ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងជើងថា លោកពូទីន ផ្តល់កាដូរថយន្តទំនើបជូនលោកគីម ជុងអ៊ុន ដោយសារទំនាក់ទំនងពិសេស


រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និង​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ចាប់ដៃស្វាគមន៍គ្នា​នៅ​ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ (KCNA via REUTERS)
រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និង​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ចាប់ដៃស្វាគមន៍គ្នា​នៅ​ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ (KCNA via REUTERS)

ប្រធានាធិបតី​រុស្ស៊ី​លោក​ វ្លាឌឺមៀ ពូទីន (Vladimir Putin​) បាន​ផ្តល់កាដូ​ជូនមេដឹកនាំ​កូរ៉េខាងជើង​លោក​ គីម ជុងអ៊ុន (Kim Jong Un) នូវ​រថយន្ត​ផលិត​នៅ​រុស្ស៊ីមួយ​គ្រឿង​ សម្រាប់​ការ​ប្រើប្រាស់​ផ្ទាល់ខ្លួន ​នៅ​ក្នុង​ការ​បង្ហាញ​ពី​ទំនាក់​ទំនង​ពិសេស​រវាង​មេដឹកនាំ​ទាំង​ពីរ​រូប។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍របស់ប្រព័ន្ធឃោសនា​រដ្ឋកូរ៉េខាងជើង ​កាល​ពី​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ​កន្លង​ទៅ​ ហើយ​ដែល​ត្រូវ​បាន​ស្រង់​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​សារព័ត៌មាន​ AP ។

សេចក្តី​រាយការណ៍របស់​ប្រព័ន្ធឃោសនា​រដ្ឋ​កូរ៉េខាង​ជើង ​មិន​បាន​បញ្ជាក់​ទេ​ថា តើ​រថយន្ត​កាដូនោះ​ ជា​រថយន្ត​ប្រភេទ​ណា​ ឬ​ត្រូវ​បាន​ដឹកជញ្ជូន​មក​តាម​របៀប​ណា​នោះ​ទេ។ ប៉ុន្តែ​អ្នក​សង្កេតការណ៍​និយាយ​ថា​ ទង្វើ​នេះ​អាច​ជា​ការបំពាន​លើ​សេចក្តី​សម្រេចចិត្តរបស់​អង្គការសហប្រជាជាតិ​ ដែល​ដាក់​បម្រាម​លើ​ការ​ផ្គត់ផ្គង់​ទំនិញ​ប្រណីត​ទៅ​ឱ្យកូរ៉េខាងជើង​ នៅ​ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ប្រទេស​នេះ​បោះបង់​ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​កូរ៉េខាង​ជើង​បាន​លើកឡើង​ថា​ ប្អូនស្រី​របស់​លោក ​Kim Jong Un គឺ​អ្នក​ស្រី Kim Yo Jong និង​មន្រ្តី​កូរ៉េខាងជើង​មួយ​រូប​ទៀត​បាន​ទទួល​កាដូ​រថយន្ត​នោះ​កាល​ពី​ថ្ងៃ​ទី ១៨ ខែ​កុម្ភៈ​ និង​ថា​ អ្នកស្រី​បាន​ពាំនាំ​សារ​ថ្លែង​អំណរគុណ​បន្ត​ពី​បងប្រុស​របស់អ្នកស្រី​ទៅ​កាន់​លោក​ពូទីន​ផង​ដែរ។ របាយការណ៍​ព័ត៌មាន​នេះ​បន្តទៀតថា អ្នកស្រី​ Kim Yo Jong បាន​និយាយ​ថា​ កាដូ​នេះ​ជា​ការស​បញ្ជាក់​ពី​ទំនាក់​ទំនងបុគ្គល​ដ៏​ពិសេស​រវាង​មេដឹកនាំ​ទាំង​ពីរ​រូប។

កូរ៉េខាងជើង​និង​រុស្ស៊ី​បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ខ្លាំង​ចាប់តាំង​ពី​លោក ​គីម​ បាន​ធ្វើ​ដំណើរ​ទៅ​រុស្ស៊ី​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន​ សម្រាប់​កិច្ចប្រជុំ​កំពូលមួយ​ជាមួយ​លោក​ពូទីន។ អំឡុង​ពេល​នៃ​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​របស់​លោក ​គីម​ ទៅ​កាន់​ស្ថានីយ​បង្ហោះ​យានអវកាស​របស់​រុស្ស៊ី​នោះ​ លោក ​ពូទីន បាន​បង្ហាញ​មេដឹកនាំ​កូរ៉េខាងជើង​នូវ​រថយន្តប្រភេទ​ Limousine ម៉ាក​ Aurus Senat របស់​លោក​ ហើយ​លោក​គីម​បាន​អង្គុយ​នៅ​កៅអី​ខាង​ក្រោយ។

​យោង​តាម​ទី​ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី Tass ​បាន​ឱ្យ​ដឹង​ថា​ ​រថយន្តម៉ាក​ Aurus Senat គឺ​ជា​ប្រភេទរថយន្ត​ដ៏ប្រណីត​ដំបូង​របស់​រុស្ស៊ី​ ហើយ​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ក្បួន​រថយន្ត​របស់​មន្រ្តី​ជាន់ខ្ពស់​ រួម​ទាំង​ក្បួន​រថយន្ត​របស់​លោក ​ពូទីន ​ផង​ដែរ​ ចាប់​ពី​ពេល​លោក​បាន​ប្រើប្រាស់​រថយន្តប្រភេទ​នេះ​ដំបូង​មក ក្នុង​អំឡុង​ពេល​ពិធី​ស្បថ​ចូល​កាន់​ដំណែង​កាល​ពី​ឆ្នាំ​ ២០១៨។

លោក​គីម ជុងអ៊ុន​ វ័យ ៤០ ​ឆ្នាំ ត្រូវ​គេ​ដឹង​ថា មាន​រថយន្ត​ប្រណីតៗ​ផលិត​នៅ​បរទេស​មួយ​ចំនួន ដែល​គេ​ជឿ​ថា​ ត្រូវ​បាន​លួច​នាំ​ចូល​មក​កូរ៉េខាងជើង​ ដោយ​បំពាន​លើសេចក្តី​សម្រេច​ចិត្ត​របស់​អង្គការ​សហប្រជាជាតិ។

អំឡុងពេល​ទស្សនកិច្ច​ទៅ​កាន់​រុស្ស៊ី លោក​បាន​ធ្វើដំណើរ​ពី​កន្លែង​ប្រជុំ​មួយ​ទៅ​កាន់​កន្លែង​ប្រជុំ​មួយ​ទៀត​នៅ​ក្នុង​រថយន្ត​ Limousine ប្រភេទ Maybach ដែល​លោក​បាន​នាំ​យក​មក​ដោយ​ផ្ទាល់ខ្លួន​តាម​រថភ្លើង​ពិសេស។

អំឡុង​ពេល​ដំណើរ​ទស្សនកិច្ចទៅ​កាន់​ប្រទេស​រុស្ស៊ី​ កាល​ពី​ឆ្នាំ ២០១៩ លោក​គីម​មាន​រថយន្ត​ Limousine ពីរ​រង់ចាំ​រូប​លោក​នៅ​ស្ថានីយ Vladivostok ដែលមួយ​ជាម៉ាក Mercedes Maybach S600 Pullman Guard និង​មួយ​ទៀត​ជាម៉ាក Mercedes Maybach S62។ លោក​ក៏​ត្រូវ​បាន​រាយការណ៍​ថា បាន​ប្រើប្រាស់​រថយន្ត​ប្រភេទ S600 Pullman Guard ពេល​ធ្វើ​ដំណើរ​អំឡុង​ពេល​កិច្ចប្រជុំ​កំពូល​ទាំង​ពីរ​លើកជា​មួយ​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump នៅសិង្ហបុរី​កាល​ពី​ឆ្នាំ ២០១៨ និង​នៅ​វៀតណាម​កាល​ពី​ឆ្នាំ ២០១៩ ​ផង​ដែរ។

កាល​ពីឆ្នាំ ២០១៨ លោក​គីម​បាន​ប្រើប្រាស់​រថយន្ត​ Limousine ម៉ាក Mercedes ពណ៌​ខ្មៅ ដើម្បី​វិលត្រឡប់​ទៅ​កូរ៉េខាងជើង​វិញ បន្ទាប់​ពី​ជំនួប​ជាមួយ​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae-in នៅ​ភូមិ​មួយ​ដែល​ស្ថិត​នៅ​ព្រំប្រទល់​រួម​រវាង​កូរ៉េ​ទាំង​ពីរ។

ការ​ដែលលោកគីមមាន​រថយន្តពិសេស​ទំនើប​ថ្លៃៗ​ពី​បរទេសជា​ច្រើន​គ្រឿងនេះ​ ​បង្ហាញ​ពី​ចន្លោះ​ប្រហោង​នៃ​ទណ្ឌកម្ម​អន្តរជាតិ​មក​លើ​កូរ៉េខាងជើង។ រុស្ស៊ី​បាន​បោះឆ្នោត​គាំទ្រលើ​ការ​ដាក់​បម្រាមការ​ផ្គត់ផ្គង់ទំនិញ​ប្រណីតៗ​ទៅ​ឱ្យ​កាន់​កូរ៉េខាងជើង​ បើ​ទោះ​បី​ក្នុង​ឋានៈ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​អចិន្រ្តៃយ៍​ រុស្ស៊ី​អាច​បោះឆ្នោត​ប្រឆាំង​នឹង​សេចក្តី​សម្រេច​ចិត្ត​នេះ​ក៏​ដោយ។

ទំនាក់ទំនង​កាន់តែ​ជិតដិត​រវាង​កូរ៉េខាងជើង​និង​រុស្ស៊ី​បាន​កើត​ឡើង​ ស្រប​ពេល​ប្រទេស​ទាំង​ពីរ​បាន​កំពុង​ជាប់​ក្នុង​ការ​ប្រឈម​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ​សហរដ្ឋអាមេរិក​ និង​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត ដោយ​ក្នុង​នោះកូរ៉េខាងជើងប្រឈម​នឹង​ការ​ជំរុញ​ទៅ​មុខនៃ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ ហើយរុស្ស៊ី​ប្រឈម​នឹងការ​ធ្វើសង្រ្គាម​អូសបន្លាយ​ក្នុងប្រទេសអ៊ុយក្រែន។

​សហរដ្ឋអាមេរិក​ កូរ៉េខាងត្បូង​និង​ដៃគូ​ផ្សេងៗ​ទៀត​ បាន​ចោទប្រកាន់​កូរ៉េខាងជើង​ពី​ការ​បញ្ជូន​សព្វាវុធ​ទៅ​ឱ្យ​រុស្ស៊ី​ចំពោះសង្រ្គាម​នៅ​អ៊ុយក្រែន​ ជា​ការ​ដោះដូរ​នឹង​បច្ចេកវិទ្យា​អាវុធ​ទំនើបៗនិង​ជំនួយ​ដទៃ​ទៀត​ពី​រុស្ស៊ី ។

បន្ទាប់​ពី​រដ្ឋមន្រ្តី​ការបរទេស​កូរ៉េខាងជើង​ បាន​វិលត្រឡប់​មក​មាតុភូមិ​វិញ​ ក្រោយដំណើរ​ទស្សនកិច្ចទៅ​កាន់រុស្ស៊ី​កាល​ពី​ខែ​មករា​កន្លង​ទៅ​នេះ បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាងជើង​បាន​រាយការណ៍​ថា​ លោក​ ពូទីន ​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ធ្វើ​ទស្សនកិច្ច​មក​កាន់​កូរ៉េខាងជើងក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះផង​ដែរ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG