Mtaani គឺជាពាក្យគ្រាមភាសានៃភាសាស្វាហ៊ីលី (Swahili) ដែលមានន័យថា «តំបន់ក្រីក្រតោកយ៉ាករបស់យើង»។ ចាប់តាំងពីឆ្នាំ ២០១៣ មក ស្ថានីយវិទ្យុ Mtaani ជាស្ថានីយដែលផ្សាយសំឡេងរបស់ពលរដ្ឋដែលរស់នៅក្នុងតំបន់ Dagoretti នៃទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។ ស្ថានីយវិទ្យុដែលមានកម្លាំងផ្សាយ ១០០ វ៉ាត់នេះ ផ្សាយជាភាសាស្វាហ៊ីលី (Swahili) និងភាសាសេង (Sheng) ដែលភាសាទាំងពីរនេះ ជាភាសាដែលយុវជននៅក្នុងតំបន់ងាយយល់ជាងភាសាដទៃផ្សេងទៀត។
ស្ថានីយនេះគឺជាគំនិតផ្តួចផ្តើមរបស់លោក Kelvin Nyangweso ដែលបានធំដឹងក្ដីនៅក្នុងតំបន់ក្រីក្រតោកយ៉ាកនៃទីក្រុងណៃរ៉ូប៊ីនេះ។
លោក Kelvin Nyangweso និយាយយ៉ាងដូច្នេះថា៖
«យើងគិតថា មានបញ្ហាជាច្រើនដែលយើងអាចផ្សាយបាន ហើយប្រជាពលរដ្ឋកាន់តែច្រើនអាចទទួលបានព័ត៌មានពីការផ្សាយទាំងនេះ ដោយសារតែតំបន់ Dagorreti នេះ មានប្រជាជនចំនួន ២ សែន ៤ ម៉ឺននាក់។ ដូច្នេះ អ្នកអាចស្រមៃមើលថា សារដែលបានផ្សាយចេញតាមរយៈវិទ្យុនេះ អាចផ្លាស់ប្ដូរអ្នកដែលស្ដាប់វិទ្យុនេះ ដែលមានទាំងយុវជនផង បានយ៉ាងម៉េចនោះ ដោយសារតែវិទ្យុ Mtaani នេះ គឺជាគំនិតផ្តួចផ្តើមរបស់យុវជន ហើយប្រជាពលរដ្ឋភាគច្រើនដែលស្តាប់វិទ្យុនេះគឺជាយុវជន»។
លោក Nyangweso បានចាប់ផ្ដើមបង្កើតស្ថានីយវិទ្យុនេះដោយប្រើម៉ាស៊ីនផ្សាយដែលផ្ដល់ដោយអង្គការយូណេស្កូ (UNESCO)។ ស្ថានីយនេះទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុភាគច្រើនពីសប្បុរសជន។ ហើយស្ថានីយនេះបានប្រើប្រាស់ថវិកាឧបត្ថម្ភទាំងនោះដើម្បីផ្គត់ផ្គង់ដល់ការចំណាយទៅលើការជួលទីតាំង និងទៅលើថ្លៃប្រើប្រាស់អគ្គិសនី។
ហេតុអ្វីបានជាស្ថានីយវិទ្យុនេះនៅតែបន្តទទួលបានថវិកាឧបត្ថម្ភនានា? អ្នកឧបត្ថម្ភថវិកានិយាយថា ពួកគេបានមើលឃើញពីឥទ្ធិពលដែលស្ថានីយនេះមានទៅលើសហគមន៍។ អ្នកសារព័ត៌មានទាំង ៩ រូប របស់វិទ្យុ Mtaani នេះ គឺជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់ Dagoretti ដែលធ្វើការដោយស្ម័គ្រចិត្ត។ នាង Tebby Otien បានធ្វើការនៅស្ថានីយវិទ្យុនេះអស់រយៈពេល ៣ ឆ្នាំហើយមកទល់នឹងពេលបច្ចុប្បន្ននេះ។ នាងនិយាយថា មូលហេតុដែលនាងស្ម័គ្រចិត្តធ្វើការនៅទីនេះគឺដោយសារតែនាងជឿលើឥទ្ធិពលនៃការផ្សព្វផ្សាយ។
នាង Tebby បញ្ជាក់យ៉ាងដូច្នេះថា៖
«នៅពេលដែលខ្ញុំដើរនៅជុំវិញតំបន់នេះ ហើយបានឮប្រជាពលរដ្ឋនិយាយអំពីអ្វីដែលពួកគេបានជួបប្រទះ និងអ្វីដែលប៉ះពាល់ដល់ពួកគេ នោះហើយគឺជាប្រធានបទដែលខ្ញុំនឹងយកមកពិភាក្សានៅក្នុងស្ទូឌីយោផ្សាយ។ ក្នុងនាមជាអ្នកកាសែតមួយរូប ខ្ញុំជឿថានៅពេលខ្ញុំលើកយករឿងទាំងនេះមកផ្សាយ ដែលមានដូចជាបញ្ហាអសន្តិសុខ ឬបញ្ហាកង្វះទឹកជាដើមនោះ ពួកគេនឹងមានអារម្មណ៍ថាបញ្ហាដែលប៉ះពាល់ដល់ពួកគេទាំងនេះកំពុងត្រូវបានដោះស្រាយ»។
តាមរយៈកម្មវិធីវិទ្យុរបស់នាង នាង Tebby បានបញ្ចុះបញ្ចូលអ្នកនយោបាយក្នុងស្រុកឲ្យសាងសង់ផ្លូវនៅក្នុងតំបន់នោះ និងកែលម្អភ្លើងបំភ្លឺតាមដងផ្លូវ ដើម្បីឲ្យមានសុវត្ថិភាពល្អប្រសើរជាងមុន។ ក្នុងរយៈពេលពីរឆ្នាំក្រោយមក ទីនោះមានផ្លូវក្រាលកៅស៊ូ និងភ្លើងបំភ្លឺយ៉ាងល្អ។
ពលរដ្ឋរស់នៅទីនោះបាននិយាយថា ពួកគេមានការយល់ឃើញ និងមានចិត្តដូចអ្នកនិយាយវិទ្យុទាំងនោះដែរ ហើយថាអ្នកនិយាយវិទ្យុទាំងនោះបានក្លាយជាអ្នកនាំពាក្យរបស់ពួកគេហើយ។
លោក Alex Opondo ដែលជាអ្នកស្តាប់វិទ្យុនេះដ៏សកម្មម្នាក់បាននិយាយថា៖
«បញ្ហាភាគច្រើនដែលបានផ្សាយតាមវិទ្យុ Mtaani មានដូចជាអំពើហិង្សាទូទៅ អំពើហិង្សាលើស្ត្រីភេទនៅក្នុងផ្ទះប្រជាពលរដ្ឋមួយចំនួន និងបញ្ហាអសន្តិសុខជាដើម។ ហើយតាមពិត បញ្ហាមួយចំនួនធំប្រសិនបើពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ បន្ទាប់ពីបានរាយការណ៍តាមវិទ្យុ Mtaani មក យើងឃើញមានដំណោះស្រាយធ្វើឡើងចំពោះបញ្ហាអស់ទាំងនេះ»។
ស្ថានីយវិទ្យុ Mtaani ក៏រាយការណ៍អំពីដំណឹងក្នុងស្រុកសំខាន់ៗផងដែរ ដែលរឿងទាំងនោះត្រូវបានចាក់ផ្សាយក្នុងអំឡុងពេលការផ្សាយម៉ោង ៩។ ស្ថានីយវិទ្យុនេះមានក្ដីរំពឹងថា នឹងអាចផ្តល់ការងារដល់បុគ្គលិក ហើយអាចផ្សាយទៅដល់តំបន់ផ្សេងៗទៀតនៃទីក្រុងណៃរ៉ូប៊ី នាពេលអនាគត៕
ប្រែសម្រួលដោយ ផន បុប្ផា