ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​បេឡារុស​ធ្វើ​ដំណើរ​ទៅ​រុស្ស៊ី​ខណៈ​បន្ត​មាន​បាតុកម្ម​ប្រឆាំង


លោក Alexander Lukashenko ចុះ​ពី​យន្តហោះ​នៅ​ពេល​អញ្ជើញ​ទៅ​ដល់​អាកាសយានដ្ឋាន​មួយ​នៅ​ក្នុង​ក្រុង Sochi កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។

ប្រធានាធិបតី​បេឡារុស លោក​ Alexander Lukashenko​ បាន​ធ្វើ​ដំណើរ​ទៅកន្លែង​លំហែកាយ Sochi នៃ​សមុទ្រ​ខ្មៅ​ នៅ​ថ្ងៃ​ចន្ទ​ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក ​Vladimir Putin។ ​

លោក Lukashenko ត្រូវ​គេ​រំពឹង​ថា​ នឹង​ស្វែង​រកការគាំ​ទ្រ​ដ៏​សំខាន់​ពី​មេដឹក​នាំ​ប្រទេស​រុស្ស៊ី​ ដែល​នេះ​ជា​ជំនួប​ប្រជុំ​លើក​ទី​មួយ​របស់ប្រធានាធិបតី​ប្រទេស​ទាំង​ពីរ បន្ទាប់​ពីលោក​ Lukashenko​ បាន​ជាប់​ឆ្នោត​ឡើង​វិញ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដ៏​មាន​ជម្លោះមួយ​កាល​ពី​ខែ​សីហា​កន្លង​ទៅ។ ​

ទន្ទឹម​នឹង​នេះ​ដែរ ​នៅ​ក្នុង​ទី​ក្រុង​ហ្សឺណែវ​ ប្រទេស​ស្វ៊ីស​ឯណោះ​វិញ​ប្រធាន​ក្រុម​ប្រឹក្សាសិទ្ធិមនុស្សអង្គការ​សហប្រជាជាតិ​ បានលើក​ឡើងនៅ​ថ្ងៃ​ចន្ទ​ថា​ ការ​ចោទ​ប្រកាន់​នៃ​ការ​ធ្វើ​ទារុណ្ឌកម្ម​ ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំងតវ៉ា​ទៅ​លើ​ការ​ជាប់​ឆ្នោត​ជា​ថ្មី​របស់​លោក Lukashenko​ ត្រូវ​តែ​មាន​ការស៊ើបអង្កេត។​

​ថ្លែងក្នុង​ឱកាស​នៃ​ការ​បើក​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អ.ស.ប. លោក​ស្រី Michelle Bachelet​ លើក​ឡើង​ក្នុង​សម្តី​ដើម​ថា​ ដោយ​សារ​ទំហំ​នឹង​ចំនួន​នៃ​អ្នក​រង​គ្រោះ​មាន​ចំនួន​ច្រើននោះ​ ​ ​រាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់​នៃ​ការ​ធ្វើ​ទារុណ្ឌកម្ម​ និង​ទម្រង់​នៃ​ការ​ប្រ​ព្រឹត្ត​មិន​សម​រម្យ​ផ្សេងដោយ​កម្លាំង​សន្តិសុខនោះ​ គួរ​ត្រូវ​បាន​កត់ត្រា ​និង​ស៊ើបអង្កេត​ និង​នាំ​ជនដែល​បាន​ប្រព្រឹត្ត​ទៅកាត់​ទោស។​

ក្រុម​ប្រឹក្សា​សិទ្ធិមនុស្សអសប​ថា ខ្លួន​នឹង​បើក​កិច្ច​ប្រជុំ​ជា​បន្ទាន់​មួយ​ ដើម្បី​ពិភាក្សា​ទៅ​លើក​អំពើ​ហិង្សាដែល​បាន​កើត​មាន​ឡើង។​

យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​បេឡារុស​ប្រមាណ​១០០.០០០ បាន​ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ ក្នុង​រដ្ឋធានី​ Minsk​ នៃ​ប្រទេស​បេឡារុស កាល​ពី​ថ្ងៃ​អាទិត្យ​ ដែលនេះ​ជា​បាតុកម្ម​ដ៏​ធំ​បំផុត​មួយក្នុង​ចំណោម​ការ​ប្រឆាំង​តវ៉ាកន្លង​មក​ ប្រឆាំងប្រធានាធិបតី​លោក Lukashenko ​បន្ទាប់​ពី​លោក​បាន​ប្រកាសទទួលជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត ប៉ុន្តែ​គណបក្ស​ប្រឆាំង​ថាជា​ការបោះ​ឆ្នោត​ដែល​មានការ​លួច​បន្លំ​សន្លឹក​ឆ្នោត។ ​

ប៉ូលិសក្នុង​ប្រទេស​បេឡារុស​ថា ​គេ​បាន​ចាប់​ក្រុម​អ្នក​ប្រឆាំង​តវ៉ា​ប្រមាណ​ជាង​៤០០​នាក់ក្នុង​រដ្ឋធានី​ ហើយ​ការ​ចាប់​នោះ​នៅ​បន្ត​ធ្វើរហូតដល់​ល្ងាច​ថ្ងៃ​អាទិត្យ។

ប្រទេស​រុស្ស៊ីបាន​សម្តែង​ការ​គាំទ្រចំពោះ​ប្រទេស​បេឡារុស ដោយអាច​ពិនិត្យ​ឡើង​វិញ​នូវ​បំណុល​ដែល​បេឡារុស​ជំពាក់​ខ្លួន​ ព្រម​ទាំងបាន​ស្នើ​បញ្ជូនប៉ូលិស​បង្ក្រាប​កុបកម្ម​ទៅ​ក្នុង​បេឡារុស​ផង​ដែរ​ ប្រសិន​បើ​មាន​ការ​ចាំ​បាច់​នោះ៕

XS
SM
MD
LG