ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការស្រងាកចិត្ត​របស់​សាធារណជនកើន​ឡើង នៅ​ពេល​យុទ្ធនាការ​ចាក់វ៉ាក់សាំង​នៅ​បារាំង​មានកម្រិត


រូបឯកសារ៖ វិថី Champs Elysee នៅ​ក្នុង​ទីក្រុងប៉ារីស ក្នុង​ឱកាស​ចូលឆ្នាំ​សាកល​កន្លង​ទៅ​នេះ មាន​ភាពស្ងប់ស្ងាត់ ដោយសារ​មាន​បំរាមគោចរ​ចាប់ពី​ម៉ោង៨ល្ងាច ដល់​ម៉ោង​៦ព្រឹក ​នៅ​ក្នុង​ប្រទេស​បារាំង ដើម្បី​បញ្ជៀស​រលក​ទីបី​នៃ​ការរាតត្បាត​ដោយ​​ជំងឺ​កូវីដ១៩។

មកត្រឹមថ្ងៃ​ទី​៤ ខែ​មករា មាន​មនុស្ស​តែ២ពាន់ ៥រយ​នាក់​ប៉ុណ្ណោះ​ ​បាន​ចាក់វ៉ាក់សាំងប្រឆាំង​នឹង​ជំងឺ​កូវីដ១៩នៅ​ក្នុង​ប្រទេស​បារាំង ដោយ​ភាគ​ច្រើនជា​អ្នករស់នៅ​ក្នុង​កន្លែង​ថែទាំ​មនុស្ស​ចាស់​ និង​ពួក​ជួយ​ថែ​ទាំពួក​គេ។ ពួក​អ្នក​រិះគន់និយាយ​ថា​នេះ​ ជា​តួលេខ​តិច​តួច​ណាស់​សម្រាប់​វ៉ាក់សាំងដែល​បានចាប់​ផ្តើម​បញ្ចេញដូចនៅ​ក្នុង​ប្រទេស​ឯទៀតៗ​នៃ​សហភាព​អឺរ៉ុប​ដែរ ​កាលពីថ្ងៃ​ទី២៧ ​ខែ​ធ្នូ នោះ។

ពួក​អ្នក​រិះគន់ពណ៌នាល្បឿន​នៃ​ការ​ចាក់វ៉ាក់សាំង​នេះ​ ថា​ទាប​ណាស់ ​បើ​ប្រៀប​ធៀប​ជា​មួយ​ប្រទេស​អាល្លឺម៉ង់​នៅ​ជិត​ខាង ដែល​នៅ​ទី​នោះ​មនុស្ស​យ៉ាង​តិច​ណាស់២សែន ៦ម៉ឺន៤ពាន់​នាក់ បានចាក់​វ៉ាក់សាំង​នេះហើយ ​រហូត​មក​ដល់​ពេល​នេះ។

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និង​រដ្ឋាភិបាល​លោក ឋិតនៅ​ក្រោម​សម្ពាធឱ្យ​ចាត់​វិធានការ​ឱ្យ​បានល្អ​ប្រសើរ​ជាង​មុន​ ជា​ពិសេស​ដោយពិចារណា​អំពី​ជោគជ័យនៃប្រទេស​ឯ​ទៀតៗនៅ​ក្នុង​តំបន់​អឺរ៉ុប។

អ្នក​រិះគន់ម្នាក់​ក្នុង​បណ្តា​អ្នក​រិះគន់​ខ្លាំង ​គឺ​លោក Jean Rottner ប្រធាន​នៃ​មហា​តំបន់​ខាង​កើត​នៃ​ប្រទេស​បារាំង។ លោក Rottner និយាយ​ថា យុទ្ធសាស្ត្រនៃ​ការ​ចាក់​វ៉ាក់សាំង​នេះនៅ​ក្នុង​ប្រទេស​បារាំង​ ជារឿង​អាស្រូវ​មួយ ​ហើយ​លោកថ្លែង​ដែរ​ថា​រដ្ឋាភិបាល​គ្មានជោគជ័យដូចក្នុង​បញ្ហា​នៃ​ការពាក់ម៉ាស់​ និង​ការធ្វើ​តេស្ត​ដែរ។ លោក​ពោល​ថា​ លោកស្រងាក​ចិត្ត​ខ្លាំង​ណាស់​ ពី​ព្រោះ​តំបន់​លោក​មានការរាតត្បាតជំងឺ​កូវីដ១៩​យ៉ាង​ខ្លាំង។

ពួកមន្ត្រី​បារាំងនិយាយ​អះអាង​ថា ​ពួកគេកំពុង​ធ្វើការ​ដើម្បីឱ្យ​បានសម្រេច​គោលដៅចាក់​វ៉ាក់សាំង​នេះឱ្យ​មនុស្ស​មួយ​លាន​នាក់​ ​មិន​ហួស​ពី​ដំណាច់ខែ​មករា។ អាជ្ញាធរ​និយាយ​ថា ​ដើម្បី​សម្រេចគោលដៅ​នេះ ពួក​គេនឹង​បង្កើត​មជ្ឈមណ្ឌលចាក់វ៉ាក់សាំង​៦០០កន្លែង នៅ​ទូទាំង​ប្រទេស​មិន​ឱ្យ​ហួសពី​ដំណាច់​ខែ​នេះទេ។

លោក Olivier Veran រដ្ឋមន្ត្រី​សុខាភិបាល​បារាំង​ ​បានដោះស្រាយ​កង្វល់​ទាំង​នេះកាលពី​ថ្ងៃ​អង្គារទី៥ ​ខែមករា ដោយ​លោក​បានសន្យាថា ​នឹងធ្វើ​ឱ្យ​ទាន់​ប្រទេស​ឯ​ទៀត​ៗក្នុង​សហភាព​អឺរ៉ុប។ លោក​ Veran និយាយ​ថា​ រដ្ឋាភិបាល​បារាំងនឹងពន្លឿន​និង​សម្រួល​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​នេះ។ នៅ​ពេល​នេះ​ ​ពួក​អ្នក​ពន្លត់​អគ្គីភ័យនិង​ពួក​អ្នកថែទាំ​មនុស្ស​ចាស់​ជរានៅផ្ទះអាយុ​លើស​ពី​៥០ឆ្នាំ​ នឹង​ទទួលវ៉ាក់សាំង​នេះ។​

រដ្ឋមន្ត្រី​រូបនេះ​ ដែល​មើល​ការខុស​ត្រូវ​លើការ​ប្រយុទ្ធប្រឆាំងនឹងវីរុស​កូរ៉ូណា​ និយាយថា​នេះ​ ជា​ការប្រណាំងអចិន្ត្រៃយ៍​មួយ​ដើម្បីជួយ​សង្គ្រោះ​ជីវិតមនុស្ស។

ទោះណា​ជាការ​ឆ្លើយ​តប​នឹងការ​ចាក់​ថ្នាំ​នេះ ​ត្រូវ​បាន​សម្រប​សម្រួលនៅ​កម្រិត​អឺរ៉ុបក៏​ដោយ​ក៏​សមាជិក​នីមូយៗ​ក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​ទាំង​អស់២៧​ ទទួល​ខុស​ត្រូវដល់​ការ​បង្កើត​យុទ្ធសាស្ត្ររបស់ខ្លួន​ផ្ទាល់។ ប្រទេស​ហូឡង់ ចាប់​ផ្តើមយុទ្ធនាការ​ចាក់​វ៉ាក់សាំងកូវីដ១៩​ នៅ​ថ្ងៃទី៦ ខែ​មករា។

មក​ត្រឹមដើម​ខែ​មករា មាន​មនុស្ស​ជាង៦ម៉ឺន ៥ពាន់​នាក់ បាន​ស្លាប់ដោយសារជំងឺ​កូវីដ១៩​ក្នុង​ប្រទេស​បារាំង នេះ​បើ​តាម​ទិន្នន័យ​នៃ​សាកលវិទ្យាល័យ Johns Hopkins៕

ប្រែសម្រួល​ដោយ​លោក ​ឈឹម សុមេធ

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG