ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​សរសើរ​ចិន​រឿង​អ៊ុយក្រែន និង​រិះគន់​អាមេរិក​ថា «បង្កហេតុ» រឿង​តៃវ៉ាន់


ប្រធានាធិបតី​ចិន​លោក Xi Jinping (ឆ្វេង) និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ថត​រូប​រួម​គ្នា​នៅ​ខាងក្រៅ​កិច្ច​ប្រជុំ​របស់​អង្គការ​កិច្ច​សហប្រតិបត្តិការ​សៀងហៃ (SCO) នៅ​ក្នុង​ទីក្រុង Samarkand ប្រទេស​អ៊ូសបេគីស្ថាន កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២២។
ប្រធានាធិបតី​ចិន​លោក Xi Jinping (ឆ្វេង) និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ថត​រូប​រួម​គ្នា​នៅ​ខាងក្រៅ​កិច្ច​ប្រជុំ​របស់​អង្គការ​កិច្ច​សហប្រតិបត្តិការ​សៀងហៃ (SCO) នៅ​ក្នុង​ទីក្រុង Samarkand ប្រទេស​អ៊ូសបេគីស្ថាន កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២២។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​សរសើរ​ប្រធានាធិបតី​ចិន​លោក Xi Jinping ចំពោះ​គោល​ជំហរ​ដែល​មាន «តុល្យភាព» លើ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន និង​បាន​រិះគន់​សហរដ្ឋ​អាមេរិក​សម្រាប់​អ្វី​ដែល​លោក​ហៅ​ថា​ជា​ការ​បង្ក​ហេតុ​ទាក់ទិន​នឹង​រឿង​កោះ​តៃវ៉ាន់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Xi ដែល​ធ្វើ​ទស្សនកិច្ច​ទៅ​បរទេស​លើក​ដំបូង​បង្អស់​តាំងពី​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ មក បាន​ជួប​ជាមួយ​នឹង​លោក Putin នៅ​ក្នុង​ទីក្រុង Samarkand ប្រទេស​អ៊ូសបេគីស្ថាន ដែល​នៅ​ទីនោះ​លោក​ទាំង​ពីរ​នឹង​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​អង្គការ​កិច្ច​សហប្រតិបត្តិការ​សៀងហៃ (SCO)។

នៅ​ក្នុង​ជំនួប​ទល់​មុខ​គ្នា​ដោយ​ផ្ទាល់​តាំងពី​ពេល​ដែល​ប្រទេស​រុស្ស៊ី​បាន​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​មក លោក Putin បាន​សរសើរ​លោក Xi សម្រាប់​គោល​ជំហរ​របស់​លោក​លើ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ប៉ុន្តែ​ក៏​បាន​និយាយ​ផង​ដែរ​ថា លោក​យល់​ថា​រដ្ឋាភិបាល​ចិន​មាន «ចម្ងល់​និង​ក្ដី​បារម្ភ» ទាក់ទិន​នឹង​សង្គ្រាម​នេះ។

កន្លង​មក ប្រទេស​ចិន​បាន​ដក​ខ្លួន​មិន​ធ្វើ​ការ​ថ្កោលទោស​ណា​មួយ​លើ​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន ឬ​ក៏​មិន​បាន​ហៅ​ប្រតិបត្តិការ​នេះ​ថា​ជា «ការ​ឈ្លានពាន» នោះ​ទេ ដោយ​បាន​យល់ស្រប​តាម​រដ្ឋាភិបាល​រុស្ស៊ី​ដែល​ហៅ​សង្គ្រាម​នោះ​ថា​ជា «ប្រតិបត្តិការ​យោធា​ពិសេស» របស់​រុស្ស៊ី។

លោក Putin បាន​និយាយ​ថា៖ «យើង​ផ្ដល់​តម្លៃ​ខ្ពស់​ដល់​គោល​ជំហរ​ដែល​មាន​តុល្យភាព​របស់​មិត្តភក្តិ​ចិន​របស់​យើង​ទាក់ទិន​នឹង​វិបត្តិ​អ៊ុយក្រែន។ យើង​យល់​អំពី​ចម្ងល់​និង​ក្ដី​បារម្ភ​របស់​អ្នក​អំពី​រឿង​នេះ។ នៅ​ក្នុង​ការ​ប្រជុំ​នៅ​ថ្ងៃ​នេះ យើង​នឹង​ប្រាកដ​ជា​ពន្យល់​អំពី​គោល​ជំហរ​របស់​យើង​ជា​មិន​ខាន»។

នៅ​ក្នុង​ជំនួប​នោះ​ផង​ដែរ លោក Putin បាន​គាំទ្រ​ប្រទេស​ចិន​យ៉ាង​ជាក់ច្បាស់​ទាក់ទិន​នឹង​រឿង​កោះ​តៃវ៉ាន់ ដោយ​លោក​បាន​និយាយ​ថា៖ «យើង​មាន​បំណង​ប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​តាម​គោលការណ៍ «ចិន​តែ​មួយ»។ យើង​ថ្កោលទោស​ការ​បង្កហេតុ​របស់​សហរដ្ឋ​អាមេរិក​និង​ប្រទេស​បរិវារ​របស់​សហរដ្ឋ​អាមេរិក​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់»៕

XS
SM
MD
LG