បន្ទាប់ពីព្យុះសង្ឃរាបានបញ្ចប់ទៅ លោក Luis Rodriguez និងនាង Christine Nieves បានវិលត្រឡប់ចូលសហគមន៍ Barrio Mariana របស់ពួកគេវិញ ដែលស្ថិតនៅទីក្រុង Humacao ប៉ែកអាគ្នេយ៍នៃប្រទេស។
លោក Luis Rodriguez ដែលរស់នៅក្រុង Mariana បានថ្លែងថា៖ «នៅពេលយើងឃើញស្លាកសញ្ញាសុំជំនួយ(S.O.S)នៅតាមដងផ្លូវ ពួកយើងចាប់ផ្តើមសួរខ្លួនឯង ដូចដែលអ្នកបានដឹងហើយ មិនមានជំនួយមកពីខាងណាមួយនោះទេ យើងត្រូវតែធ្វើអ្វីម្យ៉ាង ដូច្នេះហើយយើងចាប់ផ្តើមនិយាយជាមួយនឹងអ្នកជិតខាង និងស្ថាប័ននៅទីនេះដើម្បីចាប់ផ្តើមធ្វើអ្វីមួយ ដូចជាការធ្វើម្ហូបអាហារ និងធ្វើអ្វីផ្សេងៗទៀតសម្រាប់អ្នករស់នៅទីនេះ»។
នាង Christine Nieves ដែលរស់នៅក្រុង Mariana បានថ្លែងថា៖ «ស្របពេលដែលមានការខិតខំប្រឹងប្រែងចេញពីអ្នកដទៃទៀតស្រដៀងគ្នានេះ ផ្នែកដែលយើងផ្តោតយកចិត្តទុកដាក់គឺរបៀបដែលមនុស្សជឿជាក់ថាខ្លួនអាចដោះស្រាយបញ្ហាអ្វីមួយដោយខ្លួនឯងបាន ដូច្នេះទើបពួកគេមានអារម្មណ៍ថា ពួកគេគឺជាផ្នែកសំខាន់មួយដែលអាចចូលរួមដោះស្រាយបញ្ហារបស់ខ្លួនបាន។ ការធ្វើបែបនេះប្រសើរជាជាងការដែលគិតថា «ខ្ញុំនឹងទៅទីនោះ ហើយនរណាម្នាក់នឹងជួយខ្ញុំ រួចហើយខ្ញុំក៏ត្រឡប់ទៅផ្ទះវិញ និងអង្គុយរង់ចាំឲ្យគេមកជួយទៀត»។
ការបន្តរក្សាទំនាក់ទំនងគឺជាចំណុចគន្លឹះ។ នាង Christine Nieves បានថ្លែងបន្តថា៖«ខ្ញុំទើបតែចាប់ផ្តើមសួរលើបណ្តាញសង្គមហ្វេសប៊ុក និងតាមរយៈបណ្តាញរបស់ខ្ញុំ ខ្ញុំបានសួរពួកគេថា៖ «ខ្ញុំចាំបាច់ត្រូវរកវិធីដើម្បីអាចទំនាក់ទំនងគ្នាបាន នៅពេលដែលខ្ញុំនៅលើភ្នំ។ ខ្ញុំត្រូវការទូរស័ព្ទប្រើប្រព័ន្ធផ្កាយរណប»។ ខ្ញុំគិតថា ការធ្វើបែបហ្នឹងគឺជាដំណោះស្រាយ។ អ្វីដែលខ្ញុំទទួលបានមកវិញគឺមានមនុស្សក្នុងបណ្តាញរបស់ខ្ញុំមកជួយគាំទ្រខ្ញុំ មិនមែនគ្រាន់តែជួយផ្នែកហិរញ្ញវត្ថុនោះទេ គឺនាងថែមទាំងបាននិយាយជាមួយអតីតយោធាសហរដ្ឋអាមេរិកម្នាក់ ដែលបានជួយបង្កើតបច្ចេកវិទ្យានេះ សម្រាប់បំពាក់ប្រព័ន្ធជួយសង្គ្រោះបន្ទាន់និងរក្សាប្រព័ន្ធទំនាក់ទំនងគ្នាឲ្យនៅតែមាន នៅពេលមានព្យុះសង្ឃរា Sandy។ ក្រោយមក គាត់បានមកដល់កន្លែងយើង ហើយត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ យើងអាចមានអ៊ីនធឺណិត Wi-Fi ប្រើប្រាស់នៅទីនេះ។ ហើយយើងអាចបន្តចែករំលែកដល់អ្នកផ្សេងទៀតនៅតំបន់នេះទៀតផង»។
ប៉ុន្តែពួកគេទាំងពីរនាក់មិនបានបញ្ឈប់សកម្មភាពត្រឹមនេះទេ។ លោក Luis និង នាង Christine ក៏បានជួយដល់សហគមន៍ ដំឡើងធុងទឹកធំៗដើម្បីច្រោះទឹកភ្លៀងសម្រាប់ផឹកនិងអាចឲ្យអ្នករស់នៅទីនេះផឹកបានផងដែរ។
លោក Luis Rodriguez បាននិយាយថា៖ «ចំពោះរឿងបន្ទះសូឡាក៏ដូចគ្នាដែរ ខ្ញុំគិតថា រឿងនេះត្រូវបានគេចុះផ្សាយក្នុងសារព័ត៌មាននៅទីក្រុង Tampa ហើយក្រុមហ៊ុនមួយចំនួនបានទូរស័ព្ទមកយើងថា ពួកគេនឹងមកដាក់បន្ទះសូឡាមួយចំនួន ពីព្រោះយើងមិនទាន់មានថាមពលប្រើប្រាស់នៅទីនេះ»។
ក្នុងរយៈពេល៤ខែចុងក្រោយនេះ អ្វីដែលជាការចង់បានយ៉ាងខ្លាំងដើម្បីស្តារឡើងវិញនូវសេវាចាំបាច់នានានោះ បានក្លាយទៅជាដំណើរការមួយនៃការផ្តល់អំណាចតាមរយៈការអភិវឌ្ឍសហគមន៍ដោយប្រើប្រាស់គំនិតច្នៃប្រឌិតថ្មីៗ។
នាង Christine Nieves បាននិយាយថា៖ «ពួកយើងបានរកឃើញថា ទិន្នន័យមានឥទ្ធិពលខ្លាំងណាស់។ ពិតណាស់ ការដែលអាចមានទិន្នន័យរបស់សហគមន៍ ដែលអាជ្ញាធរថ្នាក់ក្រុង រដ្ឋាភិបាលថ្នាក់តំបន់ និងរដ្ឋាភិបាលសហព័ន្ធមិនមាននោះ ដូច្នេះ តើនរណាដែលមានទិន្នន័យអំពីអ្វីដែលបានកើតឡើងចំពោះយើង? ចម្លើយគឺថា មានតែយើងទេដែលមានទិន្នន័យទាំងនោះ»។
នៅពេលសួរថា តើពួកគេគ្រោងនឹងស្នាក់នៅក្រុង Mariana ដើម្បីជួយសហគមន៍នោះរយៈពេលយូរប៉ុណ្ណាទៀត លោកLuis មានចម្លើយតែមួយគត់។
លោក Luis Rodriguez បានឆ្លើយថា៖ «ប្រសិនបើយើងទាំងអស់គ្នានៅតែបន្តជួយគ្នាទៅវិញទៅមក យើងនឹងបន្តនៅទីនេះជារៀងរហូត»៕
ប្រែសម្រួលដោយ កោះ សុគន្ធី