ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​ថា សាមគ្គីភាព​ជាមួយ​អ៊ុយក្រែន «គ្មាន​ការ​ប្រែប្រួល» ទេ


រូបឯកសារ៖ ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy (ស្ដាំ) ថ្លែង​សុន្ទរកថា​រួម​គ្នា​ជាមួយ​នឹង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​អ្នកស្រី Ursula von der Leyen​ នៅ​ក្នុង​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy (ស្ដាំ) ថ្លែង​សុន្ទរកថា​រួម​គ្នា​ជាមួយ​នឹង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​អ្នកស្រី Ursula von der Leyen​ នៅ​ក្នុង​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២២។

ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​អ្នកស្រី Ursula von der Leyen បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា «សាមគ្គីភាព» របស់​សហភាព​អឺរ៉ុប «ជាមួយ​នឹង​ប្រទេស​អ៊ុយក្រែន​នឹង​នៅតែ​គ្មាន​ការ​ប្រែប្រួល​ដដែល»។

អ្នកស្រី​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​ឈរ​នៅ​ទី​នេះ​ប្រកប​ដោយ​ភាព​ជឿជាក់​យ៉ាង​មុតមាំ​ថា ដោយសារ​ភាព​ក្លាហាន​និង​សាមគ្គីភាព​ដ៏​ចាំបាច់ [ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir] Putin នឹង​បរាជ័យ ហើយ​ទ្វីប​អឺរ៉ុប​នឹង​ទទួល​ជោគជ័យ»។

អ្នកស្រី von der Leyen បាន​ហៅ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ថា​ជា​សង្គ្រាម​របស់ «របប​អត្តាធិបតេយ្យ​ប្រឆាំង​នឹង​របប​ប្រជាធិបតេយ្យ» និង​បាន​និយាយ​ថា ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី «នៅតែ​មាន​ជា​បន្ត»។

អ្នកស្រី​បាន​លើកឡើង​ដូច្នេះ​ថា៖ «នេះ​ជា​ពេលវេលា​មួយ​សម្រាប់​យើង​នៅ​ក្នុង​ការ​បង្ហាញ​ការ​តាំងចិត្ត មិន​មែន​ជា​ពេល​វេលា​សម្រាប់​ការ​រក្សា​ភាព​ស្ងប់ស្ងៀម​នោះ​ទេ»។

ស្រប​ពេល​ដែល​កងទ័ព​អ៊ុយក្រែន​នៅ​បន្ត​ប្រយុទ្ធ​តបត​នឹង​ការ​វាយ​ប្រហារ​របស់​កងទ័ព​រុស្ស៊ី ដោយ​បាន​វាយ​បក​ដណ្ដើម​យក​តំបន់​ភាគ​ឦសាន្ត​ឱ្យ​មក​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អ៊ុយក្រែន​វិញ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​កាលពី​យប់​ថ្ងៃ​អង្គារ​ថា វា​ជា​រឿង​សំខាន់​ដែល «ដំណើរ​ជីវភាព​រស់នៅ​ធម្មតា​និង​សាមញ្ញ​បាន​វិល​មក​វិញ​នៅ​ក្នុង​ដែនដី​ដែល​គ្មាន​ការ​កាន់កាប់ [ដោយ​រុស្ស៊ី]»៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters

XS
SM
MD
LG