ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រាដែល​បុគ្គលិក​ការិយាល័យ​ធ្វើការ​ពី​ផ្ទះ ​ពួកគេ​ងាក​ទៅ​រក​បច្ចេកវិទ្យា​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​គ្នា


រូបឯកសារ៖ អ្នកស្រី Marina Brebion ដែល​ជា​គ្រូ​បង្រៀន​កំពុង​ជួយ​ដល់​កូនៗ​​ធ្វើ​លំហាត់​នៅផ្ទះ ក្នុង​ពេល​ដែល​ប្រទេស​បារាំង​កំពុង​បិទ​ប្រទេស ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​កូវីដ១៩។

ការរាតត្បាត​នៃ​វីរុស​កូវីដ១៩ បាន​បង្ខំ​ឲ្យ​បុគ្គលិក​ការិយាល័យ​ជាច្រើន​ធ្វើ​ការងារ​របស់​ពួកគេ​ពី​ផ្ទះ។ ពួកគេ​កំពុង​ប្រើ​បច្ចេកវិទ្យា​យ៉ាងច្រើន​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​សហការី​របស់​ពួកគេ និង​ដើម្បី​បំពេញ​ការងារ​របស់​ពួកគេ​ឲ្យ​បាន​ចប់​សព្វគ្រប់។ ប៉ុន្តែ ដើម្បី​ឲ្យ​ក្រុម​ការងារ​ធ្វើការ​ពី​ចម្ងាយ​ដាច់​ពី​គ្នា​ឲ្យបាន​ដូចប្រក្រតី​ គឺ​មិន​ងាយស្រួល​នោះ​ទេ។

ទីក្រុង​សាន់ហ្វ្រាន់ ស៊ីស្កូ ក្នុង​ពេល​ឥឡូវនេះ គឺ​ទទេ។ អ្នកធ្វើការ​ដែល​អាច​ធ្វើ​បាន គឺ​កំពុងតែ​ធ្វើការ​ពី​ផ្ទះ ដើម្បី​ចៀសវាង​ការឆ្លង​វីរុស​កូវីដ១៩ បន្ទាប់ពី​មាន​បទបញ្ជា​របស់​រដ្ឋាភិបាល​ឲ្យ​បិទ​ទីក្រុង​នេះ។

ក៏ប៉ុន្តែ មាន​បច្ចេកវិទ្យា​ច្រើន ដែល​អាច​ឲ្យ​ពួកគេ​ប្រើប្រាស់​ដើម្បីបំពេញ​ការងារ​របស់​ពួកគេ​បាន។

នៅឯ​ក្រុមហ៊ុន Range ដែល​ជា​ក្រុមហ៊ុនsoftwareមួយ បាន​បង្កើត​កម្មវិធី​ដើម្បី​ឲ្យ​ក្រុម​ការងារ​អាច​ទំនាក់ទំនង​គ្នា ហើយ​បុគ្គលិក​ក្រុមហ៊ុន​ខ្លួន​ឯង​ក៏កំពុងព្យាយាម​ធ្វើ​យ៉ាងណា​អាច​បំពេញ​ការងារ​ពី​ផ្ទះ​បាន។

ក៏ប៉ុន្តែ លោក Braden Kowitz ដែល​ជា​សហ​ស្ថាបនិកក្រុមហ៊ុន Rangeនេះ ថ្លែង​ថា មាន​បញ្ហា​ប្រឈម​ជាច្រើន។ លោក​បាន​ថ្លែង​ក្នុងសម្តី​ដើម​ថា៖ «រឿង​មួយ​ក្នុង​ចំណោម​រឿង​មួយ​ចំនួន ដែល​ខ្ញុំ​បាន​កត់សម្គាល់​នៅ​ពេល​ដែល​មនុស្ស​ធ្វើការ​ពី​ផ្ទះ គឺ​ថា​ពួកគេ​ហាក់​ដូចជា​មាន​ទំនោរ​ក្នុង​ការផ្តាច់ទាំង​ការទាក់ទង​គ្នា​ទូទៅ និង​ទំនាក់ទំនងផ្នែក​វប្បធម៌»។

ដើម្បី​ជួយ​និយោជិក​អំពី​បញ្ហា​នេះ នៅក្រុមហ៊ុន Range បាន​ចាប់ផ្តើម​ធ្វើការ​ត្រួត​ពិនិត្យ​ជារៀងរាល់​ថ្ងៃ ដូច្នេះ​ទាំងប្រធាន ទាំង​បុគ្គលិក​ដឹង​អំពី​ផែនការ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។ ពួកគេ បន្ថែម​សញ្ញា emojis ដើម្បី​បង្ហាញពី​អារម្មណ៍​របស់​ពួកគេ។ ហើយ​ពួកគេ បាន​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​គ្នា​តាម​រយៈការជជែក​គ្នា​តាម​វីដេអូ។

អ្នកនាង Jennifer Dennard គឺជា​ស្ថាបនិក​ម្នាក់​ទៀត​នៃ​ក្រុមហ៊ុន Range ដែល​បាន​សិក្សា​អំពី​ក្រុមការងារ។ អ្នកនាង បាន​ថ្លែង​ក្នុងសម្តី​ដើម​ថា៖ «តាម​ការសិក្សា​មួយ​របស់​យើង គឺថា​វា​ពិត​ជា​អាច​ជួយ​បាន​ច្រើន​ក្នុង​ការ​ដែល​យើង​និយាយ​អំពី​ការងារ​ផង និង​អំពី​រឿង​ផ្សេងៗ​ផង ដូចជា​ការសួរ​សុខទុក្ខ​គ្នា​ជាដើម»។
មាន​បញ្ហា​ដែល​អ្នក​ធ្វើការ​ជាច្រើន​កំពុង​ប្រឈម​មុខ​នោះ គឺ​នៅ​ពេល​ប្រជុំ​តាម​រយៈ​វីដេអូ តើ​អ្នក​សម្រេច​ថា អ្នកណា​គួរ​និយាយ​មុន? ក្រុមហ៊ុន Range បាន​រក​ឃើញ​វិធី​មួយ។

អ្នកនាង Jennifer Dennard បាន​ពន្យល់​អំពី​វិធី​នោះ​ក្នុង​សម្តី​ដើម​ថា៖ «យើង​ពិតជា​មាន​វិធី។ អ្វី​ដែល​យើង​ប្រើ​នោះ ​មើល​ទៅ​ដូចជា​រង្វង់មូល​ដែល​មាន​សញ្ញា​ព្រួញ នៅ​ពេល​ដែល​យើង​បង្វិល​វា វា​នឹង​ចង្អុល​ទៅ​មនុស្ស​ណា​ម្នាក់។ ការធ្វើ​ដូច​នេះ អាច​ជួយ​ឲ្យ​សមាជិក​ម្នាក់ៗ មាន​ឱកាស​បាន​និយាយ​ស្មើៗ​គ្នា ដូច្នេះ គឺ​មិនមែន​អ្នកណា​អាច​និយាយ​ឮ​ជាងគេ និង​មាន​អ៊ីនធឺណិត​មាន​ល្បឿន​លឿន​ជាង​គេ​អាច​និយាយ​បាន​ច្រើន​ជាង​គេ​នោះ​ទេ»។

ការប្រើ​តិចនិច​បច្ចេកទេស និង​វិធី​ដូច​ក្រុមហ៊ុន Range បាន​ប្រើ​នេះ​ហើយ ដែល​ជួយ​មនុស្ស​ឲ្យ​រក​វិធី​ដើម្បី​រក្សា​ប្រតិបត្តិការ​ការងារ​ក្នុង​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​ដូច​សព្វថ្ងៃ​នេះ៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG