កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីស.រ.អា. Donald Trump បានបញ្ជូនសារថ្មីមួយទៅឱ្យប្រទេសកូរ៉េខាងជើងកុំឱ្យធ្វើការបង្ករឿងថ្មីៗទៀត នៅពេលមានរបាយការណ៍ច្រើនឡើងៗថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងនឹងប្រារព្ធពីធីបុណ្យជាតិធំបំផុតរបស់ផងខ្លួនជាមួយការពិសោធន៍បរមាណូមួយ។
លោក Trump បាននិយាយនៅឯសេតវិមានថា «ប្រទេសកូរ៉េខាងជើងជាបញ្ហាមួយ។ បញ្ហានេះនឹងត្រូវដោះស្រាយបាន»។
ប្រទេសកូរ៉េខាងជើងបានឆ្លើយតបនៅថ្ងៃសុក្រនេះដោយលោក Han Song Ryol អនុរដ្ឋមន្ត្រីការបរទេសរបស់ផងខ្លួនបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Associated Press ថា នៅពេលនេះស្ថានការណ៍ក្នុងឧបទ្វីបកូរ៉េមាន «ភាពវិលវល់» ហើយថារដ្ឋាភិបាលក្រុងព្យុងយ៉ាងនឹង «មិននៅឱបដៃទេ» នៅក្នុងការប្រឈមមុខនឹងការវាយប្រហារជាមុនដោយស.រ.អា.នោះ។
លោក Han បាននិយាយថា «ប្រសិនបើស.រ.អា.ធ្វើសកម្មភាពយោធាដោយធ្វេសប្រហែស នោះយើងនឹងប្រឈមមុខជាមួយប្រទេសអាមេរិកដោយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនឹងធ្វើការវាយប្រហារជាមុន «ដោយលោកបាននិយាយយោងដល់ប្រទេសកូរ៉េខាងជើងដោយប្រើឈ្មោះជាផ្លូវការរបស់ប្រទេសនេះ។ លោក Han បាននិយាយបន្ថែមថា «យើងមានអាវុធបរមាណូមានកម្លាំងខ្លាំងរួចស្រេចហើយនៅក្នុងកណ្តាប់ដៃដែលអាចរារាំងការវាយប្រហារមកលើយើង ហើយយើងប្រាកដជានឹងមិនឱបដៃទេនៅក្នុងការប្រឈមជាមួយការវាយប្រហារជាមុនដោយស.រ.អា.នោះ»៕