លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា អ្នកស្លាប់សរុបដោយសារទឹកជំនន់ក្នុងប្រទេសកម្ពុជារហូតមកដល់ថ្ងៃពុធនេះ មានចំនួន ៣៤ នាក់ ហើយមនុស្សជាង ៤ សែននាក់ ផ្សេងទៀតទទួលរងផលប៉ះពាល់ ដោយសារទឹកជំនន់នេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ នៅថ្ងៃពុធថា យ៉ាងហោចណាស់ដីកសិកម្មចំនួន ២៤០.០០០ ហិកតា ត្រូវបានទឹកជន់លិច រួមទាំងផ្នែកខ្លះក្នុងរាជធានីភ្នំពេញផង ដែលមានមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីផ្ទះ។ ស្ថានីយទូរទស្សន៍ក្នុងស្រុកបានបង្ហាញពីរូបភាពទាហានជម្លៀសអ្នកភូមិពីផ្ទះលិចទឹក កាលពីថ្ងៃអង្គារ នៅភាគពាយព្យខេត្តបន្ទាយមានជ័យ។
ដោយឡែក ក្នុងប្រទេសវៀតណាមវិញ មនុស្សជាង ១០០ នាក់ បានស្លាប់ ហើយមនុស្ស ២០ នាក់ បានបាត់ខ្លួនក្នុងភាគកណ្តាលប្រទេសវៀតណាម បន្ទាប់ពីមានទឹកជំនន់ខ្លាំង និងការបាក់ដីក្នុងតំបន់នេះ អស់ជាច្រើនសប្តាហ៍មក។ នេះបើតាមការឲ្យដឹងរបស់មន្ត្រីអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃពុធ ខណៈពេលដែលប្រទេសមួយនេះរពឹងថា នឹងមានព្យុះមួយផ្សេងទៀតចូលមកដល់ក្នុងចុងសប្តាហ៍នេះ។
សហព័ន្ធកាកបាទក្រហមអន្តរជាតិ បានឲ្យដឹងថា ផ្ទះប្រមាណ ១៧៨.០០០ ខ្នង នៅប្រទេសវៀតណាម ត្រូវបានទឹកជន់លិច ហើយក្រុមអ្នកជួយសង្គ្រោះបានព្យាយាមជួយផ្តល់អាហារនិងទឹកផឹកដល់អ្នកដែលត្រូវកាត់ផ្តាច់ដោយទឹកជំនន់៕