ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រង្វាន់​ Pulitzer ​ក្នុង​វិស័យ​សារ​ព័ត៌មាន​ត្រូវ​បាន​ប្រគល់​ឱ្យ ​The New York Times The Washington Post AP និង​អ្នក​ដទៃ​ទៀត


បុគ្គលិក​សារព័ត៌មាន The Washington Post អបអរ​ក្រោយពីទទួល​រង្វាន់ ​Pulitzer កាលពីថ្ងៃទី​៦ ឧសភា
​ឆ្នាំ២០២៤។
បុគ្គលិក​សារព័ត៌មាន The Washington Post អបអរ​ក្រោយពីទទួល​រង្វាន់ ​Pulitzer កាលពីថ្ងៃទី​៦ ឧសភា ​ឆ្នាំ២០២៤។

កាសែត​ The New York Times ​និង​ The Washington Post ​បាន​ទទួល​រង្វាន់ ​Pulitzer​ ​ចំនួន​ ៣នៅ​ថ្ងៃ​ទី ៦​ ខែ​ឧសភា​សម្រាប់​ការងារ​ក្នុង​ឆ្នាំ​២០២៣រួម​មាន​សង្រ្គាម​នៅ​ហ្កាហ្សា​រហូត​ដល់​អំពើ​ហិង្សា​ដោយ​កាំភ្លើង ​ហើយ​សារ​ព័ត៌មាន​ The Associated Press ​បាន​រង្វាន់​ផ្នែក​រូបថត​លក្ខណៈ​ពិសេស​ទាក់ទង​នឹងការ​ធ្វើ​ចំណាក​ស្រុក​ពិភពលោក​មក​កាន់​សហ​រដ្ឋ​អាមេរិក។​ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។​

ការយក​ព័ត៌មាន​អំពី​ការ​វាយ​ប្រហារ​ថ្ងៃ​ទី​៧​ ខែ​តុលា​របស់​ពួក​ហាម៉ាស់​លើ​ប្រទេស​អ៊ីស្រាអែល​ ហើយ​នឹង​ផល​វិបាក​នា​ពេល​ក្រោយ​មក​នាំ​ឱ្យ​អង្គការ​ព័ត៌មាន​ទាំង​នេះ​នូវ​រង្វាន់ ​Pulitzerចំនួន​ពីរ​ និងបណ្ណ​សរសើរ​ពិសេស​មួយ។ ​ កាសែត​ The New York Times ​បាន​រង្វាន់​សម្រាប់​អត្ថបទ​ព័ត៌មាន​ដែល​ក្រុម​ប្រឹក្សា ​Pulitzer​ ហៅ​ថា​ ជា​ «ព័ត៌មាន​លាតត្រដាង​និង​ទូលំទូលាយ»​ រី​ឯ​ទីភ្នាក់ងារ​សារ​ព័ត៌មាន ​Reuters ​បាន​រង្វាន់​ផ្នែក​រូបថត។ ​បណ្ណសរសើរ​ត្រូវ​បាន​ប្រគល់​ឱ្យ​អ្នក​កាសែត ​និង​អ្នក​និពន្ធ​ផ្សេង​ទៀត​ដែល​សរសេរ​អំពី​សង្គ្រាម​នៅ​ហ្កាហ្សា។​

ពាន​រង្វាន់​សេវា​សាធារណៈ​ដ៏​មាន​កិត្យានុភាព​បាន​ទៅ​អង្គការ​សារ​ព័ត៌មាន​ProPublica​ សម្រាប់​សេចក្តី​រាយ​ការណ៍​«ទម្លុះ​ អាថ៌​កំបាំង​ដ៏​ក្រាស់»​នៅ​តុលាការ​កំពូល​របស់​សហ​រដ្ឋ​អាមេរិក​ ដើម្បី​បង្ហាញ​ពី​របៀប​ដែល​មហា​សេដ្ឋី​បាន​ផ្តល់​អំណោយ​ថ្លៃៗ​ដល់​ចៅក្រម​ និង​ចំណាយ​សម្រាប់​ការ​ធ្វើ​ដំណើរ​ប្រណីត។​ អ្នក​រាយ​ការណ៍ព័ត៌មាន​លោក Joshua Kaplan លោក​ Justin Elliott លោក​ Brett Murphy ​លោក​ Alex Mierjeski ​និង​អ្នក​នាង Kirsten Berg​ ត្រូវ​បាន​ផ្តល់​កិត្តិយស​សម្រាប់​ការងារ​របស់​ពួកគេ។

អង្គការ​ Pulitzers​ បាន​ផ្តល់​កិត្តិយស​ដល់​ផ្នែក​សារ​ព័ត៌មាន​ល្អ​បំផុត​ចាប់​ពី​ឆ្នាំ ២០២៣​សម្រាប់​ស្នាដៃ​១៥​ប្រភេទ​ ហើយ​នឹង​ស្នាដៃ​សិល្បៈ​ចំនួន៨​ប្រភេទ​ ដែល​ផ្តោត​លើ​សៀវភៅ ​តន្ត្រី ​និង​ល្ខោន។​ អ្នក​បម្រើ​សេវា​សាធារណៈ​ទទួល​បាន​មេដាយ​មាស។ ​ជ័យលាភី​ផ្សេង​ទៀត​ទាំងអស់​ទទួល​បាន​ ប្រាក់​រង្វាន់​១៥.០០០ដុល្លារ។​

រូប​ថត​ចំនួន​១៥​សន្លឹក​ដែល​ទីភ្នាក់ងារ​សារព័ត៌មាន​ AP ​ឈ្នះ​រង្វាន់​គឺ​ថត​នៅ​ទូទាំង​អាមេរិក​ឡាទីន​ និង​តាម​បណ្តោយ​ព្រំដែន​សហ​រដ្ឋ​អាមេរិក-ម៉ិកស៊ិក​ ក្នុង​រដ្ឋ​តិចសាស់ ​និង​កាលីហ្វ័រញ៉ា ​ក្នុង​ពេល​១ឆ្នាំដែល​នៅ​ពេល​នោះ​ព័ត៌មាន​អំពី​ជន​អន្តោ​ប្រវេសន៍​គឺ​ជា​រឿង​ធំ​បំផុត​របស់​ពិភពលោក។ ​រូបថត​ទាំង​នោះ​ត្រូវ​បាន​ថយ​ដោយ​បុគ្គលិក​ AP​ គឺ​លោក ​Greg Bull ​លោក​ Eric Gay លោក​ Fernando Llano លោក​ Marco Ugarte និង ​លោក​ Eduardo Verdugo ​និង​អ្នក​ថត​រូប​ឯករាជ្យ​ឱ្យ​ AP ​យូរ​ឆ្នាំ ​រួម​មាន​ លោក​ ​Christian Chavez លោក​ Felix Marquez និង​លោក​ Ivan Valencia។​

អ្នកស្រី ​Julie Pace ​អនុ​ប្រធាន​ជាន់​ខ្ពស់ ​និង​ជា​និពន្ធ​នាយក​ប្រតិបត្តិ​របស់ ​AP​ បាន​និយាយ​ថា​ «រូបថត​ឆៅ​ និង​គួរ​ឱ្យ​រន្ធត់​ទាំង​នេះ​ថត​បាន​ពេល​យក​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​អំពី​ស្ថានភាព​ជា​ប្រវត្តិ​សាស្ត្រនៅ​ក្នុង​ប្រទេស​ជាច្រើន​ ដោយ​កត់ត្រា​អំពី​ជន​ចំណាក​ស្រុក​នៅ​គ្រប់​ជំហាន​នៃ​ដំណើរ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​របស់​ពួកគេ»។

សហ​រដ្ឋ​អាមេរិក​មាន​ជនចំណាក​ស្រុក​ឆ្លង​ព្រំដែន​ចូល​មក​ច្រើន​ជាង​១០​លាន​នាក់​ក្នុង​រយៈ​ពេល​ ៥​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​ជន​ចំណាក​ស្រុក​ទាំងនោះ​បាន​មក​ពី​ទី​តាំង​ថ្មី​ជាច្រើន​ដូចជា​ ប្រទេស​វេណេហ្ស៊ុយអេឡា ​ប្រទេស​ គុយបា ​ប្រទេស​អេក្វាឌ័រ ​ប្រទេស​ហៃទី ​និង​មកពី​ទ្វីប​អាហ្វ្រិក ​ខុស​ពី​សម័យ​មុន។​

ទីភ្នាក់ងារ​សារ​ព័ត៌មាន​AP ​បាន​រង្វាន់ ​Pulitzer​ ចំនួន​៥៩​ រួមទាំង​៣៦​ជា​រង្វាន់​សម្រាប់​ការ​ថតរូប។​ ទីភ្នាក់ងារ​សារព័ត៌មាន​នេះបាន ជាប់​ក្នុង​បញ្ជី​ Pulitzer ​ចុង​ក្រោយ​សម្រាប់​ព័ត៌មាន​ជាតិ​នៅ ថ្ងៃ​ទី ៦​ ខែ​ឧសភា​ ចំពោះ​ការ​រាយ​ការណ៍​អំពី​កុមារ​រាប់​សែន​នាក់មិន​បាន​ទៅ​រៀន​សាលា​រដ្ឋ​ក្នុង​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត។

ក្នុង​លើក​ឡើង​អំពី​កាសែត The New York Times ​សម្រាប់​អត្ថបទ​អំពី​ប្រទេស​អ៊ីស្រាអែល ​និង​តំបន់​ហ្កាហ្សា​ ក្រុម​ប្រឹក្សាភិបាល​ Pulitzer ​បាន​លើក​ឡើង​អំពី​អត្ថបទ​រាយ​ការណ៍​ពី​បរាជ័យ​ផ្នែក​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស​អ៊ីស្រាអែល​ ​និង​ការ​វាយ​ប្រហារ ព្រម​ទាំង​ការ​ឆ្លើយតប​ខាង​យោធា​របស់​អ៊ីស្រាអែល។​

រង្វាន់​នេះ​កើត​មាន​ឡើង​នៅពេល​ដែល​កាសែត ​The New York Times ​បាន​ប្រឈម​មុខ​នឹង​ភាព​ចម្រូង​ចម្រាស​ក្នុង​ការ​រាយ​ការណ៍​មួយ​ចំនួន។​ កាល​ពី​ខែ​មុន​ ក្រុម​សាស្ត្រាចារ្យ​ផ្នែក​សារ​ព័ត៌មាន​បាន​អំពាវនាវ​ឲ្យ​កាសែត​នេះ​ឆ្លើយ​សំណួរ​អំពី​ការ​ស៊ើប​អង្កេត​ផ្នែក​អំពើ​ហិង្សា​យេនឌ័រ​ ក្នុង​អំឡុង​ពេល​ការ​វាយ​ប្រហារ​របស់​ក្រុម ​Hamas​ លើ​អ៊ីស្រាអែល។

អ្នកស្រី ​Hannah Dreier ​នៃ​កាសែត The New York Times ​បាន​រង្វាន់​ Pulitzer​សម្រាប់​របាយ​ការណ៍​ស៊ើប​អង្កេតរបស់​អ្នកស្រី​ស្តីពី​ពលកម្ម​កុមារ​ចំណាក​ស្រុក​នៅ​ទូទាំង​សហ​រដ្ឋ​អាមេរិក។ ​អ្នក​និពន្ធ​រួម​ចំណែក​គឺ​អ្នកស្រី​ Katie Engelhart​ បាន​រង្វាន់​Pulitzer ​ទីបី​របស់​កាសែត​នេះសម្រាប់​ការ​សរសេរ​បទ​យក​ការណ៍របស់​អ្នកស្រី ​ដែល​រៀបរាប់​ការ​តស៊ូ​របស់​គ្រួសារ​មួយ​ដែល​ស្ត្រី​ជា​មេ​គ្រួសារ​មាន​បញ្ហា​ភ្លេចភ្លាំង។​

បុគ្គលិក​របស់​កាសែត​ The Washington Post ​បាន​រង្វាន់​សម្រាប់​ព័ត៌មាន​ជាតិ​ដែល​«សរសេរ​ច្បាស់លាស់»​អំពីកាំភ្លើង​ពាក់​កណ្តាល​ស្វ័យ​ប្រវត្តិ ​AR-15​ ដោយ​ភ្ជាប់​មក​ជាមួយ​រូបថត​ដែល​គួរ​ឱ្យ​ខ្លាច។ ​លោក​ Peter Walstein ​ដែល​ជា​និពន្ធ​នាយក​ជាន់​ខ្ពស់​ផ្នែក​ព័ត៌មាន​ជាតិ​របស់​កាសែត​The Washington Post​ បាន​សរសេរ​នៅ​ក្នុង​កាសែត​នេះ​ថា​ «យើង​ខ្នះ​ខ្នែង​រក​វិធី​ដើម្បី​ធ្វើ​ព័ត៌មាន​ខុស​គ្នា​ និង​ផ្លាស់​ប្តូរ​ការ​សន្ទនា​អំពី​ការ​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ»។

Pulitzers ​បាន​ផ្តល់​រង្វាន់​ជា​លើក​ទីពីរ​ក្នុង​ការ​រាយការណ៍​ជាតិ​ដល់​បុគ្គលិក Reuters សម្រាប់​សេចក្តី​រាយការណ៍​ជា​ស៊េរី «បើក​ភ្នែក​ធំៗ» ដែល​ស៊ើបអង្កេត​លើ​អាជីវកម្ម​រថយន្ត និង​អវកាស​របស់​លោក Elon Musk ។

អង្គការ​ Pulitzers​ ត្រូវ​បាន​គ្រប់គ្រង​ដោយ​សាកល​វិទ្យាល័យ ​Columbia ​ក្នុង​ទីក្រុង​ញូវយ៉ក​ ហើយ​សាកល​វិទ្យាល័យ​នេះ​បាន​ក្លាយ​ជា​តួអង្គ​ព័ត៌មាន​អំពី​បាតុកម្ម​របស់​និស្សិត​ប្រឆាំង​នឹង​សង្រ្គាម​នៅ​ហ្កាហ្សា។ ​ក្រុម​ប្រឹក្សាភិបាល​ Pulitzer​ បាន​ជួបគ្នា​នៅ​ឆ្ងាយ​ពី​សាកល​វិទ្យាល័យ ​Columbia​ នៅ​ដើម​ខែ​ឧសភា​ដើម្បី​ពិភាក្សា​អំពី​អ្នក​ឈ្នះ​រង្វាន់​របស់​ខ្លួន។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ Pulitzers ​បើក​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ផ្សាយ​តាម​ទូរទស្សន៍​និង​វិទ្យុ​ដែល​មាន​គេហ​ទំព័រ​ព័ត៌មាន​ឌីជីថល​ផង​ដែរ​ ដូចជា ​CNN NPR ​និង​បណ្តាញ​ផ្សាយ ​ABC CBS ​និង ​NBC​ ​ចួល​រួម​ប្រកួត​យក​រង្វាន់។​ ទោះ​យ៉ាង​នេះ​ក្តី ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​នេះ​ គ្មាន​ក្រុមហ៊ុន​ណា​ឈ្នះ​រង្វាន់​នោះ​ទេ។​

អង្គការ​ Pulitzers ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា ​បេក្ខជន​ប្រាំ​នាក់​ក្នុង​ចំណោម​ ៤៥​នាក់​ចុង​ក្រោយ​ក្នុង​ឆ្នាំ​នេះ​ បាន​ប្រើ​ប្រាស់​បញ្ញា​សិប្ប​និម្មិត​AIក្នុង​ការ​ស្រាវជ្រាវ ​និង​រាយ​ការណ៍​ព័ត៌មាន​ដែល​ពួកគេ​បាន​ដាក់​ចូលរួម​ប្រកួត។​ វា​ជា​លើក​ទី​មួយ​ហើយ​ដែល​ក្រុម​ប្រឹក្សាភិបាល​ Pulitzer​ តម្រូវ​ឱ្យ​អ្នក​ដាក់​ពាក្យ​ប្រកួត​យក​ពាន​រង្វាន់​ត្រូវ​បង្ហាញ​ពី​ការ​ប្រើប្រាស់​បញ្ញា​សិប្ប​និម្មិត ​AI។

រង្វាន់​ទាំង​នេះ ត្រូវ​បាន​បង្កើត​ឡើង​តាម​បំណង​របស់​លោក ​Joseph Pulitzer ​ដែល​ជា​ចាងហ្វាង​បោះពុម្ព​កាសែត ​ ហើយ​រង្វាន់​លើក​ដំបូង​ត្រូវ​បាន​ផ្តល់ក្នុង​ឆ្នាំ ១៩១៧៕

ប្រែសម្រួលដោយ​លោក​ ពិន ស៊ីសុវណ្ណ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG