ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពួក​ជន​ទេសន្តរប្រវេសន៍​ដ៏​ច្រើនលើស​លប់​បាន​ឆ្លង​កាត់​ប្រទេស​ហុងគ្រី


ជន​ទេសន្តរប្រវេសន៍​ខុសច្បាប់​ត្រូវ​បាន​គេ​ឃើញ​នៅ​តាម​ផ្លូវ​រថភ្លើងឆ្លង​កាត់​ប្រទេស​ហុងគ្រី​និង​ប្រទេស​ស៊ែបប៊ី នៅក្នុង​ភូមិ Roszke​ ១៨០គីឡូម៉ែត្រ​ភាគអាគ្នេយ៍​នៃ​ទីក្រុង​ប៊ុយដាប៉ែស (Budapest) ប្រទេស​ហុងគ្រី កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥។

ពួក​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​ មាន​ពួក​ជន​ទេសន្តរប្រវេសន៍​ច្រើន​នាក់​បាន​ចូល​ក្នុង​ប្រទេស​ហុងគ្រី (Hungary) ​និង​ផ្នែក​ជា​ច្រើន​ទៀត​នៃ​ទ្វីបអឺរ៉ុប។ ​ទីភ្នាក់ងារ​អ.ស.ប.​ខាង​ជនភៀសខ្លួន​បាន​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​ទាំង​អស់​ឱ្យ​ឆ្លើយ​តប​ដោយ​មេត្តាធម៌​ដល់​មនុស្ស​ជាច្រើន​នាក់​ទាំង​នេះ​ដែល​បាន​ខ្ចាត់​ព្រាត់ពី​ប្រទេស​ពួក​គេ ​ហើយ​ដែល​នៅ​ពេល​នេះ​កំពុង​ស្វះស្វែង​រក​កន្លែ​ង​មាន​សុវត្ថិភាព។​

ប្រទេស​ហុងគ្រី ​បាន​ចុះ​ឈ្មោះ​ក្រុម​ជន​ចំណាកស្រុក​ជាង​មួយសែន​នាក់​ក្នុង​ឆ្នាំ២០១៥​នេះ​ គឺ​មាន​ជាង​ពីរដង​នៃ​ចំនួន​កាល​ពី​ឆ្នាំ​ទៅ​មិញ។ ​អាជ្ញាធរ​បាន​និយាយ​ថា ​មាន​មនុស្ស​ជិត​២.១០០នាក់​បាន​ឆ្លងកាត់​ព្រំដែន​កាល​ពី​ថ្ងៃ​ចន្ទ​ ដែល​ជា​ចំនួន​ច្រើន​បំផុត​ដែល​បាន​ឆ្លង​កាត់​ព្រំដែន​ក្នុង​ពេល​មួយ​ថ្ងៃ។​

ប្រទេស​ហុងគ្រី​ដែល​ជា​សមាជិក​មួយ​នៃ​សហហភាព​អឺរ៉ុប​កំពុង​ប្រញាប់​ប្រញាល់​បញ្ចប់​ការ​កសាង​កំផែង​មួយ​ដើម្បី​ត្រួតត្រា​ការ​ហូរចូល​នៃក្រុម​ជនទេសន្តរប្រវេសន៍​ដែល​បាន​ចូល​ក្នុង​ប្រទេស​ស៊ែបប៊ី ​ដើម្បី​ឱ្យ​បាន​ទៅ​ដល់​ព្រំដែន​នៃរដ្ឋ​មួយ​របស់​សហភាព​អឺរ៉ុប ​ដែល​នៅ​ទី​នោះ​ពួក​គេ​សង្ឃឹម​ថា​នឹងមាន​ជំនួយ ​ទីជម្រក​និង​ការងារ​ធ្វើ។

ពួក​ជន​ចំណាក​ស្រុក​រាប់​ពាន់នាក់​ដែល​ភាគ​ច្រើន​បំផុត​មក​ពី​ប្រទេស​ស៊ីរី ​អ៊ីរ៉ាក់​និង​ប្រទេស​អាហ្វហ្គានីស្ថាន​(Afghanistan) ​បាន​ដើរ​តាម​មាគារ​នោះ​ក្រោយ​ពី​បាន​ឆ្លង​កាត់​សមុទ្រ​មេឌីទែរានេ​ (Mediterranee)​ ដើម្បី​ឡើង​គោក​ក្នុង​ប្រទេស​ក្រិក។​ ជា​ដំបូង​ឡើយ​ពួក​ប៉ូលិស​ក្នុង​ប្រទេស​ម៉ាសេដូនី​ (Macedoine) បាន​រារាំង​ពួក​ជន​ទាំង​នេះ​មិន​ឱ្យ​ឆ្លង​កាត់​ប្រទេស​នេះ​ទេ​ ក៏​ប៉ុន្តែ​នៅ​ក្រោយ​មាន​ការប៉ះទង្គិច​គ្នា​កាល​ពី​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​មក​ ពួកជន​ទេសន្តរប្រវេសន៍​ទាំង​នោះ​បាន​បន្ត​ទៅ​មុខ​កាត់​ពួក​ប៉ូលិស ​ហើយ​បាន​បន្ត​ដំណើរ​ទៅ​ដល់​ប្រទេស​ស៊ែបប៊ី៕

XS
SM
MD
LG