ប្រទេសអង់គ្លេស បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់ពលរដ្ឋដំបូងម្នាក់របស់ខ្លួន។
អ្នកស្រី Margaret Keenan អាយុ៩០ឆ្នាំ ដែលស្នាក់នៅមណ្ឌលមនុស្សចាស់ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ក្នុងដូសទី១ ដែលផលិតឡើងដោយក្រុមហ៊ុនឱសថដ៏ធំរបស់អាមេរិក Pfizer រួមសហការជាមួយក្រុមហ៊ុនឱសថអាល្លឺម៉ង់ BioNTech។ អ្នកស្រីត្រូវចាក់វ៉ាក់សាំងចំនួនម្តងទៀត ដើម្បីបង្គ្រប់ចំនួន២ដូស។
យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងប្រទេសអង់គ្លេស ត្រូវបានដាក់ឈ្មោះថា «V-Day» ហើយត្រូវបានដឹកនាំធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេសលោក Mark Hancock។ កម្មវិធីនេះ ត្រូវបានចាប់ផ្តើមធ្វើជិតមួយសប្តាហ៍ហើយ បន្ទាប់ពីទីភ្នាក់ងារពិនិត្យឱសថរបស់រដ្ឋាភិបាលអង់គ្លេស បានយល់ព្រមដាក់ឲ្យប្រើប្រាស់ក្នុងគ្រាបន្ទាន់មួយដែលបានធ្វើឲ្យអង់គ្លេសក្លាយជាប្រទេសទី១ ក្នុងបស្ចិមលោក ដែលចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដក្នុងទ្រង់ទ្រាយធំ។
ការយល់ព្រមអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនឱសថ Pfizer បានប្រកាសថាវ៉ាក់សាំងរបស់ខ្លួន មានប្រសិទ្ធភាពជាង៩០% បន្ទាប់ពីធ្វើតេស្តសាកល្បងក្នុងដំណាក់កាលចុងក្រោយរួចមក។
អ្នកស្រី Keenan នឹងមានអាយុ៩១ឆ្នាំនៅសប្តាហ៍ក្រោយ គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សចាស់ៗរាប់ពាន់នាក់ដែលស្ថិតក្នុងមណ្ឌលថែទាំមនុស្សចាស់ អ្នកថែទាំរបស់គេ និងបុគ្គលិករបស់ក្រសួងសុខាភិបាលជាតិអង់គ្លេសផងដែរជាអ្នកមានអាទិភាពមុនគេក្នុងការទទួលបានវ៉ាក់សាំងក្នុងដូសទីមួយនេះ។
ប្រទេសអង់គ្លេស មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួនជាង៦១.០០០នាក់ ចាប់តាំងពីការផ្ទុះការរាតត្បាតជំងឺនេះមក ដែលជាប្រទេសមួយដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុតនៅក្នុងពិភពលោក និងក្នុងទ្វីបអឺរ៉ុបទាំងមូល៕