ប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថា លោកបានបញ្ជាដល់ក្រុមមន្ត្រីសន្តិសុខកាលពីខែកុម្ភៈ ឆ្នាំ២០១៤ ឲ្យរៀបចំផែនការដើម្បី«ជួយជីវិត» Viktor Yanukovych ដែលជាប្រធានាធិបតីប្រទេសអ៊ុយក្រែននៅពេលនោះនិងដើម្បីចាប់ផ្តើមរៀបចំផែនការសម្រាប់ការចូលកាន់កាប់តំបន់គ្រីម៉េដោយរុស្ស៊ី។
នៅក្នុងវីដេអូមួយដែលបង្ហាញចំណុចសំខាន់ៗត្រូវបានផ្សាយតាមទូរទស្សន៍ Rossiya-1 របស់រដ្ឋនៃប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យសម្រាប់ខ្សែកុនឯកសារមួយដែលនឹងត្រូវផ្សាយក្នុងពេលខាងមុខនេះ លោក Putin បាននិយាយថា លោកបានកោះហៅក្រុមមន្ត្រី ដោយមានរួមបញ្ចូលប្រធានទីភ្នាក់ងារសន្តិសុខនិងក្រុមយោធានៃប្រទេសរុស្ស៊ីឲ្យមកកាន់វិមានក្រឹមទ្បាំង (Kremlin) ហើយបានបញ្ជាដល់មន្ត្រីទាំងនេះឲ្យធ្វើការប្រុងប្រៀបដើម្បីយកលោក Yanukovych ចេញពីប្រទេសអ៊ុយក្រែន ដោយលោកបាននិយាយថា ប្រធានាធិបតីអ៊ុយក្រែនលម្អៀងទៅខាងរុស្ស៊ីរូបនេះអាចត្រូវគេសម្លាប់។
លោក Yanukovych ត្រូវបានបង្ខំឲ្យចុះចេញពីតំណែងនៅក្រោយមានបាតុកម្មជាច្រើនលើកដោយក្រុមប្រឆាំងលម្អៀងទៅខាងក្រុមបស្ចឹមប្រទេស។
លោក Putin បាននិយាយថា៖ «យើងប្រុងប្រៀបយកគាត់ចេញពីទីក្រុង Donetsk តាមផ្លូវគោក តាមសមុទ្រនិងតាមអាកាស» ដោយលោកបានកត់សម្គាល់ថា «កាំភ្លើងយន្តធុនធ្ងន់បានត្រូវបានតម្លើងរួចស្រេចហើយនៅទីនោះ ដូច្នេះ គ្មានពេលច្រើនដើម្បីពិភាក្សាអំពីការណ៍នេះទេ»។ លោក Putin បាននិយាយថា កិច្ចប្រតិបត្តិការដើម្បីយកលោក Yanukovych ចេញពីប្រទេសអ៊ុយក្រែនបានធ្វើទ្បើងចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤។
លោក Putin បានបន្ថែមថា នៅទីបញ្ចប់នៃការប្រជុំនោះក្នុងវិមានក្រឹមទ្បាំង លោកបាននិយាយប្រាប់ក្រុមមន្ត្រីសន្តិសុខនិងយោធាថា៖ «យើងត្រូវតែចាប់ផ្តើមធ្វើការងារដើម្បីយកតំបន់គ្រីម៉េមកឲ្យប្រទេសរុស្ស៊ីវិញ»៕