ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​ជនជាតិ​ដើម​ភាគតិច​អះអាង​ថា ​ដី​ក្នុង​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី​រង​ការ​បំពាន


ក្រុមប្រជាពលរដ្ឋ​ជនជាតិ​ដើមភាគ​តិច​ រៀបចំ​ពិធី​តាម​ប្រពៃណី​របស់​ជនជាតិដើមភាគតិច​នៅ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ ភ្នំដោះក្រមុំ​ ក្នុង​ខេត្តមណ្ឌល​គិរី​ កាលពីថ្ងៃទី​១៤​ ខែឧសភា​ ឆ្នាំ​ ២០១៨។ (ផ្តល់​ដោយមជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​​ភ្នំដោះក្រមុំ)
ក្រុមប្រជាពលរដ្ឋ​ជនជាតិ​ដើមភាគ​តិច​ រៀបចំ​ពិធី​តាម​ប្រពៃណី​របស់​ជនជាតិដើមភាគតិច​នៅ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ ភ្នំដោះក្រមុំ​ ក្នុង​ខេត្តមណ្ឌល​គិរី​ កាលពីថ្ងៃទី​១៤​ ខែឧសភា​ ឆ្នាំ​ ២០១៨។ (ផ្តល់​ដោយមជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​​ភ្នំដោះក្រមុំ)

ផ្ទៃដី​មួយ​ផ្នែក​របស់​មជ្ឈមណ្ឌល​វប្បធម៌​ជន​ជាតិ​ដើម​ភាគ​តិច​មួយ​ស្ថិត​នៅ​ចំ​កណ្តាល​ក្រុង​សែន​មនោរម្យ​នៃ​ខេត្តមណ្ឌល​គិរី​បាន​ក្លាយជាទី​តាំង​កំសាន្ត​អារម្មណ៍​បន្ទាប់​ពី​ការ​ទន្ទ្រាន​ដី​មិន​ចេះ​ឈប់​ឈរ​ នៅ​ក្នុង​មជ្ឈមណ្ឌល​វប្បធម៌​ជន​ជាតិ​ដើមភាគតិច។

កាលពីឆ្នាំ​ ២០០៤​ ផ្ទៃដី​ទំហំ​ប្រមាណ​១០២​ហិកតា​ ត្រូវបាន​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា​ ជា​មជ្ឈ​មណ្ឌល​វប្បធម៌​ជនជាតិ​ដើមភាគតិច​ ភ្នំដោះ​ក្រមុំ​ស្ថិតក្នុង​ក្រុង​សែន​មនោរម្យ​នៃ​ខេត្ត​មណ្ឌល​គិរី។ ​ជាច្រើន​ឆ្នាំ​កន្លង​មក​ទៀត​ ទំហំដី​បាន​ថយ មក​នៅ​ត្រឹម​តែ​ប្រមាណ​៨៧ហិកតា​ ដោយ​សារ​តែ​ ការ​ទន្ទ្រាន​របស់​អ្នកមាន​ទ្រព្យសម្បត្តិ ខណៈ​ដែល​អ្នក​គ្រប់​គ្រង​មជ្ឈមណ្ឌល​នេះ​ មិន​មាន​ការ​ខ្នះខ្នែង​ការពារ​ការ​រំលោភ​បំពាន​នានា។ នេះ​បើយោង​តាមការ​បញ្ជាក់​ពី​តំណាង​មួយ​រូប​របស់​មជ្ឈមណ្ឌល​នេះ និង​តាម​ញត្តិ​របស់​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច។

​លោក​ គ្រឿង តុលា​ វ័យ​២៨ឆ្នាំ​ ជា​ជនជាតិ​ដើម​ភាគតិច​ពូនង​ និង​ជាលេខាធិការមជ្ឈមណ្ឌល​វប្បធម៌​ជន​ជាតិដើម​ភាគតិច ភ្នំដោះ​ក្រមុំ បាន​ផ្តើម​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ទន្ទ្រានដី​ដែល​បាន​កើតឡើង​ទៀត តាំង​ពីឆ្នាំ​២០១៦​មក​ ​ដោយ​ហេតុ​ថា​ ក្រុម​ប្រជា​ពលរដ្ឋ​ចំនួន​១១គ្រួសារ បាន​អះអាង​ថា​មាន​កាន់​កាប់​ដីធ្លី​នៅក្នុង​មជ្ឈមណ្ឌល​នោះ។​ការ​តវ៉ា​របស់​លោក​ មិនទទួលបានការដឹងឮ​ពីអាជ្ញាធរខេត្ត​នោះ​ឡើយ។

ដោយ​សារ​ការ​មិន​យក​ចិ​ត្ត​ទុកដាក់​របស់​អាជ្ញាធរ​មូលដ្ឋាន​យ៉ាង​ដូច្នេះ លោក​បាន​ព្យាយាម​នាំ​ញត្តិ​ពី​ខេត្ត​មណ្ឌល​គិរី​មក​ជូនក្រុម​មន្ត្រីជា​ច្រើន​រាប់​ពី​ថ្នាក់​រដ្ឋមន្ត្រី​ដល់​ឧបនាយករដ្ឋមន្ត្រី​ ដើម្បី​ប្រឆាំង​ការ​ទាមទារ​កាន់​កាប់ដី​ពីក្រុម​ប្រជាពលរដ្ឋ​មាន​ចំនួន​១១​គ្រួសារនោះ ដែលបាន​ទទួល​ការ​អនុញ្ញាត​ពី​អភិបាល​ខេត្ត​លោក​ ស្វាយ​ សំអ៊ាង ឲ្យ​កាន់​កាប់​ដីនេះ​ក្នុង​មួយ​គ្រួសារ​មាន​ក្បាល៥ ម៉ែត្រ​ និង​ជម្រៅ៥០ម៉ែត្រ។

ការ​ខិតខំ​របស់​លោក​ ​និង​តំណាង​ពលរដ្ឋ​១០នាក់​ផ្សេង​ទៀត​មក​ពី​ស្រុក​ចំនួន​៥ ​ក្នុង​ខេត្ត​មណ្ឌល​គិរី​ ដែល​ព្យាយាម​ធ្វើ​ដំណើរ​យក​ញត្តិ​ពី​ខេត្តមណ្ឌល​គិរី មក​ទីក្រុង​ភ្នំពេញ​កាលពីថ្ងៃ​អង្គារ​សប្តាហ៍មុននេះ​ បានបរាជ័​យ ដោយសារ​ការ​ឃាត់​ឃាំង​ពីអាជ្ញាធរ​នៅតាម​ផ្លូវ។​

លោក​ គ្រឿង តុលា ​បាន​បញ្ជាក់​ពី​គោលបំណង​ដំណើរ​តវ៉ា​ប្រឆាំង​នឹង​ការ​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ​ ក្នុង​បទ​សម្ភាសន៍​ជា​មួយ​ ​VOA​ ​កាលពីថ្ងៃ​ពុធ​កន្លង​ទៅ​ថា៖​

«គោល​បំណង​យើង​ទៅជួប​ហ្នឹង​ គឺ​ដើម្បីសួរ​ពី​ឫសគល់​នៃ​ហេតុ​អី​បាន​ជា​យើង​ អភិបាល​ខេត្តថ្មី​ហ្នឹង​ គាត់​មាន​សិទ្ធិកាត់​ដី​រដ្ឋ​ ទីមួយ​កាត់​ដី​រដ្ឋ​ ទីពីរ​តើ​ឯកឧត្តមហ្នឹង​ បាន​ជ្រាប​ហើយ​ឬនៅ​ បើ​សិន​ជា​គាត់​ឆ្លើយ​ថា​ មិនបាន​ជ្រាបទេ​ អ៊ីចឹង​ស្នើ​សុំ​ឲ្យ​ឯកឧត្តម​ហ្នឹង​ជួយ​អន្តរាគមន៍​ចុះ​ដោះស្រាយ​រឿងហ្នឹង​ ​អានេះ​ជា​គោល​បំណង​ដែល​យើង​ចង់​ទៅបាទ»។

លោក​ថា​ ការ​ប្រហែស​របស់​គណៈកម្មាការ​ដើម​នៃ​មជ្ឈមណ្ឌល​កាលពី​ពេល​កន្លង​មក​នោះ​ បាន​ធ្វើ​ឲ្យ​បាត់​បង់​ដីមជ្ឈមណ្ឌលនេះ​ ចំនួនប្រមាណ​២០ហិកតា ដែល​ឥឡូវ​នេះ ត្រូវបាន​បំពេញ​ដោយ​កន្លែង​សប្បាយៗ​ ដូចជា​ហាងច្រៀង​ខារ៉ាអូខេ​ជាដើម។ ទាក់ទិន​នឹង​ការ​ព្យាយាម​ទន្ទ្រាន​យក​ដី​របស់​ក្រុម​ប្រជាពលរដ្ឋ​១១គ្រួសារ​នោះ លោក​ថា​ ពលរដ្ឋ​ទាំងនោះ​ភាគច្រើន​ជា​អ្នករស់​នៅក្នុង​ខេត្ត​មណ្ឌលគិរី ​និង​មាន​មួយចំនួន​ទៀត​មក​ទីក្រុង​ភ្នំពេញ​ ដែល​ជា​អ្នក​មាន​ទ្រព្យធន់​ និង​មិន​ខ្វះខាត​ដី​ដូច​អ្វីដែល​ពួកគេ​បាន​ត្អូញត្អែរ​នោះ​ឡើយ។

​«តាម​ការណ៍ពិត​អ្នក​ដែល​បាន​ដីហ្នឹង​ គឺ​សុទ្ធតែ​អ្នក​ដែលអ្នក​មានៗ​ទេ យើង​ឃើញ​គាត់​មាន​ហ្គារ៉ាស់​សាំង​ មាន​ឡាន​ជិះ​ ឡានអី​ទេ​ តែ​គាត់​ថា​ គាត់​អ្នក​អត់ អត់ដីនៅ។ ប៉ុន្តែ​ជាក់​ស្តែង​នោះ​ យើង​បាន​ស្គាល់​គាត់​ច្បាស់​ណាស់​ គាត់​សុទ្ធ​តែ​ម្ចាស់​ក្រុមហ៊ុន​ទឹកស្អាត​ ទឹកអី​ណាស់​ ចឹង​យើង​អត់​ឲ្យ​ទេ​ យើង​ថា​អត់​ឲ្យ​ទេ​ ដីហ្នឹង​ ដី​សម្បត្តិរបស់​ជាតិ​ [មិនមែន] ​ដីរបស់​ខ្ញុំ​ទេ»។

លោក​អះអាងថា​ អ្នក​ដែល​ធ្វើ​ជា​ខ្នងបង្អែក​របស់​អ្នក​ចង់​បាន​ដីក្នុង​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ ភ្នំដោះក្រមុំ​ ជា​មេធាវី​ម្នាក់​ឈ្មោះ​ ង៉ែត​ ផាន់។ លោក​និយាយ​ថា​ មេធាវី​រូប​នេះ​ បាន​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ក្នុងម្នាក់​១៥០០ដុល្លារ​អាមេរិក​ ដើម្បី​ជា​ថ្នូរ​នឹង​បណ្ណ​កម្មសិទ្ធិ​កាន់​កាប់​ដី។

VOA មិន​ទាន់​អាច​ទាក់​ទង​លោក​ ង៉ែត​ ផាន់ បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ចន្ទ​នេះ។ VOA ក៏​មិន​ទាន់​អាច​ទាក់​ទង​លោក​ ស្វាយ សំអ៊ាង ​អភិបាល​ខេត្តមណ្ឌល​គិរី​ និង​លោក​ ឡុង​ វិបុល​ អភិបាល​ក្រុង​សែន​មនោរម្យបាន​ដែរ​នៅថ្ងៃ​ចន្ទនេះ។​

ដោយឡែក​លោក​ ថៃ​ នរៈសត្យា​ អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈបាន​ច្រាន​ចោលការ​ចោទប្រកាន់​នានា​ដែល​ថា​ ដីនៅ​ក្នុង​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ ភ្នំដោះក្រមុំ​នោះបានរង​ការ​បំពាន។ ប៉ុន្តែ​នៅពេល​ VOA​ សួរ​លោក​អំពី​ទំហំ​ផ្ទៃដី​ដែល​បាន​ថយ​ចុះ​ពី​ប្រមាណ​ជាង​១០០​ហិក​តា​ មក​ប្រមាណតែ​៨៧ហិកតា​ ក្នុង​មជ្ឈ​មណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ ភ្នំដោះក្រមុំ​នោះ លោក​ថ្លែង​រដ្ឋាភិបាល​នឹង​ការ​ពារ​មិន​ឲ្យ​មាន​ការ​បាត់​បង់ដីបន្ថែមទៀត​ទេ។

​«ខ្ញុំមាន​សង្ឃឹម​ថា​ នឹង​មិន​ឲ្យ​មានការ​ប៉ះពាល់​បន្ថែម​ទៀត​ទៅលើ​ការ​សម្រេច​របស់​យើង​ ដែល​មាន​ឯក​ឧត្តម​អភិបាល​ខេត្ត​មណ្ឌល​គិរី​ លោក​បាន​ចូលរួម​ប្រជុំ​កាល​ពីឆ្នាំ​២០១៦​នោះទេ»។

អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈរូបនេះ​ ​ក៏​មិនជឿ​ថា​ លោក​ ​ស្វាយ សំអ៊ាង​ ​អភិបាល​ខេត្ត​មណ្ឌល​គិរី​ ​ជា​អ្នកបើក​ផ្លូវ​ឲ្យមានការ​កាត់​ដីមជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ ភ្នំដោះ​ក្រមុំ ធ្វើជា​កម្មសិទ្ធិ​ឯកជន​ផងដែរ។​

«ខ្ញុំ​មិនមាន​ជំនឿ​ ជឿជាក់​ថា​ ឯកឧត្តម​អភិបាល​ខេត្ត​មណ្ឌល​គិរី​ មាន​ការ​សម្រេច​ជា​ឯកតោ​ភាគី​ រំលោភ​ទៅស្មារតី​នៃ​អង្គប្រជុំ​របស់​អន្តរក្រសួង​ ដែល​មាន​ជា​ផ្លូវការ​ និង​មាន​ភាគី​ហត្ថលេខី​ រវាង​ក្រសួង​វប្បធម៌​ វិចិត្រ​សិល្បៈ​ និង​គាត់​រួច​ហើយទេ។ ខ្ញុំ​នៅ​តែ​មិន​ជឿ​បញ្ហា​នេះ»។

ក៏​ប៉ុន្តែ ​យោង​តាម​លិខិត​មួយ​របស់​ក្រុម​ប្រជា​ពលរដ្ឋ​ជនជាតិ​ដើមភាគតិចដាក់​ជូន​លោក​ ស្វាយ​ សំអ៊ាង ​អភិបាល​ខេត្ត​មណ្ឌលគិរី​ បាន​ឲ្យដឹងអំពីការ​សម្រេច​របស់​ក្រុម​ការងារ​ខេត្ត​នាថ្ងៃ​ទី​០៤ ខែមេសា​ ឆ្នាំ​ ២០១៨​ ស្តីអំពី​ការ​ដោះដូរ​ដី​នៅ​ទីតាំង​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ភ្នំ​ដោះ​ក្រមុំ។ ក្រុម​ប្រជាពលរដ្ឋ​ បាន​ថ្លែង​បដិសេធ​ក្នុង​លិខិត​នោះ​ មិន​ទទួល​យក​ការ​សម្រេច​នេះ​ឡើយ​ ហើយ​បាន​បញ្ជាក់​ទៅ​ក្រុម​ការងារ​ខេត្ត​មិន​ឲ្យ​ចាត់​ចែង​កាត់​ដី​មជ្ឈមណ្ឌល​វប្បធម៌​ភ្នំដោះក្រមុំ​ដែល​ជា​ទ្រព្យ​សម្បត្តិ​កេរ្តិ៍មរតក​ជាតិ​ និង​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ខេត្តមណ្ឌលគិរី និង​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល។

​ការ​ត្រៀមដោះដូរ​ដី​នៅទីតាំង​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ភ្នំ​ដោះ​ក្រមុំ​ដដែល​នោះ គឺ​សំដៅ​ដល់​ការ​ចុះពិនិត្យ​ផ្ទៀងផ្ទាត់​វាស់​វែង​ជាក់​ស្តែង​ នៅទីតាំង​ដីបម្រុង​សាងសង់​ផលិត​ទឹក​ស្អាត​នៅភូមិដោះក្រមុំ​ ដែល​បាន​ដោះដូរ​ជាមួយ​ទីតាំង​ដី​ទឹកស្អាត​បច្ចុប្បន្ន​របស់​ក្រុមហ៊ុន​ គឹម មិច​ ខន​ស្រាកសិន​ អេនវេសមិន​ ខូលអិលធីឌី​ នៅ​ភូមិ​ដើម​ស្រល់​ ក្រុង​សែន​មនោរម្យ។ ផែនការ​នេះ​ដោះដូរ​ ត្រូវ​បាន​ក្រុម​សហគមន៍​ជន​ជាតិដើម​ភាគតិច​ សម្រេច​បដិសេធ​ជាលក្ខណៈ​សមូហភាព​ដាច់​ខាត។

លោក​ គ្រឿង តុលា​ លេខាធិការមជ្ឈមណ្ឌល​វប្បធម៌ជន​ជាតិដើម​ភាគតិច ភ្នំដោះក្រមុំ យល់ថា​ ដី​របស់​មជ្ឈ​មណ្ឌល​នេះ​ អាច​នឹងត្រូវ​ធ្លាក់​ដល់​ដៃរបស់​ក្រុម​ឯកជន​ ប្រសិន​បើ​ក្រុម​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​មិន​ប្រឹង​ងើប​តវ៉ា​នោះ។

«ខ្ញុំ​គិត​ថា​ចឹង ​ដោយសារ​ការ​ទន្រ្ទាន​របស់​ប្រជាពលរដ្ឋ​ ក៏ដូចជា​អ្នកផ្សេងៗ​ គឺគាត់​ចង់បាន​ដីហ្នឹង​ច្រើន​ ពីព្រោះដីហ្នឹង​វានៅ​ក្នុង​ក្រុង​ចឹង​ណ៎ា។ ចឹងគាត់​ចង់បាន​ច្រើន​ ខ្ញុំគិត​ថា​ មិនយូរ​ទេ​ បើសិន​ជា​យើង​មិនតវ៉ា​ មិន​ទាមទារ​ជា​ផលប្រយោជន៍​រួម​ ប្រហែល​ជា​នឹង​បាត់​បង់​នៅពេល​លឿន​បំផុត​បាទ»។

​តាម​ការ​អះអាង​របស់​លោក ​គ្រឿង តុលា មជ្ឈមណ្ឌល​វប្បធម៌ជន​ជាតិដើម​ភាគតិច ភ្នំដោះក្រមុំ​ជាទី​សក្ការៈ​បូជា​ស័ក្តិសិទ្ធិមួយ​កន្លែង​តាំងពី​មុន​សម័យខ្មែរក្រហាម​ដែល​ប្រជាពលរដ្ឋ​ជាទេសចរជាតិ និង​អន្តរ​ជាតិ​ មិន​អាច​រម្លង​បាន ពោលគឺ​ពួកគេ​តែង​តែ​ទៅកាន់​ភ្នំនោះ មុន​ការ​ចាប់ផ្តើម​ដំណើរ​កំសាន្ត​ក្នុង​ខេត្ត​មណ្ឌល​គិរី។ លោក​ថា​ ​ពលរដ្ឋ​ក៏បាន​ធ្វើពិធី​បួង​សួង​សុំសេចក្តីសុខ​នៅទីនោះផងដែរ។

ក្រៅពី​បញ្ហា​ទន្ទ្រានដីនៃ​កន្លែង​សក្ការៈ​បូជារបស់​ជនជាតិ​ដើមភាគតិច ​នៅ​ខេត្ត​មណ្ឌលគិរី​នោះ​ មាន​ប្រជា​ពល​រដ្ឋ​ជនជាតិ​ដើម​ភាគតិចផ្សេងទៀត​ ក៏​ធ្លាប់​រងគ្រោះ​ដោយ​សារ​ការ​បាត់​បង់​ទីកន្លែង​រស់​នៅ​តាំង​ពី​ដូនតា​មក​ តួយ៉ាង​ក្រុម​ប្រជាពលរដ្ឋ​ជនជាតិ​ដើមភាគតិចពូនង​ ​បាន​ឃើញ​ការ​ជន់លិច​ផ្ទះ​សម្បែង​របស់​ពួកគេ​នៅ​ក្នុង​ទីតាំង​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​ ដែល​ស្ថិត​នៅ​ស្រុក​សេសាន​ខេត្ត​ស្ទឹងត្រែង៕

XS
SM
MD
LG