ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​បន្ត​រឹតត្បិត​សារព័ត៌មាន​បន្ថែម​ទៀត


រូបឯកសារ៖ ស្ត្រី​ម្នាក់​កណ្ដៀត​ចង្អេរ​មួយ​ដើរ​ជិត​បុរស​ម្នាក់​ ដែល​កំពុង​អង្គុយ​អាន​កាសែត​ ថ្ងៃ​ទី១៣ ខែកញ្ញា ឆ្នាំ២០១៣។

អ្នក​សារព័ត៌មាន​វៀតណាម​និង​អ្នកប្រើប្រាស់​ប្រព័ន្ធផ្សព្វផ្សាយសង្គម​ប្រឈម​នឹង​ឧបសគ្គ​ថ្មី​មួយ​ក្នុង​ការ​រាយការណ៍​ដោយ​ឯករាជ្យ​ដោយសារ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​មួយ​ដែល​នឹង​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ដល់​អ្នក​ចែកចាយ​ព័ត៌មាន​ដែល​រដ្ឋាភិបាល​ចាត់ទុក​ថា បង្ក​គ្រោះថ្នាក់ដល់​ប្រទេស។​

អ្នក​អង្កេត​ការ​និង​សកម្មជន​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា​អនុក្រឹត្យ​ដែល​នឹងចូល​ជា​ធរមាន​នៅ​ថ្ងៃទី ០១ ខែធ្នូ នោះ​ ជាផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ​ក្នុង​ការ​ពង្រឹង​ការ​គ្រប់គ្រង​លើ​បណ្តាញ​សារព័ត៌មាន។

ចាប់តាំង​ពី​ខែ​មករា ប្រទេស​វៀតណាម​បាន​ចាប់ខ្លួន​អ្នក​សារព័ត៌មាន អ្នក​បោះពុម្ភ​ផ្សាយ និង​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយសង្គម​ ២០ នាក់​ដោយសារ​តែ​អត្ថបទ​លក្ខណៈ​រិះគន់​នានា ដែល​ទាមទារ​ឲ្យ​ក្រុម​ហ៊ុន​ហ្វេសប៊ុក​យល់ព្រម​ត្រួតពិនិត្យ​សារ«ប្រឆាំង​នឹង​រដ្ឋាភិបាល» និង​ហាមឃាត់​គេហទំព័រ Phu Nu Online មិន​ឲ្យ​ចេញផ្សាយ​មួយខែ​ដោយសារ​ព័ត៌មាន​ស៊ើបអង្កេត​លើ​ការ​បំផ្លិចបំផ្លាញបរិស្ថាន ហើយ​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ចាប់ខ្លួន​អ្នក​ស្រី​ Pham Doan Trang ​សរសេរ​ប្លុក​លេច​ធ្លោ​មួយ​រូប​ និង​ជា​សកម្មជន​ប្រជាធិបតេយ្យ។​

អនុក្រឹត្យថ្មី​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃទី​០៧ ខែតុលា ដោយ​លោក នាយករដ្ឋមន្ត្រី​ Nguyen Xuan Phuc ចែង​ថា ​អ្នក​ណា​ក៏​ដោយ​ដែល​បាន​ចែករំលែក​ព័ត៌មាន​ដែលអាជ្ញាធរ​យល់​ថា​គ្រោះថ្នាក់​ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ខ្លាំង​ដល់​ត្រូវ​ទទួល​ទោស​ព្រហ្មទណ្ឌ អាច​ប្រឈម​នឹង​ការ​ផាកពិន័យ​ច្រើន ​និង​ការ​ព្យួរ​ទោស​រយៈពេល​១២​ខែ។​

ឧទាហរណ៍​ ទោស​សម្រាប់​ការ​« បង្ហោះ​សារ​ឬ​ចែកចាយ​ព័ត៌មាន​ដែល​មិន​បម្រើ​ផលប្រយោជន៍​ប្រទេស​ជាតិ​និង​ប្រជាជន» គឺ​ត្រូវ​បង់​ប្រាក់ផាកពិន័យ​រដ្ឋបាល​រហូត​ដល់​២០០​លានដុង ឬ​ស្មើ​នឹង​៨.៦០០ដុល្លារ​សហរដ្ឋ​អាមេរិក​។ បទល្មើស​ក្នុង​ការ«ផ្តល់​ព័ត៌មាន​មិនពិត​ទៅ​សាធារណៈជន​បែប​បង្ខូច​និង​បរិហារកេរ្តិ៍​បុគ្គល​ឬ​អង្គការ​ណាមួយ» ​ត្រូវ​ពិន័យ​ជា​ទឹកប្រាក់​រហូត​ដល់​៤០លានដុង ​ឬ​១.៧២៣​ដុល្លារ​សហរដ្ឋ​អាមេរិក។

ច្បាប់​នោះ​ពី​មុន​អនុញ្ញាត​ឲ្យ​ពិន័យ​រហូត​ដល់​១០០លានដុង ​ឬ​៤.៣០០​ដុល្លារ​សហរដ្ឋ​អាមេរិក​និង​ព្យួរទោស​រហូត​ដល់​៦ខែ។ ទោស​ធ្ងន់​បំផុត​គឺ​ការ​ហាមឃាត់​ចេញផ្សាយ៣​ខែ​ដែល​អនុម័ត​ដោយ​ក្រសួង​ព័ត៌មាន​និង​ទំនាក់ទំនង លើ​បណ្តាញ​សារព័ត៌មាន Tuoi Tre Online កាលពី​ខែ​កក្កដា ឆ្នាំ២០១៨។ ក្រសួង​បាន​ចោទ​ប្រកាន់​បណ្តាញ​សារព័ត៌មាន​នោះ​ពី​ការ​រាយការណ៍​ព័ត៌មាន​មិន​ពិត​អំពីមតិ​របស់​ប្រធានាធិបតី​លើ​ច្បាប់​ស្ដី​ពី​បាតុកម្ម។

គណៈកម្មាធិការ​ប្រជាជន​ខេត្ត​ អាជ្ញាធរ​ក្នុង​ស្រុក​ ក្រសួង​ព័ត៌មាន​និង​ទំនាក់ទំនង​ និង​អាជ្ញាធរសារព័ត៌មាន​នឹង​មាន​សិទ្ធិ​អំណាចក្នុង​ការ​ដាក់​ទោស។ ការប្តឹងឧទ្ធរណ៍​ត្រូវ​បាន​អនុញ្ញាត ប៉ុន្តែ​ការ​ផាកពិន័យ​រដ្ឋបាល​ក្នុង​ប្រទេស​វៀតណាម​ត្រូវ​តែ​បង់​ក្នុង​រយៈពេល​១០ថ្ងៃ។

អ្នក​សារព័ត៌មាន​ឯករាជ្យ​លោក Vo Van Tao មកពី​ខេត្តKhanh Hoa ​ដែល​ធ្លាប់​បម្រើការ​នៅ​ភ្នាក់ងារ​កាសែត​គ្រប់​គ្រង​ដោយ​រដ្ឋ​មួយ​បាន​ប្រាប់ VOA​ នៅ​ប្រទេស​វៀតណាម​ថា​ ការ​តម្លើង​ថ្លៃ​ផាក​ពិន័យ​គឺ​ធ្ងន់ធ្ងរ​ណាស់។

លោក Vo បាន​និយាយ​ថា៖ «​បើ​គិត​ពី​ហិរញ្ញវត្ថុ សម្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​តូចៗ ការ​ផាកពិន័យ​ដែល​មាន​ទឹក​ប្រាក់​២០០​លាន​ដុង​គឺ​ត្រូវបាន​ចាត់ទុក​ថា​ដូចជា​ការ​ក្ស័យធន​អីចឹង។ ការ​ព្យួរ​អាជ្ញាប័ណ្ណ​រហូត​ដល់​១២​ខែ​គឺធ្ងន់ធ្ងរ​ខ្លាំង។ ខ្ញុំ​យល់​ថា​ការ​ព្យួរទោស​តែ​បីខែ​គឺ​ធ្ងន់ធ្ងរ​រួច​ទៅហើយ។»

លោកVo ​បាន​និយាយ​ថា​អនុក្រឹត្យនេះ​បង្ហាញ​ពីគោល​នយោបាយ​ជាក់លាក់​មួយ​របស់​រដ្ឋាភិបាល​ដែល​«តែងតែ​រារាំង​សិទ្ធិសេរីភាព​សារព័ត៌មាន»។

«សារព័ត៌​មាន​វៀតណាមមិន​ដូច​នៅ​បរទេស​ទេ។ ប្រទេស​នេះកាន់​កាប់​ដោយ​ឯកបក្ស។ វៀតណាម​មិន​ទទួល​យក​ពហុនិយម ​ឬ​ពហុបក្ស​ទេ។ វៀតណាម​មិន​ទទួល​យក​ការ​រិះគន់​ទេ។ ពួកគេ​បានប្រកាស​យ៉ាង​ជាក់លាក់​និង​ច្បាស់​លាស់​ថា​សារព័ត៌មាន​គឺ​ជា​ឧបករណ៍​ឃោសនា​របស់​បក្ស​និង​រដ្ឋ។»

វៀតណាម​មាន​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​ទាប គឺ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​១៧៥​ក្នុង​ចំណោម​១៨០ប្រទេស​ ​ដែល​ចំណាត់​ថ្នាក់ទី១​គឺ​មាន​សេរីភាព​ខ្លាំង​បំផុត លើ​សន្ទស្សន៍​ប្រចាំឆ្នាំ​ដែល​រៀប​ចំ​ដោយ​អង្គការ​ឃ្លាំ​មើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន(RSF)។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​បាន​ឲ្យ​ដឹង​ថា៖ ​«កម្រិត​ភ័យខ្លាច​បាន​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល​ពីរឆ្នាំ​ចុងក្រោយ​នេះ ដោយ​មាន​អ្នក​សារព័ត៌មាន​ប្រជាជន​ជាច្រើន​ត្រូវបាន​ឃុំ​ខ្លួន ​ឬ​បណ្តេញ​ចេញ​ដោយ​សារ​ការ​បង្ហោះ​សារ​របស់​ពួកគេ។»​

អ្នក​សារព័ត៌មាន​នៅ​តាម​បណ្តាញព័ត៌មាន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល ឬ​ដែលអនុញ្ញាត​ដោយ​រដ្ឋ ​ត្រូវ​តែ​ចុះ​បញ្ជី​ ហើយ​បំពេញ​តាម​តម្រូវការ​ជាក់លាក់​ដូចជា​មាន​ប័ណ្ណ​សារព័ត៌មាន​មួយ និង​មាន​លិខិត​អនុញ្ញាត​ត្រឹមត្រូវ។​ ដូច្នេះ​ហើយ​ទើប​អ្នក​សរសេរ​ប្លុកនិង​អ្នក​សារព័ត៌មាន​ឯករាជ្យ​ដូច​ជា​លោក Vo ជារឿយៗ​ប្រើវេទិកា​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម ដើម្បី​ផ្សព្វផ្សាយ​សេចក្ដីរាយការណ៍​របស់​ខ្លួន។​

ប៉ុន្តែ​អ្នក​សារព័ត៌មាន​ឯករាជ្យ ដូចជា​អ្នក​ស្រី​ Pham Doan Trang ដែល​ត្រូវបាន​ឃុំខ្លួន​កាលពី​ខែ​មុន​នេះ​ប្រឈម​នឹងការ​ចាប់​ខ្លួន​ខ្លាំងជាង។

លោក Daniel Bastard នាយក​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​(RSF)​ ទទួល​បន្ទុក​តំបន់​អាស៊ីប៉ាស៊ីហ្វិក​បាន​ប្រាប់ VOA ភាសា​វៀតណាម​ថា​ ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃទី​០៦ តុលា «គឺជា​ការ​លោត​ផ្លោះ​ទៅកាន់​ការ​បង្រ្កាប​ទាំង​ស្រុង​ដោយ​គណៈបក្ស​កុម្មុយនីស្ត​វៀតណាម»។

លោក Bastard ​បាន​និយាយ​ថា៖ «​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​តក់ស្លុត​នឹង​ការ​ចាប់​ខ្លួន​អ្នក​ស្រី Pham Doan Trang ដែល​ទទួល​បាន​ពាន​រង្វាន់​សេរីភាព​សារព័ត៌មាន​សម្រាប់ស្នាដៃ​ការងារ​ដ៏​អស្ចារ្យ​មួយ​កាលពី​ឆ្នាំមុន។ ឧក្រិដ្ឋកម្ម​តែ​មួយ​គត់​របស់អ្នកស្រី​គឺ​ផ្តល់ព័ត៌មាន​គួរ​ឲ្យជឿ​ទុកចិត្ត​ទៅ​កាន់​ប្រជាជន​ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​អាច​អនុវត្ត​សិទ្ធិ​របស់​ពួកគេ​បាន​ពេញ​លេញ។»

អ្នក​ស្រី Pham គឺ​ជា​សកម្មជន​ប្រជាធិបតេយ្យក្លៀវក្លា​និង​ជា​អ្នក​និពន្ធ​មួយ​រូប ដែល​ ត្រូវបាន​ចាប់​ខ្លួន​ពី​បទឃោសនា​ប្រឆាំង​នឹង​រដ្ឋ​ យោងតាម​ប៉ូលិស​និង​ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ។

ក្រុម​សិទ្ធិ​មនុស្ស​បាន​ថ្កោល​ទោស​ការ​ចាប់​ខ្លួន​នោះ​ដែល​ធ្វើឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​កិច្ច​ពិភាក្សា​រវាង​វៀតណាម​និង​សហរដ្ឋ​អាមេរិក​ស្តីពី​សិទ្ធិ​មនុស្ស​ ហើយ​ពួកគេ​បាន​ព្រមាន​ថា ​អ្នក​សរសេរ​ប្លុក​អាច​នឹង​ត្រូវ​បាន​គេ​ធ្វើទារុណកម្ម​នៅក្នុង​មន្ទីរ​ឃុំឃាំង។

អ្នក​នាំពាក្យ ​ក្រសួង​សន្តិសុខ​សាធារណៈ​លោក To An Xo បាន​និយាយ​ថា​ អ្នក​ស្រី Pham ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​បន្ទប់អាផាត​មិន​មួយ​ក្នុង​ទីក្រុង​ហូជីមិញ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ«បង្កើត ផ្ទុក និង​ចែកចាយព័ត៌មាន ឯកសារ ​និង​វត្ថុ​ប្រឆាំង​នឹងសាធារណរដ្ឋ​សង្គម​និយម​វៀតណាម»។

អ្នក​សរសេរ​ប្លុក​ម្នាក់នោះ​សរសេរ​អំពី​បញ្ហា​ផ្លូវច្បាប់ សិទ្ធិ​ប្រជាជន នយោបាយ ហើយ​បានចេញផ្សាយ​របាយការណ៍​ស៊ើបអង្កេត​រួម​គ្នា​មួយ​កាលពី​ខែកញ្ញា​អំពី​ការ​វាយប្រហារ​របស់​រដ្ឋាភិបាល​លើ​ភូមិ​មួយ​ដែល​ជា​មជ្ឈដ្ឋាន​ជម្លោះ​ដី​ធ្លី។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ការ​បារម្ភ​លើ​ការចាប់ខ្លួន​របស់​អ្នក​ស្រី​ Pham។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយដែល​បាន​ផ្ញើមក VOA តាម​អ៊ីម៉ែល​ថា៖ «ការ​ចាប់​ខ្លួន​របស់​នាង​អាច​នឹង​ប៉ះពាល់​ដល់សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិក្នុង​ប្រទេស​វៀតណាម។ យើង​អំពាវនាវ​ឲ្យ​រដ្ឋា​ភិបាល​វៀតណាម​ធានា​ឲ្យ​បាន​ថា​ សកម្ម​ភាព​របស់​ខ្លួន​និង​ច្បាប់​ក្នុង​ប្រទេស​គឺ​ស្រប​ទៅតាម​កាតព្វកិច្ច​និង​ការប្តេជ្ញាចិត្ត​អន្តរជាតិ​របស់​វៀតណាម៕

ប្រែសម្រួល​ដោយ​កញ្ញា ទុំ ម្លិះ

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG