ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​រង​ការប៉ះពាល់​ធ្ងន់ធ្ងរ​អំឡុង​ពេល​ការរាតត្បាត​វីរុសកូរ៉ូណា


រូបឯកសារ ៖ ទីស្នាក់ការ​របស់​សហភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​អឺរ៉ុប (EBU) ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ហ្សឺណែវ នៅ​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧។
រូបឯកសារ ៖ ទីស្នាក់ការ​របស់​សហភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​អឺរ៉ុប (EBU) ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ហ្សឺណែវ នៅ​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧។

ភាពស្មុគស្មាញ ​បាន​លេច​ចេញ​ពី​បទសម្ភាស​ជាមួយ​នឹង​មេដឹកនាំ​ក្នុង​វិស័យ​សារព័ត៌មាន​ចំនួន​២០​រូប​នៅទូទាំង​ទ្វីប​អឺរ៉ុប​ ពាក់ព័ន្ធ​នឹង​ផលវិបាក​ដែល​មាន​នៅ​ជាប់​រហូត​ពី​វិបត្តិ​វីរុស​កូរ៉ូណា ​ទៅ​លើ​វិស័យ​សារព័ត៌មាន​ផ្សព្វផ្សាយ​សាធារណៈ។

នាយិកា​ផ្នែក​ព័ត៌មាន​ប្រចាំសហភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​អឺរ៉ុប​ (European Broadcasting Union) អ្នកស្រី​ Liz Corbin និយាយ​ថា វិបត្តិ​ជំងឺរាតត្បាត​បាន​ជួយ​ពន្លឿន​នូវ​ការ​ផ្លាស់ប្តូរ​នានា ដែល​កំពុង​មាន​ដំណើរការ​ទៅ​មុខ​រួច​ស្រាប់​ទៅ​ហើយ។ អ្នកស្រី​បាន​បន្ត​ថា គំនិត​យោបល់​ផ្សេងៗ​ត្រូវ​បាន​សម្រេច​ជា​ការ​ពិត​លឿន​ជាង​ការ​រំពឹង​ទុក​ បើ​ធៀប​នឹងសម័យកាល​មុន​ការ​កើត​មាន​ជំងឺ​កូវីដ១៩។

អ្នកស្រី​បាន​និយាយ​ថា៖ «ការ​រាតត្បាត​ជំងឺ​ជា​សាកល​បាន​ធ្វើ​ឲ្យ​មនុស្ស​ចង់​បាន​នូវ​ព័ត៌មានប្រកប​ដោយ​គុណភាព​ល្អ។ ទស្សនិកជន​យ៉ាង​ច្រើនបាន​ងាក​ទៅ​រក​ប្រព័ន្ធ​ផ្សព្វផ្សាយសាធារណៈ។ ហើយ​នៅ​ក្នុង​សម័យ​កាល​មាន​ជំងឺ​រាតត្បាត ​ដែល​ការ​រីកសាយភាយ​នូវ​ព័ត៌មាន​ក្លែងក្លាយប្រហែល​ជា​អ្វី​តែ​មួយ​គត់ដែលមាន​ល្បឿន​លឿន​ដូច​នឹង​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ក៏មាន​ការ​ច្នៃប្រឌិត​ និង​ការ​បង្កើត​ថ្មី​ក្នុង​វិស័យ​ព័ត៌មាន​ផងដែរ»។

នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​រាតត្បាត​ជំងឺ​ជា​សាកល របាយការណ៍​បាន​រក​ឃើញ​ថា ជំនឿ​ទុក​ចិត្ត​របស់​ពលរដ្ឋ​មក​លើ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មានសាធារណៈ និង​រដ្ឋាភិបាល​ គឺ​មាន​កម្រិត​ខ្ពស់។​ អំឡុងពេល​ដូចគ្នា​នេះ របាយការណ៍​និយាយ​ថា រដ្ឋាភិបាល​បាន​ជួយ​ជ្រោមជ្រែង​ទៅ​លើ​តួនាទី​របស់​បណ្តាញ​ផ្សព្វផ្សាយក្នុង​ការ​ចែកចាយ​ព័ត៌មាន​សំខាន់ៗ។ ប៉ុន្តែ​នៅ​ពេល​ដែល​ទីភ្នាក់ងារ​ព័ត៌មាន​ចាប់ផ្តើម​រិះគន់​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​ទៅ​លើ​វិបត្តិ​ជំងឺ​កូវីដ១៩ ទំនាក់ទំនង​រវាង​ស្ថាប័ន​ទាំងពីរ​ចាប់ផ្តើម​មាន​ភាព​អាប់អួរ។

អ្នកស្រី​ Maike Olij សហ​និពន្ធរបាយការណ៍​ខាង​លើ​ និយាយ​ថា ការ​វាយ​ប្រហារ​ពី​សំណាក់​រដ្ឋាភិបាល និង​អ្នកនយោបាយ​មួយ​ចំនួន​មក​លើ​ភាព​ជឿ​ទុក​ចិត្ត​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយព័ត៌មាន​បាន​នាំ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​ជំនឿ​ទុកចិត្តរបស់​សាធារណជនមក​លើ​បណ្តាញ​ផ្សព្វផ្សាយ​។ អ្នកស្រីបាន​បន្តថា ការ​គំរាមកំហែង​មក​លើ​សេរីភាព​បណ្តាញ​ផ្សព្វផ្សាយ​ និង​ការ​វាយប្រហារ​មក​លើបណ្តាញ​ផ្សព្វផ្សាយសាធារណៈ​ក៏បាន​កើន​ឡើង​ផង​ដែរ។

អ្នកស្រី​បាន​ថ្លែង​ថា៖ «មាន​ការ​លើកឡើង​អំពី​ការ​ឃុបឃិត​គ្នា​ច្រើន​ក្រែល​ដែរ​ ហើយ​នៅ​ពេល​នេះ ពិត​ណាស់​ មាន​ការ​ចោទប្រកាន់​មក​លើ​បណ្តាញ​ផ្សព្វផ្សាយសាធារណៈ ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយក្នុង​ទម្រង់​ផ្សេង​ពី​នេះ។ ហើយ​នៅ​ពេល​ដែល​ភាព​អសន្តិសុខ និង​ការ​រាតត្បាត​ជំងឺ​អូសបន្លាយ​កាន់​តែ​យូរ មនុស្ស​កាន់​តែ​មាន​មន្ទិល​សង្ស័យ និង​ភ័យ​ខ្លាច។ ពួកគេ​ចាប់ផ្តើម​មាន​មន្ទិល​មក​លើ​មតិ​ជា​ផ្លូវការ និង​បណ្តាញផ្សព្វផ្សាយ​ព័ត៌មាន​សាធារណៈ​ផងដែរ»។ ​

ការ​ជំរុញ​ឲ្យ​មាន​ការ​វិវិត្ត​ប្រសើរឡើង​ជាង​មុន ​គឺ​មិនមាន​ភាព​ងាយស្រួល​នោះ​ទេ។ ប៉ុន្តែ​ របាយការណ៍​បាន​លើកឡើង​នូវការ​ណែនាំ​មួយ​ចំនួន។ របាយការណ៍​បាន​សរសេរ​ថា បណ្តាញ​ផ្សព្វផ្សាយ​សាធារណៈ​គួរ​តែ​ផ្តល់​នូវ​ព័ត៌មាន​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​បាន ហើយ​វិស័យ​សារ​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​គួរ​សម្រិតសម្រាំងការ​រាយការណ៍​របស់​ខ្លួន​ទៅ​តាម​តម្រូវ​ការ​របស់​ទស្សនិកជន។

របាយការណ៍​បាន​បន្ត​ថា​ ការ​ដោះស្រាយ​បញ្ហា​ព័ត៌មាន​ក្លែងក្លាយ និង​ការ​ផ្តោតមក​លើ​និន្នាការ​ដែល​គេ​មិន​សូវ​ចាប់​អារម្មណ៍​នៅ​ក្នុង​សង្គម​គឺ​ មាន​សារៈសំខាន់​នៅ​អំឡុងពេល​ដែល​មាន​ការ​បែងចែក​រវាង​សាធារណៈ​មតិ។ របាយការណ៍​ក៏​បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​វិស័យ​ព័ត៌មាន​បែប​រិះគន់ សូម្បី​តែ​នៅ​ពេលចែករំលែក​សារ​ផ្លូវការក៏ដោយ៕

ប្រែសម្រួល​ដោយ​លោក​ ណឹម សុភ័ក្ត្របញ្ញា

XS
SM
MD
LG