ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនចំណាកស្រុក​រាប់​ពាន់​នាក់​បាន​ចាកចេញ​ពី​ម៉ាសេដូនី​ដោយ​រថភ្លើង​ទៅ​កាន់​សែប៊ី​


 ក្រុម​មន្រ្តី​ប៉ូលិស​រក្សា​​សន្តិសុខ​លើ​ផ្លូវ​រថភ្លើង​ មុន​ពេល​រថភ្លើង​ដែល​នឹង​យក​ជន​ចំណាកស្រុក​ទៅ​ប្រទេស​ស៊ែបី​ចូល​ដល់​ស្ថានីយ​​នៅ​ក្រុង Gevgelija ប្រទេស​ម៉ាសេដូនី​នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៥។
ក្រុម​មន្រ្តី​ប៉ូលិស​រក្សា​​សន្តិសុខ​លើ​ផ្លូវ​រថភ្លើង​ មុន​ពេល​រថភ្លើង​ដែល​នឹង​យក​ជន​ចំណាកស្រុក​ទៅ​ប្រទេស​ស៊ែបី​ចូល​ដល់​ស្ថានីយ​​នៅ​ក្រុង Gevgelija ប្រទេស​ម៉ាសេដូនី​នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៥។

ជន​ចំណាក​ស្រុក​រាប់​ពាន់​នាក់​បាន​ឡើង​ជិះ​រទេះ​ភ្លើង​នៅ​ថ្ងៃ​អាទិត្យ​ចូល​ក្នុង​ប្រ​ទេសម៉ាសេដូនី​ឆ្ពោះ​ទៅ​កាន់​ទិសខាងជើងទៅ​កាន់​ប្រទេស​សែប៊ី ​បន្ទាប់​ពី​បាន​ត្រូវ​ជាប់​គាំង​នៅឯ​ព្រំ​ដែន​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ ហើយ​បាន​ត្រូវ​រារាំង​មិន​ឲ្យបន្ត​ដំណើរ​របស់​ខ្លួន​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ហុងគ្រី ​ដែលជាសមាជិ​របស់​សហភាព​អឺរ៉ុប។

ចលនា​របស់​ជន​ចំណាក​ស្រុក​នេះ​នៅ​ថ្ងៃ​អាទិត្យ​នេះ ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ការ​ប៉ះ​ទង្គិចកាល​ពី​ថ្ងៃ​សុក្រ​ និង​ថ្ងៃ​សៅរ៍​ជាមួយ​ប៉ូលិស​ម៉ាសេដូនី ដែល​បាន​ព្យាយាម​រារាំង​ជន​ចំណាក​ស្រុក​ពី​ក្រិក​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​ខ្លួន​។​ រដ្ឋាភិបាល​ម៉ាសេដូនី​បាន​ប្រកាស​ស្ថានភាព​ក្នុង​គ្រា​អាសន្ន​ ហើយ​បាន​បញ្ជា​បិទព្រំ​ដែន​របស់​ខ្លួន​មិន​ឲ្យ​ជន​ចំណាក​ស្រុក​ឆ្លង​កាត់។

ក៏​ប៉ុន្តែ​មនុស្ស​រាប់​ពាន់​នាក់ ដែល​ភាគ​ច្រើន​ជា​ជន​ភៀស​ខ្លួនស៊ីរីអាច​ដើរ​ឆ្លង​កាត់​ក្រុម​មន្រ្តី​ប៉ូលិសទាំង​នោះ​កាលពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ​ ហើយ​បាន​ចូល​ក្នុង​ប្រទេស​ម៉ាសេដូនី បន្ទាប់​ពី​បាន​ចំណាយ​ពេល​រាប់​សិប​ថ្ងៃ​នៅ​កណ្តាល​វាល​ ដោយ​គ្មាន​ទីជម្រក​ស្នាក់​នៅ ​ម្ហូបអាហារ ឬ​ទឹក​បរិភោគ។

បន្ទាប់​មក​ក្រុម​អាជ្ញា​ធរ​បាន​លុប​ចោល​ការ​រឹតត្បិត​ ហើយ​បាន​អនុញ្ញាត​ឲ្យ​ជន​ចំណាក​ស្រុក​ឆ្លងកាត់ដោយ​សេរី តាមរយៈ​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដោយ​ គ្មាន​បញ្ហា​ណាមួយ។

​បញ្ហា​ជន​ចំណាក​ស្រុក​ដ៏​ច្រើន​ ដែល​កំពុង​ព្យាយាម​ចូល​ក្នុង​តំបន់​អឺរ៉ុប ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ផ្សេងៗ និងសហភាព​អឺរ៉ុប ​ជជែក​ដេញ​ដោល​គ្នា​ថា​តើ​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ដូចម្តេច។

អង្គការ​ចំណាក​ស្រុក​អន្តរជាតិ ​បាន​ប្រាប់​ឲ្យ​ដឹងកាល​ពី​សប្តាហ៍​មុនថា ​មាន​ជន​ចំណាក​ស្រុក​ជាង​២៥០.០០០​នាក់​បាន​ឆ្លង​កាត់​សមុទ្រ​ចូល​ក្នុង​តំបន់​អឺរ៉ុប​នៅ​ឆ្នាំ​នេះ ​ភាគ​ច្រើន​មក​ដល់​ដីគោក​នៅ​ប្រទេស​អ៊ីតាលី​ និង​ក្រិក។ ​ពួកគេ​បាន​រត់​គេច​ចេញ​ពី​តំបន់​នានា ​ដែល​បាន​ឃើញ​ជម្លោះ និង​ភាពចលាចលខាង​នយោបាយអស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ស៊ីរី អាហ្វហ្គានីស្ថាន អ៊ីរីទ្រា ​និងនីហ្សេរីយ៉ា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG