ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ុល ពត​អញ្ជើញ​អ្នកកាសែត​ទៅ​យក​ព័ត៌មាន​ តែ​បិទ​សិទ្ធិ​សេរីភាព


លោកស្រី Elizabeth Becker ឈរ​ជាមួយ​លោក ឆាំង យុ និង​គណៈប្រតិភូ​មួយ​ឈរ​នៅ​ក្បែរ​រណ្ដៅ​​គ្រាប់​បែក​ B52 នៅ​ជិត​អាកាសយានដ្ឋាន​សាងសង់​ដោយ​ចិន នៅ​ខេត្ត​កំពង់ឆ្នាំងកាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១២។ (រូបថត​ដោយ ញាណ សុជាតិ/មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)
លោកស្រី Elizabeth Becker ឈរ​ជាមួយ​លោក ឆាំង យុ និង​គណៈប្រតិភូ​មួយ​ឈរ​នៅ​ក្បែរ​រណ្ដៅ​​គ្រាប់​បែក​ B52 នៅ​ជិត​អាកាសយានដ្ឋាន​សាងសង់​ដោយ​ចិន នៅ​ខេត្ត​កំពង់ឆ្នាំងកាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១២។ (រូបថត​ដោយ ញាណ សុជាតិ/មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

អ្នក​ជំនាញជន​ជាតិ​អាមេរិក​បាន​ហៅ​ប្រទេស​កម្ពុជា​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរ​ក្រហម​ថា ជា​សង្គម​មួយ​បិទជិតដោយ​មិន​មាន​ទំនាក់​ទំនង​ទៅ​មជ្ឈដ្ឋាន​ខាង​ក្រៅ​នោះ​ទេ។​

លោកស្រី​ អេលីហ្ស៊ាបែត​ បេកឃើ (Elizabeth Becker) ​អតីត​អ្នក​យក​ព័ត៌មាន​អំពី​សង្គ្រាម​នៅ​កម្ពុជា​ និង​ជា​អ្នក​កាសែត​ម្នាក់​ដែល​ត្រូវ​ពួក​ខ្មែរ​ក្រហម​អញ្ជើញ​ឲ្យ​ធ្វើ​ទស្សនកិច្ចនៅ​ចុង​ឆ្នាំ​១៩៧៨​ បាន​និយាយ​នៅ​ក្នុង​ការ​កាត់​ទោស​សំណុំ​រឿង​០០២​វគ្គ​ទី​២​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​ក្នុង​របប​ខ្មែរ​ក្រហម​គ្មាន​អ្វី​ទាំង​អស់។​

«គ្មាន​អ្នក​កាសែត​នៅ​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​នោះ​ទេ​ ​គឺ​ជា​សង្គម​មួយ​បិទ​ជិត​ ​គ្មានការប្រាស្រ័យ​ទាក់ទង​គ្នា ​គ្មាន​ទូរស័ព្ទ ​គ្មាន​សារ​ទូរលេខ​ គ្មាន​អ្វី​ទាំងអស់​ គឺ​ជា​ប្រទេស​ដែល​ឯកោ​ដោយ​ខ្លួន​ឯង»។​ ​

លោកស្រី​បេកឃើ​បាន​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ខែធ្នូ ​ឆ្នាំ​១៩៧៨ជាមួយជន​បរទេស​ចំនួន​ពីរ​នាក់​ផ្សេង​ទៀត។​ ប៉ុន្តែ​ជន​បរទេស​ម្នាក់​ក្នុង​ចំណោម​នោះ​គឺ​លោក​ James Alexander Malcolm Caldwell ​ត្រូវបាញ់​សម្លាប់​ដោយ​ពួក​ខ្មែរក្រហមនៅ​ក្នុង​បន្ទប់​ស្នាក់​នៅ​ជិត​បន្ទប់​របស់​លោកស្រី។​

លោកស្រី​អេលីហ្សាបែត បេកឃើ ​អតីត​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​របស់​កាសែត​The Washington Post​ និង​ក្រោយ​មក​កាសែត​ The New York Times​ បាន​ពិពណ៌​នា​ថា ​ការ​ស្នាក់​នៅ​និង​ការ​ជួប​សម្ភាស​ផ្សេងៗ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​ត្រូវ​ពួក​ខ្មែរ​ក្រហម​រៀប​ចំ​ឲ្យ​ទាំង​អស់។ ពួក​ខ្មែរ​ក្រហម​ហាម​មិនឲ្យ​អ្នក​ស្រី​ថតរូប​ ​និងបាន​កាត់​ផ្តាច់​សំណួរ​ទាំង​ឡាយ​ណា​ដែល​ពាក់​ព័ន្ធ​នឹងបញ្ហា​សិទ្ធិ​មនុស្ស ​ឬ​ចំណុច​គួរ​ចាប់​អារម្មណ៍​ដទៃ​ទៀត។​ មួយ​វិញ​ទៀត​ពួក​ខ្មែរ​ក្រហម​មិន​អនុញ្ញាត​ឲ្យ​អ្នក​ស្រី​ដើរ​ហើរ​ដោយ​ខ្លួន​ឯង​នោះ​ទេ​ ​ពោល​គឺ​ទៅ​ណា​ត្រូវ​តែ​មាន​រថយន្ត​ជូន។​

«យើង​មិន​អាច​ផ្លាស់​ទី​ដោយ​គ្មាន​អ្នក​អម​ដំណើរ​យើង​ទេ។ យើង​មិន​អាចជ្រើស​រើសនូវ​អ្វី​ដែល​យើង​ចង់​បាន​ទេ។ ខ្ញុំ​មិន​ដែលស្ថិត​ក្នុង​ដំណើរ​បែប​នេះ​ទេ​ ក្នុង​ជីវិត​របស់​ខ្ញុំ ​ដែលការ​ធ្វើ​ដំណើរ​ទៅណា​ទាំង​អស់​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា»។​

ពួក​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​នៅ​ថ្ងៃ​ទី​១៧​ខែ​មេសា​ឆ្នាំ​១៩៧៥ ​និង​បានបាត់​បង់​អំណាច​ទៅ​វិញនៅ​ខែ​មករា​ឆ្នាំ​១៩៧៩។ មាន​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​តិច​១,៧​លាន​នាក់​បាន​ស្លាប់ ​និង​ត្រូវ​បាន​សម្លាប់។​

មេ​ដឹក​នាំកំពូល​របស់​ខ្មែរ​ក្រហម​គឺ​នួន ជា ​អតីត​ប្រធាន​សភា​ ​និង​ជា​បង​ធំទី​២​ និង​ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ​កំពុង​ស្ថិត​ក្រោម​ការ​កាត់​ទោស​ចំពោះ​ការ​ទទួល​ខុស​ត្រូវអំពើ​ឃោរឃៅ​នេះ។

លោកស្រី​អេលីហ្សាបែត ​បេកឃើ​ត្រូវ​ពួក​ខ្មែរ​ក្រហម​ដឹក​តាម​រថយន្តដើរ​មើល​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ និង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន។​ លោកស្រី​បាន​បរិភោគ​អាហារ​ពេល​ល្ងាច​ជាមួយ​អៀង សារី​ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ ​ដែល​បាន​ស្លាប់​មុន​ការ​កាត់​ទោស​ចប់​ ហើយ​លោកស្រី​បាន​ជួប​សម្ភាស​ជា​មួយ​ប៉ុល​ ពត ​មេ​ស្ថាប​និក​នៃ​របប​ខ្មែរ​ក្រហម។​

អៀង​ សារី​ បាន​ប្រាប់​លោក​ស្រី​ថា​ គ្មាន​គុក​ទេ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ហើយ​យុត្តិ​ធម៌ធ្វើ​ឡើង​នៅ​តាម​សហករ៕

XS
SM
MD
LG