ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចក្រភព​អង់គ្លេស​អនុញ្ញាត​​ឲ្យ​ប្រើ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ​ទី២​ ​ដែល​ងាយ​ស្រួល​រក្សា​ទុក​


រូបឯកសារ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវបានថតនៅក្បែរផ្លាកសម្គាល់របស់ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ចក្រភព​អង់គ្លេស ​នៅ​ថ្ងៃ​ពុធ​នេះ បាន​អនុញ្ញាត​ឲ្យប្រើ​វ៉ាក់សាំង​កូវីដ១៩ ទី​២ សម្រាប់គ្រាអាសន្ន​ គឺ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ហើយ​អង់គ្លេស​បានក្លាយ​ជា​ប្រទេស​ទី១ ​ដែលយល់​ព្រម​ឲ្យ​ចាក់​វ៉ាក់សាំង​ងាយ​ប្រើនេះ ដែល​ក្រុមហ៊ុន​នោះ​សង្ឃឹម​ថា នឹង​ក្លាយ​ជា ​«វ៉ាក់សាំង​សម្រាប់​ពិភពលោក»។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។​

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា ខ្លួន​បាន​សុខចិត្ត​ទទួល​យក​ការ​ស្នើ​សុំ​ពី​ទីភ្នាក់ងារ​និយ័តកម្ម​ផលិតកម្ម​វេជ្ជសាស្ត្រ​និង​ការ​ថែទាំ​សុខភាព​ ដើម្បី​អនុញ្ញាត​ឲ្យ​ប្រើវ៉ាក់សាំង ​ដែល​បង្កើតដោយ​សាកលវិទ្យាល័យ Oxford និង​ក្រុមហ៊ុន​ផលិត​ឱសថ AstraZeneca ដែល​មាន​មូលដ្ឋាននៅ​ចក្រភព​អង់គ្លេស។

ចក្រភព​អង់គ្លេស​បាន​ទិញ​វ៉ាក់សាំង​ចំនួន ​១០០ លាន​ដូស ​ហើយ​គ្រោង​នឹង​ចាប់ផ្តើម​ចាក់​ក្នុង​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។ មនុស្ស​រាប់​សែន​នាក់​នៅ​ក្នុង​ចក្រភព​អង់គ្លេស បាន​ទទួល​ចាក់វ៉ាក់សាំង​ផ្សេង​មួយ​រួច​ហើយ ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​អាមេរិក Pfizer និង​ក្រុមហ៊ុន​អាល្លឺម៉ង់ BioNTech។

លោក Pascal Soriot នាយក​ប្រតិបត្តិ​ក្រុមហ៊ុន AstraZeneca បាន​និយាយ​ថា វា​ជា «ថ្ងៃ​ដ៏​សំខាន់​សម្រាប់​មនុស្ស​រាប់​លាន​នាក់​នៅ​ក្នុង​ចក្រភព​អង់គ្លេស ​ដែល​នឹង​ទទួល​បាន​វ៉ាក់សាំង​ថ្មី​នេះ។ វ៉ាក់សាំង​នេះ បាន​បង្ហាញ​នូវ​ប្រសិទ្ធិភាព ហើយ​នឹង​ត្រូវ​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន AstraZeneca ដោយ​មិន​យក​ចំណេញ។

ក្នុង​រឿង​ដាច់​ដោយ​ឡែក​មួយ​ទៀត ទី​ភ្នាក់ងារ​ព័ត៌មាន​ AP ក៏​បាន​រាយការណ៍​ថា សហរដ្ឋ​អាមេរិកកាល​ពី​ថ្ងៃ​អង្គារ បាន​រក​ឃើញករណីដំបូង​នៃ​ប្រភេទ​វីរុស​កូរ៉ូណា​វិវត្ត​ថ្មី​ ដែល​មាន​ប្រភព​ចេញ​ពីចក្រភព​អង់គ្លេស ដោយ​បាន​រក​ឃើញ​ករណី​ឆ្លង​លើ​បុរស​ម្នាក់​ដែល​មាន​អាយុ​ជាង​ ២០ ​ឆ្នាំ នៅ​ក្នុង​រដ្ឋ Colorado ភាគ​កណ្តាលប្រទេស​អាមេរិក។ អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​ជឿ​ថា​ប្រភេទវីរុស​ថ្មី​នេះ​ឆ្លង​លឿង​ជាង​មុន៕

XS
SM
MD
LG