា​គ្រប់​គ្រាន់​ហើយ​រយៈ​ពេល​៦​ខែ​ហើយ ដែល​គេ​ឃុំ​ខ្លួន​គាត់​នោះ»។

លោក ចាប សុខន ជា​ប្រជាពលរដ្ឋម្នាក់រស់នៅ​ក្នុង​ភូមិ​កោះ​ខ្ទុម្ព ឃុំ​ជៀប ស្រុក​ទឹក​ផុស ដែល​មាន​ដី​ប្រមាណ​៦​ហិកតា​នៅទី​នោះ​ ប៉ុន្តែ​មិន​មាន​ឯកសារ​ផ្លូវ​ច្បាប់។ លោក​មាន​ប្រសាសន៍​ថា​កាល​នោះ លោក សុខ ឧត្តម និង​អ្នក​សារព័ត៌មាន​ផ្សេង​ទៀត​បាន​ទៅ​ផ្សាយ​រឿង​ដី​ធ្លី​នៅ​ទី​នោះ ខណៈ​ប្រជា​ពល​រដ្ឋ​ប្រមូល​ផ្តុំ​គ្នា​នៅ​សាលា​ឃុំ​ជៀប។ លោក​បន្ត​ថា​លោក​ សុខ ឧត្តម មិន​បាន​ញុះញង់​ប្រជាពលរដ្ឋ​នោះ​ទេ។

លោក​ថ្លែង​ប្រាប់​VOA​ថា៖ «តាម​យោបល់​របស់​ខ្ញុំ មិន​គួរ​ណា​ចាប់​គាត់​ទេ។ គាត់​អ្នក​ផ្សព្វផ្សាយ​ឲ្យ​ប្រជា​ពលរដ្ឋ​ដឹង ឲ្យ​ដឹង​ខ្លួន។ ប្រជាពលរដ្ឋ​ណា​ដែល​រុក​រាន​ដី​ថ្មី ដី​ព្រៃ​អី​អញ្ចឹង​ទៅ យើង​មិន​បាច់រុក​រាន​អី​អញ្ចឹង​ទៅ។ ហើយ​ដី​អាស្រ័យ​ផល យើង​ចេះ​តែ​នៅ​អាស្រ័យ​ផល​អញ្ចឹង​ទៅ។ ប៉ុន្តែ​មិន​គួរ​ណា​ទៅ​ចាប់​គាត់ ហើយមិន​គួរ​ណា​ទៅ​វាយ​ផ្ទះ​សម្តែង​ប្រជា​ពលរដ្ឋ​ដែល​សាង​សង់​ចាក់​គ្រឹះ​ថ្ម ខ្ទម»។

លោក​បន្ថែម​ថា​ពេល​នោះ លោក សុខ ឧត្តម បាន​រិះគន់​ខ្លាំងៗអភិបាល​ខេត្ត​កំពង់​ឆ្នាំង អំពី​បញ្ហា​ដី​ធ្លី​នេះ។

លោក​មាន​ប្រសាសន៍​ថា៖«និយាយ​ច្រើន ប៉ះពាល់​ទៅ​លើ​ចៅហ្វាយ​ខេត្ត​ហ្នឹង ថា​ដី​ធ្លី​នៅ​ទី​នោះ លក់ទៅ​ណា​(លក់​ឲ្យ​គេ)។ បែប​ប៉ះពាល់​ត្រង់​ហ្នឹង​ហើយ បាន​ចៅ​ហ្វាយ​ខេត្ត គាត់​ខឹង​គាត់ គាត់​ចាប់​គាត់​ហ្នឹង​នុះ»។

VOA​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ឈួរ ច័ន្ទ​ឌឿន អភិបាល​ខេត្ត​កំពង់​ឆ្នាំង​បាន​ទេ។

មន្រ្តី​សម្រប​សម្រួល​របស់​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កំពង់​ឆ្នាំង លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា​កន្លង​ទៅ លោក សុខ ឧត្តម តែងតែ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​ជម្លោះ​ដីធ្លី ដែល​លោក​ថា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច ទើប​មាន​ការ​បង្រ្កាប​លើ​អ្នក​សារព័ត៌មាន​រូប​នោះ។

លោក​បញ្ជាក់​ថា៖ «យើង​មាន​មន្ទិល​សង្ស័យថា​ការ​ដែល​ចាប់​ខ្លួន​ សុខ ឧត្តម ​នេះ គឺ​មាន​ពាក់ព័ន្ធនឹង​ការ​ផ្សាយ​របស់​លោក​ជុំវិញរឿង​ដែល​អ្នក​មាន​អំណាច​ មាន​អី​ដែល​យកទ្រព្យ​រដ្ឋ យក​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ។ នេះ​ហើយ​ដែល​ជា​រឿង​ដែល​យើង​មាន​មន្ទិល»។

ភរិយា​របស់​លោក សុខ ឧត្តម មាន​ប្រសាសន៍​ថា​ការ​បិទ​ស្ថានីយ​វិទ្យុរបស់​ស្វាមី​របស់​អ្នកស្រី ដោយ​ក្រសួង​ព័ត៌មាន ក្រោយ​មាន​ការ​ចាប់​ខ្លួន​លោក សុខ ឧត្តម ធ្វើ​ឲ្យ​ជីវភាព​របស់​គ្រួសារអ្នកស្រី ​ជួប​ការ​លំបាក ដោយ​សារ​ស្ថានីយ​វិទ្យុ​លែង​បាន​ជួល​ម៉ោង​ផ្សាយ ដែល​អ្នក​ស្រី​ថា​ក្នុង​មួយ​ថ្ងៃ កម្មវិធី​វិទ្យុដំណើរការផ្សាយ​ចាប់​ពី​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​១១​យប់៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG