ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិធានការ​រាំង​ខ្ទប់​សារ​ដោយ​ក្រុមហ៊ុន​ Twitter កំពុង​ក្លាយ​ជា​ការ​ដេញដោល​គ្នា


រូបឯកសារ៖ ផ្លាកសម្គាល់របស់ក្រុមហ៊ុន Twitter នៅលើអេក្រង់ទិន្នន័យព័ត៌មានមួយ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ ផ្លាកសម្គាល់របស់ក្រុមហ៊ុន Twitter នៅលើអេក្រង់ទិន្នន័យព័ត៌មានមួយ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។

ការ​សម្រេច​របស់បណ្តាញសង្គម​ Twitter​ ដើម្បី​រាំងខ្ទប់​ការផ្សព្វ​ផ្សាយ​ព័ត៌មាន​អំពី​លោក​ Hunter Biden ​កូន​ប្រុស​របស់​អតីត​អនុ​ប្រធានាធិបតី ​Joe Biden​ បាន​បន្ថែម​ការ​ពិភាក្សា​ដ៏​ក្តៅ​គគុក​រួចហើយ​ នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​អំពី​ថា តើ​ក្រុមហ៊ុនគ្រប់គ្រងបណ្តាញសង្គម​មាន​អំណាច​ខ្លាំង​ពេក ហើយតើនេះជាការ​វិនិច្ឆ័យ​ដែល​អាច​មាន​ឥទ្ធិពល​លើ​ការបោះឆ្នោត​សហរដ្ឋ​អាមេរិក​ ឬក៏យ៉ាងណា។

អ្នក​ខ្លះ​បាន​សរសើរ​ចំណាត់​ការ​របស់​ក្រុមហ៊ុន ​Twitter​ ថា​ ជា​ជំហរ​មួយ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ។ ​អ្នក​ខ្លះទៀត​បាន​រិះគន់​ការ​សម្រេច​របស់​ក្រុមហ៊ុន​ Twitter ថា ​មាន​ភាពលម្អៀង ទប់ស្កាត់​ការនិយាយ​ស្តីក្នុង​វិធី​មួយ​ ដែល​អាច​ប៉ះពាល់​លទ្ធផល​នៃ​ការបោះឆ្នោត​សហរដ្ឋ​អាមេរិក។

ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ​ម្ចាស់​ក្រុមហ៊ុន​ Twitter និង​ Facebook ​និង Google ហើយនិង​ Youtube​ បាន​បង្កើន​វិធានការ​រឹតត្បិត​ការ​រាល​ដាល​នូវ​អ្វីដែល​ពួកគេ​ពណ៌នា​ថា ជា​ព័ត៌មាន​ក្លែងក្លាយ​និង​សម្តី​ជ្រុល​និយម​ នៅ​លើ​គេហទំព័រ​របស់​ខ្លួន។ ​ក្រោយ​ការបោះឆ្នោតប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​ ២០១៦ ​មក​ ក្រុម​ហ៊ុន​គ្រប់គ្រងបណ្តាញសង្គមបាន​រងការរិះគន់​ថា ​មិន​បាន​ធ្វើ​ឲ្យល្មម​គ្រប់​គ្រាន់ ដើម្បី​បញ្ឈប់​ព័ត៌មាន​ក្លែងក្លាយ​នៅលើ​សេវាកម្ម​របស់​ខ្លួន។

នៅ​សប្តាហ៍​នេះ ​ក្រុមហ៊ុន ​Twitter ​បាន​រារាំង​ខ្ទង់​គណនីយ​មួយ​ចំនួន​នៅលើ​បណ្តាញសង្គមរបស់​ខ្លួន​ នៅពេល​ដែល​ពួកគេ​បានព្យាយាម​ផ្សព្វផ្សាយ​អត្ថបទរបស់​កាសែត ​New York Post ​ដែល​គេ​សន្មត​ថា​ ជាការ​ឆ្លើយឆ្លង ​e-mail​ រវាង​លោក​ Hunter Biden​ និងមន្ត្រី​ជនជាតិ​អ៊ុយក្រែន​ម្នាក់ ​អំពី​ការ​ណាត់ជួប​ជាមួយ​លោក​ Joe Biden ដែលនៅពេល​នោះ​លោកគឺ​ជាអនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ហើយ​ដែលត្រូវ​ជា​ឪពុក​របស់​លោក ​Hunter Biden។​

អត្ថបទ​នោះ​ត្រូវ​បានអះអាង​ថា​ផ្អែក​លើកំណត់​ត្រា​មកពី​កំព្យូទ័រ​ ដែល​បាន​ចោទ​ប្រកាន់​ថា​ លោក​ Hunter Biden ​បាន​បោះបង់​ចោល។​ លោក​ Rudy Giuliani ​មេធាវី​របស់​លោក​ប្រធានាធិបតី​ Donald Trump ​បាន​ផ្តល់​កំណត់​ត្រា​តាម​កំព្យូទ័រ​នោះ ឲ្យ​កាសែត​ New York Post៕

XS
SM
MD
LG