ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​ជីវប្រវត្តិ​និង​កេរ​ដំណែល​របស់​ព្រះ​មហាក្សត្រិយានី ​Elizabeth ​ទី ២​ នៃ​ចក្រភព​អង់គ្លេស


រូបឯកសារ៖ ព្រះមហាក្សត្រិយានី Elizabeth ទី ២ នៃចក្រភពអង់គ្លេស កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩។

ព្រះមហាក្សត្រិយានី​ Elizabeth​ ទី ​២ ​ ដែល​មាន​ព្រះនាម​ពេញ​ថា Elizabeth Alexandra Mary Windsor ​ដែល​បាន​សោយរាជ្យ​យូរ​ជាង​គេ​បង្អស់​នៅ​ចក្រភព​អង់គ្លេស​ បាន​សោយ​ទិវង្គត​ក្នុង​ព្រះ​ជន្ម​ ៩៦ ​ព្រះ​វស្សា។​

មហាក្សត្រិយានី​ Elizabeth ​ដែល​មិន​ទំនង​ថា​ នឹង​ក្លាយ​ជា​ព្រះ​មហាក្សត្រិយានី​ទាល់​តែ​សោះ​នោះ បាន​គ្រងរាជ្យ​សម្បត្តិ​រយៈពេល​ ៧០​ ឆ្នាំ ​បន្ទាប់​ពី​ព្រះបិតា​របស់​ទ្រង់ ​គឺ​ព្រះ​មហាក្សត្រ ​George ​ទី ៦ ​បាន​សោយ​ទិវង្គត​នៅ​ឆ្នាំ ​១៩៥២។ ​ស្រដៀង​គ្នា​ដែរ ព្រះបិតា​របស់​ព្រះ​មហាក្សត្រិយានី ​Elizabeth ​បាន​ឡើង​គ្រងរាជ្យ​ដោយសារ​តែ​ព្រះរាម​របស់​ទ្រង់​គឺ​ព្រះ​មហាក្សត្រ ​Edward ​ទី ​៨ បាន​ដាក់​រាជ​នៅ​ឆ្នាំ​ ១៩៣៦។ ​

ព្រះ​មហាក្សត្រិយានី ​Elizabeth ​ទី​ ២​ បាន​សោយរាជ្យ​អំឡុង​ពេល​នៃ​ការ​ដឹកនាំ​របស់​នាយក​រដ្ឋមន្ត្រី​ចំនួន​ ១៥​ រូប​របស់​ចក្រភព​អង់គ្លេស ​ដោយ​នាយក​រដ្ឋមន្ត្រី​ដំបូង​គេ​គឺ​លោក ​Winston Churchill។ ​ព្រះ​មហាក្សត្រិយានី​បាន​ធ្វើ​ជា​ប្រមុខ​រដ្ឋ​របស់​ចក្រភព​អង់គ្លេស​ទាំង​ក្នុង​រាជរដ្ឋាភិបាល​នៃ​គណបក្ស​ Labor ​និង​រាជ​រដ្ឋាភិបាល​នៃ​គណបក្ស​ Conservative ​ដោយ​ប្រកាន់​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​ប្រពៃណី​របស់​រាជវង្ស​ដែល​រក្សា​អព្យាក្រឹត​ភាព​លើ​បញ្ហា​នយោបាយ។​

ព្រះ​មហាក្សត្រិយានី​បាន​ជួយ​ដឹកនាំ​ប្រជាជាតិ​របស់​ទ្រង់​ក្នុង​អំឡុង​ពេល​ក្រោយ​សង្គ្រាម​លោក​លើក​ទី ២ ពេល​មាន​សង្គ្រាម​ត្រជាក់ ​ពេល​សេដ្ឋកិច្ច​ថ្កុំថ្កើន​និង​ធ្លាក់ចុះ ពេល​មាន​សង្គ្រាម​នៅ​ប្រទេសអៀរឡង់​ខាង​ជើង ​ពេល​មាន​ការ​បង្កើត​សហភាព​អឺរ៉ុប ​និង​ពេល​ចក្រភព​អង់គ្លេស​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប។

ព្រះ​មហាក្សត្រិយានី​បាន​ទទួល​ការ​កោត​សរសើរ​ចំពោះ​ការ​តាំង​ព្រះទ័យ​ក្នុង​ការងារ​ ក្នុង​ព្រះ​រាជ​នាម​ ជា​មហាក្សត្រិយានី​របស់​ចក្រភព​អង់គ្លេស។ ពលរដ្ឋ​អង់គ្លេស​ជា​ច្រើន​នាក់​បាន​ចាត់ទុក​ព្រះ​មហាក្សត្រិយានី ​Elizabeth ​ថា​ជា​សសរ​ស្តម្ភ​នៃ​កម្លាំង​របស់​ប្រទេស​ជាតិ ​ក្នុង​អំឡុង​ពេល​ដែល​ចក្រភព​អង់គ្លេស​បាន​ធ្លាក់​ចុះ​ឥទ្ធិពល​របស់​ខ្លួន​បន្តិច​ម្តងៗ​ពី​មហា​អំណាច​ពិភពលោក។

កាលពី​ថ្ងៃ​ទី ​៩ ខែ​កញ្ញា ​ឆ្នាំ ​២០១៥​ ព្រះ​មហាក្សត្រិយានី​ Elizabeth ​បាន​ក្លាយ​ជា​មហាក្សត្រ​ដែល​បាន​សោយរាជ្យ​យូរជាង​គេ​បង្អស់​របស់​ចក្រភព​អង់គ្លេស។ ​ក្នុង​ឱកាស​នោះ ​ព្រះ​មហាក្សត្រិយានី​បាន​បំពេញ​ព្រះរាជ​កាតព្វកិច្ច​ប្រចាំ​ថ្ងៃ​របស់​ទ្រង់​យ៉ាង​ខ្ជាប់ខ្ជួន​ ដែល​រួម​មាន​ការ​បើក​សម្ពោធ​ផ្លូវ​រថភ្លើង​ថ្មី​មួយ​នៅ​ប្រទេស​ស្កុតលែន​ ដោយ​កម្រ​មាន​បន្ទូល​អំពី​លក្ខណៈ​ពិសេស​ខុស​គេ​របស់​ទ្រង់។

ព្រះ​មហាក្សត្រិយានី​បាន​មាន​ព្រះ​បន្ទូល​នៅ​ក្នុង​ពិធី​សម្ពោធ​នោះ​ថា៖ ​«ចៀស​មិន​ផុត​ទេ​ ជីវិត​ដ៏​វែង​ឆ្លាយ​តែងតែ​ឆ្លង​កាត់​ព្រឹត្តិ​ការណ៍​សំខាន់ៗ​ជាច្រើន។ ​ហើយ​ជីវិត​របស់​ខ្ញុំ​ក៏​ដូច​គ្នា​ដែរ»។​

រូបឯកសារ៖ ព្រះនាងម្ចាស់ Elizabeth នៃចក្រភពអង់គ្លេស ក្នុងព្រះជន្ម ១៦ ព្រះវស្សា បានចូលរួមព្រឹត្តិការណ៍មួយ កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ១៩៤២។
រូបឯកសារ៖ ព្រះនាងម្ចាស់ Elizabeth នៃចក្រភពអង់គ្លេស ក្នុងព្រះជន្ម ១៦ ព្រះវស្សា បានចូលរួមព្រឹត្តិការណ៍មួយ កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ១៩៤២។

រូបឯកសារ៖ ព្រះនាងម្ចាស់ Elizabeth នៃចក្រភពអង់គ្លេស មុនពេលទ្រង់មានព្រះរាជសុវណ្ណីក្នុងព្រះរាជពិធីគម្រប់ខួប ២១ ព្រះវស្សារបស់ទ្រង់ នៅទីក្រុង Cape Town នៃអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ១៩៤៧។
រូបឯកសារ៖ ព្រះនាងម្ចាស់ Elizabeth នៃចក្រភពអង់គ្លេស មុនពេលទ្រង់មានព្រះរាជសុវណ្ណីក្នុងព្រះរាជពិធីគម្រប់ខួប ២១ ព្រះវស្សារបស់ទ្រង់ នៅទីក្រុង Cape Town នៃអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ១៩៤៧។

ពេល​ឡើង​គ្រង​រាជ្យ​សម្បត្តិ​

ជា​រាជវង្ស​វ័យក្មេង​មួយ​អង្គ ព្រះ​នាង​ Elizabeth ​បាន​ស្ថិត​ក្នុង​បញ្ជី​ព្រះ​រាជទាយាទ​ដែល​នឹង​ឡើង​ស្នងរាជ្យ ​នៅ​ពេល​ដែល​ព្រះ​បិតុលា​របស់​ទ្រង់​គឺ​ព្រះអង្គ ​Edward ទី ​៨ ​បាន​ដាក់​រាជ​នៅ​ឆ្នាំ ​១៩៣៦​ ដើម្បី​បាន​រៀប​អភិសេក​ជាមួយ​ស្ត្រី​មេមាយ​ជនជាតិ​អាមេរិកាំង​មួយ​រូប។​

ព្រះ​បិតា​របស់​ទ្រង់​គឺ​ព្រះអង្គ ​George ​ទី ៦​ បាន​ឡើង​ស្នងរាជ្យ​ធ្វើ​ជា​ប្រមុខ​រដ្ឋ​ ហើយ​បាន​ដឹកនាំ​រាជវង្ស​នេះ​ចាប់​ពី​ឆ្នាំ​ ១៩៣៦​ រហូត​ដល់​ឆ្នាំ​១៩៥២ ​គ្រា​ដែល​ទ្រង់​បាន​សោយ​ទិវង្គត។​

ព្រះនាង​ម្ចាស់​ Elizabeth ​បាន​យាង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កេនយ៉ា ​នៅ​ពេល​ដែល​ព្រះ​បិតា​របស់​ទ្រង់​បាន​សោយ​ទិវង្គត។​ ក្នុង​ពេល​នោះ ​ទ្រង់​មាន​ព្រះជន្ម​ទើប​តែ​ ២៥​ ព្រះ​វស្សា​ប៉ុណ្ណោះ ​ហើយ​ទ្រង់​ទើប​តែ​បាន​រៀប​អភិសេក​បាន​បួន​ឆ្នាំ​ប៉ុណ្ណោះ ​ជាមួយ​មេ​បញ្ជាការ​កងទ័ព​ជើង​ទឹក​ទ្រង់​ Philip Mountbatten ​ដែល​ជា​ព្រះអង្គ​ម្ចាស់​ប្រទេស​ក្រិក​ នៅ​ពេល​ព្រះ​នាង​មាន​ព្រះជន្ម ​២១​ ព្រះ​វស្សា។​

ព្រះ​មហាក្សត្រិយានី​ Elizabeth ​ និង​ព្រះ​អង្គម្ចាស់ ​ Philip ​មាន​បុត្រ​ជាមួយ​គ្នា​ចំនួន ​៤​ អង្គ​ គឺ​ព្រះ​អង្គម្ចាស់ ​Charles ដែល​ប្រសូតិ​នៅ​ឆ្នាំ​១៩៤៨ ​ព្រះ​នាង​ម្ចាស់ ​Anne ​ដែល​ប្រសូតិ​នៅ​ឆ្នាំ​ ១៩៥០​ ព្រះ​អង្គម្ចាស់ ​Andrew ​ប្រសូតិ​នៅ​ឆ្នាំ ​១៩៦០​ និង​ព្រះ​អង្គម្ចាស់ Edward ​ដែល​ប្រសូតិ​នៅ​ឆ្នាំ​ ១៩៦៤។​

មួយ​ឆ្នាំ​ក្រោយ​ពី​ព្រះបិតា​របស់​ទ្រង់​បាន​សោយ​ទិវង្គត ព្រះរាជ​ពិធី​ឡើង​គ្រង​រាជ្យ​សម្បត្តិ​របស់​ព្រះ​មហាក្សត្រយានី ​ Elizabeth​ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ឆ្នាំ ​១៩៥៣ ​នៅ​ព្រះ​វិហារ​គ្រិស្ត ​Westminster Abbey ​ក្នុង​រាជធានី​ឡុងដ៍​ ដែល​ជា​ពិធី​ឡើង​គ្រងរាជ្យ​សម្បត្តិ​ផ្សាយ​តាម​ទូរទស្សន៍​ដំបូង​គេ​បង្អស់​ទៅ​កាន់​ពិភពលោក។ ​ពលរដ្ឋ​ចក្រភព​អង់គ្លេស​ប្រមាណ ​២០​ លាន​នាក់ ​បាន​ទស្សនា​ពិធី​ឡើង​គ្រងរាជ្យ​សម្បត្តិ​នេះ​តាម​ទូរទស្សន៍​ ហើយ​មនុស្ស​រាប់​លាននាក់​ទៀត​បាន​ទស្សនា​នៅ​ក្រៅ​ប្រទេស។ នេះ​បើ​យោង​តាម​បណ្តាញ​ផ្សព្វផ្សាយ​ BBC ​ដែល​បាន​ផ្សាយ​ពិធី​នោះ។

រូបឯកសារ៖ ព្រះមហាក្សត្រិយានី Elizabeth ទី ២ គង់នៅលើព្រះរាជបល្ល័ង្ក នៅព្រះវិហារគ្រិស្ត Westminister Abbey នៅទីក្រុងឡុដ៍ កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ១៩៥៣ បន្ទាប់ពីព្រះបរមពិធីឡើងគ្រងរាជ្យរបស់ទ្រង់។
រូបឯកសារ៖ ព្រះមហាក្សត្រិយានី Elizabeth ទី ២ គង់នៅលើព្រះរាជបល្ល័ង្ក នៅព្រះវិហារគ្រិស្ត Westminister Abbey នៅទីក្រុងឡុដ៍ កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ១៩៥៣ បន្ទាប់ពីព្រះបរមពិធីឡើងគ្រងរាជ្យរបស់ទ្រង់។

រូបឯកសារ៖ ព្រះមហាក្សត្រិយានី Elizabeth ទី ២ និងព្រះអង្គម្ចាស់ Philip លើកព្រះហស្តស្វាគមន៍ប្រជារាស្ត្រ ក្រោយព្រះរាជពិធីឡើងគ្រងរាជ្យរបស់មហាក្សត្រិយ កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ១៩៥៣។
រូបឯកសារ៖ ព្រះមហាក្សត្រិយានី Elizabeth ទី ២ និងព្រះអង្គម្ចាស់ Philip លើកព្រះហស្តស្វាគមន៍ប្រជារាស្ត្រ ក្រោយព្រះរាជពិធីឡើងគ្រងរាជ្យរបស់មហាក្សត្រិយ កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ១៩៥៣។

ជោគជ័យ

ក្រុម​អ្នក​គាំទ្រ​របស់​ព្រះ​មហាក្សត្រិយានី ​លើក​ឡើង​ថា ព្រះ​អង្គ​បាន​បំពេញ​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ការ​ជួយ​ស្រោចស្រង់​ព្រះ​រាជវង្ស​ចក្រភព​អង់គ្លេស ​នៅ​ពេល​ដែល​ប្រទេស​ជាច្រើន​នៅ​ជំុវិញ​ពិភពលោក​បាន​បោះបង់​ចោល​រាជាធិបតេយ្យ។

ព្រះ​មហា​ក្សត្រិយានី​ត្រូវ​បាន​កោត​សរសើេរ​ចំពោះ​ការ​គិត​គូរ​ពី​ផល​ប្រយោជន៍​ទូទៅ​របស់​ប្រជារាស្ត្រ​ និង​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ​របស់​ទ្រង់​ក្នុង​នាម​ជា​ព្រះ​មហាក្សត្រិយានី។ នៅ​ក្នុង​ក្រសែភ្នែក​របស់​មនុស្ស​ជា​ច្រើន ព្រះ​មហាក្សត្រិយានី​បាន​ក្លាយ​ជា​និម្មិតរូប​នៃ​ចក្រភព​អង់គ្លេស។ តាមរយៈ​តំណាង​ឲ្យ​ប្រជាជាតិ​អង់គ្លេស​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ជាច្រើន​រាប់មិន​អស់​ ព្រះ​មហាក្សត្រិយានី​បាន​ទទួល​ការ​សរសើរ​ស្ញប់ស្ញែង​ពី​ប្រជារាស្ត្រ​ភាគច្រើន​នៅ​ចក្រភព​អង់គ្លេស ​ហើយ​ទ្រង់​ក៏​មាន​ប្រជា​ប្រិយភាព​ខ្លាំង​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។​ មហាក្សត្រិយានី​បាន​ក្លាយ​ជាបុគ្គល​ម្នាក់​នៃ​បុគ្គល​ដែល​មាន​ការ​ទទួល​ស្គាល់​បំផុត​លើ​ពិភពលោក។ ​

នៅ​ឆ្នាំ ​២០២០ ​កាសែត​ Express ​របស់​ចក្រភព​អង់គ្លេស​បាន​រាយ​ការណ៍​ថា ព្រះ​មហាក្សត្រិយានី​បាន​យាង​ធ្វើ​ដំណើរ​ចម្ងាយ​ជាង​ ១ លាន ៦ សែន​គីឡូម៉ែត្រ ​ដោយ​បាន​ចាត់​ទុក​ទ្រង់​ជា ​«ប្រមុខ​រដ្ឋ​ដែល​បាន​ធ្វើ​ដំណើរ​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ»។​ សេចក្តី​រាយ​ការណ៍​នេះ​បាន​លើក​ឡើង​ថា ​មហាក្សត្រិយានី​បាន​យាង​ទៅកាន់​ប្រទេស​ចំនួន​ ១១០​ ក្នុង​នោះ​ដំណើរ​ទស្សនកិច្ច​ដ៏​យូរ​ជាង​គេ​បង្អស់​របស់​ទ្រង់​ គឺ​ទៅ​ប្រជាជាតិ​នៃ ​Commonwealth ​ក្នុង​ចម្ងាយ​ប្រមាណ​ ៧​ ម៉ឺន​គីឡូម៉ែត្រ ​នៅ​ឆ្នាំ ​១៩៥៣។

នៅ​ឆ្នាំ​ ២០០២ ព្រះ​មហាក្សត្រិយានី​បាន​យាង​ធ្វើ​ដំណើរ​ក្នុង​ចម្ងាយ​ជាង​ ៦ ​ម៉ឺន​ ៤​ ពាន់​គីឡូម៉ែត្រ​ ដើម្បី​អបអរ​សាទរ​ខួប​ ៥០​ ព្រះ​វស្សា​នៃ​ការ​គ្រងរាជ្យ​របស់​ទ្រង់ ​ដោយ​បាន​យាង​ទៅ​តំបន់​ឆូង​សមុទ្រ​ការ៉ាអ៊ីប​(Caribbean) ប្រទេស​អូស្ត្រាលី ​នូវែលសេឡង់ និង​កាណាដា ​ក្នុង​នោះ​រួមមាន​តំបន់​ប្រជុំជន​និង​ទីក្រុង​តូចៗ​ចំនួន ​៧០ ​នៅ​ក្នុង​ប្រទេស​អង់គ្លេស ​ស្កុតលែន​ វេលស៍ ​និង​អៀរឡង់​ខាង​ជើង​ផង​ដែរ។​

រូបឯកសារ៖ ព្រះ​មហាក្ស​ត្រិយានី Elizabeth ទី ២ និង​ស្វាមី​គឺ​ព្រះ​អង្គម្ចាស់ Charles បក់​ដៃ​ដាក់​អ្នក​មក​ស្វាគមន៍​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា​ ឆ្នាំ​១៩៧៧ នៅ​ទីក្រុង​ Belfast ដែនដី​អៀរឡង់​ខាង​ជើង ជាទីមាន​ចលនា​ហិង្សា​បំបែក​រដ្ឋ។
រូបឯកសារ៖ ព្រះ​មហាក្ស​ត្រិយានី Elizabeth ទី ២ និង​ស្វាមី​គឺ​ព្រះ​អង្គម្ចាស់ Charles បក់​ដៃ​ដាក់​អ្នក​មក​ស្វាគមន៍​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា​ ឆ្នាំ​១៩៧៧ នៅ​ទីក្រុង​ Belfast ដែនដី​អៀរឡង់​ខាង​ជើង ជាទីមាន​ចលនា​ហិង្សា​បំបែក​រដ្ឋ។
រូបឯកសារ៖ ព្រះមហាក្សត្រិយានី Elizabeth ទី២ នៃចក្រភពអង់គ្លេស និងព្រះអង្គម្ចាស់ Philip យាងទស្សនកិច្ចមហាកំពែងចិន កាលពីខែតុលា ឆ្នាំ ១៩៨៦។
រូបឯកសារ៖ ព្រះមហាក្សត្រិយានី Elizabeth ទី២ នៃចក្រភពអង់គ្លេស និងព្រះអង្គម្ចាស់ Philip យាងទស្សនកិច្ចមហាកំពែងចិន កាលពីខែតុលា ឆ្នាំ ១៩៨៦។

ដំណើរ​ទស្សន​កិច្ច​ខ្លះ​របស់​មហា​ក្សត្រិយានី​ ក៏​សម្រេច​បាន​សមិទ្ធផល​ការទូត​សម្រាប់​ចក្រភព​អង់គ្លេស​ផង​ដែរ​ ក្នុង​នោះ​រួម​មាន​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​ខាង​លិច ​នៅ​ឆ្នាំ ​១៩៦៥​ ដែល​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​បង្អស់​របស់​ព្រះ​រាជវង្ស​អង់គ្លេស​ ទៅ​អាល្លឺម៉ង់​ ចាប់តាំង​ពី​ឆ្នាំ ​១៩១៣ ​មក។ ​ដំណើរ​ទស្សនកិច្ច​នោះ​ជា​ខួប​ ២០​ ឆ្នាំ​ក្រោយ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី ២។​

នៅ​ឆ្នាំ ​១៩៨៦ ព្រះ​មហាក្សត្រិយានី​បាន​ក្លាយ​ជា​មហាក្សត្រ​ចក្រភព​អង់គ្លេស​ដំបូង​គេ​បង្អស់​ ដែល​បាន​យាង​ទស្សន​កិច្ច​ប្រទេស​ចិន​ដីគោក ​ហើយ​ ២៥​ ឆ្នាំ​ក្រោយ​មក ​ទ្រង់​បាន​ក្លាយ​ជា​ព្រះ​មហាក្សត្រ​អង់គ្លេស​ដំបូង​គេ​បង្អស់​ ដែល​បាន​យាង​ទៅ​សាធារណរដ្ឋ​អៀរឡង់​ ក្នុង​រយៈពេល​ ១០០ ​ឆ្នាំ។​

ព្រះ​មហាក្សត្រិយានី ​Elizabeth ​បាន​ទទួល​ការ​កោត​សរសើរ​ចំពោះ​ព្រះ​រាជ​បន្ទូល​នៅ​ប្រទេស​អៀរឡង់ ​នៅ​ឆ្នាំ ​២០១១។​ ទ្រង់​បាន​មាន​ព្រះ​សុវណ្ណី​ថា ដំណើរ​ទស្សន​កិច្ច​របស់​ទ្រង់ ​«ក្រើន​រំឭក​យើង​ទាំងអស់​គ្នា​អំពី​ភាព​ស្មុគស្មាញ​នៃ​ប្រវត្តិសាស្ត្រ​របស់​យើង​ បែបបទ​និង​ប្រពៃណី​ជា​ច្រើន ​ហើយ​ក៏​ក្រើន​រំឭក​យើង​ផង​ដែរ​អំពី​សារៈសំខាន់​នៃ​ភាព​អត់ធ្មត់​ និង​ការ​ផ្សះផ្សា ​ដែល​មាន​ភាព​បត់បែន​គោរព​អតីតកាល ​តែ​មិន​ធ្លាក់​ក្នុង​អន្លង់​នៃ​អតីត​កាល​នោះ​ទេ»។​

ព្រះ​មហាក្សត្រិយានី​ជា​អ្នក​ធ្វើ​បូជនីយកិច្ច​ដល់​មណ្ឌល​មនុស្ស​ធម៌​ជាង ​៥០០​ នៅ​ទូទាំង​ចក្រភព​អង់គ្លេស។ របាយ​ការណ៍​របស់​មូលនិធិ​ជំនួយ​មនុស្សធម៌ ​(Charities Aid Foundation) ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ឆ្នាំ​ ២០១២ ​នៅ​ពេល​ប្រារព្ធ​ខួប ​៦០​ ព្រះ​វស្សា​នៃ​ការ​សោយ​រាជ្យ​របស់​ទ្រង់នោះ បាន​ឲ្យ​ដឹង​ថា ​ព្រះ​មហាក្សត្រិយានី Elizabeth ​បាន​ជួយ​អង្គការ​មនុស្ស​ធម៌​ទាំង​អស់​នោះ​ ដោយ​រៃ​អង្គាស​ប្រាក់​បាន​ជិត​ ២​ ពាន់លាន​ដុល្លារ​អាមេរិក។​

រូបឯកសារ៖ ព្រះមហាក្សត្រិយានី Elizabeth ទី ២ និងព្រះអង្គម្ចាស់ Philip អមដោយសមាជិកគ្រួសារព្រះរាជវង្ស បានលើកព្រះហស្តស្វាមន៍ប្រជារាស្ត្រ នៅព្រះបរមរាជវាំង Buckingham កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ១៩៨៦។
រូបឯកសារ៖ ព្រះមហាក្សត្រិយានី Elizabeth ទី ២ និងព្រះអង្គម្ចាស់ Philip អមដោយសមាជិកគ្រួសារព្រះរាជវង្ស បានលើកព្រះហស្តស្វាមន៍ប្រជារាស្ត្រ នៅព្រះបរមរាជវាំង Buckingham កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ១៩៨៦។

កិច្ចការ​លំបាក​នានា​

ទោះ​ជា​បាន​ក្លាយ​ជា​ប្រធាន​បទ​របស់​សៀវភៅ​ ភាពយន្ត​ និង​រឿងភាគ​តាម​ទូរទស្សន៍​ជា​ច្រើន​រាប់មិន​អស់​ក្តី ​ក៏​ព្រះ​មហាក្សត្រិយានី​ Elizabeth នៅតែ​រក្សា​អាថ៌​កំបាំង​ជាច្រើន​របស់​ទ្រង់។ មហាក្សត្រិយានី​ជា​មនុស្ស​ឯកជន​ភាព​និយម​ខ្លាំង​ និង​មិន​មាន​សុវណ្ណី​ផ្តេសផ្តាស។​

ព្រះ​មហាក្សត្រិយានី​បាន​សព្វ​ព្រះរាជ​ហឫទ័យ​នឹង​ការ​ប្រណាំង​សេះ សម្លៀក​បំពាក់​ពណ៌​ភ្លឺ​ និង​សុនខ​ពូជ​ Corgis។ ក៏​ប៉ុន្តែ​ មហាក្សត្រិយានី​មិន​បញ្ចេញ​មតិ​របស់​ទ្រង់​ជា​សាធារណៈ​នោះ​ទេ។

ព្រះ​មហាក្សត្រិយានី​ទំនង​ជា​ត្រូវ​បាន​សាធារណ​ជន​តាម​ពិនិត្យ​ពិច័យ​ច្រើន​ ក្នុង​អំឡុង​ពេល​មាន​ការ​លំបាក​នានា​ ពេល​ទ្រង់​គ្រង​រាជ្យ​សម្បត្តិ។ បញ្ហា​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​គ្រួសារ​រាជវង្ស​របស់​ទ្រង់​ផ្ទាល់។

នៅ​ឆ្នាំ​ ១៩៩២ ​ក្នុង​សុន្ទរកថា​នា​ខួប​ ៤០ ​ព្រះ​វស្សា​នៃ​ការ​ស្នងរាជ្យ​របស់​ទ្រង ​មហាក្សត្រិយានី​បាន​មាន​ព្រះ​សុវណ្ណី​ថា​ ឆ្នាំ​នោះ «បាន​ក្លាយ​ជា​ឆ្នាំ​ដ៏​អាក្រក់» បន្ទាប់​ពី​ព្រះ​រាជបុត្រា​បុត្រី​បី​អង្គ​របស់​ទ្រង់​បាន​ប្រកាស​បែកបាក់ឬ​លែងលះ​គ្នា​ក្នុង​នោះ​ គឺ​ព្រះ​អង្គម្ចាស់​ Charles ព្រះ​អង្គម្ចាស់ ​Andrew ​និង​ព្រះនាង​ Anne។ ​ជីវិត​អភិសេក​ដ៏​ស្មុគស្មាញ​របស់​ព្រះ​អង្គម្ចាស់ ​Charles ​ជាមួយ​ព្រះនាង​ Dianna ​បាន​ក្លាយ​ជា​ប្រភព​នៃ​ភាព​តានតឹង​សម្រាប់​គ្រួសារ​រាជវង្ស ដោយ​សាធារណជន​ជា​រឿយៗ​មាន​ភាព​សណ្តោស​ប្រណី​ច្រើន​ជាង​សម្រាប់​អ្នកម្នាងDiana។

បន្ទាប់​ពី​អ្នកម្នាង Diana ​បាន​សោយ​ទិវង្គត​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ ​១៩៩៧ ព្រះ​មហាក្សត្រិយានី​បាន​រង​ការ​រិះគន់​ថា​ មិន​បាន​មាន​សុវណ្ណី​ភ្លាមៗ​ទៅ​កាន់​សាធារណ​ជន​ ឬ​មិន​យាង​ត្រឡប់​ពី​ការ​សម្រាក​ព្រះកាយ​នៅ​ព្រះរាជ​ដំណាក់ Balmoral ​ក្នុង​ប្រទេស​ស្កុតលែន​ ទៅព្រះ​បរមរាជវាំង​វិញ​ឱ្យ​បាន​ឆាប់។ ​បន្ទាប់​ពី​អ្នក​ម្នាង​ Diana ​បាន​សោយ​ទិវង្គត​ប្រាំថ្ងៃ ទើប​ព្រះ​មហាក្សត្រិយានី​បាន​បង្ហាញ​ព្រះភ័ក្ត្រ​តាម​ការ​ចង់បាន​របស់​សាធារណជន ហើយ​បាន​យាង​ទៅ​ព្រះ​បរម​រាជវាំង​វិញ ​ដើម្បី​ថ្លែង​ព្រះរាជសុន្ទរកថា​ផ្ទាល់​ទៅ​កាន់​ប្រជារាស្ត្រ​ ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​របស់​អ្នកម្នាង​ Diana។​

ព្រះ​មហាក្សត្រិយានី Elizabeth បាន​មាន​ព្រះ​រាជ​សុវណ្ណី​ថា៖ «អ្នកម្នាង Dianaជា​បុគ្គល​ដ៏​ឆ្នើម​និង​ដ៏​ប្រពៃ​ថ្លៃថ្លា​មួយ​រូប។ ​ទាំង​ក្នុង​ពេល​សប្បាយ​និង​ពេល​លំបាក អ្នកម្នាង​មិន​ដែល​បោះបង់​ចោល​សមត្ថភាព​របស់​អ្នក​ម្នាង​ ផ្តល់​ស្នាម​ញញឹម​និង​សំណើច​ និង​ការលើក​ទឹកចិត្ត​ដល់​អ្នក​ដទៃ​ តាមរយៈ​ភាព​កក់​ក្តៅ​និង​ទឹកចិត្ត​ដ៏​ល្អប្រពៃ​ចំពោះ​អ្នក​ដទៃ​ឡើយ»។​

រូបឯកសារ៖ ព្រះមហាក្សត្រិយានី Elizabeth និងព្រះនាងម្ចាស់ Meghan, Duchess of Sussex និងព្រះអង្គម្ចាស់ Harry នៅព្រះបរមរាជវាំង Buckingham ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៨។
រូបឯកសារ៖ ព្រះមហាក្សត្រិយានី Elizabeth និងព្រះនាងម្ចាស់ Meghan, Duchess of Sussex និងព្រះអង្គម្ចាស់ Harry នៅព្រះបរមរាជវាំង Buckingham ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៨។
រូបឯកសារ៖ ព្រះមហាក្សត្រិយានី Elizabeth និងព្រះរាជបុត្រារបស់ទ្រង់គឺព្រះអង្គម្ចាស់ Andrew កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៩។
រូបឯកសារ៖ ព្រះមហាក្សត្រិយានី Elizabeth និងព្រះរាជបុត្រារបស់ទ្រង់គឺព្រះអង្គម្ចាស់ Andrew កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៩។

នៅ​ឆ្នាំ​ ២០១៩ ព្រះ​រាជ​បុត្រ​ទី ២​ អង្គ​របស់​មហាក្សត្រិយានី​គឺ​ព្រះ​អង្គម្ចាស់ ​Andrew ​ បាន​លះបង់​តួនាទី​ក្នុង​រាជវង្ស​ ដោយសារ​តែ​ព្រះ​អង្គ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​លោក​ Jeffrey Epstein ដែល​ជា​ជន​ល្មើស​អាមេរិក​ប្រព្រឹត្ត​អំពើ​ផ្លូវភេទ​ជាមួយ​កុមារ ​ហើយ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​នៅ​ញូវយ៉ក ​នៅ​ឆ្នាំ​ ២០១៩ ​នោះ។​

ស្ត្រី​ជនជាតិ​អាមេរិកាំង​ម្នាក់​បាន​ចោទ​ប្រកាន់​ព្រះ​អង្គម្ចាស់ ​Andrew ​ថា​ បាន​ប្រព្រឹត្ត​អំពើ​បំពារ​បំពាន​ផ្លូវភេទ​នៅ​គេហដ្ឋាន​របស់​លោក​ Epstein។​ ព្រះ​អង្គម្ចាស់ ​Andrew ​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ។​

ហើយ​ក្រោយ​មក​ទៀត ​ព្រះ​រាជនត្តា​របស់​មហាក្សត្រិយានី​គឺ​ព្រះ​អង្គម្ចាស់​ Harry​ និង​ព្រះនាង ​Megan ​ក៏​បាន​ចាក​ចេញ​ពី​តួនាទី​ក្នុង​គ្រួសារ​រាជវង្ស​ផង​ដែរ ដោយសារ​តែ​ភាព​តានតឹង​ពាក់ព័ន្ធ​នឹង​ការ​បំពេញ​តួនាទី​រាជវង្ស​របស់​ទ្រង់​ទាំង​ពីរ។ ព្រះអង្គ​ម្ចាស់​និង​ព្រះនាង​បាន​យាង​មក​រស់​នៅ​សហ​រដ្ឋ​អាមេរិក ហើយ​នៅ​ក្នុង​បទ​សម្ភាសន៍​តាម​ទូរទស្សន៍​នៅ​ឆ្នាំ ​២០២១​ ព្រះអង្គ​និង​ព្រះនាង​បាន​ចោទ​ប្រកាន់​សមាជិក​ក្នុង​គ្រួសារ​រាជវង្ស​ដោយ​មិន​បញ្ជាក់​ព្រះ​នាម​ (ប៉ុន្តែ​មិន​មែន​ព្រះ​មហាក្សត្រិយានីទេ) ពី​ការ​រើសអើស​ជាតិ​សាសន៍​ទៅ​លើ​ព្រះនាង ​Megan ​ដែល​មាន​ជាតិ​សាសន៍​ចម្រុះ។​

រូបឯកសារ៖ ព្រះមហាក្សត្រិយានី Elizabeth ទី ២ និងព្រះអង្គម្ចាស់ Philip ក្នុងព្រះរាជពិធីហែក្បួននៃការប្រកួតប្រណាំងសេះ នៅទីក្រុង Ascot នៃប្រទេសអង់គ្លេស កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១១។
រូបឯកសារ៖ ព្រះមហាក្សត្រិយានី Elizabeth ទី ២ និងព្រះអង្គម្ចាស់ Philip ក្នុងព្រះរាជពិធីហែក្បួននៃការប្រកួតប្រណាំងសេះ នៅទីក្រុង Ascot នៃប្រទេសអង់គ្លេស កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១១។

ព្រះ​មហា​ក្សត្រិយានី ​Elizabeth ​បាន​ឆ្លើយតប​តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ​ ការ​ចោទ​ប្រកាន់​នោះ​ «នឹង​ត្រូវ​បាន​ពិនិត្យ​មើល​ឲ្យ​បាន​ដិតដល់ ​ហើយ​នឹង​ដោះស្រាយ​ជា​លក្ខណៈ​គ្រួសារ​ឯកជន»។​

ព្រះ​មហាក្សត្រិយានី​បាន​ទទួល​ភាព​សណ្តោស​ប្រណី​ បន្ទាប់​ពី​ព្រះ​ស្វាមី​របស់​ទ្រង់​គឺ​ព្រះ​អង្គម្ចាស់ ​ Philip ​ បាន​សោយ​ទិវង្គត​កាលពី​ខែ​មេសា ​ឆ្នាំ​ ២០២១ ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ មុន​ពេល​ទ្រង់​មាន​ព្រះជន្ម ១០០​ ព្រះ​វស្សា។​

ក្នុង​ជីវិត​អភិសេក​រយៈពេល ​៧៣ ​ឆ្នាំ ​នេះ ព្រះ​អង្គម្ចាស់​ Philip ​ជា​រឿយៗ​នៅ​ក្បែរ​ព្រះ​មហាក្សត្រិយានី​ ឬ​ទ្រង់​ទាំង​ពីរ​តែង​បង្ហាញ​ព្រះ​រាជ​វត្តមាន​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ផ្លូវការ​តាម​ពិធីការ​នៃ​ព្រះ​រាជ​វង្ស។​

បន្ទាប់​ពី​ព្រះ​អង្គម្ចាស់ ​ Philip ​បាន​សោយ​ទិវង្គត​ ព្រះ​មហាក្សត្រិយានី ​Elizabeth ​បាន​មាន​សុវណ្ណី​ ថា ទ្រង់​ជា​«កម្លាំង​ចិត្ត​ ហើយ​បាន​នៅ​ក្បែរ​ទ្រង់»​ជានិច្ច​ក្នុង​អំឡុង​ពេល​នៃ​ជីវិត​អភិសេក​ និង​គ្រង​រាជ្យ​ជា​មហាក្សត្រិយានី៕

ប្រែសម្រួល​ដោយ​ ទែន សុខស្រីនិត

XS
SM
MD
LG