ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ចុង​ក្រោយ​បង្ហាញ​ថា ជំនន់​ទឹក​ភ្លៀង​សម្លាប់​មនុស្ស​២៥​នាក់ និង​ធ្វើឲ្យ​រងគ្រោះ​មនុស្ស​៣​សែន​នាក់


ទឹក​ភ្លៀង​នៅបន្ត​ជន់​លិចផ្លូវ​២០០៤​ នៅក្នុងទីក្រុង​ភ្នំពេញ​ថ្ងៃទី​១២ ខែតុលា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)​​
ទឹក​ភ្លៀង​នៅបន្ត​ជន់​លិចផ្លូវ​២០០៤​ នៅក្នុងទីក្រុង​ភ្នំពេញ​ថ្ងៃទី​១២ ខែតុលា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)​​

គិត​ត្រឹម​ថ្ងៃ​ច័ន្ទ​នេះ មាន​មនុស្ស​២៥​នាក់​បាន​ស្លាប់​ និង​ប្រជាជន​សរុប​ជាង​៣០០.០០០​នាក់​ក្នុង​រាជធានី​ខេត្ត​ចំនួន​១៩​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ បាន​រង​គ្រោះ​និង​ទទួល​រង​ផលប៉ះពាល់​ដោយសារ​ទឹក​ជំនន់​ដែល​បណ្តាល​មក​ពីភ្លៀង​ក្នុង​ឆ្នាំ​២០២០​នេះ។ នេះ​ បើ​ផ្អែក​តាម​ទិន្នន័យ​សរុប​ចុងក្រោយ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៩​ ខែ​តុលា ​ឆ្នាំ​២០២០។

អ្នក​ស្លាប់​ទាំង​២៥​នាក់​ដែល​រួម​ទាំង​ក្មេង​៧​នាក់​ផង រស់​នៅ​ក្នុង​ខេត្ត​ចំនួន​៥ ​គឺ​បន្ទាយមាន​ជ័យ​ដែល​មាន​អ្នក​ស្លាប់​ច្រើន​ជាងគេ​រហូត​ដល់​១៥​នាក់​ និង​១០​នាក់​ទៀត​ រស់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ពោធិ៍សាត់ ប៉ៃលិន និង​កំពង់​ធំ។

ភាគច្រើន​នៃ​អ្នកស្លាប់ ​គឺ​ដោយ​សារ​លង់​ទឹក ឆក់​ខ្សែភ្លើង​ពេល​ទឹក​លិច​ផ្ទះ​ និង​រអិល​ជើង​ ហើយ​ទឹក​គួច​ទៅ​ជាមួយ​ជាដើម។

​របាយការណ៍​ដែល​ត្រូវ​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ក៏​បាន​បង្ហាញ​ដែរ​ថា​គិត​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​កញ្ញា ​រហូត​ដល់​ថ្ងៃ​ទី​១៩ ​ខែ​តុលា​ ឆ្នាំ​២០២០​នេះ ប្រជាជន​ជាង ​៩​៣០០​គ្រួសារ​ ក៏​ត្រូវ​បាន​ជម្លៀស និង​ផ្ទះ​សម្បែង​ជាង​ ៧៣០០០​ខ្នង បាន​រង​ផល​ប៉ះពាល់។

សាលារៀន​ចំនួន​៥៦៨​កន្លែង ​និង​ស្រូវ​លិច​ទឹក​ប្រមាណ​ជាង​២១​៣.០០០​ហិកតា​ ក៏​ត្រូវ​លិច​ទឹក​ផងដែរ។

រាជធានី​និង​ខេត្ត​ទាំង​១៩ដែល​រង​ផលប៉ះពាល់​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​ក្នុង​ឆ្នាំ​នេះ រួម​មាន​ភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយ​មាន​ជ័យ បាត់ដំបង ស្វាយរៀង ឧត្តមានជ័យ សៀមរាប តាកែវ កំពង់ស្តឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់​ចាម កណ្តាល​ កំពង់​ធំ​និង​ខេត្ត​កំពង់​ឆ្នាំង។ នេះ​បើ​យោង​តាមរបាយការណ៍​បូក​សរុបរបស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ៕

XS
SM
MD
LG