ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​បាតុករ​ក្នុង​ប្រទេស​អូស្ត្រាលី​ថ្កោល​ទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន


ក្រុម​បាតុករ​​ជនជាតិ​អ៊ុយក្រែន​​នាំ​គ្នា​ធ្វើ​បាតុក​ម្មប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ចូល​អ៊ុយក្រែន ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។ (Photo by Saeed KHAN / AFP)
ក្រុម​បាតុករ​​ជនជាតិ​អ៊ុយក្រែន​​នាំ​គ្នា​ធ្វើ​បាតុក​ម្មប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ចូល​អ៊ុយក្រែន ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។ (Photo by Saeed KHAN / AFP)

ពលរដ្ឋ​អ៊ុយក្រែន​រាប់​រយ​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ស៊ីដនី​ដែល​ជា​ទីក្រុង​ធំ​ជាង​គេ​នៃ​ប្រទេស​អូស្ត្រាលី​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​មាតុភូមិ​របស់​ពួក​គេ។ រដ្ឋាភិបាល​អូស្ត្រាលី​ក៏​បាន​រិះ​គន់​ចិន​ចំពោះ​ការ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ដាក់​ទណ្ឌកម្ម​របស់​ប្រទេស​លោក​ខាង​លិច​ប្រឆាំង​នឹង​រុស្ស៊ី។

ពលរដ្ឋ​អូស្តា្រលី​ដើម​កំណើត​អ៊ុយក្រែន​បាន​ចូលរួម​ជាមួយពលរដ្ឋ​អូស្ត្រាលី​ដើម​កំណើត​រុស្ស៊ី ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​សុក្រនៅ​ទីក្រុងស៊ីដនី។

បាតុកម្ម​នេះ​ គឺ​ជា​ការ​បង្ហាញ​នូវ​សាមគ្គីភាព​ចេញ​ពី​ប្រទេស​មួយ​ដែល​ស្ថិត​នៅ​ចម្ងាយ​រាប់​ពាន់​គីឡូម៉ែត្រពី​កន្លែង​មាន​ជម្លោះ​នៅ​អ៊ុយក្រែន។

ក្រុម​បាតុករ​បាន​កាន់​បដា​ដែលជំរុញ​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី​លោកVladimir Putinបញ្ឈប់​ការ​កាប់​សម្លាប់។

នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី​លោក Scott Morrison ក៏​បាន​ថ្កោល​ទោស​ចិន​ចំពោះ​ការធ្វើ​ឲ្យ​អន្ត រាយដល់​ការដាក់​ទណ្ឌកម្ម​នានា​របស់​ប្រទេស​លោក​ខាង​លិច​ប្រឆាំង​នឹង​រុស្ស៊ី។

កាល​ពី​ដើម​ខែ​កុម្ភៈ​នេះ ប្រធានាធិបតី​ចិន​លោក Xi Jinpingនិង​លោកPutinបាន​ចុះ​ហត្ថលេខា​កិច្ច​ព្រម​ព្រៀង​ដើម្បី​បង្កើន​ទំនាក់​ទំនង​ផ្នែក​ពាណិជ្ជកម្ម។

អូស្ត្រាលី បាន​ទទូច​ថា កិច្ច​ព្រៀង​នេះធ្វើ​ឡើង​ក្នុង​គោល​បំណង​បំផ្លាញ​បណ្ដាញ​សម្ព័ន្ធភាព​សាកល​លោក​របស់​សហរដ្ឋ​អាមេរិក​និង​ការដាក់​ទណ្ឌកម្ម​នានាលើ​រុស្ស៊ី។ លោក Morrison បាន​ជំរុញ​ឲ្យ​ចិន​ធ្វើ​សកម្មភាព​ប្រកប​ដោយ​ការទទួល​ខុស​ត្រូវ។

លោក​បាន​ថ្លែង​ថា៖ «អ្នក​មិន​ត្រូវ​ទៅ​ជួយ​ដល់​រុស្ស៊ី​នៅ​ចំពេល​ដែល​រុស្ស៊ី​កំពុង​តែ​ឈ្លានពាន​លើ​ប្រទេស​ផ្សេង​ទៀត​នោះ​ទេ។ បើតាម​សេចក្ដី​រាយការណ៍​ដែល​យើង​បាន​ឃើញទង្វើ​បែប​នេះ​ជា​អ្វី​ដែលយើង​មិន​អាច​ទទួល​យក​បាន​ទេ។ ខ្ញុំ​សូម​ជំរុញ​ដល់​ប្រទេស​ទាំង​អស់​ឲ្យ​និយាយ​ថា ពេល​នេះ​មិន​មែន​ជា​ពេល​ដែល​ត្រូវ​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​ផ្នែក​សេដ្ឋកិច្ច​ទៅលើ​ប្រទេស​រុស្ស៊ី​ឡើយ។ យើង​ទាំង​អស់​គ្នា​តែ​ធ្វើ​អ្វី​ដើម្បី​ប្រឆាំង​នឹង​បញ្ហា​នេះ»។

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការវាយ​ប្រហារ​របស់​រុស្ស៊ីនោះ មិន​ត្រូវ​ហៅ​ថា​ជា«ការឈ្លាន​ពាន» នោះ​ទេ ពីព្រោះ​រុស្ស៊ី​បាន​វាយ​ប្រហារ​តែមូលដ្ឋាន​យោធា​អ៊ុយក្រែន​តែ​ប៉ុណ្ណោះ។

លោកMorrison កាល​ពី​ពេល​មុន​បាន​ពណ៌នាការឈ្លានពាន​របស់​រុស្ស៊ី​ថា ជា «ពួក​ឧក្រិដ្ឋជន» និង​ជា​ពួក«ដើរ​សម្លុត​គេ»។ លោក Peter Dutton រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អូស្ត្រាលី បាន​និយាយ​ថា ប្រធានាធិបតី​ចិន​លោក Xi Jinping អាច​ជា​មេដឹកនាំ​ម្នាក់​ក្នុង​ចំណោម​មេដឹកនាំ​ពិភពលោក​បី​បួន​នាក់​ប៉ុណ្ណោះ​ដែល​អាច​បញ្ចុះ​បញ្ចូល​សមភាគី​រុស្ស៊ី ​របស់​លោក​ឲ្យ​បញ្ឈប់​ការ​ឈ្លានពាន​នេះ។

រដ្ឋាភិបាល​អូស្ត្រាលី នឹង​បញ្ជូន​គ្រឿង​បរិក្ខា​ពេទ្យ ការ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ និង​សម្ភារៈ​យោធា ក៏ប៉ុន្តែ​មិន​បញ្ជូន​អាវុធ​នោះ​ទេទៅ​កាន់​អ៊ុយក្រែន​ដើម្បី​ជួយ​ពួកគេ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​រុស្ស៊ី។

ស្ថានទូត​រុស្ស៊ី​ក្នុង​ទីក្រុង​កង់បេរ៉ា​នៃ​ប្រទេស​អូស្ត្រាលី បាន​បញ្ជាក់​ថា ការដាក់​ទណ្ឌកម្ម​នានា​ដោយ​អូស្ត្រាលី​ គ្រាន់​តែ​ជា «ការស្អប់​ជន​បរទេស» តែ​ប៉ុណ្ណោះ»៕

ប្រែសម្រួល​ដោយ​លោក ​ជឹង ប៉ូជីន

XS
SM
MD
LG