ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ដោយ​សារ​ការ​រំលោភ​ផ្លូវ​ភេទ បង្ក​ឲ្យ​មាន​បាតុកម្ម​ក្នុង​ប្រទេស​ឥណ្ឌា


សកម្មជន​ស្ត្រី​នាំ​គ្នា​លើក​បដា និង​ស្រែក​ទាមទារ​ពី​ក្នុង​រថយន្ដ​ក្រុង​មួយ​គ្រឿង ក្រោយ​ពី​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ក្នុង​ការ​តវ៉ា​មួយ​នៅ​ទីក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី ៣០ ខែកញ្ញា ឆ្នាំ២០២០។
សកម្មជន​ស្ត្រី​នាំ​គ្នា​លើក​បដា និង​ស្រែក​ទាមទារ​ពី​ក្នុង​រថយន្ដ​ក្រុង​មួយ​គ្រឿង ក្រោយ​ពី​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ក្នុង​ការ​តវ៉ា​មួយ​នៅ​ទីក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី ៣០ ខែកញ្ញា ឆ្នាំ២០២០។

ការ​ស្លាប់​របស់​នារី​អាយុ ១៩ ​ឆ្នាំ​ម្នាក់​ ដោយ​សារ​ការ​ចាប់​រំលោភដោយ​បុរស​មួយ​ក្រុម​ ក្នុង​ប្រទេស​ឥណ្ឌា​នោះ បាន​បណ្តាល​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​ជា​ច្រើននៅ​ក្នុង​រដ្ឋ​ធានី​ញូដេលី​របស់​ប្រទេស​នេះ។​ ស្ត្រី​វ័យ​ជំទង់​ដែល​ជា​ជន​រង​គ្រោះ​ដល់​ស្លាប់​នោះ ​មាន​វង្សត្រកូល​ដែលមាន​វណ្ណៈ​ទាប​បំផុតក្នុង​ប្រទេស​ឥណ្ឌា​។

អាជ្ញាធរ​ជឿថា​ នារីជំទង់​រូប​នេះ​ ត្រូវ​បាន​ចាប់​រំលោភ​យ៉ាង​សាហាវ​ឃោរឃៅ​ពីក្រុម​បុរស​៤នាក់ ដែល​ចេញ​ពី​ត្រកូល​គ្រួសារវណ្ណៈ​ខ្ពស់​ ក្នុង​រដ្ឋ​អ៊ូតាប្រាដេស(Uttar Pradesh) ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃ​ទី​១៤ ​ខែ​ កញ្ញា។

អាជ្ញាធរ​ឥណ្ឌា​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា​ ជន​រង​គ្រោះ​ចុង​ក្រោយ​នេះ​ ត្រូវ​បាន​គេ​នាំ​ចេញ​ពី​មន្ទីរ​ពេទ្យ​ក្នុង​រដ្ឋ Uttar Pradesh ទៅ​កាន់​មន្ទីរ​ពេទ្យ​ក្នុងរដ្ឋធានី​ញូដេលី ហើយ​នាងបាន​ស្លាប់​ក្នុង​អំឡុង​ពេល​នៃ​ការ​ព្យាបាល​នៅ​ទី​នោះ​។

ករណី​រំលោភ​ក្មេង​ស្រី​វ័យ​ជំទង់​នេះ​ ជា​ករណី​មួយ​ក្នុង​ចំណោមករណី​រំលោភ​ផ្លូវ​ភេទ​ជា​ច្រើន​ទៅ​លើ​ស្ត្រី​ក្នុង​ប្រទេស​ឥណ្ឌា​ ដែល​នៅ​ទី​នោះ​ ការរំលោភ​ស្រ្តី​ភេទ​ត្រូវ​បាន​គេ​រាយការណ៍​ថា​កើត​មាន​ឡើង​ក្នុង​រយៈ ​១៥​ នាទី​ម្តង។ នេះ​បើ​តាមស្ថិតិ​របស់​រដ្ឋាភិបាល​ឥណ្ឌា​ ដែល​ចេញ​ផ្សាយ​ក្នុង​ឆ្នាំ​ ២០១៨ នោះ។​ គ្រាន់​តែ​ក្នុង​ឆ្នាំ ​២០១៨ មួយ​ប៉ុណ្ណោះ​ មាន​សេចក្តីរាយការណ៍​ថា ការរំលោភ​ផ្លូវ​ភេទ​ទៅ​លើ​ស្រី្ត​មានចំនួន ​៣៤.០០០​ ករណី។​

កាល​ពី​ ១០ ​ខែមុន​ ស្រ្តីឥណ្ឌា​មា្នក់​ទៀត​ អាយុ ​២៣​ ឆ្នាំ ដែល​មាន​វង្ស​ត្រកូល​មក​ពី​វណ្ណៈ​គ្រួសារ​ឋានៈ​ទាប​ដែរ​នោះ ​បាន​ស្លាប់​បន្ទាប់​ពីបុរស​មួយ​ក្រុម បានចាប់​ខ្លួន​នាង​ហើយ​ដុត​ នៃ​ពេល​ដែល​នាង​ធ្វើ​ដំណើរ​ទៅ​កាន់​តុលាការក្នុង​រដ្ឋ Uttar Pradesh ដើម្បី​ដាក់ពាក្យ​ប្តឹង៕​ ​

XS
SM
MD
LG