ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

លោក ​Biden ​តែង​តាំង​​អតី​ត​​ប្រេសិត​អ.ស.ប​. Samantha Power ​ឲ្យដឹកនាំ​ទី​ភ្នាក់​ងារ​ផ្តល់​ជំនួយរបស់​អាមេរិក


រូបឯកសារ៖ អ្នកស្រី Samantha Power ថ្លែង​នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។

ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក​ថ្មីលោក​ Joe Biden ​បាន​ជ្រើស​រើស​អ្នក​ស្រី Samantha Power ដែល​ជា​អតី​ត​ឯក​អគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ ​ក្រោម​រដ្ឋបាល​របស់​លោក Barack Obama ឲ្យ​ធ្វើ​ជា​ប្រធានទី​ភ្នាក់​ងារសហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ ឬហៅកាត់ថា​ USAID។​

ទី​ភ្នាក់​ងារ​នេះជា​អ្នកគ្រប់​គ្រង​នូវ​ជំនួយ​អភិវឌ្ឍ​និង​មនុស្ស​ធម៌​បរទេសរបស់​សហរដ្ឋអាមេរិក។ នេះ​បើ​តាមទី​ភ្នាក់​ងារព័ត៌មាន AP។​

លោក Biden បានប្រកាសពីការតែងតាំងនេះ នៅថ្ងៃពុធមិ្សលមិញ ដោយលោកនិយាយថា លោកបានបង្កើនតួនាទីនេះដល់កម្រិតក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន។

អ្នកស្រី Power ធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៧។ ហើយប្រសិនបើទទួលបានការយល់ព្រមពីព្រឹទ្ធសភា អ្នកស្រី Power នឹងដឹកនាំទីភ្នាក់ងារ USAID ដែលមានថវិកាប្រចាំឆ្នាំដល់ទៅ ២០ ពាន់លានដុល្លារ ហើយនេះគឺជាសញ្ញាមួយដែលលោក Biden នឹងផ្តល់អាទិភាពក្នុងការផ្តល់ជំនួយជូនដល់ប្រទេសជាច្រើន។

លោក​ Biden បាន​ថ្លែង​ថា ទី​ភ្នាក់​ងារសហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ នឹង​សម្រប​សម្រួល​កិច្ចការអាមេរិក​ដើម្បី​នាំមុខ​ការឆ្លើយ​តប​ជាសកល ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុសកូរ៉ូណា​ ហើយជួយ​ដល់​ប្រជាជាតិ​ដែលមាន​គ្រោះ​ថ្នាក់​បំផុត។

លោក​ Biden បាន​ហៅ​អ្នកស្រី​ Samantha Power ​ថាជា​មនុស្ស​ដែល​មាន​ «សំឡេង​ល្បីល្បាញ​ក្នុង​ពិភពលោក​ចំពោះ​ឧត្តមគតិ ​និង​សីលធម៌​ភ្លឺថ្លា»។

អ្នក​ស្រី​បាន​ទទួល​រង្វាន់ Pulitzer Prize ក្នុង​ឆ្នាំ​ ២០០៣​ តាម​រយៈ​ស្នាដៃ​សៀវ​ភៅ​ដែល​អ្នក​ស្រី​និពន្ធ​ដែល​មាន​ចំណង​ជើង​ថា​ «បញ្ហា​ដ៏​អាក្រក់​ខ្លាំង​មួយ​៖ សហរដ្ឋ​អាមេរិក​និង​យុគ្គសម័យ​នៃ​អំពើ​ប្រល័យ​ពូជ​សាន៍» ឬ (A Problem from Hell: America and the Age of Genocide)។​ សៀវ​ភៅ​នេះ​និយាយ​រៀប​រាប់​ពីគោល​នយោបាយ​ការបរទេសអាមេរិក ​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​អំពើ​ប្រល័យ​ពូជ​សាសន៍​នោះ៕

XS
SM
MD
LG