យោធារបស់កូរ៉េខាងជើងកាលពីថ្ងៃសុក្របានធ្វើការឆ្លើយតបដោយផ្ទាល់ទៅនឹងការបន្តគំរាមកំហែងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលអះអាងថានឹងចាត់វិធានការចំពោះការគំរាមកំហែងនុយក្លែអ៊ែរបស់រដ្ឋាភិបាលក្រុងព្យូងយ៉ាង ស្របពេលដែលមានការរំពឹងទុកពីការសាកល្បងអាវុធនុយក្លែអ៊ែថ្មីដែលប្រហែលកើតមានឡើងនៅពេលឆាប់ៗនេះ។
យោងទៅតាមមន្ត្រីមិនប្រាប់ឈ្មោះរបស់កងទ័ពប្រជាជនកូរ៉េបានប្រាប់ឲ្យដឹងថា៖ «ការវាយប្រហារតបតដ៏ខ្លាំងបំផុតរបស់យើងប្រឆាំងនឹងសហរដ្ឋអាមេរិកនិងកងកម្លាំងអាយ៉ងរបស់អាមេរិក នឹងត្រូវធ្វើឡើងដោយគ្មានត្រាប្រណីដើម្បីកុំឲ្យពួកឈ្លាន ពាននៅរស់រានមានជីវិត»។
សេចក្តីថ្លែងការណ៍ដែលបានធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េបានបន្តទៀតថា៖ «ក្រោមស្ថានភាពដ៏ធ្ងន់ធ្ងនេះ សហរដ្ឋអាមេរិក ត្រូវតែគិតពិចារណាប្រកបដោយសុភនិច្ឆ័យនិងធ្វើការជ្រើសរើសដោយត្រឹមត្រូវសម្រាប់ដំណោះស្រាយនៃបញ្ហានោះ»។
កាលពីមួយថ្ងៃមុន លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើការឆ្លើយតបទៅនឹងរបាយការណ៍ថា កូរ៉េខាងជើងបានប្រុងប្រៀបចុចបំផ្ទុះគ្រាប់បែកបរមាណូនៅក្រោមដីនៅព្រឹកថ្ងៃសៅរ៍នេះដើម្បីប្រារព្ធខួបកំណើតរបស់លោក Kim Il Sung បិតាបង្កើតមេដឹកនាំប្រទេសកូរ៉េខាងជើង។
លោកប្រធានាធិបតី ត្រាំ បានមានប្រសាសន៍នៅឯសេតវិមានថា៖ «ប្រទេសកូរ៉េខាងជើងជាបញ្ហា។ បញ្ហានេះនឹងត្រូវតែដោះស្រាយ»។
សេចក្តីថ្លែងការណ៍របស់យោធាកូរ៉េខាងជើងដែលបានចេញផ្សាយកាលពីយប់ថ្ងៃសុក្រ នៅក្នុងទីក្រុងព្យូងយ៉ាង បានប្រកាសប្រឆាំងលោកប្រធានាធិបតី ត្រាំ ដោយនិយាយថា ការបង្ករឿងរបស់ប្រធានាធិបតីត្រាំមិនអាចអត់ឱនឲ្យបានឡើយ។
សេចក្តីថ្លែងការណ៍នោះបានព្រមានថា កងទ័ពកូរ៉េខាងជើង អាចបំផ្លាញមូលដ្ឋានយោធាសហរដ្ឋអាមេរិកក្នុងប្រទេសកូរ៉េខាងត្បូងហើយនិងគេហដ្ឋានប្រធានាធិបតីក្នុងទីក្រុងសេអ៊ូល តែរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ៕