ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​រក្សា​គម្លាត​នៅ​ឆ្ងាយ​ពី​គ្នា ​ជា​វិធី​ដ៏ល្អ​បំផុត​មួយ​ក្នុង​ការប្រយុទ្ធ​​នឹង​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩


មនុស្ស​កំពុង​ឈរ​នៅ​លើ​គំនូស​សម្រាប់​ឈរ​ដើម្បី​នៅឲ្យ​ឆ្ងាយ​ពី​អ្នក​ដទៃ នៅ​ខាង​ក្រៅ​ហាង​លក់​ទំនិញមួយ​ នៅ​ពេល​​ឥណ្ឌា​បិទ​ប្រទេស​​រយៈ​ពេល​ ២១ ថ្ងៃ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ជំងី​កូវីដ១៩ កាល​ពី​ថ្ងៃ​ទី​២៥ មីនា ២០២០ នៅ​រដ្ឋ Haryana។

ឥឡូវនេះ ​ទីក្រុង​ញូវយ៉ក​ គឺជា​ចំណុច​កណ្តាល​នៃ​ការរាតត្បាត​នៃ​វីរុស​កូវីដ១៩ នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ គ្រប់​អាជីវកម្ម​ដែល​មិន​សំខាន់ ត្រូវបាន​បិទ ហើយ​ការប្រមូលផ្តុំ​ដែល​មិនចាំបាច់​ក្នុង​ទំហំ​ណាមួយ​ក៏ដោយ ត្រូវបាន​ហាមឃាត់។ នេះ​គឺ​ជា​ការអនុវត្ត ការរក្សា​គម្លាត​ឲ្យ​នៅ​ឆ្ងាយ​ពី​គ្នា។

ការរក្សា​គម្លាត​ឲ្យ​នៅ​ឆ្ងាយ​ពី​គ្នា​គឺជា​វិធី​មួយ​ក្នុង​ចំណោម​វិធី​ល្អ​បំផុត​មួយ​ចំនួន ដែល​យើង​ត្រូវ​អនុវត្ត ដើម្បី​ទប់ស្កាត់​នឹង​ការរាតត្បាត​នៃ​វីរុស​កូវីដ១៩ នេះ។

អង្គការ​វេជ្ជសាស្រ្ត និង​សុខភាព​នាំមុខ​របស់សហរដ្ឋ​អាមេរិក ដែល​តំណាង​ឲ្យ​វេជ្ជបណ្ឌិត គិលានុបដ្ឋាក និង​មន្ទីរពេទ្យ បាន​សរសេរ​លិខិត​ចំហរ​ទៅ​កាន់​សាធារណៈជន​អាមេរិកាំង ដោយ​អំពាវនាវ​ឲ្យ​ពួកគេ​នៅ​ផ្ទះ។

ពួកគេ​បាន​និយាយ​ថា ការនៅ​ផ្ទះ គឺ​ជា​គន្លឹះ​សំខាន់​មួយ​ក្នុងការ​បន្ថយ​ល្បឿន​នៃ​ការរីក​រាលដាល​នៃ​វីរុស​កូវីដ១៩​នេះ។ ការអនុវត្ត​នេះ នឹង​រារាំង​មនុស្ស​មិន​ឲ្យ​ប៉ះ​លើ​ផ្ទៃ​វត្ថុ ឬ កន្លែង​នានា ដែល​មនុស្ស​ជាច្រើន​បាន​ប៉ះ ដែល​អ្នកខ្លះ អាច​មាន​មេរោគ​នេះ នៅ​លើ​ដៃ​របស់​ពួកគេ។

លោក​វេជ្ជបណ្ឌិត Dan Allan នៃ​គ្លីនិក Cleveland បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ ​«បាក់តេរី​នឹង​មាន​នៅ​គ្រប់ទី​កន្លែង​ដូច្នេះ​ប្រសិនបើ​អ្នក​មិន​លាងដៃ​មុន​ពេល​បរិភោគ ឬ ប្រសិន​បើ​អ្នក​ប៉ះ​លើ​ផ្ទៃ​វត្ថុ​ផ្សេង​ៗទៀត​ដែល​មាន​មេរោគ​នោះ អ្នក​អាច​ឆ្លង ហើយ​ងាយ​នឹង​ឈឺ។ មាន​មេរោគ​ខ្លះ អាច​រស់​បាន​រាប់​សប្តាហ៍​នៅ​លើ​ផ្ទៃ​នានា ដូច្នេះ​អ្នក​ពិតជា​ត្រូវ​ព្យាយាម​ថែរក្សា​បរិស្ថាន​នៅ​ជុំវិញ​អ្នក ជាពិសេស​ការបរិភោគ និង​កន្លែង​បរិភោគ​អាហារ​របស់​អ្នក​ឲ្យ​បាន​ស្អាត»។

វិទ្យាស្ថាន​សុខាភិបាល​ជាតិ​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា វីរុស​កូវីដ១៩ អាច​រស់នៅ​ក្នុង​អាកាស​រហូត​ដល់ ៣ ម៉ោង និង​នៅ​លើ​ផ្ទៃ​កន្លែង​ណា​មួយ​ជា​ច្រើន​ម៉ោង ឬ រហូត​ដល់​ជា​ច្រើន​ថ្ងៃ​បាន។ ដូច្នេះ​ប្រសិន​បើ​អ្នក​ប៉ះ​ប៊ូតុង​ជណ្តើរយន្ត ឬ បង្កាន់ដៃ​ជណ្តើរ ឬ ជណ្តើរយន្ត ឬ​ក៏​បង្កាន់ដៃ​ទ្វារ អ្នក​អាចឆ្លង​វីរុស​នេះ​បាន។

លោក​វេជ្ជបណ្ឌិត Dan Allan នៃ​គ្លីនិក Cleveland បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖ «អ្វីៗ​ដែល​ប៉ះ​ដោយ​ដៃ​ប្រហែលជា​នឹង​កខ្វក់​ហើយ។ ភាគច្រើន​នៃ​ជំងឺ​របស់​អ្នក គឺ​មកពី​ដៃ​របស់​អ្នក​ផ្ទាល់។ ដូច្នេះ ការលាងដៃ​ឲ្យ​បានត្រឹមត្រូវ​ដោយ​ប្រើ​ពេល​ឲ្យ​បាន​គ្រប់គ្រាន់​ដោយ​ប្រើ​សាប៊ូ ឬ ប្រសិនបើ​អ្វី​ដែល​អ្នក​មាន​គឺ​ត្រឹមតែ​ទឹក​លាង​ដៃ​មាន​ជាតិ​អាល់កុល​នោះ អ្នក​ត្រូវតែ​ឲ្យ​ប្រាកដ​ថា អ្នក​បាន​សម្អាត​ដៃ​របស់​អ្នក​មុន​ពេល​ដែល​អ្នក​ប៉ះ​មុខ ឬ បរិភោគ»

គ្រូពេទ្យ​ណែនាំ​ថា នៅ​ពេល​យើង​ក្អក ត្រូវ​ប្រើ​កែងដៃ​របស់​យើង​ខ្ទប់​មាត់ និង​ច្រមុះ ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​វីរុស​នេះ។ ប៉ុន្តែ វា​ជា​ការល្អ​បំផុត នៅពេល​ដែល​យើង​ក្អក យើង​ប្រើ​ក្រដាស់​ជូត​មាត់​ខ្ទប់​មាត់ និង​ច្រមុះ ហើយ​បន្ទាប់​មក​បោះ​វា​ចោល។

វីរុស​កូវីដ១៩​នេះ ហាក់ដូចជា​រីករាលដាល​ភាគច្រើន​នៅក្នុង​សហគមន៍ នៅ​តាម​ភោជនីយដ្ឋាន និង​ការជួបប្រមូល​ផ្តុំ​គ្នា ជាជាង​នៅក្នុង​មន្ទីរពេទ្យ។

នោះ​ហើយ​ជាមូលហេតុ​ដែល​ការរក្សាគម្លាត​ឲ្យ​នៅ​ឆ្ងាយ​ពី​គ្នា ការសម្អាត​ដើម្បី​សម្លាប់​មេរោគ​នៅ​លើ​ផ្ទៃ​នានា និង​របស់​ដែល​អ្នក​ប៉ះ​ញឹកញាប់​ដូចជា ក្តារ​ចុច​កុំព្យូទ័រ ការលាងដៃ និង​ការ​មិន​ប៉ះភ្នែក ច្រមុះ និង​មាត់​របស់​អ្នក នឹង​ធ្វើ​ឲ្យ​អ្នក និង​អ្នកដទៃ​មាន​សុវត្ថិភាព។

អង្គការ​សុខភាព​និយាយ​ថា ពួកគេ​ចង់​ជួយ​មនុស្ស​ឲ្យ​ជា​សះស្បើយ​ពី​ជំងឺ​នេះ ប៉ុន្តែ ពួកគេ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​អាមេរិក ចូលរួម​ចំណែក​ដោយ​អនុវត្ត​ទៅ​តាម​ការណែនាំ ដើម្បី​ការពារ​មិន​ឲ្យ​អ្នកជំនាញ​សុខភាព ធ្លាក់​ខ្លួន​ឈឺ​ដែរ៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់

អត្ថបទ​ទាក់ទង

XS
SM
MD
LG