ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​សកម្មជន​​និយាយ​ថា ភាព​ចលាចល​នៅ​ទីបេ​ ​មិនទំនង​ជា​​សាបរលាប​ទៅវិញទេ​


បុរស​ទីបេ​ម្នាក់​ចូលរួម​ក្នុង​ការ​តវ៉ាសេរីភាព​ទីបេតប្រឆាំង​នឹង​ប្រទេសចិន​នៅទល់មុខ​ស្ថានទូតចិន​ក្នុង​ទីក្រុង​សេអ៊ូល កាលពី​ខែវិច្ឆិកា ២០១១។ (REUTERS/Jo Yong-Hak)
ប្រែសម្រួល​ដោយ ឌី ខាំ​បូលី
ក្រុម​សកម្ម​ជន​សិទ្ធិមនុស្ស​និង​ក្រុម​អ្នក​សង្កេតការ​ផ្សេង​ទៀត​ថ្លែងថា ភាព​ចលាចល​បន្ត​កើតមាន​នៅក្នុង​តំបន់ទីបេ(Tibet) របស់​ប្រទេស​ចិន ដែលជា​សញ្ញាមួយ​ ដែល​ពួកគេ​និយាយ​ថា​ការ​ប្រឆាំងតវ៉ាទៅ​នឹងការគ្រប់គ្រង​របស់​ប្រទេស​ចិន មិនបានសាប​រលាប​នោះ​ទេ។
ក្រុម​សកម្មជន​សិទ្ធិមនុស្សបាន​ឳ្យដឹងថា ប្រជាពលរដ្ឋ ទីបេ រាប់រយ​នាក់ បាន​ដើរ​ដង្ហែ​ក្បួនតវ៉ា​កាលពីថ្ងៃ​ទី​១៤ ខែ​សីហា​ បន្ទាប់ពី​បានដឹង​អំពី​អំពើឃោរឃៅ​របស់ក្រុមប៉ូលីសទៅលើយុវជន​ទីបេមួយ​ក្រុម ដែល​បាន​កើត​ឡើងកាលពី​ថ្ងៃមុន។ បាតុកម្មនេះត្រូវបាន​ធ្វើឡើង​នៅភាគខាងលិច​ខេត្ត ជីងហៃ (Ginghai) នៅក្នុង​ទីក្រុង​មួយ ដែល​មាន​ឈ្មោះថា រ៉ុងវ៉ូ (Rongwo)។

លោក ស្ទីហ្វែននី ប្រ៊ីដជិន (Stephanie Bridgen) នាយក​នៃ​ក្រុម​សកម្មជន​ដែល​មាន​ឈ្មោះថា សេរីភាព​ទីបេ (Free Tibet) និយាយ​ថា ការ​តវ៉ា​បាន​ផ្ទុះ​ឡើង បន្ទាប់ពីក្រុមប៉ូលីស​បានវាយ​និង​ឃុំឃាំង​យ៉ាងហោច​បុរស​ពីរនាក់ ដែល​ត្រូវបាន​បញ្ឈប់​នៅក្នុង​ឡាន​របស់​ពួកគេ កាលពី​ព្រឹកថ្ងៃទី១៤ ខែសីហា។
«សហគមនេះ​មានការខឹងសម្បារ​យ៉ាងខ្លាំង ដោយសារ​មាន​ព្រឹត្តិការ​នៃ​អំពើ​ឃោរឃៅ​មួយទៀត​របស់ក្រុម​ប៉ូលីស​ និង​ភាព​គ្មានដំណើរការ​សម្រាប់​ជនជាតិ ទីបេ ហើយបានចេញ​មក​តាម​ដង​ផ្លូវដើម្បីតវ៉ា»។
ភាពចលាចល​នៅ​ទីក្រុង រ៉ុងវ៉ូ កាលពីថ្ងៃទី​១៤​ខែសីហា បានកើត​ឡើងមិន​ដល់២៤ម៉ោងផង​ បន្ទាប់ពី​ការ​បូជាដុត​សម្លាប់ខ្លួនឯង​ចំនួន​ពីរ​ករណីបាន​កើតឡើងនៅក្នុង​ទីក្រុង​ង៉ាបា​(Ngaba) នៃ​ខេត្ត​ស៊ីឈួន (Sichuan) ដែល​ជាប្រភព​នៃទី​អារ៉ាម​គីទី(Kirti)ដ៏​រឹង​ទទឹង។ នៅល្ងាច​ថ្ងៃទី១៣​ខែសីហា ព្រះសង្ឃ​ពីរអង្គបាន​ដុតខ្លួនឯង​នៅលើ​ផ្លូវ​មួយ ដែល​ត្រូវបាន​ប្តូរឈ្មោះ​ទៅជា «ផ្លូវម៉ារទីរ៍ (Martyr Street)» ពីសំណាក់ក្រុម​សកម្មជន​សេរីភាព​ទីបេ ដោយសារ​តែ​មាន​ការដុតសម្លាប់​ខ្លួនឯង​ជាច្រើន​ករណី ដែល​បាន​កើតឡើង​នៅទីនោះ​ កាល​ពីឆ្នាំ​កន្លងទៅ។
ក្រុម​សកម្មជន​សេរីភាព​ទីបេ​និយាយ​ថា ការ​តវ៉ា​បាន​ចាប់ផ្តើម នៅ​ពេលដែលក្រុម​អ្នកឈរមើល​ បានឃើញ​បុគ្គលិក​សន្តិសុខ​រដ្ឋរបស់​ចិន វាយ​ដំ​ព្រះសង្ឃ​មួយ​អង្គ​នៅក្នុង​ចំណោម​ព្រះសង្ឃ​ពីរ​អង្គ បន្ទាប់ពី​បាន​ពន្លត់​ភ្លើង​ដែល​បាន​ឆាបឆេះខ្លួន​ព្រះអង្គ។ សាក្សី​ឃើញ​ផ្ទាល់ភ្នែក បានប្រាប់​ក្រុម​សកម្មជន​សេរីភាព​ទីបេ​ថា បាតុករ​ម្នាក់​ត្រូវបាន​សម្លាប់។
រដ្ឋាភិបាល​ចិនគ្មាន​ប្រតិកម្ម​តបតជាផ្លូវការ​ទេ កាលពី​ថ្ងៃ​ព្រហស្បត្តិ ចំពោះ​ការចោទ​ប្រកាន់អំពី​អំពើ​ឃោរឃៅ​របស់​ក្រុមប៉ូលីស។
តំបន់​ទីបេ​នៃ​ប្រទេស​ចិន គឺ​ជា​តំបន់​ហាម​ឃាត់​ចំពោះ​ក្រុមអ្នក​កាសែត ដែល​មិន​អាចធ្វើការ​គូសបញ្ជាក់​ដោយ​ឯករាជ្យ​អំពី​ហេតុការជុំ​វិញការ​តវ៉ា ការដុតសម្លាប់​ខ្លួន និង​អំពើហឹង្សា​នោះ​ឡើយ។
ចាប់តាំងពី​ការដុតសម្លាប់ខ្លួនឯង​ដំបូង​បំផុត​កាល​ពី​ឆ្នាំ២០០៩ ប្រជាពលរដ្ឋ​ទីបេ​ជាង​៤០​នាក់​បាន​ធ្វើ​អត្តឃាត​នៅក្នុង​ប្រទេស​ចិន។ ជាង​ពាក់កណ្តាល​នៃ​ការដុតសម្លាប់​ខ្លួនឯង​នេះ កើតឡើង​នៅក្នុង​ទីក្រុង ង៉ាបា (Ngaba) និង​ទីក្រុង អាបា (Aba) ​នៃ​ប្រទេស​ចិន ដែល​ជាតំបន់​របស់​ជនជាតិ​ទីបេ​នៅក្នុង​ខេត្ត ស៊ីឈួន ដែលជា​ប្រភព​ដើម​នៃ​ទី​អារ៉ាម គីទី។
លោក ប្រ៊ីដជិន ប្រដូចអ្វី​ដែល​កំពុង​តែ​កើតមានឡើង​នៅក្នុង​តំបន់​ទីបេ ទៅនឹងអ្វី​ដែល​ហៅ​ថាបដិវត្តអារ៉ាប់ ឬអារ៉ាប់​ស្រ្ពីង (Arab Spring) ដែល​បាន​ចាប់ផ្តើម​នៅតំបន់​មជ្ឈិមបូព៌ា​ (Middle East) កាលពី​ឆ្នាំមុន។ លោកបានហៅការតវ៉ា​នេះ​ថា ទីបេ​ស្រ្ពីង (Tibetan Spring)ដែរ។
«យើង​បាន​ចាប់ផ្តើម​មាន​អារម្មណ៍ថា តាមពិតទៅ នេះ​មិនមែន​គ្រាន់តែ​ជាសកម្មភាព​មួយចំនួន​នៃ​ការប្រឆាំងតវ៉ា​នោះទេ។ នេះ​បាន​ក្លាយ​ទៅជា​សកម្មភាព​ដែល​មានការរៀបចំ​ទុក។​ ទោះបី​ជា​យើងមិនទាន់​អាច​រៀបចំ​ឯកសារ​អំពី​ការពិត​ដែល​ថា មាន​ការរៀបចំ​ផែនការ​រួមគ្នា​ច្បាស់លាស់​ណាមួយ។ ប៉ុន្តែ អ្វី​ដែល​យើង​បាន​ដឹង​ពិត​ប្រាកដគឺថា ប្រជាពលរដ្ឋ​ត្រូវបាន​លើកទឹកចិត្ត ពីសកម្មភាព​មួយ​ទៅ​សកម្មភាព​ផ្សេងៗ​ទៀត»។
​ជាប្រពៃណី​ ប្រទេសចិនបានឆ្លើយតប​ទៅនឹង​ភាព​ចលាចល​នៅក្នុង​តំបន់​ទីបេ តាមរយៈ​ការបង្កើនសន្តិសុខ និង​ការ​ហាមឃាត់សេចក្តី​រាយការណ៍ឯករាជ្យ​ទាំងឡាយ​ពី​តំបន់​នេះ។ ក្រសួង​ការបរទេស​របស់​ប្រទេស​នេះ បាន​ស្តីបន្ទោស​ក្រុម​ទាំងឡាយ​ដែល​នៅ​ខាងក្រៅ​ប្រទេស​ចិន ដែល​រួមទាំង​មេដឹកនាំ​សាសនា​ទីបេ សម្តេចសង្ឃ ដាឡៃ ឡាម៉ា (Dalai Lama) និង​រដ្ឋាភិបាល​និរទេស​ទីបេ ចំពោះភាពចលាចលកាន់​តែ​ច្រើននាពេល​ថ្មីៗ​នេះ។
រដ្ឋាភិបាល​ទីក្រុង ប៉េកាំង មិនទទួលស្គាល់​រដ្ឋាភិបាល​និរទេស​ទីបេ ដែល​មាន​មូលដ្ឋាន​នៅក្នុង​តំបន់ ដារ៉ាមសាឡា (Dharamsala) នៃ​ប្រទេស ឥណ្ឌា (India)ទេ ប៉ុន្តែ​បាន​ធ្វើការចរចារ​ជាមួយអ្នកតំណាង​របស់​សម្តេចសង្ឃ ដាឡៃ ឡាម៉ា កាល​ពីឆ្នាំ​កន្លង​ទៅនេះ។ កាលពីខែ​មិថុនា​ឆ្នាំមុន​ បេសកជន​ជាន់​ខ្ពស់​ពីររូបរបស់​មេដឹកនាំ​សាសនា​ទីបេ បាន​លាឈប់​ពី​មុខ​ដំណែង​របស់​ពួកគេ ដោយ​បានស្តីបន្ទោស​ទៅលើ​អ្វី​ដែល​ពួកគេ​ហៅថាជា​ «សភាព​ការណ៍​ដែល​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅនៅក្នុង​តំបន់​ទីបេ»។
លោក​ រ៉ូបឺត បានែតត៍ (Robert Barnett) ដែល​ជា​សាស្រ្តាចារ្យ​ផ្នែក​ប្រវត្តិ​សាស្រ្ត​ទីបេ នៅឯ​សាកលវិទ្យាល័យ កូឡុំប៊ី (Columbia University) ក្នុង​ទីក្រុង ញូវយ៉ក (New York) និយាយ​ថា មាន​ការមិនទុក​ចិត្ត​គ្នា​ទៅវិញ​ទៅមក​យ៉ាង​ជ្រាល​ជ្រៅរវាង​ភាគី​ទាំងពីរ។
«វា​មាន​ផ្នត់គំនិតក្នុង​ប្រវត្តិសាស្រ្ត​យ៉ាងជ្រៅ ដែលជន​ជាតិ​ទី​បេ​ ​ដែលកំពុងរស់​នៅ​និរទេស កំពុង​ព្យាយាមបោក​បញ្ឆោត​ប្រទេស​ចិន ហើយ​ពួកគេ​នឹង​ជំរុញ​ជាសម្ងាត់​ដើម្បី​ឯករាជ្យភាព»។
ទោះបីជា​មិនមាន​ការរីកចំរើន​ចំពោះ​ការចរចារ​ក្តី លោក បានែតត៍ និយាយ​ថា មាន​សញ្ញា​ស្តីពីទស្សន​ខុស​គ្នា​នៅក្នុង​ចំណោម​ថ្នាក់ដឹកនាំ​ចិន អំពី​របៀប​ការដោះស្រាយ​ជាមួយ​បញ្ហាទីបេ។
ខណៈពេល​ដែលប្រទេស​ចិន កំពុងរៀបចំផ្លាស់ប្តូរ​មេដឹកនាំ​ជាន់ខ្ពស់ នៅចុង​ឆ្នាំ​នេះ នៅឯ​មហាសន្និបាត​បក្ស​ថ្នាក់ជាតិ​លើកទី​១៨ លោក បានែតត៍ សង្ឃឹម​ថា វិធីសាស្រ្ត​ប្រកប​ដោយ​ភាព​អត់ឱនកាន់​តែ​ច្រើន​ នឹង​លេចចេញជា​រូប​រាង​ ដើម្បី​ដោះស្រាយ​ភាព​មិនសប្បាយចិត្ត​នៅក្នុង​តំបន់។
«វា​មិនអាច​ត្រូវបាន​ច្រាន​ចោល​នោះទេ ដែល​ថា នៅក្រោម​ការដឹកនាំ​របស់លោក ហ្សី ជីងពីង (Xi Jinping) ប្រសិន​បើលោកនឹងក្លាយទៅជា​អ្នកដឹកនាំ​បន្ទាប់​មែន​នោះ​ ប្រហែលជា​មាន​ការរីកចំរើនខ្លះៗ។ ការរីក​ចំរើន​នោះ​ប្រហែលជា​នឹង​មិន​មាន​លក្ខណៈនិយមមូល​វិវត្តនោះទេ​ ហើយ​នឹង​មាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​ទស្សន​របស់​អ្នក​នៅ​ខាងក្រៅទេ​ ប៉ុន្តែ​វា​នឹង​នៅតែតំណាងឱ្យ​ការធ្វើ​ដំណើរ​ទៅមុខ​ខ្លះៗ​ដែរ»។
កាលពីខែ​មុន ព្រះសង្ឃ​និង​ដូនជី​រាប់​រយនាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅក្នុង​ទីក្រុង ដារ៉ាមសាឡា ដើម្បី​រំឭកខួប​មួយឆ្នាំ​នៃ​ការចូល​កាន់ដំណែង ជានាយក​រដ្ឋមន្រ្តី​នៃ​រដ្ឋាភិបាល​និរទេស​ទីបេ​របស់​លោក ឡុបសាង សានហ្គាយ (Lobsang Sangay)។
នៅក្នុង​កំឡុងពេល​នៃ​ការប្រារព្ធ​ពិធីនោះ​ លោក សាងហ្គាយ បាន​និយាយ​ថា ប្រជាពលរដ្ឋ​ទីបេ​នឹង​បន្ត​ជំរុញ​ឳ្យ​មាន​សេរីភាព​សម្រាប់មាតុប្រទេស​របស់​ពួកគេ ទោះបីជា​ការតស៊ូ​របស់​ពួកគេ ត្រូវ​ចំណាយពេល​៥០​ឆ្នាំ​ទៀត​ក៏ដោយ។
ប៉ុន្តែ លោក​ក៏បាន​អំពាវនាវឱ្យមាន​ការបន្ត​ការចរចារ​ជាមួយ​អាជ្ញាធរ​ចិន ដោយ​លោក​បាន​បន្ថែម​ថា ក្រុម​ការងារពិសេសស្តីពី​ការចរចារ នឹង​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ថ្មី​របស់​ប្រទេស​ចិន នៅក្នុង​ខែ​ធ្នូ បន្ទាប់ពី​ការផ្លាស់ប្តូរ​អំណាច​របស់​ប្រទេស​ចិន៕
XS
SM
MD
LG