ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​ព្យាយាម​ទប់ស្កាក់​ជំងឺ​កូវីដ១៩​ទាំង​លំបាក​​ខណៈ​ចំនួន​អ្នក​ឆ្លង​កើន​លើស​១​លាន​នាក់


មនុស្ស​កំពុង​តម្រង់​ជួរ​ដើម្បី​ឡើង​ជិះ​ឡាន​ក្រុង​នៅ​ទីក្រុង Kolkata ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃ​សុក្រ។ ឥណ្ឌា​មាន​អ្នក​ឆ្លង​​វីរុស​កូរ៉ូណា ជាង​១​លាន​នាក់​កាល​ពី​ថ្ងៃ​សុក្រ។

ចំនួន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ដែល​បង្ក​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​កាល​ពី​ថ្ងៃ​សុក្រ​បាន​កើន​ឡើង​ដល់​ជាង​១​លាន​នាក់ ដែល​ធ្វើ​ឲ្យឥណ្ឌា​ក្លាយ​ជា​ប្រទេស​ទី​៣​ក្នុង​ពិភពលោក​ដែល​មាន​អ្នក​ឆ្លង​ជាង​១​លាន​នាក់​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​និង​ប្រេស៊ីល។

ក្រុម​មន្ត្រី​បារម្ភអំពី​ថា​ ឥណ្ឌា​មិន​បាន​ត្រៀម​លក្ខណៈ​គ្រប់គ្រាន់ដើម្បី​ប្រឈម​នឹងកំណើន​ការ​ឆ្លង​ដ៏​គំហុក​ដែល​ទំនង​នឹង​កើត​ឡើង ហើយ​ដែល​អាច​ធ្វើ​ឲ្យមន្ទីរពេទ្យ​និង​ប្រព័ន្ធ​សុខាភិបាល​របស់​ឥណ្ឌា​ហួស​សមត្ថភាព​ទទួល​អ្នក​ជំងឺ​បាន។​

ការ​ឆ្លង​ថ្មី​ចំនួន​ជិត៣៥.០០០​ករណី​ក្នុង​រយៈ​ពេល​២៤​ម៉ោង​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ឥណ្ឌា​កាល​ពីថ្ងៃ​សុក្រ​កើន​ដល់​១.០០៣.៨៣២​នាក់។

ក្រសួង​សុខាភិបាល​ឥណ្ឌា​កាល​ពី​ថ្ងៃ​សុក្រ​ក៏​បាន​រាយការណ៍​អំពី​ចំនួន​អ្នក​ស្លាប់​ច្រើន​បំផុត​ក្នុង​មួយ​ថ្ងៃ​រហូត​ដល់​៦៨៧​នាក់ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ជាង​២៥.០០០​នាក់។

ប៉ុន្តែ​មន្ត្រី​សុខភិបាល​ឥណ្ឌាក៏​រាយការណ៍​ថា ​អ្នក​ជំងឺ​កូវីដ១៩ ជាង​៦៣៥.០០០​នាក់ បាន​ជា​សះ​ស្បើយ ចំនួន​គឺ​ស្មើ​នឹង​៦៣%​នៃ​អ្នក​ជំងឺ​ហើយ​ចំនួន​នេះ​កាន់​តែ​កើន​ឡើង។

ការ​កើន​ចំនួន​អ្នក​ឆ្លង​ដល់ជាង​១​លាន​នាក់​នេះ កើត​មាន​ឡើងខណៈ​ដែល​រដ្ឋ​ជា​ច្រើន​របស់​ឥណ្ឌា​បានចេញ​វិធានការ​បិទ​សកម្មភាព​នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន​ ដោយ​អាជ្ញាធរ​នៅ​ទី​នោះ​ក៏​ព្យាយាម​បើក​សកម្មភាព​សេដ្ឋកិច្ច​ខ្លះ​វិញ​ដែរ។

រដ្ឋ​បីដែល​មាន​ទី​ក្រុង​ធំៗ​គឺ​ រដ្ឋ Maharashtra, Delhi និង Tamil Nadu មាន​អ្នក​ឆ្លង​សរុប​ជាង​ពាក់​កណ្តាល​របស់​ឥណ្ឌា ប៉ុន្តែ​នៅ​ពេល​នេះ​កំណើន​ការ​ឆ្លង​ថ្មី​ទំនង​នឹង​កើន​ឡើង​នៅ​តំបន់​ជនបទ​ដ៏​ធំធេង​របស់​ឥណ្ឌា​ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​ទន់​ខ្សោយ​ជាង​តំបន់​ទី​ក្រុង៕

XS
SM
MD
LG