ពេលដែលប្រទេសដូមីនីក (Dominica) នៅតំបន់ប្រជុំកោះ Caribbean ចាប់ផ្តើមវាយតម្លៃការខូចខាតបន្ទាប់ពីការបក់បោកកាលពីថ្ងៃអង្គារដោយព្យុះ Maria ដែលជាព្យុះសង្ឃរាប្រភេទទី៥ដ៏ប្រល័យកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រជុំកោះ Virgin និងកោះ Puerto Rico។
លោក Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃប្រទេសដូមីនីកបានសរសេរនៅគេហទំព័រថា សេចក្តីរាយការណ៍ពីដំបូងប្រាប់ឲ្យដឹងថា មហន្តរាយនោះខ្លាំងណាស់។ លោកនាយករដ្ឋមន្ត្រី Skerrit បាននិយាយថា «រហូតមកទល់ពេលនេះ យើងបានបាត់បង់អ្វីដែលប្រាក់អាចទិញ និងជំនួសបាន។ ការភ័យខ្លាចដ៏ខ្លាំងបំផុតរបស់ខ្ញុំនៅពេលព្រឹកគឺថា យើងនឹងក្រោកពីដំណេកមកដោយមានព័ត៌មានមនុស្សរបួសដ៏ធ្ងន់ធ្ងរហើយអាចស្លាប់ដោយសារការបាក់ដីដែលបណ្តាលមកពីការធ្លាក់ភ្លៀងយ៉ាងខ្លាំង»។
លោកបាននិយាយបន្ថែមទៀតថា ការផ្តោតការយកចិត្តទុកឥឡូវនេះគឺការស្វែង រកមនុស្សរងរបួស ឬនៅជាប់ក្នុងកម្ទេចបាក់បែក ដោយសង្ឃឹមថាមានការជួយពីជំនួយអន្តរជាតិ។
លោកនិយាយថា «យើងត្រូវការជំនួយ យើងនឹងត្រូវការជំនួយគ្រប់ប្រភេទ»។មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថាព្យុះ Maria មានល្បឿនខ្យល់អតិរមាប្រហែល២៦០គីឡូម៉ែត្រក្នុងមួយម៉ោងកាលពីថ្ងៃអង្គារ។ស្នូលកណ្តាលរបស់ព្យុះនោះបានធ្វើចលនាយឺតៗចេញពីប្រទេសដូមីនីកហើយបានឆ្លងកាត់ឆ្នេរសមុទ្រខាងត្បូងកោះ Guadaloupe ខណៈដែលខ្យល់និងភ្លៀងយ៉ាងខ្លាំងបានបន្តធ្លាក់នៅតំបន់ជាច្រើននៅប្រជុំកោះ Leeward និង Lesser Antilles។
តំបន់ទាំងនោះទើបតែចាប់ផ្តើមងើបចេញពីព្យុះសង្ឃរា Irma ដែលបានបោកបក់ប្រហាក់ប្រហែលគ្នាដែលមានកម្លាំងដ៏ខ្លាំងនៅដើមខែនេះ៕