ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​បង្កើន​​ទ្វេ​ដង​នូវ​ចំនួន​ដូស​​នៃ​វ៉ាក់សាំង​កូវីដ​១៩​របស់​ក្រុមហ៊ុន Pfizer-BioNTech


រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់រៀបចំវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតដោយក្រុមហ៊ុន Pfizer-BioNTech នៅមន្ទីរពេទ្យ Rene-Muret ក្បែរទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០។
រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់រៀបចំវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតដោយក្រុមហ៊ុន Pfizer-BioNTech នៅមន្ទីរពេទ្យ Rene-Muret ក្បែរទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០។

សហភាព​អឺរ៉ុប​បាន​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Pfizer-BioNTech ដើម្បី​ទិញ​វ៉ាក់សាំង​កូវីដ១៩​បន្ថែម​ចំនួន​ ៣០០​ លាន​ដូស​ថែម​ទៀត។

នៅឯ​សន្និសីទ​កាសែត​ក្នុង​ទីក្រុង Brussels កាលពី​ថ្ងៃ​សុក្រ​ លោក​ស្រី Ursula Von der Leyen ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប បាន​និយាយ​ថា កិច្ចព្រមព្រៀង​នោះ នឹង​បង្កើន​ចំនួន​ទ្វេដង​នូវ​ចំនួន​ដូស​ដែល​សហភាព​អឺរ៉ុប​ទិញ​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​នោះ។ គណៈកម្មការ​នេះ ជា​ផ្នែក​នីតិ​ប្រតិបត្តិ​របស់​សហភាព​អឺរ៉ុប។

លោកស្រី Von der Leyen បាន​ថ្លែង​ថា សហភាព​អឺរ៉ុប បាន​ធ្វើ​កិច្ចព្រមព្រៀង​ដាច់​ដោយ​ឡែក​មួយ​ទៀត​ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ​សហរដ្ឋ​អាមេរិក Moderna ដើម្បី​ទិញ​វ៉ាក់សាំង​កូវីដ១៩ ​របស់​ក្រុមហ៊ុននោះ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​នៅ​ក្នុង​តំបន់​អឺរ៉ុប​នៅ​ដើម​សប្តាហ៍​នេះ។

លោក​ស្រីថ្លែង​ថា គម្រោង​ទិញ​វ៉ាក់សាំង​ទាំងពីរ​នេះ នឹង​នាំ​ឲ្យ​សហភាព​អឺរ៉ុប មាន​វ៉ាក់សាំង​គ្រប់​គ្រាន់ដើម្បី​ចាក់​ឲ្យ​ពលរដ្ឋ​អឺរ៉ុប​ចំនួន ​៣៨០ ​លាន​នាក់ ឬ​ជាង ​៨០ ​ភាគរយ​នៃ​ប្រជា​ពលរដ្ឋ​ទាំងអស់​របស់​ប្លុក​នេះ។ ថ្នាំ​វ៉ាក់សាំង​នីមួយ​ៗ​តម្រូវ​ឲ្យ​ចាក់​ ២ ដូស ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍ ​បន្ទាប់​ពី​ដូស​ទី១។​

លោក​ស្រី Von der Leyen ថ្លែង​ថា វ៉ាក់សាំង​បន្ថែម​ចំនួន​ ៧៥ លាន​ដូស ​នឹង​មកដល់​នៅ​ត្រីមាស​ទី២ ​នៅ​ឆ្នាំ​នេះ ហើយ​វ៉ាក់សាំង​នៅ​សល់​ នឹង​មកដល់នៅ​ចុង​ឆ្នាំ​២០២១។​

ជាផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឹ​កូវីដ១៩ សហភាព​អឺរ៉ុប បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ចំនួន​ ៦ គឺ៖ ក្រុមហ៊ុន Moderna, Pfizer-BioNTech, AstraZeneca, Sanofi-GSK, Janssen Pharmaceutica NV និង CureVac៕

XS
SM
MD
LG