ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នៅ​លើ​ព្រំដែន​​មីយ៉ាន់ម៉ា​និង​ចិន «វិទ្យុ​​ឧទ្ទាម» ​ពង្រីក​សំឡេង​របស់​ក្រុម​បះបោរ​​កាជីន


លោក Maram Bawk La ដែល​ជា​ប្រធាន​នៃ​វិទ្យុ Laiza FM កំពុង​ធ្វើ​ការ​នៅ​ក្នុង​ស្ទូឌីយោ​របស់​គាត់។

នៅ​ភាគ​ខាង​ជើង​ប្រទេស ​មីយ៉ាន់ម៉ា ​ឬ​ភូមា​ នៅ​ក្នុង​ទី​ក្រុង​ឡៃហ្សា ​(Laiza) ជា​​ព្រំដែន​នៃ​ប្រទេស​ចិន​ លោក​ Mram ​Bawk ​La​​ អង្គុយ​នៅ​ក្នុង​ស្ទូឌីយោ​វិទ្យុ​តូច​មួយ​របស់​គាត់។ លោក​តម្រូវ​បញ្ជី​នៃ​បទ​ចម្រៀង​​ភាសា​កាជីន​នៅ​លើ​កុំព្យូទ័រ​របស់​គាត់​ ហើយ​ពិនិត្យ​មើល​មីក្រូហ្វូន​ដើម្បី​រៀបចំ​សម្រាប់​ការ​ផ្សាយ​របស់​​ស្ថានីយ​វិទ្យុ​ឡៃហ្សា​អេហ្វអឹម (Laiza FM)។ ការ​រៀបចំ​ដ៏​សាមញ្ញ​ ដោយ​មាន​កំរាល​ព្រំក្រហម​ស្រស់​ ជញ្ជាំង​ទប់​សំឡេង​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ជាមួយ​នឹង​ឧបករណ៍​ស្ទូឌីយោ​មូលដ្ឋាន​ មិន​មែន​ជា​អ្វី​ដែល​យើង​អាច​ស្មាន​ទុក​ជា​សក្ខីកម្ម​ចំពោះ​​​ឥទ្ធិពល​​ពិត​ប្រាកដ​របស់​ស្ថានីយ​វិទ្យុ​មួយ​នេះ​ឡើយ។

ដោយ​តភ្ជាប់​ទៅ​នឹង​ឧបករណ៍​បញ្ជូន​សំឡេង​មួយ​ដែល​មាន​អានុភាព​ជាមួយ​នឹង​រយៈចម្ងាយ​នៃ​ការ​ផ្សាយ​ប្រហែល​ ២០០​គីឡូម៉ែត្រ ​ស្ទូឌីយោ Laiza FM​ ធ្វើ​ការ​ចាក់​ផ្សាយ ​១០​ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ពី​ទី​ក្រុង​ ឡៃហ្សា (Laiza)​ ដែល​ជា​ទីក្រុង​ជាប់ព្រំដែន​និង​ជា​កន្លែង​ក្រុម​បះបោរ​កាជីន​ដ៏​រឹងមាំ​នៅ​តាម​តំបន់​ភ្នំ​ និង​ជា​ព្រំ​ដែន​រវាង​ប្រទេស​មីយ៉ាន់ម៉ា​និង​ប្រទេស​ចិន។ ការ​ផ្សាយ​នេះ​បាន​ទៅ​ដល់​មួយ​ភាគ​ធំ​នៃ​រដ្ឋ​កាជីន​ និងរដ្ឋ​ Shan​ ភាគ​ខាង​ជើង ទីដែល​ជន​ជាតិ​ភាគ​តិច​កាជីន​ភាគ​ច្រើន​បាន​បើក​ស្តាប់​មតិ​យោបល់​របស់​ក្រុម​ឧទ្ទាម​ទៅ​លើ​តំបន់​ដ៏​ជ្រួលច្រាល​ ដែល​ពួកគេ​កំពុងរស់​នៅ​ក្នុង។​

លោក Maram Bawk La ដែល​ជា​បុរស​វ័យ​ក្មេង​មាន​បទពិសោធន៍​ខាង​បច្ចេកវិទ្យា​ម្នាក់​ដែល​គ្រប់គ្រង​ស្ថានីយ​វិទ្យុ​នេះ​បាន​និយាយ​ថា៖ «វិទ្យុ Laiza FM របស់​យើង​គឺ​ពេញ​និយម​ណាស់»។

ថៅកែ​របស់​គាត់ ​លោក​វរសេនីយ៍ឯក ​Naw Bu ​ដែល​ជា​ប្រធាន​នាយកដ្ឋាន​កងទ័ព​ ព័ត៌មាន​ និង​ការ​ផ្សាយ​កាជីន ​(Kachin Independence Army (KIA) News and Information Department) បាន​អះអាង​ថា៖ «យើង​បាន​ផ្សព្វផ្សាយ​ទៅ​ដល់ ​៨០ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​កាជីន» ។

វិទ្យុ ​Laiza FM ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​តុលា​ឆ្នាំ​២០១២​ ក្នុង​រយៈពេល​ខ្លី​បន្ទាប់​ពី​បទឈប់​បាញ់​គ្នា ​ដែល​មាន​រយៈពេល​ ១៧​ ឆ្នាំ​រវាង​ ក្រុម​ KIA ដែល​មាន​យុទ្ធជន​ប្រមាណ​ ១ម៉ឺន​នាក់ ​និង​កងទ័ព​មីយ៉ាន់ម៉ា​បាន​ដួល​រលំ។ គោល​បំណង​របស់​វិទ្យុ​នេះគឺ​ ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុម​ឧទ្ទាម​ផ្តល់​ដំណឹង​ដល់ជនជាតិ​ភាគតិច​កាជីន​ ៧សែន​នាក់​ ដែល​ភាគ​ច្រើន​រស់​នៅ​ក្នុង​តំបន់​របស់​រដ្ឋាភិបាល ​ឆ្ងាយ​ពី​តំបន់​ព្រំ​ដែន​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​ឧទ្ទាម។ ជន​ស៊ីវិល​ប្រហែល​ ១សែន​នាក់​បាន​បាត់​បង់​ទីលំ​នៅ​ដោយសារ​ការ​ប៉ះ​ទង្គិចគ្នា ​ដែល​មាន​សភាព​កាន់​តែ​ខ្លាំង​ឡើង​នៅ​ពេល​ថ្មីៗ​នេះ។

លោក ​Naw Bu ​បាន​និយាយ​ថា៖ «ស្ថានីយ​វិទ្យុ​នេះ​ត្រូវ​បាន​គេ​បង្កើត​ឡើង​ដើម្បី​នាំ​យក​ព័ត៌មាន​ពិត​ទៅ​កាន់​ជន​ភាគ​តិច​កាជីន​និង​ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង»។

លោក​បាន​ពន្យល់​ថា ​ស្ថានីយ​វិទ្យុ​នេះ​ផ្សាយ​ដំណឹង ​និង​ព័ត៌មាន​ក្នុង​ស្រុក ព័ត៌មាន​អន្តរជាតិ ​និង​ព្រម​ទាំង​ព័ត៌មាន​ថ្មី​របស់ KIA អំពី​តំបន់ ​ចម្រៀង​របស់​ជនជាតិ​កាជីន ​និង​ការ​ពិភាក្សា​អំពី​ប្រធាន​បទ​ដូច​ជា​សុខភាព​សាធារណៈ​ជាដើម។ នាយកដ្ឋាន​របស់​លោក​ក៏​បាន​ដំណើរ​ការ​គេហទំព័រ​ព័ត៌មាន​ Kachinnet.net និង​ទូរទស្សន៍​ឡៃហ្សា​ (Laiza) ​បើ​ទោះ​បី​ក្រោយ​មក​ទៀត​ទូរទស្សន៍​នេះ​អាច​ត្រូវ​បាន​គេ​មើល​ឃើញ​តែ​នៅ​ក្នុង​ទី​ក្រុង​ឡៃហ្សា​ក៏​ដោយ។

ស្ថានីយ​វិទ្យុ​ដ៏​ពេញ​និយម​មួយ

ប្រជាជន​កាជីន​បាន​ខឹង​សម្បា​ចំពោះ​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​កណ្តាល​ទៅ​លើ​រដ្ឋ​កាជីន​អស់​រយៈពេល​តាំង​ពី​យូរ​មក​ និង​បាន​រង​ការ​បង្ក្រាប​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​អំឡុង​ទសវត្សរ៍​ដែល​គ្រប់គ្រង​ដោយ​យោធា។ ពួក​គេ​មាន​ចំនួន​តិច​ជាង​ពាក់​កណ្តាល​នៃ​ចំនួន​ប្រជាជន​នៅ​ក្នុង​រដ្ឋ​នេះ ​ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ភាសា​ក្នុង​ស្រុក​ត្រូវ​បាន​ហាមឃាត់​រហូត​ដល់​ពីរ​បី​ឆ្នាំ​មុន​នេះ​ ហើយ​ការ​បង្ហាញ​ភាព​ជាតិ​និយម​របស់​ប្រជាជន​កាជីន​នៅ​តែ​មាន​ភាព​រសើប។

ប្រជាជន​ជាច្រើន​បាន​គាំទ្រ​ដល់​ការ​ទាមទារ​របស់​ក្រុម​ KIA​ ដើម្បី​ស្វ័យភាព​លក្ខណៈ​សហព័ន្ធ ​ហើយ​ប្រជាជន​ទាំង​នេះ​ជា​អ្នក​ដែល​តែងស្ដាប់​វិទ្យុ Laiza FM​ នេះ​បើយោង​តាម​លោក​ Brang Mai​ នាយក​ប្រតិបត្តិ​នៃ​កាសែត ​Myitkyina (Myitkyina News Journal) ដែល​ជា​ស្ថាប័ន​បោះពុម្ព​ផ្សាយ​ឯកជន​មួយ​នៅ​ក្នុង​ក្រុង​ Myitkyina។

លោក​បាន​ថ្លែង​ថា៖ «ពួក​គេ​បាន​ប្រើ​ភាសា​របស់​ពួកគេ​ ដូច្នេះ​ប្រជាជន​ក្នុង​ស្រុក​ភាគ​ច្រើន​ចូលចិត្ត​ស្តាប់​កម្មវិធី​នោះ។ មូលហេតុ​មួយ​ទៀត​គឺ​ថា ​ប្រជាជន​ចង់​ឃើញ​ (នយោបាយ) ផ្លាស់​ប្ដូរ ​... ហើយ​ពួកគេ​អាច​ទទួល​បាន​ដំណឹង​រសើប​គ្រប់ប្រភេទ​ទាំង​អស់​អំពី​តំបន់​ព្រំដែន​និង​ការ​ប្រយុទ្ធ​គ្នា​នោះ»។ លោក​បាន​បន្ថែម​ទៀត​ថា​ អ៊ិនធឺណិត​លើ​ទូរស័ព្ទ​ដៃ ដែល​មាន​លក្ខណៈ​ប្រសើរ ​បាន​កាត់​បន្ថយ​តួនាទី​សំខាន់​នៃវិទ្យុ ​Laiza ​FM ដែល​ជា​កន្លែង​ផ្តល់​ព័ត៌មាន​ទាំង​នេះ។

លោកស្រី ​Aung Aung ​ដែល​ជា​បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ក្នុង​ក្រុង​ Myitkyina​ បាន​ថ្លែង​ថា៖ «នៅ​ពេល​ខ្ញុំ​មើល​ទៅ​សមាជិក​ក្រុម​គ្រួសារ​ និង​អ្នក​ជិត​ខាង​របស់​ខ្ញុំ ​ពួក​គេ​គឺ​ពិត​ជា​សប្បាយ​រីករាយ​ណាស់​នៅពេល​ដែល​ពួក​គេ​អាច​ស្តាប់​វិទ្យុ ​Laiza FM ​ជា​ភាសា​របស់​គេ​ជាពិសេស​គឺ​ផ្នែក​តន្ត្រី​តែ​ម្តង»។ «ហើយ​តាម​ការ​សង្កេត​ផ្ទាល់​របស់​ខ្ញុំ ព័ត៌មាន​ដែល​ពួកគេ​បាន​ផ្សាយ​គឺ​អាច​ទុកចិត្ត​បាន»។

ដោយ​សារ​តែ​វិទ្យុ ​Laiza​ នៅ​តែ​បន្ត​ផ្តល់​ព័ត៌មាន​អំពី​ការ​ប្រយុទ្ធ​គ្នា​ដល់​អ្នក​ស្តាប់​ ប្រជាជន​កាជីន​ជាច្រើន​បាន​ដឹង​ថា​ ការ​ប៉ះ​ទង្គិច​គ្នា​មាន​សភាព​កាន់​តែ​ធ្ងន់ធ្ងរឡើង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​កង​ទ័ព​មីយ៉ាន់ម៉ា​បាន​ផ្ដើម​ការ​វាយលុក​ដ៏​ធំ​មួយ​ ដើម្បី​ទន្រ្ទាន​យក​តំបន់​ភ្នំ​យុទ្ធសាស្រ្ត​ដែល​នៅ​ប្រហែល​ជា​ ៣០ ​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ក្រុង​ឡៃហ្សា។ នៅ​ក្នុង​រយៈពេលថ្មី​ៗ​នេះ ​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​បាន​ផ្ទុះឡើង​នៅ​ក្បែរ​រដ្ឋ ​Shan ​បន្ទាប់​ពី​ក្រុម ​KIA ​ និង​ក្រុម​បះបោរ​ដទៃ​ទៀត​បាន​វាយ​ប្រហារ​ទៅលើ​ស្ថានីយ​ប៉ូលិស​នៅ​ក្បែរ​តំបន់ Muse ដែល​ជា​កន្លែង​ឆ្លង​កាត់​ព្រំដែន​ដ៏​សំខាន់​របស់​ប្រទេស​មីយ៉ាន់ម៉ា​ជាមួយ​ប្រទេស​ចិន។

លោក​ស្រី​ Hkawn​ ដែល​ជា​ស្ត្រី​មេផ្ទះ​ អាយុ​៤១​ ឆ្នាំ​នៅ​ក្នុង​ក្រុង​ឡៃហ្សា​បាន​និយាយ​ថា៖ «ខ្ញុំ​មើល​ទូរទស្សន៍​ឡៃហ្សា​ ហើយ​ខ្ញុំ​ទទួលបាន​ព័ត៌មាន​ពី​វិទ្យុ»។ ខ្ញុំ​ព្រួយ​បារម្ភ​ថា​កងទ័ព​មីយ៉ាន់ម៉ា​នឹង​មក​ដល់​ក្រុង​ឡៃហ្សា។ ​នៅ​ក្នុង​ព្រះវិហារ​យើង​បន់​ស្រន់។​ យើង​ជឿ​ថា​ព្រះ​នឹង​ប្រទាន​ពរ​ដល់​ទាហាន​របស់​យើង»។

វិទ្យុ​របស់​កង​ទ័ព​វាយ​បក​វិញ

ដោយ​ដឹង​ថា​ខ្លួន​ទទួល​បរាជ័យ​លើ​ការ​ប្រយុទ្ធ​តាម​រលក​ធាតុ​អាកាស​នេះ​ក្នុង​គោលបំណង​កែប្រែ​មតិ​ប្រជាជន​កាជីន ​កងទ័ព​មីយ៉ាន់ម៉ា​បាន​បង្កើត​ស្ថានីយ​វិទ្យុ​ Thazin ​FM ​នៅ​ក្នុង​ឆ្នាំ ​២០១៣ ​នៅ​ក្នុង​តំបន់​បញ្ជាការដ្ឋាន​ខាងជើង​នៅក្រុង​Myitkyina។ វិទ្យុ ​Thazin FM ​ផ្សាយ​កម្ម​វិធី​ ជា​ភាសា​កាជីន​រយៈពេល​ប្រាំពីរ​ម៉ោង​ក្នុង​មួយ​ថ្ងៃ ​ហើយ​ស្ថានីយ​នេះ​បាន​ព្យាយាម​ធ្វើ​អោយ​កក​ស្ទះ​រលក​សញ្ញា​នៃ​វិទ្យុ Laiza ​FM​ ដោយ​កាន់​កាប់​ប្រេកង់​៨៩,៥​ដូចគ្នា​ដែរ ។

លោក​ Maram ​Bawk ​បាន​និយាយ​ជាមួយ​នឹង​ស្នាម​ញញឹម​ហើយ​បាន​បន្ថែម​ថា ​បើ​ទោះ​បី​ជា​មាន​បញ្ហា​នេះ​មាន​ប្រជាជន​កាជីន​តិចតួច​បំផុត​ដែល​នឹង​ច្រឡំ​ស្តាប់​វិទ្យុ​ Thazin FM។ លោក​បាន​និយាយ​ថា៖ ​«អ្នក​ស្តាប់​វិទ្យុរបស់​យើង​ត្រូវ​តែ​រក​ប៉ុស្តិ៍​ដោយ​ប្រុងប្រយ័ត្ន»។

លោក​បាន​និយាយ​ថា៖

«ពួក​គេ​មាន​ការ​ឃោសនា​ដោយ​មាន​ព្រឹត្តិការណ៍​ខាង​មីយ៉ាន់ម៉ា​តែ​ប៉ុណ្ណោះ។ យើង​មាន​ការ​ឃោសនា​តិចតួច​ហើយ​មាន​ព័ត៌មាន​ច្រើន​សម្រាប់​ប្រជាជន។ វិទ្យុ​ Laiza ​FM មាន​បទ​ចម្រៀង​កាជីន​ចាស់ៗ​ និង​មាន​ចំរៀង​ជាតិ​ចំណែក​ ឯ​វិទ្យុ ​Thazin​ មិន​មាន​បទ​ចម្រៀង​ដូចគ្នា​នេះ​ទេ។ ប្រជាជន​គ្រប់​រូប​ដឹង​ពី​ភាព​ខុសគ្នា »។

គាត់​បាន​និយាយ​បន្ថែម​ថា៖«វិទ្យុ ​FM​ របស់​យើង​មាន​អ្នក​ស្តាប់​ច្រើន​ជាង»។​

លោក Brang ​Mail នៃ​កាសែត​ Myitkyina ​យល់​ស្រប​នឹង​ការ​យល់​ឃើញ​នេះ​ដែរ។ លោក​និយាយ​ថា៖ «វិទ្យុ ​Thazin ​FM ​ប្រើ​ភាសា​ជនជាតិ​ដើម​ភាគ​តិច​របស់​យើង​ ប៉ុន្តែ​ប្រជាជន​កាជីន​ភាគ​ច្រើន​ដឹង​យ៉ាងច្បាស់​ថា ​វិទ្យុ ​Thazin ​FM​ គឺ​ជា​ប្រភេទ​នៃ​ការ​ឃោសនា​ពី​ខាង​យោធា​ ដូច្នេះ​ប្រជាជន​ភាគ​ច្រើន​មិន​អើពើ​នឹង​វិទ្យុនោះ​ទេ»៕

ប្រែ​សម្រួល​ដោយ​ផន​ បុប្ផា

XS
SM
MD
LG