ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះសព​ព្រះមហាក្សត្រិយានី Elizabeth ទី ២ ត្រូវ​បាន​ដង្ហែ​ទៅ​តម្កល់​ជា​ផ្លូវ​រដ្ឋ​នៅ​វិមាន​សភា​ចក្រភព​អង់គ្លេស


ព្រះសព​របស់​ព្រះមហាក្សត្រិយានី Elizabeth ទី ២ ត្រូវ​បាន​ដង្ហែ​ចេញ​ពី​ព្រះ​មរមរាជវាំង Buckingham ទៅ​កាន់​សាល Westminster របស់​សភា​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២២។

នៅ​ថ្ងៃ​ពុធ​នេះ​វេលា​ម៉ោង ២ និង ២២ នាទី​រសៀល ម៉ោង​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស ព្រះសព​របស់​ព្រះមហាក្សត្រិយានី Elizabeth ទី ២ ត្រូវ​បាន​ដង្ហែ​ចេញ​ពី​ព្រះ​មរមរាជវាំង Buckingham ទៅ​កាន់​សាល Westminster របស់​សភា​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ដែល​នៅ​ទីនោះ​ព្រះសព​របស់​ព្រះអង្គ​នឹង​ត្រូវ​តម្កល់​ជា​ផ្លូវ​រដ្ឋ។

ព្រះមហាក្សត្រ Charles ទី ៣ បាន​យាង​ពី​ក្រោយ​ក្បួន​ដង្ហែ​ព្រះសព​របស់​ព្រះមហាក្សត្រិយានី​ដែល​ជា​ព្រះ​មាតា​របស់​ព្រះអង្គ។ ព្រះអង្គ​ម្ចាស់ William និង​ព្រះអង្គ​ម្ចាស់ Harry ដែល​ជា​បុត្រា​របស់​ព្រះមហាក្សត្រ Charles រួម​ជាមួយ​នឹង​ម្ចាស់ក្សត្រិយ៍ Anne ព្រះអង្គ​ម្ចាស់ Andrew និង​ព្រះអង្គ​ម្ចាស់ Edward ដែលជា​ព្រះ​អនុជ ក៏​បាន​យាង​ចូលរួម​ផងដែរ​នៅ​ក្នុង​ព្រះរាជ​ពិធី​ដង្ហែ​នេះ។

ព្រះសព​របស់​ព្រះមហាក្សត្រិយានី Elizabeth ទី ២ នឹង​ត្រូវ​តម្កល់​ជា​ផ្លូវ​រដ្ឋ​រយៈពេល ៤ ថ្ងៃ នៅ​ក្នុង​សាល Westminster ដែល​បាន​សាងសង់​ឡើង​តាំង​ពី​សតវត្សរ៍​ទី ១១។

សាល Westminster នេះ​នឹង​បើក ២៣ ម៉ោង​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ភ្ញៀវ​ចូល​មក​គោរព​ព្រះសព​របស់​ព្រះអង្គ ហើយ​នឹង​មាន​ការ​យាមល្បាត​ពី​ទាហាន​មកពី​ព្រះបរម​រាជវាំង។ មនុស្ស​រាប់​ម៉ឺន​នាក់​ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ដំណើរ​ទៅកាន់​សាល​នេះ​ដើម្បី​សម្តែង​ការ​គោរព​របស់​ពួកគេ។

ព្រះមហាក្សត្រិយានី Elizabeth ទី ២ បាន​សោយទិវង្គត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​នៅ​ឯ​ព្រះរាជ​ដំណាក់ Balmoral ក្នុង​តំបន់​ខ្ពង់រាប​ស្កុតលែន ដែល​ជា​កន្លែង​ដែល​ព្រះអង្គ​សព្វ​ព្រះរាជ​ហឫទ័យ​ខ្លាំង​បំផុត។

ព្រះរាជ​ពិធី​បុណ្យ​ព្រះសព​របស់​ព្រះអង្គ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៩ ខែ​កញ្ញា​ខាង​មុខ​នៅ​ឯ​ព្រះវិហារ Westminster Abbey។ បន្ទាប់មក មឈូស​របស់​ព្រះអង្គ​នឹង​ត្រូវ​ដង្ហែ​ទៅ​កាន់​ក្រុង Windsor ដើម្បី​ធ្វើ​ព្រះរាជ​ពិធី​បញ្ចុះ​ព្រះសព។ ព្រះសព​របស់​ព្រះអង្គម្ចាស់ Philip ដែល​ជា​ព្រះ​ស្វាមី​របស់​ព្រះមហាក្សត្រិយានី Elizabeth ទី ២ ត្រូវ​បាន​បញ្ចុះ​នៅ​ទីនោះ​កាលពី​ខែ​មេសា ឆ្នាំ ២០២១៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន Reuters និង​ទីភ្នាក់ងារ​ព័ត៌មាន AFP

XS
SM
MD
LG