ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ធ្វើ​សមយុទ្ធ​បន្ថែម​នៅ​ជិត​តៃវ៉ាន់ ស្រប​ពេល​ក្រុម​សមាជិក​សភា​អាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ​ទីនោះ


គណៈប្រតិភូ​សហរដ្ឋ​អាមេរិក​ដែល​ជា​សមាជិក​សភា​ ឈរ​ថតរូប​ជុំគ្នា​នៅ​ពេល​ដែល​ពួកគេ​បាន​ទៅ​ដល់​អាកាសយានដ្ឋាន​ Songshan ក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២២។ (Taiwan Ministry of Foreign Affairs via AP)
គណៈប្រតិភូ​សហរដ្ឋ​អាមេរិក​ដែល​ជា​សមាជិក​សភា​ ឈរ​ថតរូប​ជុំគ្នា​នៅ​ពេល​ដែល​ពួកគេ​បាន​ទៅ​ដល់​អាកាសយានដ្ឋាន​ Songshan ក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២២។ (Taiwan Ministry of Foreign Affairs via AP)

យោធា​ចិន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ខ្លួន​បាន​ធ្វើ​សមយុទ្ធ​បន្ថែម​ទៀត​នៅ​ជិត​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ចន្ទ​នេះ ស្រប​ពេល​ដែល​សមាជិក​សភា​សហរដ្ឋ​អាមេរិក​មួយ​ក្រុម​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​កោះ​តៃវ៉ាន់​និង​បាន​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen។ រដ្ឋាភិបាល​ចិន​ថា ទស្សនកិច្ច​នេះ​គឺ​ជា​ការ​រំលោភ​លើ​អធិបតេយ្យភាព​របស់​ខ្លួន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

សមាជិក​សភា​សហរដ្ឋ​អាមេរិក ៥ រូប ដែល​ដឹកនាំ​ដោយ​លោក Ed Markey ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តំណាង​រដ្ឋ Massachusetts បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កោះ​តៃវ៉ាន់​ក្នុង​ទស្សនកិច្ច​ដែល​មិន​ប្រកាស​ឱ្យ​ដឹង​ជា​មុន​កាលពី​យប់​ថ្ងៃ​អាទិត្យ។

ដំណើរ​ទស្សនកិច្ច​របស់​សមាជិក​សភា​អាមេរិក​លើក​នេះ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​ជាន់​ខ្ពស់​លើក​ទី ២ ទៅ​កាន់​កោះ​តៃវ៉ាន់ បន្ទាប់ពី​ប្រធាន​រដ្ឋសភា​អាមេរិក​អ្នកស្រី Nancy Pelosi បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ទី​នោះ​កាលពី​ដើម​ខែ​សីហា​មក។

បញ្ជាការដ្ឋាន​ភូមិភាគ​ខាង​កើត​នៃ​យោធា​រំដោះ​ប្រជាជន​ចិន ដែល​ជា​កង​យោធា​ទទួល​ខុស​ត្រូវ​សម្រាប់​តំបន់​ដែល​ស្ថិត​នៅ​ជិត​កោះ​តៃវ៉ាន់ បាន​បញ្ជាក់​ថា ខ្លួន​បាន​រៀបចំ​ការ​យាមល្បាត​ចម្រុះ​ផ្នែក​ដើម្បី​ត្រៀម​ខ្លួន​ប្រយុទ្ធ​និង​សមយុទ្ធ​ប្រយុទ្ធ​នៅ​ដែន​សមុទ្រ​និង​ដែន​អាកាស​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ចន្ទ​នេះ។

កង​យោធា​ចិន​នេះ​បាន​បន្ថែម​ថា សមយុទ្ធ​ទាំង​នេះ​គឺ​ជា «ការ​កម្លា​ដ៏​ខ្លាំងក្លា​ចំពោះ​សហរដ្ឋ​អាមេរិក​និង​តៃវ៉ាន់​ដែល​នៅ​បន្ត​លេង​ល្បិច​នយោបាយ​និង​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សន្តិភាព​និង​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់»។

ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដាច់​ដោយ​ឡែក​ពី​នេះ​ថា ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​សមាជិក​សភា​អាមេរិក​នេះ​បាន​រំលោភ​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​ចិន និង «បង្ហាញ​ឱ្យ​ឃើញ​នូវ​មុខ​មាត់​ពិត​ប្រាកដ​ថា សហរដ្ឋ​អាមេរិក​ជា​អ្នក​បំពុល​បរិយាកាស​សន្តិភាព​និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់»។

នាយករដ្ឋមន្ត្រី​តៃវ៉ាន់​លោក Su Tseng-chang បាន​និយាយ​ថា តៃវ៉ាន់​នឹង​មិន​ខ្លាច​រអា​ជាមួយ​នឹង​ការ​ឆ្លើយតប​របស់​ចិន​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​មិត្តភក្តិ​បរទេស​ដូច​នេះ​របស់​តៃវ៉ាន់​នោះ​ទេ៕

XS
SM
MD
LG