ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនន់​ទឹកភ្លៀង​នៅ​ក្រុង​ព្រះសីហនុ​សម្លាប់​មនុស្ស​ម្នាក់ និង​ខូចខាត​ទ្រព្យ​សម្បត្តិ​របស់​ពលរដ្ឋ


ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ព្រះសីហនុ ដែល​បាន​ជន់លិច​ដោយ​ជំនន់​ទឹក​ភ្លៀង​កាល​ពី​ថ្ងៃ​អង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១។ (រូបថត​ពីបណ្តាញ​សង្គមហ្វេសប៊ុក)
ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ព្រះសីហនុ ដែល​បាន​ជន់លិច​ដោយ​ជំនន់​ទឹក​ភ្លៀង​កាល​ពី​ថ្ងៃ​អង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១។ (រូបថត​ពីបណ្តាញ​សង្គមហ្វេសប៊ុក)

ជំនន់​ទឹក​ភ្លៀង​កាល​ពី​ថ្ងៃ​អង្គារ​បណ្តាល​ឲ្យ​លិច​លង់​ផ្នែក​មួយ​ចំនួននៃ​ក្រុង​ព្រះសីហនុ​យ៉ាង​ធ្ងន់​ធ្ងរ ដែល​បាន​សម្លាប់​ពលរដ្ឋ​ម្នាក់ និង​ធ្វើ​ឲ្យ​ខូច​ខាតទ្រព្យ​សម្បត្តិ​មួយ​ចំនួន។ នេះ​បើ​តាម​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ។

រដ្ឋបាល​ខេត្ត​ព្រះ​សី​ហនុ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ បាន​បង្ហោះ​សារ​នៅ​លើ​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ថា​ តាម​ការ​ព្យាករណ៍​ នឹង​មាន​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្ទាប់​នៅ​ខេត្ត​ព្រះ​សីហនុ ដូច្នេះ​រដ្ឋបាល​ខេត្ត​អំពាវ​នាវ​ដល់​ប្រជា​ពល​រដ្ឋ​ទាំង​អស់ «ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត» ដោយ​ស្វែង​រក​ទីតាំង​ដែល​មានសុវត្ថិ​ភាព​ និង​កុំ​ចាក​ចេញ​ពីផ្ទះ​បើ​គ្មាន​ភាព​ចាំបាច់។

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា​ ពលរដ្ឋ​ម្នាក់ ក្នុង​វ័យ​ជាង​៤០​ឆ្នាំ ត្រូវ​បាន​ទឹក​ហូរ​គួច ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង នៅ​ចំណុច​អូរ៥​ ស្ថិត​នៅ​ក្នុង​ភូមិ​៥ សង្កា​ត់​លេខ​៤ ក្រុង​ព្រះ​សីហនុ។

លោក​ ឃាង ភារម្យ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះ​សីហនុ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ជំនន់​ទឹក​ភ្លៀង​នេះ​បណ្តាល​ឲ្យ​ជន់​លិច​តំបន់​ទំនាប​មួយ​ចំនួន​ក្នុង​ក្រុងព្រះ​សី​ហនុ ​ដែលភ្លៀង​ខ្លាំង​នៅចន្លោះ​ម៉ោង​ ៥​ល្ងាច ​ដល់​ម៉ោង ​៨​យប់​ ហើយកម្រិត​ទឹក​ភ្លៀង​ពី​ ១២០​មីលី​ម៉ែត្ រទៅ​ដល់ ២៧៩​មីលី​ម៉ែត្រ។ លោក​បន្ថែម​ថា ​ដោយ​សារ​តែ​ភ្លៀង​មាន​កម្រិត​បង្គួរ​ទៅ​ខ្លាំង​ ទើប​បណ្តាល​ឲ្យ​ទឹក​ហូរ​ចូល​លូ​មិន​ទាន់ និង​ធ្វើឲ្យ​ជន់​លិច​បែប​នេះ។

លោក​ថ្លែង​ថា៖ ​«កាល​ណា​ភ្លៀង​ធ្លាក់​ខ្លាំង គឺ​ទឹក​វា​មិន​អាច​ហូរ​ទាន់​បាន​ភ្លាម​ៗទេ ប៉ុន្តែ​ដោយ​ការ​កាយ​ស្តារ​អូរ ប្រឡាយ​របស់​យើង​កន្លង​មក​ហ្នឹង​ គឺ​វា​ធ្វើ​ឲ្យ​ទឹក​[ភ្លៀង] វា​ហូរ​បាន​លឿន។ អញ្ចឹង​ការ​ជន់​លិច​ហ្នឹង​ក៏​មិន​ចំណាយ​រយៈ​ពេល​យូរ​ដែរ​ មាន​ន័យ​ថាបន្ទាប់​ពី​ភ្លៀង​បង្អង់ យើង​ឃើញ​ហើយ​នៅ​ម៉ោង​១០​យប់​ថ្ងៃ​ដដែរ​ហ្នឹង​ ទឹក​វា​ស្រក​ទៅ​វិញ»។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ​រូប​នោះ​បន្ត​ថា​ ដោយ​សារ​តែ​កម្ពុជា​ទទួល​រង​ឥទ្ធិពល​បម្រែ​បម្រួល​អាកាស​ធាតុ​ពី​ប្រទេស​ឥណ្ឌា ទើប​នាំ​ឲ្យ​មាន​ភ្លៀង​ខ្លាំង។ ហើយ​នេះ​ជា​លើក​ទី​២ ដែល​បណ្តាល​ឲ្យ​មាន​ការជន់​លិច​ខ្លាំង​ក្នុង​ខេត្ត​ព្រះ​សី​ហនុ។

លោក​បញ្ជាក់​ថា៖ «មែន​ទែន​ទៅ​យើង​ទើប​ជួប​នៅ​ក្នុង​ឆ្នាំ​កន្លង​ទៅ​ម្តង ហើយ​ឆ្នាំ​នេះ​ជា​លើក​ទី២​ ដោយ​សារ​ភ្លៀង​វា​ធ្លាក់​ខ្លាំង»។

នៅ​ក្នុង​សារ​ជូន​ដំណឹង​មួយ​ចេញ​ផ្សាយ​នៅ​រសៀល​ថ្ងៃ​ពុធ ក្រសួងធន​ធាន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី២៥ ខែ​សីហា វេលា​ថ្ងៃត្រង់​ មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​មធ្យម​នៅ​ក្រុង​ព្រះ​សីហនុ និង​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហនុ»។

ចំណែក​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ​ក្រសួង​ធន​ធាន​ទឹក​បាន​ចេញ​សេច​ក្តីជូន​ដំណឹង​ថា​ចាប់​ពី​ថ្ងៃ​ទី​២​៥ ​ទៅ​ដល់​ថ្ងៃ​ទី​៣១ ខែ​ឆ្នាំ​២០២១ កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា ក្នុង​កម្រិត​ខ្លាំង ដែល​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្នុង​កម្រិត​មធ្យម​ទៅ​ខ្លាំង និង​មាន​លាយ​ឡំទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ផង​ដែរ។

ម៉ូតូ​របស់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ព្រះសីហនុ ដែល​បាន​ជន់លិច​ដោយ​ជំនន់​ទឹក​ភ្លៀង​កាល​ពី​ថ្ងៃ​អង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១។ (រូបថត​ពីបណ្តាញ​សង្គមហ្វេសប៊ុក)
ម៉ូតូ​របស់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ព្រះសីហនុ ដែល​បាន​ជន់លិច​ដោយ​ជំនន់​ទឹក​ភ្លៀង​កាល​ពី​ថ្ងៃ​អង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១។ (រូបថត​ពីបណ្តាញ​សង្គមហ្វេសប៊ុក)

អ្នក​ស្រី គៀន ភា​រី អាយុ​៣០​ឆ្នាំ ជា​ពល​រដ្ឋ​ម្នាក់ ដែល​រស់​នៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុ បាន​ប្រាប់​វីអូអេ​កាល​ពីយប់​ថ្ងៃ​អង្គារ​ថា ​ភ្លៀង​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​ប៉ុណ្ណោះ ទឹក​បាន​ហូរ​សម្រុក​ចូលមក​ពេញ​ផ្ទះ​របស់អ្នក​ស្រី ហើយ​បានលិច​ម៉ូតូ ឃើញ​ត្រឹម​តែ​កញ្ចក់​ម៉ូតូ​តែ​ប៉ុណ្ណោះ។ អ្នកស្រី​បន្ថែម​ថា ​អ្នកស្រី​មិន​បាន​រើ​អី​វ៉ាន់​ទាន់​នោះទេ។ អ្នកស្រី​បញ្ជាក់​ថា ​ចាប់​តាំង​ពី​ធ្វើ​ផ្លូវ ដាក់​លូ​ថ្មី​មក ឲ្យ​តែ​ភ្លៀង គឺ​លិច​តែ​ម្តង។

អ្នកស្រី​ថ្លែង​ថា​៖ «​ តាំង​ពី​ធ្វើ​លូ ធ្វើ​ផ្លូវ​ថ្មី​មក ឮ​ថា​ផ្អាក​[លិច​ទឹក​]មួយ​ឆ្នាំ​ដែរ​ហ្នឹង ប៉ុន្តែ​ឥឡូវ​មិន​ដឹង​យ៉ាង​ម៉េច​ទេ ភ្លៀង​តែ​កន្លះ​ម៉ោង ឬ​មួយ​ម៉ោង​លិច​យក​តែ​ម្តង ប្រមូល​អី​វ៉ាន់​អត់​ទាន់»។

អ្នកស្រី​ថ្លែង​បន្ត​ថា៖ «​ពិបាក​ខ្លាំង​ហ្មង ពិបាក​តាំង​ពី​កន្លែង​ហូប ពិបាក​ទាំង​ចង្ក្រានបាយ ពិបាក​តាំង​ពី​កន្លែង​គេង ជា​ពិសេស​កន្លែង​គេងហ្មង ហើយ​គ្នា​[មនុស្ស]ច្រើន​ទៀត ​គ្នា[មនុស្ស]​ឡើង​ជាង​១០​នាក់​»។

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត អ្នកស្រី ពេជ្រ ចាន់ថន​ ដែល​រស់​នៅ​តំបន់​ចម្ការ​ស្ពៃ សង្កាត់​លេខ​៤​ ក្រុង​ព្រះ​សីហនុ​ បាន​ប្រាប់​វីអូអេ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា​ អ្នកស្រី​មាន​ការ​ភ័យ​តក់​ស្លុត នៅ​ពេល​ទឹក​ឡើង​មក​ខ្លាំង និង​លឿន​បែប​នេះ​។ ហើយ​ផ្ទះ​របស់​អ្នកស្រី​ត្រូវ​បាន​ជន់​លិច​ដល់​ទៅ​កម្ពស់​ប្រមាណ​៤​ម៉ែត្រ ដែល​ធ្វើ​ឲ្យ​អ្នកស្រី​បារម្ភ​អំពី​សុវត្ថិ​ភាព​កូនស្រី​អាយុ​ ២​ឆ្នាំ។

អ្នកស្រី​ថ្លែង​ថា៖ «មនុស្ស​ប្រុស​ថា​ អស់​ហើយ​[កម្ពស់]​១​ម៉ែត្រ​៨០ ហើយ​ទឹក​ចូល​៤​ម៉ែត្រ​ហើយ​គាត់​រៀង​ពិបាក​[ចូល​ជួយ​]...។ ហើយ​គាត់​ពិបាក​ គាត់​យក​ធុង​ស្នោ​មួយ​ [ហើយ​]​ដាក់​កូន​ខ្ញុំ​ចូល​ក្នុង​ធុង​ហ្នឹង បណ្តែត​តាម​ទឹក​ទៅ​ ហើយ​ខ្ញុំ​គាត់​ជួយ​គ្រា[ខ្ញុំ​ចេញ​] ដោយ​សារ​ខ្ញុំ​អត់​ចេះ​ហែល​ទឹក ...ហើយ​គាត់​២​នាក់​ហ្នឹង​ជួយ​ [ហើយ​]​បើនិយាយ​ចំទៅ​ គឺ​ចង់​ភ័យ​ខ្លួន​ដែរ​ ដោយ​សារ​ទឹក​ជ្រៅ ហើយ​ទឹក​បុក​ម​ក​ខ្លាំង​ទៀត​។ ហើយ​ទម្រាំ​បាន​ចេញ​ផុត​ព្រលឹងព្រលះ​ដែរ​ហ្នឹង»។

បើ​តាម​អ្នកស្រី ​ចាន់​ថន បើ​ទោះ​ផ្ទះ​របស់​អ្នកស្រី ទាប​ជាង​គេ​មែន ប៉ុន្តែ​ទឹក​មិន​ដែល​លិច​បែប​នេះ​ទេ។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ គឺ​លិច​លង់​ធ្ងន់​តែ​ម្តង ហើយ​របស់​របរ​ក្នុង​ផ្ទះ គឺ​ខូច​ខាតខ្ទេច​តែ​ម្តង។

អ្នកស្រីបន្ត​ថា៖ «និយាយ​ចំ​ទៅ​ប្រហែល​ជា​៣[ឬ​៤​]ឆ្នាំ​ហ្នឹង​ជាប់​ៗគ្នា លិច​ហ្ហា។ គ្រាន់​ថា​ឆ្នាំ​ដំបូង​លិច​អញ្ចឹង​ដែរ ឆ្នាំ​ទី២​ មិន​សូវ​ទេ ឆ្នាំ​ទី​៣​ក៏​លិច ហើយ​លិច​ដូច​ឆ្នាំ​ទៅ​មួយ​អញ្ចឹង»។

ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ព្រះសីហនុ ដែល​បាន​ជន់លិច​ដោយ​ជំនន់​ទឹក​ភ្លៀង​កាល​ពី​ថ្ងៃ​អង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១។ (រូបថត​ពីបណ្តាញ​សង្គមហ្វេសប៊ុក)
ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ព្រះសីហនុ ដែល​បាន​ជន់លិច​ដោយ​ជំនន់​ទឹក​ភ្លៀង​កាល​ពី​ថ្ងៃ​អង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១។ (រូបថត​ពីបណ្តាញ​សង្គមហ្វេសប៊ុក)

អ្នកស្រី ជៀប សុធារី មន្រ្តី​សម្រប​សម្រួលរបស់​សមា​គម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​កាល​មុន​ឆ្នាំ​២០១៧ គឺ​មិន​ដែល​មាន​ការ​ជន់​លិច​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​បែប​នេះ​ទេ។ ប៉ុន្តែ​បន្ទាប់​ពី​ឆ្នាំ ២០១៧ គឺ​សង្កេត​ឃើញ​ថា​ក្រុង​ព្រះ​សីហនុ​ចាប់​ផ្តើម​សំបូរផ្ទះនិង​អគារ​ជាច្រើន ដែល​ទឹក​មិន​មានកន្លែង​ហូរ​ទៅ​ដូច​មុន ទើប​បណ្តាល​ឲ្យ​លិច​បែប​នេះ។

អ្នកស្រី​ថ្លែង​ថា៖ «ដូចខ្ញុំ​និយាយ​អញ្ចឹង​ កា​ល​ណា​ភ្លៀង​ខ្លាំង​ ប្រព័ន្ធ​លូ​យើង​អម​សងខាង​ផ្លូវ​ហ្នឹង​វាតូច​ វា​ហូរ​អត់​ឈ្នះ​ទេ​ ហើយ​ទម្រាំ​ហូរ​ទៅ​ដល់​សមុទ្រ​។ កាល​មុន​យើង​មាន​ដី​សល់​ច្រើន​ដែល​អា​ច​បណ្តាក់​ទឹក​[ហូរ]​បាន...​ទឹក​វា​ភ្លៀង​ខ្លាំង​មក​វាហូរ​ធ្លាក់​ទៅ​កន្លែង​ទំនាប​ហើយ​ទៅ​ដីដែល​ទំនេរ​នៅ​សល់​ហ្នឹង​ហើយ​វាហូរ​បន្ត​បន្ទាប់​ [តាម]ផ្ទៃ​បណ្តាក់​ទឹក​ទៅ​ណា​ វា​អាច​ទម្លាក់​ទៅ​ដល់​សមុទ្រ​ហ្នឹង​ វា​មាន​ផ្ទៃ​ល្វឹង​ល្វើយ»។

អ្នកស្រី​បន្ត​ថា​ការ​រៀប​ចំ​ផ្លូវ ប្រព័ន្ធ​លូ និង​ប្រឡាយ គឺ​រុះរើ​ធ្វើ​ចំនួន​៣​ដង​រួច​មក​ហើយ ប៉ុន្តែ​ហាក់​មិន​ទាន់​ដំណើរ​ការ​ល្អ​នៅ​ឡើយ។

លោក ហេង គឹមហុង ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ​របស់​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​(Cambo​dian Youth Network) បាន​ប្រាប់​វីអូអេ​ថា​ជំនន់​ទឹក​ភ្លៀង​នេះ អាច​បណ្តាល​មក​ពី​កត្តា​ពីរ គឺទីមួយ​ផ្នែកគមនា​គមន៍​ នៅ​ពេល​ដែល​មាន​ការ​ស្ថាបនា​កន្លែង​ណា​មួយ​ ត្រូវ​គិត​គូរ​ប្រព័ន្ធ​លូ​ក្នុង​ការរំដោះ​ទឹក​ឲ្យ​សមមាត្រ​ជាមួយ​ទំហំ​ទីតាំង និង​សណ្តាន​ដី​នៅ​ទីនោះ​ បើ​មិន​ដូច្នេះ​ទេ វា​នឹង​ធ្វើ​ឲ្យ​ទឹក​ភ្លៀងពុំ​អាច​ហូរ​ចេញ​បាន​ទាន់​ពេល​វេលា។ ទីពីរ​ការ​លុប​បឹង ការ​លុប​ប្រឡាយ​ធម្ម​ជាតិ ដែល​ធ្លាប់​តែ​ទទួល​ទឹក​ភ្លៀង​នេះ ក៏​ធ្វើ​ឲ្យ​មាន​ការកក់​ស្ទះ​ចរន្ត​ទឹក និង​បណ្តាល​ឲ្យ​ការ​ជន់​លិច​ជំនន់​ទឹក​ភ្លៀងបែប​នេះ។

លោក​ថ្លែង​ថា៖ «ការ​ឆ្លុះ​បញ្ចាំង​បែប​នេះ ​ជា​សញ្ញា​មួយ​ដែល​គួរ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​មូ​លដ្ឋាន​ពិនិត្យ និង​ពិចារណា​ឡើង​វិញ​រាល់​ការ​អភិវឌ្ឍន៍ទាំង​ឡាយ​ណា​ដែលមាន​គម្រោង​លុប​បឹង​ធម្មជាតិ ឬ​លុប​ប្រព័ន្ធ​រំដោះ​ទឹក​ធម្ម​ជាតិ​ ជា​ពិសេស​គួរ​តែ​បង្កើត​ប្លង់​មេ​ឲ្យ​បាន​ត្រឹម​ត្រូវ​ក្នុង​ការ​រំដោះ​ទឹក​ចេញ​ពី​ទីក្រុង ដើម្បី​កុំ​ឲ្យ​មាន​ការ​ជន់​លិច​បែប​នេះ។ ការ​ជន់​លិច​វា​បង្ក​ឲ្យ​មាន​ការ​ខូច​ខាត​ទៅ​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ហើយ​និង​ប្រព័ន្ធ​សេដ្ឋ​កិច្ច។ ជា​ពិ​សេស​បើ​សិន​ជា​មាន​គ្រោះ​ថ្នាក់​ជា​យ​ថា​ហេតុ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ទៀត​ ក៏​បង្ហាញ​ឲ្យ​ឃើញ​វិប្បដិ​សារី​ក្នុង​ការ​អភិវឌ្ឍ​ផង​ដែរ»។

គួរ​បញ្ជាក់​ថា​ ចាប់​តាំង​ពី​ឆ្នាំ​២០១៦ ​ក្រុង​ព្រះ​សីហនុ​បាន​ក្លាយ​ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​មួយ ដែល​មាន​ការ​ហូរ​ចូល​យ៉ាង​សន្ធឹក​សន្ធាប់​ពី​អ្នក​វិនិយោគ​ចិន ក្នុង​នោះ​មាន​ការ​បង្កើត​កាស៊ីណូ​លេង​ល្បែង​រាប់​រយ និង​ការ​សាងសង់​អគារ​ខ្ពស់ៗ​ផ្សេង​ៗ​៕

XS
SM
MD
LG