ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​Kent State៖ ខួប​៤៥ឆ្នាំ​នៃ​ព្រឹត្តិការណ៍​បង្ក្រាប​បាតុកម្មប្រឆាំង​សង្គ្រាម​នៅ​វៀតណាម


ព្រឹត្តិការណ៍​បង្ក្រាប​និស្សិត​ជា​បាតុការ​ដោយ​ឆ្មាំ​សន្តិសុខជាតិ​របស់​រដ្ឋ Ohio នៅ​សកលវិទ្យាល័យ Kent State កាល​ពី​ថ្ងៃទី៤ ខែ​ឧសភា ឆ្នាំ១៩៧០ (រូបថត​ដោយ៖ AP)
ព្រឹត្តិការណ៍​បង្ក្រាប​និស្សិត​ជា​បាតុការ​ដោយ​ឆ្មាំ​សន្តិសុខជាតិ​របស់​រដ្ឋ Ohio នៅ​សកលវិទ្យាល័យ Kent State កាល​ពី​ថ្ងៃទី៤ ខែ​ឧសភា ឆ្នាំ១៩៧០ (រូបថត​ដោយ៖ AP)

នៅ​ថ្ងៃទី៤ ខែ​ឧសភា​នេះ​គឺ​ជា​ថ្ងៃ​គម្រប់​ខួប​៤៥ឆ្នាំ​នៃ​ព្រឹត្តិការណ៍​បាញ់​រះ​មក​លើ​ក្រុម​និស្សិត​បាតុករ​នៅ​សកលវិទ្យាល័យ Kent State ដែល​បាន​សម្លាប់​និស្សិត​៤នាក់។ បាតុកម្ម​ជា​ច្រើន​បាន​កើត​ឡើង​តាម​សកលវិទ្យាល័យ​របស់​អាមេរិក​ក្នុង​អំឡុង​ទសវត្សរ៍​១៩៧០ ដើម្បី​ប្រឆាំង​នឹង​គោល​នយោបាយ​របស់​អាមេរិក​ក្នុង​សង្គ្រាម​នៅ​វៀតណាម និង​សេចក្តី​សម្រេច​ឲ្យ​មាន​ការ​វាយ​ប្រយុទ្ធ​ដោយ​យោធា​របស់​អាមេរិក​នៅ​កម្ពុជា។

កាល​ពី​ថៃ្ង​ទី៤ ខែ​ឧសភា ឆ្នាំ១៩៧០ ព្រឹត្តិការណ៍​បាញ់​រះ​មក​លើ​ក្រុម​និស្សិត​ជាបាតុករ​នៅ​សកលវិទ្យាល័យ Kent State នៅ​រដ្ឋ Ohio បាន​កើត​ឡើង ក្រោយ​ពេល​ដែល​លោក Richard Nixon អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​បញ្ជា​ឲ្យ​មាន​ការ​វាយ​ប្រហារ​ដោយ​យោធា​មក​លើ​ប្រទេស​កម្ពុជា ក្នុង​អំឡុង​សង្គ្រាម​នៅ​វៀតណាម​កាល​ពី​ទសវត្សរ៍​១៩៧០។

សេចក្តី​សម្រេច​នេះ​បាន​បណ្តាល​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ធំៗ​ជា​ច្រើន​នៅ​តាម​សកល​វិទ្យាល័យ​នានា​នៅ​សហរដ្ឋអាមេរិក។ ការ​បាញ់​រះ​ដោយ​ឆ្មាំ​សន្តិសុខ​របស់​រដ្ឋ Ohio មក​លើ​ក្រុម​និស្សិត​បាតុករ​នៅ​សកលវិទ្យាល័យ Kent State បាន​សម្លាប់​និស្សិត​៤នាក់។

កាល​ពី​ថ្ងៃទី៣០ ខែ​មេសា ឆ្នាំ​១៩៧០ លោក​ប្រធានាធិបតី Nixon បាន​ប្រកាស​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​អំពី​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​អាមេរិក​ក្នុង​ការ​ដាក់​ទ័ព​វាយ​ប្រយុទ្ធ​ចូល​ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​អព្យាក្រិត្យ ក្នុង​អំឡុង​សង្គ្រាម​នៅ​វៀតណាម។ មួយ​ថ្ងៃ​ក្រោយ​សេចក្តី​សម្រេច​នេះ​បាន​ធ្វើ​ឡើង បាតុកម្ម​ជា​ច្រើន​បាន​កើត​មាន​ឡើង​នៅ​តាម​សកលវិទ្យាល័យ​អាមេរិក។

​នៅ​ថ្ងៃ​សុក្រ ទី១ ខែ​ឧសភា ឆ្នាំ១៩៧០ និស្សិត​មួយ​ក្រុម​ធំ​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ដោយ​សន្តិភាព​នៅ​បរិវេណ​សកលវិទ្យាល័យ Kent State នៅ​រដ្ឋ Ohio ដើម្បី​ប្រឆាំង​នឹង​ការ​ធ្វើ​សង្គ្រាម​របស់​អាមេរិក​នៅ​ប្រទេស​វៀតណាម និង​ការ​ដាក់​ទ័ព​វាយ​ប្រយុទ្ធ​លើ​ប្រទេស​កម្ពុជា។

ឆ្មាំ​សន្តិសុខ​នៃ​រដ្ឋ Ohio ប្រមាណ​១ពាន់​នាក់​បាន​ចុះ​អន្តរាគមន៍​នៅ​កន្លែង​ធ្វើ​បាតុកម្ម​ដោយ​ក្រុម​និស្សិតនោះ ដែល​បង្ក​ឲ្យ​មាន​ការ​តទល់​គ្នា​ដ៏​តាន​តឹង​រវាង​និស្សិត​ជា​បាតុករ និង​ក្រុម​សន្តិសុខ​ទាំង​នោះ។

ភាព​តាន​តឹង​នេះ​បាន​បន្ត​រហូត​ដល់​ថ្ងៃ​ច័ន្ទ ទី៤ ខែ​ឧសភា ដែល​ចំនួន​បាតុករ​បាន​កើន​ឡើង​ដល់​ប្រមាណ​៣ពាន់​នាក់។ ហើយ​នៅ​រសៀល​ថ្ងៃ​នោះ ឆ្មាំ​សន្តិសុខ​បាន​បាញ់​រះ​លើ​ក្រុម​និស្សិត​ជាបាតុករ ដោយ​បាន​សម្លាប់​និស្សិត​៤នាក់ និង​និស្សិត​៩នាក់​ទៀត​បាន​រង​របួស។

សិស្ស​សាកលវិទ្យាល័យ​រដ្ឋ Kent State ដេក​ដួល​នៅ​លើ​ស្មៅ​ក្រោយ​ពេលទាហាន​ឆ្មាំ​សហព័ន្ធបាន​បាញ់រះ​លើ​ក្រុុមបាតុករ​កាល​ពី​ថ្ងៃ​ទី៤ ខែ​ឧសភា ឆ្នាំ១៩៧០។ (រូបថតដោយ៖ AP)
សិស្ស​សាកលវិទ្យាល័យ​រដ្ឋ Kent State ដេក​ដួល​នៅ​លើ​ស្មៅ​ក្រោយ​ពេលទាហាន​ឆ្មាំ​សហព័ន្ធបាន​បាញ់រះ​លើ​ក្រុុមបាតុករ​កាល​ពី​ថ្ងៃ​ទី៤ ខែ​ឧសភា ឆ្នាំ១៩៧០។ (រូបថតដោយ៖ AP)

ការ​បាញ់​រះ​មក​លើ​ក្រុម​និស្សិតជា​បាតុករ​នៅ​សកលវិទ្យាល័យ Kent State មាន​ឥទ្ធិពល​ខ្លាំង​នៅ​ពាសពេញ​សហរដ្ឋ​អាមេរិក ដែល​ជំរុញ​ឲ្យ​និស្សិត​រាប់​រយ​នាក់​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ ហើយ​សកលវិទ្យាល័យ​ប្រមាណ​៥០០​កន្លែង​បាន​បិទ​ទ្វារ។

រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ការ​បាញ់​រះ​មក​លើ​ក្រុម​និស្សិត​បាតុករ​នៅ​សកល​វិទ្យាល័យ Kent State បាន​ក្លាយ​ជា​និមិត្តរូប​នៃ​ឥទ្ធិពល​សង្គ្រាម​នៅ​វៀតណាម​មក​លើ​ប្រជាពលរដ្ឋ​អាមេរិក។

បើ​ទោះ​បី​ជា​រដ្ឋាភិបាល​អាមេរិក​ខំ​ប្រឹងប្រែង​មិន​ឲ្យ​មាន​ព្រឹត្តិការណ៍​ស្រដៀង​គ្នា​នឹង​ព្រឹត្តិការណ៍​នៅ​សកលវិទ្យាល័យ Kent State កាល​ពី​ឆ្នាំ១៩៧០​ក្តី ក៏​កិច្ច​ខំ​ប្រឹងប្រែង​នេះ​បាន​បរាជ័យ ខណៈ​ដែល​នៅ​សហរដ្ឋ​អាមេរិក​សព្វថ្ងៃ​នេះ ប៉ូលីស​អាមេរិក​បាន​បាញ់​ជន​ដែល​គ្មាន​អាវុធ ជា​ពិសេស​លើ​ជន​ជាតិ​អាមេរិក​ស្បែក​ខ្មៅ ដែល​បណ្តាល​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​បែប​ហិង្សា​ជា​ច្រើន ដូច​ជា​នៅ​ទីក្រុង Ferguson, Missouri, និង​ថ្មីៗ​នេះ​នៅ​ទីក្រុង Balimore រដ្ឋ Maryland៕

XS
SM
MD
LG